
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងជំរុញឱ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ពាក់ព័ន្ធបញ្ហាអសន្តិសុខសង្គម ដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ អ្នកនាំពាក្យបក្សកាន់អំណាចថា អាជ្ញាធរមិនដែលធ្វេសប្រហែសឡើយ ក្នុងការបង្ក្រាបឧក្រិដ្ឋជនឆបោកអនឡាញ។
អ្នកឃ្លាំមើលលើកឡើងថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើជួញមនុស្សនៅតែជាបញ្ហាចោទដ៏ក្ដៅគគុក ដែលសារព័ត៌មានអន្តរជាតិ និង បណ្ដាប្រទេសមួយចំនួន បានរកឃើញថា កម្ពុជា ជាឋានសួគ៌ របស់ក្រុមឧក្រិដ្ឋជន ហើយមន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះ ជាអ្នកទទួលផលប្រយោជន៍ និងចាំការពារក្រុមឧក្រិដ្ឋជនទាំងនោះ។
អ្នកច្បាប់ និងអ្នកវិភាគឯករាជ្យ លោក វ៉ន់ ចាន់ឡូត ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី២៤ វិច្ឆិកាថា បញ្ហាដែលធ្វើឱ្យកម្ពុជា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកអនឡាញ និងការជួញដូរមនុស្ស នេះ គឺព្រោះតែរដ្ឋាភិបាលកម្ពុជាបានផាត់ចោលនូវប្រព័ន្ធប្រជាធិបតេយ្យ តាមកម្ទេចសំឡេងបក្សប្រឆាំង និងកាត់ផ្ដាច់ទំនាក់ទំនង ល្អជាមួយបណ្ដាប្រទេសលោកសេរី ទើបធ្វើឱ្យកម្ពុជាធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងគ្មានថវិកា សម្រាប់អភិវឌ្ឍន៍ជាតិ ឱ្យបានត្រឹមត្រូវ។
លោកបន្តថា ករណីនេះហើយ ដែលកម្ពុជា ទៅសហការជាមួយក្រុមឧក្រិដ្ឋជន ទើបធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងប្រព័ន្ធដឹកនាំស្មុគស្មាញ និង ពោរពេញដោយ អំពើពុករលួយ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវគោរពសិទ្ធិមនុស្ស និងលុបបំបាត់ទម្លាប់ ឯងជួយអញ អញជួយឯង។
លោក វ៉ន់ ចាន់ឡូត៖ «សហគមន៍អន្តរជាតិកំពុងសម្លឹងមកមើលកម្ពុជាក្នុងក្រសែភ្នែកដែល មេដឹកនាំកម្ពុជា មិនមានសុឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតឧក្រិដ្ឋជន និងរៀបចំរដ្ឋាភិបាល ឱ្យទៅជារដ្ឋាភិបាលសុចរិតទេនោះ អាចនឹងរងទណ្ឌកម្ម និងការដំឡើងឋានៈកម្ពុជា ជាប្រទេសនៃក្រុមឧក្រិដ្ឋជន» ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល គឺទូរទស្សន៍ BTV បានបង្ហោះឃ្លិបវីដេអូមួយ នៅថ្ងៃទី២២ ខែវិច្ឆិកា ដោយបង្ហាញពីសកម្មភាពក្រុមឧក្រិដ្ឋជនចំនួន ៨នាក់ បានក្លែងបន្លំ ពាក់ឯកសណ្ឋាន កម្លាំងកងរាជអាវុធហត្ថ ធ្វើសកម្មភាព ជិះឡានដេញស្ទាក់ចាប់ខ្លួនជនបរទេស នៅវេលាម៉ោង ៣ទៀបភ្លឺ នៅកណ្ដាលទីក្រុងភ្នំពេញ ដើម្បីជំរិតទារប្រាក់ បានរាប់ម៉ឺនដុល្លារ។ ក្រោយហេតុការណ៍នេះ គេឃើញកងកម្លាំងប្រដាប់អាវុធ បានតាមចាប់ជនល្មើសទាំងនោះមកផ្ដន្ទាទោសភ្លាមៗ។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើលលើកឡើងថា ការបង្ហោះឃ្លិបវីដេអូ ដោយប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលកម្ពុជានេះ គឺគ្រាន់តែចង់បង្ហាញដល់សាធារណជន និងអន្តរជាតិថា អាជ្ញាធរកម្ពុជា កំពុងតែប្រឹងប្រែងទប់ស្កាត់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ប៉ុន្តែ នេះគ្រាន់ជារបៀបលាក់បាំង ឧក្រិដ្ឋជនធំៗ ផ្សេងទៀត ដែលកំពុងតែសម្ងំប្រព្រឹត្តបទល្មើសជាច្រើន ហើយមិនត្រូវបាន អាជ្ញាធរចាប់ខ្លួន មកផ្ដន្ទាទោសនោះឡើយ។
កាលពីថ្ងៃទី២១វិច្ឆិកា សារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយ ដោយស្រង់សម្ដីអ្នកជំនាញ និងរបាយការណ៍អន្តរជាតិ ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ដោយពួកគេ អះអាងថា ការបង្ក្រាបបទល្មើសឆបោកអនឡាញ ចុងក្រោយ នៅកម្ពុជា គ្រាន់តែជាឆាកល្ខោនបំភាន់ ភ្នែកអន្តរជាតិ ព្រោះការបង្ក្រាបនោះ គឺចាប់បានតែ ឧក្រិដ្ឋជនតូចតាច។ បន្ថែមពីនោះ អ្នកជំនាញថា កម្ពុជា គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាប ឧក្រិដ្ឋកម្ម ឆបោកអនឡាញនោះទេ ព្រោះថា បទល្មើសតាមប្រព័ន្ធអនឡាញនេះ បានចិញ្ចឹមសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ទឹកប្រាក់ ចន្លោះពី ១២ទៅ ១៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែវិច្ឆិកាថា បញ្ហាឧក្រិដ្ឋជនឆបោកតាមអនឡាញ គឺជាបញ្ហាសកល មិនមែនមានតែកម្ពុជាទេ។ លោកបន្តថា រដ្ឋាភិបាលមិនដែលធ្វេសប្រហែសម្ដងណាឡើយ ក្នុងការទប់ស្កាត់ និង បង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ។
លោក ជា ធីរិទ្ធិ៖ «សម្រាប់ប្រទេសកម្ពុជា គឺរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម អនឡាញនេះខ្លាំងណាស់។ ដោយហោចទៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងអនឡាញនេះ មាននាយករដ្ឋមន្ត្រីដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងដោយផ្ទាល់តែម្ដង។ ដូច្នេះ កម្ពុជាមិនបានធ្វេសប្រហែស ក្នុងរឿងប្រយុទ្ធប្រឆាំងនឹងអនឡាញទេ យើងទទួលស្គាល់ថា វាមាននៅក្នុងប្រទេសកម្ពុជា»។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា លើកឡើងថា ឫសគល់ធំដែលធ្វើឱ្យពួកឧក្រិដ្ឋជន ងាយស្រួលក្នុងការប្រព្រឹត្តិល្មើសនៅកម្ពុជា គឺបញ្ហាអំពើពុករលួយ និងការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា ពុំបានត្រឹមត្រូវ។ លោកបន្តថា នៅពេលរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព បានធ្វើឱ្យកម្ពុជា បន្តមានកេរ្តិ៍ឈ្មោះមិនល្អម្ដងហើយម្ដងទៀតនៅលើឆាក់អន្តរជាតិ ខណៈដែលអ្នកវិនិយោគទុនល្អ ជាច្រើន មិនហ៊ានមករកស៊ីនៅកម្ពុជានោះទេ។ លោកជំរុញឱ្យរដ្ឋាភិបាល ត្រូវមានឆន្ទៈ និងចាត់វិធានការឱ្យ ម៉ឺងម៉ាត់ ក្នុងការបង្ក្រាបឧក្រិដ្ឋជនទាំងនេះ។
លោក ប៉ោ មករា៖ «បញ្ហាពីរដែលអាចដោះស្រាយបាន ទី១ លុបបំបាត់អំពើពុករលួយ ទី២ ការពង្រឹងការអនុវត្តច្បាប់។ ជាពិសេសនីតិរដ្ឋ សំខាន់ណាស់ ក្នុងការចម្រាញ់យកជនបរទេស ឬក៏វិនិយោគទុនបរទេសមួយចំនួនល្អៗ មកចូលកម្ពុជា។ អ៊ីចឹង បើកាលណា ប្រព័ន្ធច្បាប់នឹងខ្សោយ វាធ្វើឱ្យ ពួកជនឧកាសនិយមនឹងចូលមកកម្ពុជា តាមសេរី តាមចិត្ត ហើយបានធ្វើឱ្យ អ្នករកស៊ីល្អៗមានការខ្លាចរអា លើបញ្ហាហ្នឹង»។
បន្ថែមពីនោះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោកនៅថ្ងៃទី២២ ខែ វិច្ឆិកាថា បញ្ហាស្នូលនៃការបរាជ័យក្នុងការបង្ក្រាបឧក្រិដ្ឋកម្មនេះ គឺភាពស្អុយរលួយនៃ រចនាសម្ព័ន្ធរដ្ឋបាល និងកង្វះនីតិរដ្ឋ ។ លោកថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ពិតជាចង់កម្ទេចអាជីវកម្មឆបោកមែននោះ រដ្ឋាភិបាលត្រូវហ៊ាន អារសាច់ស្អុយ និងចាត់ការមន្ត្រីរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់របស់គណបក្សកាន់អំណាច ដែលពាក់ព័ន្ធ ដោយត្រង់ និងដោយប្រយោលជាមួយឧស្សាហកម្មឆបោក។
បន្ថែមពីនោះ លោកថា កង្វះអភិបាលកិច្ចល្អ និង អវត្តមានស្ថាប័នឯករាជ្យ ទើបធ្វើឲ្យមន្ត្រីជំនាញមិនអាចស៊ើបអង្កេត ចោទប្រកាន់ និងត្រួតពិនិត្យ អ្នកដែលមានអំណាចបាន។ ដូច្នេះ លោកថា ដើម្បីដោះស្រាយ ករណីនេះ ឱ្យមានប្រសិទ្ធភាព លុះត្រាតែពង្រឹងប្រព័ន្ធនីតិរដ្ឋ មានស្ថាប័នឯករាជ្យ មានគណនេយ្យភាព និងតម្លាភាព ទើបយុទ្ធនាការបង្ក្រាប ឫកម្ទេចឧក្រិដ្ឋកម្មអនឡាញ អាជីវកម្មកខ្វក់ និងពោរពេញដោយអំពើពុករលួយនេះ ទទួលបានជោគជ័យ។
ពាក់ព័ន្ធករណីនេះដែរ អ្នកស៊ើបអង្កេតអន្តរជាតិ រកឃើញថា មេឃ្លោងនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ គឺជាប់ពាក់ព័ន្ធនឹងជនជាតិចិន ដែលមានសញ្ជាតិខ្មែរ គឺលោក ចេន ហ្ស៊ី ហើយលោកមានតួនាទីជាទីប្រឹក្សា របស់ប្រធានព្រឹទ្ធសភា គឺលោក ហ៊ុន សែន។ ចាប់ពីដើមខែតុលា លោក ចេន ហ្ស៊ី ត្រូវបានបណ្ដាប្រទេសខ្លះ ដូចជា សិង្ហបុរី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បានបង្កលុយរាប់លានដុល្លារ ព្រោះជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ។ ក្នុងនោះ សហរដ្ឋអាមេរិកបានរឹបអូសទឹកប្រាក់ ចំនួន ១៥ពាន់លានដុល្លារ ពីលោក ចេន ហ្ស៊ី៕










