

អ្នកឃ្លាំមើលធនធានធម្មជាតិ ទទូចឲ្យមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងអាជីវកម្មឈើទ្រង់ទ្រាយធំមួយកន្លែង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជៀសវាងទីតាំងអាជីវកម្មឈើខ្នាតធំមួយនេះ លួចកាប់ឈើក្នុងតំបន់អភិរក្ស។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុនសាងសង់អាងស្តុកទឹកទីពីរ នៅស្រុកភ្នំក្រវាញ ចាប់ផ្ដើមសម្អាតបាតអាង។
ក្រោយគម្រោងសាងសង់អាងស្តុកទឹកលេខ២ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ស្ថិតនៅភូមិសាស្ត្រឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមដំណើរការជិតមួយឆ្នាំមកនេះ អ្នកឃ្លាំមើលទាមទារឲ្យមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងអាជីវកម្មឈើទ្រង់ទ្រាយធំ ដែលយកលេសសម្អាតបាតអាង ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ពីព្រោះកន្លងទៅ ទីតាំងអាជីវកម្មទាំងនោះតែងតែលួចបន្លំកាប់ឈើចេញពីតំបន់ព្រៃការពារ ដែលធ្វើឲ្យបាត់បង់ព្រៃឈើជាច្រើននៅជុំវិញតំបន់នោះ។
អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែកក្កដាថា មន្ត្រីពាក់ព័ន្ធត្រូវតែបង្ហាញរបាយការណ៍ ដែលសិក្សាអំពីផលប៉ះពាល់ឲ្យបានទូលំទូលាយ និងស្ដាប់មតិរបស់ពលរដ្ឋជុំវិញការសាងសង់អាងស្តុកទឹកមួយនេះ។ លោកថា ពលរដ្ឋគ្រប់រូបចង់បានការអភិវឌ្ឍ ប៉ុន្តែពលរដ្ឋក៏មិនចង់ឲ្យប៉ះពាល់បរិស្ថាន និងបាត់បង់ធនធានធម្មជាតិលើសលុបបែបនេះដែរ។
លោក សេង សុខហេង៖ «បើយើងមើលឃើញថា យន្តការមួយគឺយើងការពារ យើងស្តារ យើងពង្រីកគម្របព្រៃឈើ ប៉ុន្តែម្ខាងទៀតយើងឃើញថាការវិនិយោគក្នុងតំបន់ព្រៃ អញ្ចឹងគោលនយោបាយទាំងពីរនេះ ហាក់ដូចជាមិនសូវជាស្របគ្នាប៉ុន្មានទេ យន្តការមួយ គោលនយោបាយមួយការពារ គោលនយោបាយមួយអភិវឌ្ឍន៍ ជាពិសេសទៅទៀត ការសិក្សា ការវាយតម្លៃពីផលប៉ះពាល់ ហាក់ដូចជាមិនបានធ្វើជាសាធារណៈ និងបានឲ្យទូលំទូលាយ ដើម្បីសិក្សាពីផលប៉ះពាល់ទៅដល់បរិស្ថានសង្គមជាអតិបរិមា»។
ចំណែកពលរដ្ឋម្នាក់រស់នៅឃុំរកាត ស្រុកភ្នំក្រវាញ សុំមិនបញ្ចេញឈ្មោះ និងសំឡេង អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា បច្ចុប្បន្នបរិវេណអាងស្តុកទឹកលេខ២ មានរោងចក្រអាឈើទ្រង់ទ្រាយធំមួយកន្លែង ដែលពួកគេកំពុងកាប់ប្រមូលធ្វើអាជីវកម្ម ប៉ុន្តែលោកមិនដឹងថា ក្រុមហ៊ុនទាំងនោះកាប់ឈើខាងក្រៅឬយ៉ាងណានោះទេ ពីព្រោះមានសន្តិសុខយាមយ៉ាងតឹងរ៉ឹង មិនឲ្យមនុស្សប្លែកមុខចេញចូលបានឡើយ។ តែយ៉ាងណា លោកថា សព្វថ្ងៃនៅក្បែរដងអូរ ឮសំឡេងម៉ាស៊ីនអាឈើត្រហ៊ឹងពេញព្រៃ។
រឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក អេង រស្មី ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី៣០ ខែកក្កដា។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់បង្ហាញអំពីផលប៉ះពាល់ និងផ្សព្វផ្សាយជាសាធារណៈនៅឡើយនោះទេ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម កាលពីខែកក្កដា ឆ្នាំ២០២៤ បានយកដីព្រៃស្រោងក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាង ៧ពាន់ (៧.៣១២) ហិកតារ ដើម្បីធ្វើជាអាងស្តុកទឹក ដោយអះអាងដើម្បីប្រើប្រាស់ទៅតាមប្រព័ន្ធធារាសាស្ត្រនានាក្នុងខេត្តនេះ។
ទោះជាបែបនេះក្ដី អង្គការអន្តរជាតិមួយ បានសិក្សារកឃើញថា អាងស្តុកទឹកលេខ២ នៅខេត្តពោធិ៍សាត់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់តំបន់ព្រៃស្រោងជាង ៥ពាន់ (៥.០៨៥) ហិកតារ ព្រៃឈើពាក់កណ្ដាលស្រោងជិត ២ពាន់ហិកតារ ព្រៃល្បោះជាង ៣រយហិកតារ និងដីគ្មានព្រៃឈើ ២២ហិកតារ និងធ្វើឲ្យបាត់បង់ជម្រកសត្វព្រៃជាច្រើនប្រភេទថែមទៀត។

បើយោងរូបភាពផ្កាយរណប របស់អង្គការលីកាដូ ដែលទូរទស្សន៍អាស៊ីសេរីទទួលបាន នៅថ្ងៃទី៣០ ខែកក្កដា បង្ហាញឲ្យឃើញថា នៅកណ្ដាលជួរភ្នំក្រវាញខាងជើង មានទីតាំង ឬរោងចក្រអាឈើមួយកន្លែងកំពុងតែធ្វើអាជីវកម្ម ដែលមានរថយន្តដឹកឈើរាប់សិបគ្រឿងរង់ចាំដឹកឈើចេញពីតំបន់ការពារមួយនេះ។
ឧទ្យានជាតិជួរភ្នំក្រវាញ ជាតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃដ៏សំខាន់របស់កម្ពុជា ដែលមានផ្ទៃដីជាង ៤សែន (៤០១.៣១៣) ហិកតារ ស្ថិតក្នុងភូមិសាស្ត្រជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិមួយនេះ សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ តំបន់ការពារទេសភាព និងជាតំបន់វប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច និងព្រៃឈើដ៏សំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលមានសត្វព្រៃកម្រគ្រប់ប្រភេទ ដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច និងសត្វកែះ ជាដើម៕








