អ្នកឃ្លាំមើល​ធនធានធម្មជាតិ​ទទូច​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តពោធិ៍សាត់

0
27
ទិដ្ឋភាព​ភូមិសាស្ត្រ​ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលត្រូវបានផ្ដល់កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ លីកាដូ
ទិដ្ឋភាព​ភូមិសាស្ត្រ​ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលត្រូវបានផ្ដល់កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ លីកាដូ

អ្នកឃ្លាំមើល​ធនធានធម្មជាតិ ទទូច​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជៀសវាង​ទីតាំង​អាជីវកម្ម​ឈើ​ខ្នាត​ធំ​មួយ​នេះ លួច​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រុមហ៊ុន​សាងសង់​អាង​ស្តុក​ទឹក​ទី​ពីរ នៅ​ស្រុក​ភ្នំក្រវាញ ចាប់ផ្ដើម​សម្អាត​បាត​អាង។

ក្រោយ​គម្រោង​សាងសង់​អាង​ស្តុក​ទឹក​លេខ​២ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចាប់ផ្ដើម​ដំណើរការ​ជិត​មួយឆ្នាំ​មកនេះ អ្នកឃ្លាំមើល​ទាមទារ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដែល​យក​លេស​សម្អាត​បា​ត​អាង ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ពីព្រោះ​កន្លងទៅ ទីតាំង​អាជីវកម្ម​ទាំងនោះ​តែងតែ​លួច​បន្លំ​កាប់​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ជាច្រើន​នៅ​ជុំវិញ​តំបន់​នោះ។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែកក្កដា​ថា មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​បង្ហាញ​របាយការណ៍ ដែល​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ទូលំទូលាយ និង​ស្ដាប់​មតិ​របស់​ពលរដ្ឋ​ជុំវិញ​ការសាងសង់​អាង​ស្តុក​ទឹក​មួយ​នេះ​។ លោក​ថា ពលរដ្ឋ​គ្រប់រូប​ចង់បាន​ការ​អភិវឌ្ឍ ប៉ុន្តែ​ពលរដ្ឋ​ក៏​មិន​ចង់​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​បាត់បង់​ធនធានធម្មជាតិ​លើសលុប​បែបនេះ​ដែរ​។​

លោក សេង សុខ​ហេង៖ «បើ​យើង​មើលឃើញ​ថា យន្តការ​មួយ​គឺ​យើង​ការពារ យើង​ស្តារ យើង​ពង្រីក​គម្រប​ព្រៃឈើ ប៉ុន្តែ​ម្ខាង​ទៀត​យើង​ឃើញថា​ការ​វិនិយោគ​ក្នុង​តំបន់​ព្រៃ អញ្ចឹង​គោលនយោបាយ​ទាំងពីរ​នេះ ហាក់ដូចជា​មិនសូវ​ជា​ស្របគ្នា​ប៉ុន្មាន​ទេ យន្តការ​មួយ គោលនយោបាយ​មួយ​ការពារ គោលនយោបាយ​មួយ​អភិវឌ្ឍន៍ ជាពិសេស​ទៅទៀត ការសិក្សា ការវាយតម្លៃ​ពី​ផល​ប៉ះពាល់ ហាក់ដូចជា​មិនបាន​ធ្វើជា​សាធារណៈ និង​បាន​ឲ្យ​ទូលំទូលាយ ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​ទៅដល់​បរិស្ថាន​សង្គម​ជា​អតិបរិមា»។

​ចំណែក​ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​រកាត ស្រុក​ភ្នំក្រវាញ សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បច្ចុប្បន្ន​បរិវេណ​អាង​ស្តុក​ទឹក​លេខ​២ មាន​រោងចក្រ​អា​ឈើ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង ដែល​ពួកគេ​កំពុង​កាប់​ប្រមូល​ធ្វើ​អាជីវកម្ម ប៉ុន្តែ​លោក​មិន​ដឹង​ថា ក្រុមហ៊ុន​ទាំងនោះ​កាប់​ឈើ​ខាងក្រៅ​ឬ​យ៉ាងណា​នោះ​ទេ ពីព្រោះ​មាន​សន្តិសុខ​យាម​យ៉ាង​តឹងរ៉ឹង មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ចេញចូល​បាន​ឡើយ​។ តែ​យ៉ាងណា លោក​ថា សព្វថ្ងៃ​នៅ​ក្បែរ​ដងអូរ ឮ​សំឡេង​ម៉ាស៊ីន​អា​ឈើ​ត្រ​ហ៊ឹង​ពេញ​ព្រៃ​។​

រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក អេង រស្មី ដើម្បី​សុំ​ការ​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី​៣០ ខែកក្កដា។

ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិនទាន់​បង្ហាញ​អំពី​ផល​ប៉ះពាល់ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​នោះ​ទេ បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ខែកក្កដា ឆ្នាំ​២០២៤ បាន​យក​ដី​ព្រៃ​ស្រោង​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាង ៧​ពាន់ (៧.៣១២) ហិកតារ ដើម្បី​ធ្វើជា​អាង​ស្តុក​ទឹក ដោយ​អះអាង​ដើម្បី​ប្រើប្រាស់​ទៅតាម​ប្រព័ន្ធ​ធារាសាស្ត្រ​នានា​ក្នុង​ខេត្ត​នេះ។

​ទោះជា​បែបនេះ​ក្ដី អង្គការ​អន្តរជាតិ​មួយ បាន​សិក្សា​រក​ឃើញ​ថា អាង​ស្តុក​ទឹក​លេខ​២ នៅ​ខេត្តពោធិ៍សាត់​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ព្រៃស្រោង​ជាង ៥​ពាន់ (៥.០៨៥) ហិកតារ ព្រៃឈើ​ពាក់កណ្ដាល​ស្រោង​ជិត ២​ពាន់​ហិកតារ ព្រៃ​ល្បោះ​ជាង ៣​រយ​ហិកតារ និង​ដី​គ្មាន​ព្រៃឈើ ២២​ហិកតារ និង​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ថែមទៀត​។​

ទិដ្ឋភាព​ភូមិសាស្ត្រ​ឃុំ​រកាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលត្រូវបានផ្ដល់កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ លីកាដូ

​បើ​យោង​រូបភាព​ផ្កាយរណប របស់​អង្គការ​លីកាដូ ដែល​ទូរទស្សន៍​អាស៊ីសេរី​ទទួល​បាន នៅ​ថ្ងៃទី​៣០ ខែកក្កដា បង្ហាញ​ឲ្យ​ឃើញថា នៅ​កណ្ដាល​ជួរ​ភ្នំក្រវាញ​ខាងជើង មាន​ទីតាំង ឬ​រោងចក្រ​អា​ឈើ​មួយ​កន្លែង​កំពុងតែ​ធ្វើ​អាជីវកម្ម ដែល​មាន​រថយន្ត​ដឹកឈើ​រាប់​សិប​គ្រឿង​រង់ចាំ​ដឹកឈើ​ចេញពី​តំបន់​ការពារ​មួយ​នេះ។

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ជា​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​មាន​ផ្ទៃដី​ជាង ៤​សែន (៤០១.៣១៣) ហិកតារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ជាប់​ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ​។ ឧទ្យាន​ជាតិ​មួយ​នេះ សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ តំបន់ការពារទេសភាព និង​ជា​តំបន់​វប្បធម៌ ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច និង​ព្រៃឈើ​ដ៏​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ដែល​មាន​សត្វព្រៃ​កម្រ​គ្រប់​ប្រភេទ ដូចជា ដំរី​អាស៊ី ខ្លា​ពពក ក្រពើ​ភ្នំ ខ្លាឃ្មុំ​ធំ ខ្លាឃ្មុំ​តូច និង​សត្វ​កែះ ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ