លោក ម៉ា ចិត្រា និង​សហគមន៍​ព្រៃឡង់​ត្រៀម​ភស្តុតាង​ឲ្យ​​ក្រសួង​បរិស្ថាន​ដើម្បី​​ចាប់​ជនល្មើស និង​មន្ត្រី​ពុករលួយ

0
107
សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា បង្ហាញពី​ព្រៃដែលរងការកាប់​ទន្ទ្រាន។ រូប៖ ហ្វេសប៊ុកលោក ម៉ា ចិត្រា
សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា បង្ហាញពី​ព្រៃដែលរងការកាប់​ទន្ទ្រាន។ រូប៖ ហ្វេសប៊ុកលោក ម៉ា ចិត្រា

សកម្មជន​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា និង​សហគមន៍​ព្រៃឡង់ បាន​ត្រៀម​ភស្តុតាង​ពាក់ព័ន្ធ​បន្ថែម​ទៀត ឲ្យ​ទៅ​មេធាវី​របស់​ក្រសួង​បរិស្ថាន ដើម្បី​ចាត់វិធានការ​ទៅ​ជនល្មើស និង​មន្ត្រី​ដែល​ប្រព្រឹត្ត​ពុករលួយ ឲ្យ​មាន​បទល្មើស​កាប់​ឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​របស់​ក្រសួងបរិស្ថាន បាន​កោះហៅ លោក ម៉ា ចិត្រា ឲ្យ​ផ្ដល់​ព័ត៌មាន និង​ភស្តុតាង អំពី​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់។

បន្ទាប់ពី​ក្រសួងបរិស្ថាន ឲ្យ​មេធាវី​របស់​ខ្លួន កោះហៅ​សកម្មជន​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ នៅ​ថ្ងៃទី​៣ ខែសីហា សហគមន៍​ការពារ​ព្រៃ​ឡង់ និង លោក ម៉ា ចិត្រា បាន​ត្រៀម​ភស្តុតាង​រួចរាល់​ហើយ ដើម្បី​ប្រគល់​ឲ្យ​ទៅ​ក្រសួងបរិស្ថាន ចាត់វិធានការ​ច្បាប់​ទៅលើ​ជនល្មើស និង​មន្ត្រី​បរិស្ថាន​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ និង​ប្រព្រឹត្ត​អំពើពុករលួយ​។ សហគមន៍​ថា ពួកគាត់​មិន​ខ្លាច​ក្នុង​ការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​នោះ​ទេ ប្រសិនបើ​ក្រសួង​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការពារ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃឡង់។

សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣១ ខែ​កក្កដា​ថា លោក​នឹង​ចូល​ទៅ​ជួប​មេធាវី​របស់​ក្រសួង​បរិស្ថាន ហើយនឹង​ប្រគល់​ភស្តុតាង​ទាំងអស់​ឲ្យ​ទៅ​ក្រសួង ដើម្បី​ចាត់វិធានការ ទៅលើ​ជនល្មើស និង​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃឡង់។

លោក ម៉ា ចិត្រា​៖ «មាន​ភស្តុតាង​ច្រើន​សម្រាប់​ផ្តល់​ជូន​ខាង​ក្រសួង ដើម្បី​ឲ្យ​ចាត់វិធានការ​ទៅលើ​ជនល្មើស​ដឹកឈើ និង​អ្នក​ពាក់ព័ន្ធ តាម​ដែរ​កំពុង​ដែល​យើង​ចុះទៅ​ឃាត់ ដោយសារ​មាន​សហគមន៍​យើង​គាត់​ប្រាប់​ថា​ជនល្មើស​ត្រូវជា​ប​ង របស់​ម​ន្រី្ត​បរិស្ថាន​នៅ​នុង ចំនុច​នេះ​ហើយ​ខ្ញុំ​យល់ថា​វា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ៊ីចឹង​ហើយ ទើប​មានការ​បំផ្លិចបំផ្លាញ​នៅ​តំបន់​ការពារ​ព្រៃទ្បង់»។

ចំណែក​សកម្មជន​ការពារ​ព្រៃ​ឡង់ នៅ​ខេត្តព្រះវិហារ លោក ខេម សុឃី អះអាង​ថា សហគមន៍​ព្រៃ​ឡង់​ត្រៀម​ភស្តុតាង​បន្ថែម​ទៀត ដើម្បី​ចូល​ទៅ​ជួប​មេធាវី​ក្រសួងបរិស្ថាន ជាមួយនឹង លោក ម៉ា ចិ​ត្រា ពីព្រោះ​សកម្មភាព​ចាប់​ជនល្មើស​នៅ​ថ្ងៃទី​២៦ គឺ​មាន​សហគមន៍​នៅ​ទីនោះ និង​បាន​ចូលរួម​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ជាមូយ​គ្នា។

លោក ខេម សុឃី៖ «ពួកយើង​ទៅ​ទាំងអស់គ្នា ចូល​ស្តាប់​ទាំងអស់គ្នា​នៅ​ក្រសួង​ជាមួយ​លោក ម៉ា ចិត្រា គឺ​ដើម្បី​បញ្ជាក់​ពី​កា​ពិត​អំពី​ការ​ផុស​របស់​គាត់ ហើយ​មួយវិញទៀត​យើង​នឹង​យកពាក្យ​បណ្តឹង និង​ភស្តុតាង​ផ្សេងៗ​ដែល​យើង​បាន​ពី​ការ​ល្បាត​ព្រៃ​របស់​យើង ដើម្បី​ឲ្យ​ក្រសួង​ចាត់ការ​ទៅលើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ឃុបឃិត​ក្នុង​ការ​ធ្វើ​ឲ្យ​ហិនហោច​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃទ្បង់»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានទេ នៅ​ថ្ងៃទី​៣១ ខែកក្កដា​។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ក្រសួងបរិស្ថាន​បាន​បង្ហោះ​លិខិត​របស់​មេធាវី ដែល​កោះហៅ លោក ម៉ា ចិត្រា ឲ្យ​ចូល​បំភ្លឺ នៅ​លើ​បណ្ដាញ​សង្គម​ដោយ​តម្រូវ​ឲ្យ​លោក ម៉ា ចិត្រា ទៅ​ជួប​មេធាវី​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៣ ខែសីហា ដើម្បី​ផ្ដល់​ព័ត៌មាន និង​ភស្តុតាង ឲ្យ​ទៅ​មេធាវី​របស់​ក្រសួង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ នៅ​តំបន់​ព្រៃឡង់។

បើទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​រិះគន់​ក្រសួង​បរិស្ថាន ដែល​កោះហៅ​សកម្មជន​ការពារ​បរិស្ថាន ប៉ុន្តែ​បែរ​ជា​មិន​ស្រាវជ្រាវ​រក​ជនល្មើស និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ការពារ​។​ពួកគាត់​យល់ថា ទង្វើ​របស់​ក្រសួងបរិស្ថាន​នេះ គឺជា​ការប្រើប្រាស់​តាក់​តិច​នៅក្នុង​ការ​គំរាមកំហែង​សកម្មជន​បរិស្ថាន និង​បង្ហាញ​ពី​មន្ត្រី​របស់​ក្រសួងបរិស្ថាន​មិន​មាន​សមត្ថភាព ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​នោះ​ទេ​។ លើក​ពី​នោះ​ពួកគាត់​ដាក់​ការ​សង្ស័យ​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ជនល្មើស ទើប​មន្ត្រី​ទាំងនោះ មិន​បង្ក្រាប​បទល្មើស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់។

កន្លងទៅ​ថ្មីៗ​នេះ សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន ចុះ​ល្បាត​រក​ឃើញ​បទល្មើស​ចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ខេត្តព្រះវិហារ ដោយ​ក្រុម​ជនល្មើស​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ចំនួន​៣០​ម៉ឺន​រៀល ជា​ថ្នូរ​ក្នុង​ការ​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ជួយ​ការពារ​សុវត្ថិភាព​ដល់​ជនល្មើស​ទាំងនោះ។

រីឯ អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង លើកឡើង​ថា ការ​កោះហៅ​សកម្មជន​បរិស្ថាន​ទៅ​ជួប​បែបនេះ ហាក់​បង្ហាញថា​ក្រសួង​គ្មាន​សមត្ថភាព​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ ហើយ​ជា​ការ​ដាក់​គំនាប​ទៅលើ​សកម្មជន និង​សហគមន៍​ព្រៃ​ឡង់ ពីព្រោះ​កន្លងទៅ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​បន្តបន្ទាប់ អំពី​បទល្មើស​ព្រៃឈើ និង​មន្ត្រី​ឃុបឃិត​ជាមួយ​ឈ្មួញ កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​ក្រសួង​សាមី និង​រដ្ឋាភិបាល​គ្មាន​វិធានការ​នោះ​ឡើយ។

លោក សេង សុខហេង៖ «ចេញ​លិខិត​ត្រឹម​ថ្កោលទោស​បទល្មើស​ព្រៃឈើ​កាប់​រុករាន ដី​ប្រមាណ​រាប់រយ​ហិកតារ​នៅ​ព្រំប្រទល់​ស្ទឹងត្រែង​ព្រះវិហារ ចាត់វិធានការ​ត្រឹម​ថ្កោលទោស ប៉ុន្តែ​សកម្មជន​ព្រៃឈើ បរិស្ថាន និយាយ​ពី​រឿងរ៉ាវ​មាន​ទាំង​វីដេអូ បែរជា​ហៅ​គេ​ទៅ​ជួប​មិន​ព្រម​សើ​ប​អង្កេត»។

ដែនជម្រកសត្វព្រៃ​ព្រៃឡង់​មាន​ផ្ទៃដី​ជិត ៥​សែន (៤៨៩.៦៦៣) ហិកតារ ជាប់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦​។ ប៉ុន្តែ​រយៈពេល​ជិត ១០​ឆ្នាំ​មកនេះ អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​។ បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចំនួន​៥ កំពុង​ច្បាម​យក​ធនធាន​រ៉ែ​ផ្សេងគ្នា នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និង​ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់ រង​វិនាសកម្ម​ធ្ងន់ធ្ងរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ