កូន​លោក សុខ ស៊ុនណារ៉េត ស្នើ​ឱ្យ​មេដឹកនាំ​ភ្នំពេញ​ដោះលែង​ឪពុក​មុន​​សវនាការ​សាលាឧទ្ធរណ៍

0
125
លោក ស៊ន តារា (ឆ្វេង) លោក សុខ ស៊ុនណារ៉េត។រូប៖ ហ្វេសប៊ុកលោក ស៊ន តារា
លោក ស៊ន តារា (ឆ្វេង) លោក សុខ ស៊ុនណារ៉េត។ រូប៖ ហ្វេសប៊ុកលោក ស៊ន តារា

កូនប្រុស​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ ទទូច​ឱ្យ​ក្រុម​មេដឹកនាំ​ក្រុងភ្នំពេញ​ដោះលែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព ដោយ​លើក​ហេតុផល ថា ឪពុក​របស់​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ និង​បាន​បម្រើ​ប្រទេសជាតិ​ជាង ៣០​ឆ្នាំ ដោយ​ភាពស្មោះត្រង់។

ការ​ស្នើ​របស់​លោក ស៊ន សារ៉ាត់ ធ្វើឡើង​នៅមុន​ពេល​សាលាឧទ្ធរណ៍​ភ្នំពេញ គ្រោង​បើក​សវនាការ​បណ្ដឹងឧទ្ធរណ៍​របស់​លោក សុខ ស៊ុនណារ៉េត នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​កាត់​ឱ្យ​លោក សុខ ស៊ុនណារ៉េត ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​បទចោទប្រកាន់​ពី​ការ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

លិខិត​របស់​មហាអយ្យការ​សាលាឧទ្ធរណ៍​ភ្នំពេញ​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ បញ្ជាក់​ថា សវនាការ​សាលាឧទ្ធរណ៍​នេះ នឹង​ជំនុំជម្រះ​ក្រោម​សមាសភាព ក្រុមប្រឹក្សា ៣​រូប ដោយមាន​លោក អ៊ិត សុធា ជា​ប្រធាន​អម​ដោយ​ចៅក្រម​ប្រឹក្សា លោក អិន វ៉ានវិបុល និង លោក ឌុច សុខវិសារិន។

លោក ស៊ន សារ៉ាត់ ដែល​ជា​កូនប្រុស​លោក សុខ ស៊ុនណារ៉េត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​និង​ក្រុម​គ្រួសារ មាន​សេចក្ដី​សង្ឃឹមលើ​សាលាឧទ្ធរណ៍ ថា នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ផ្ដល់​យុត្តិធម៌​ដល់​ឪពុក​របស់​លោក។

លោក ស៊ន សារ៉ាត់៖ «មក​ដល់​ពេល​នេះ អាយុ​ពិតប្រាកដ​របស់​គាត់ មាន​វ័យ ៧១​ឆ្នាំ​ហើយ​។ អ៊ីចឹង ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ទាំងពីរ ផ្ដល់​នូវ​ការយោគយល់​និង​អធ្យាស្រ័យ​ដល់​ឪពុក​របស់ខ្ញុំ​ដែល​មាន​វ័យ​ចំណាស់»។

លោក សុខ ស៊ុនណារ៉េត ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ បន្ទាប់ពី​សមត្ថកិច្ច​អះអាង​ថា បាន​រក​ឃើញ​គ្រឿងញៀន​ក្នុង​រថយន្ត​របស់​លោក ប៉ុន្តែ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

លោក សុខ ស៊ុនណារ៉េត គឺជា​ឪពុក​បង្កើត​របស់​លោក ស៊ន តារា ដែល​ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ក្រៅប្រទេស​រិះគន់​មិន​សំចៃមាត់​ទៅលើ​ការដឹកនាំ​តាម​បែប​ផ្ដាច់ការ និង​រំលោភសិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ បច្ចុប្បន្ន​មាន​វ័យ​៧១​ឆ្នាំ​លោក សុខ ស៊ុន​ណា​រ៉េត គឺ ជា​អតីតមន្ត្រី​ទាហាន​សឹក​រង​ខេត្តកំពង់ស្ពឺ និង​បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២២។

លោក​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ចាប់ខ្លួន ក្រោយពី​លោក ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង និង​បណ្ដេញ​ចេញពី​ក្របខណ្ឌ​ការងារ​រដ្ឋ ប្រសិនបើ​លោក ស៊ន តារា ជា​កូន​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បន្ត​រិះគន់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ