

អ្នកឃ្លាំមើលចង់ឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព និងមានទំនួលខុសត្រូវខ្ពស់ ជាពិសេស កាត់បន្ថយអំពើពុករលួយ នៅគ្រប់ក្រសួងស្ថាប័ន ដើម្បីបម្រើពលរដ្ឋឱ្យបានត្រឹមត្រូវ ដូចការថ្លែងរបស់លោកប្រាប់សមាជិកអាស៊ាន។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្ត ធ្វើកំណែទម្រង់មុខងារសាធារណៈ ដើម្បីលើកកម្ពស់តម្លាភាព និងកាត់បន្ថយនីតិវិធីស្មុគស្មាញលើវិស័យសាធារណៈ។
រយៈពេលបីឆ្នាំហើយ ដែលលោក ហ៊ុន ម៉ាណែត កាន់តួនាទីជានាយករដ្ឋមន្ត្រី ដែលមានការជួយជ្រោមជ្រែងពីឪពុក គឺ លោក ហ៊ុន សែន ក៏ប៉ុន្តែ ការធ្វើកំណែទម្រង់វិស័យសាធារណៈ នៅតែ រងការរិះគន់ ថាគ្មានលទ្ធផលជាដុំកំភួន ខណៈពលរដ្ឋ បន្តត្អូញត្អែរ ក្នុងការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ហើយការប្រព្រឹត្តអំពើពុករលួយក្រៅប្រព័ន្ធ នៅតែបន្តកើនឡើង។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែ សីហា ថាការថ្លែងសារទៅកាន់សមាជិកអាស៊ានរបស់លោក ហ៊ុន ម៉ាណែត អំពីការប្ដេជ្ញាចិត្តដើម្បីកែទម្រង់វិស័យសាធារណៈឱ្យបានល្អ គឺគ្រាន់តែ ជាការខិតខំប្រឹងប្រែងកសាងរូបភាព និងផ្ដល់ទំនុកចិត្តដល់សហគមន៍អន្តរជាតិ ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅតែពុំទាន់ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅឡើយ។ លោកសង្កេតឃើញថា រយៈពេលបីឆ្នាំកន្លងមកនេះ ទោះបីជារដ្ឋាភិបាលបានបង្កើតយន្តការមួយចំនួន ដូចជាការប្រឡងជ្រើសរើសមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងការកាត់បន្ថយរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ជាតិខ្លះក្ដី ការកែទម្រង់បានត្រឹមតែកែរចនាសម្ព័ន្ធបច្ចេកវិទ្យា ជាជាងការកែទម្រង់ អាកប្បកិរិយា និងប្រព័ន្ធអំណាចផ្ទៃក្នុង។
បន្ថែមពីលើនោះ លោកថា ពលរដ្ឋនៅតែជួបប្រទះភាពយឺតយ៉ាវ និងអំពើពុករលួយ ដោយសារតែប្រព័ន្ធ បក្ខពួកនិយម និងរចនាសម្ព័ន្ធរដ្ឋបាលដែលធំជ្រុល និងស្មុគស្មាញនៅថ្នាក់លើ ដូចជា រដ្ឋលេខាធិការ និងទីប្រឹក្សាច្រើនរាប់ពាន់នាក់ ជាដើម នៅតែមិនទាន់ត្រូវបានកាត់បន្ថយឱ្យមានប្រសិទ្ធភាពពិតប្រាកដ។ លើសពីនេះ លោកអះអាងថា ប្រព័ន្ធតុលាការ និងយន្តការត្រួតពិនិត្យ ឯករាជ្យនៅតែមានភាពទន់ខ្សោយ ធ្វើឱ្យយន្តការលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពមិនអាចដំណើរការបានពេញលេញ នៅពេលមានបណ្ដឹងពីពលរដ្ឋ។
លោក សេង វណ្ណលី៖ «រដ្ឋាភិបាលត្រូវពង្រីក និងពង្រឹងសេវាច្រកចេញចូលតែមួយ ឱ្យគ្របដណ្ដប់គ្រប់រដ្ឋបាលឃុំ សង្កាត់ និងខណ្ឌ ជាមួយតម្លៃសេវាផ្លូវការច្បាស់លាស់ និងកំណត់ពេលវេលាផ្ដល់សេវាឱ្យជាក់លាក់បំផុត ដើម្បីលុបបំបាត់ការបង់ប្រាក់ក្រោមតុ និងការចំណាយពេលយូរ»។
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) នៅថ្ងៃទី៥ ខែសីហាថាកម្ពុជាបានផ្ដោតសំខាន់ទៅលើ ការធ្វើកំណែទម្រង់ មុខងារសាធារណៈដើម្បីពង្រឹងស្ថាប័ន និងការបង្កើតថ្មី (នវានុវត្តន៍) ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនចំពោះសេវាសាធារណៈ។
ទន្ទឹមគ្នានោះ លោកបញ្ជាក់ថា កំណែទម្រង់នេះ ធ្វើឡើង ដើម្បីផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយ គណនេយ្យភាព និងតម្លាភាព ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យជាដើម។
បើទោះបី ជាលោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្ដី អ្នកឃ្លាំមើល និងពលរដ្ឋយល់ថា ការធ្វើកំណែទម្រង់វិស័យសាធារណៈ នឹងពុំមានប្រសិទ្ធភាពនោះឡើយ ប្រសិនបើមិនព្រមដកហូតមន្ត្រីអសកម្ម និងមន្ត្រីមួយចំនួន ដែលបាន យកស្ថាប័នរដ្ឋ ធ្វើជាកន្លែងរកស៊ី តាមរយៈការប្រព្រឹត្តអំពើពុករលួយជាដើម។
លោក សេង វណ្ណលី ផ្ដល់ជាដំណោះស្រាយថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលពិតប្រាកដ ត្រូវចាប់ផ្ដើមពីផ្នែកខាងលើ ដោយត្រូវកាត់បន្ថយចំនួនទីប្រឹក្សា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលគ្មានតួនាទីច្បាស់លាស់ ដើម្បីកាត់បន្ថយបន្ទុកថវិកាជាតិ និងកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសម្រេចចិត្ត។ ជាមួយគ្នានោះ ត្រូវជំរុញការផ្ដល់សេវាសាធារណៈ និងការបង់ថ្លៃសេវាតាមប្រព័ន្ធអនឡាញ ដោយកាត់បន្ថយការជួបផ្ទាល់រវាងពលរដ្ឋ និងមន្ត្រីអនុវត្ត ព្រមទាំងការបើកចំហទិន្នន័យ ស្ដីពីថវិកាជាតិ និងការដេញថ្លៃគម្រោងសាធារណៈ ដើម្បីធានាតម្លាភាព និងគណនេយ្យភាពពិតប្រាកដ។
លោកបញ្ជាក់ថា ការបង្ហាញពីគណនេយ្យភាពពិតប្រាកដ តម្រូវឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នា ដោយត្រូវចាត់វិធានការផ្លូវច្បាប់ជាសាធារណៈ និងច្បាស់លាស់លើមន្ត្រីរាជការ ឬអាជ្ញាធរទាំងឡាយណាដែលទារប្រាក់បន្ថែម ឬកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ ដោយមិនគិតពីសែស្រឡាយ ឬខ្នងបង្អែកនយោបាយនោះឡើយ។ ទន្ទឹមគ្នានោះ លោកថា រដ្ឋាភិបាលគួររៀបចំឱ្យមានប្រព័ន្ធទទួលបណ្ដឹង ឬការវាយតម្លៃការពេញចិត្ត ឬមិនពេញចិត្តរបស់ពលរដ្ឋ លើសេវាសាធារណៈនីមួយៗដោយស្ថាប័នឯករាជ្យ ហើយបង្ហាញលទ្ធផលនោះជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋឃើញថាមតិ និងការរិះគន់របស់ពួកគាត់ត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយពិតប្រាកដ។
កន្លងទៅ វិស័យសាធារណៈរបស់កម្ពុជាទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។ ពលរដ្ឋតែងតែត្អូញត្អែរចំពោះការទារលុយក្រៅផ្លូវការ ដើម្បីពន្លឿនការផ្ដល់សេវា ហើយ ប្រព័ន្ធគ្រប់គ្រងថវិកា និងការដេញថ្លៃគម្រោងរដ្ឋមួយចំនួន ខ្វះតម្លាភាព។ ចំណែក រដ្ឋបាលសាធារណៈនៅតែមានភាពសាំញ៉ាំនិងទាមទារឯកសារច្រើនដំណាក់កាល ហើយ ក៏មានការរិះគន់ជាច្រើន ពាក់ព័ន្ធការចូលបម្រើការងារ និងការដំឡើងតួនាទីក្នុងក្របខ័ណ្ឌរដ្ឋ ជារឿយៗផ្អែកលើសែស្រឡាយ ឬលុយកាក់ ជាជាងសមត្ថភាពពិតប្រាកដ។ បញ្ហាធំៗមួយចំនួនទៀត មានដូចជា ចំនួនមន្ត្រីជាន់ខ្ពស់ និងអ្នកនយោបាយក្នុងជួររដ្ឋាភិបាលមានច្រើនហួសហេតុ ដែលធ្វើឱ្យខាតបង់ថវិកាជាតិ ហើយ ប្រព័ន្ធតុលាការរងការរិះគន់ថា ទទួលរងឥទ្ធិពលពីអ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិ ជាដើម៕









