

សមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ក្រុងសំរោង និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តឧត្ដរមានជ័យលោក ញាន សារុំ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ និងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ សង្គមស៊ីវិល ព្រួយបារម្ភអំពីការរឹតត្បិតសិទ្ធិនយោបាយបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូច។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ អះអាងថា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តឧត្តរមានជ័យ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ក្រុងសំរោង លោក ញាន សារុំ ត្រូវបានអាជ្ញាធរ ចាប់ឃុំខ្លួន កាលពីយប់ថ្ងៃទី៥ ខែសីហា ដោយមិនទាន់ដឹងពីមូលហេតុ។ អាជ្ញាធរបានបញ្ជូនខ្លួនលោកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យហើយ នៅថ្ងៃទី០៦ ខែសីហា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សទាំងពីរចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែសីហា។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ចាត់ទុកការចាប់ខ្លួន លោក ញាន សារុំ ជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីពលរដ្ឋ និងសកម្មជននយោបាយបក្សប្រឆាំង និងធ្វើឲ្យនយោបាយមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ រឹតតែមានភាពអាប់អួរថែមទៀត។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ទាមទារឱ្យអាជ្ញាធរដោះលែង សមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ លោក ញាន សារុំ ឲ្យមានសេរីភាពឡើងវិញ និងអាជ្ញាធរបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញ ទៅលើសកម្មជននយោបាយបក្សប្រឆាំងនៅមូលដ្ឋាន ដើម្បីធានានូវបរិយាកាសនយោបាយឲ្យល្អប្រសើរនៅមុនពេលបោះឆ្នោតខាងមុខនេះ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង ស្នងការខេត្តឧត្ដរមានជ័យ លោក ខូវ លី ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី០៦ ខែសីហា។
ប្រពន្ធរបស់លោក ញាន សារុំ គឺលោកស្រី អៀន អួក អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៦ ខែសីហាថា ប្ដីរបស់លោកស្រីត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បញ្ជូនខ្លួនទៅតុលាការដើម្បីសាកសួរហើយនៅថ្ងៃទី០៦ ខែសីហា និងបានបញ្ជូនមកឃុំនៅស្នងការដ្ឋាននគរបាលខេត្តវិញ ដើម្បីរង់ចាំនីតិវិធីនៅថ្ងៃបន្ទាប់ទៀត។
លោកស្រី អៀន អួក៖ «ពេលគេ តេមកគាត់និយាយពីនេះពីនោះថាគាត់និយាយប៉ះពាល់ព្រះឥន្ទ្រប៉ះអីចឹង ទេវតាព្រះឥន្ទ្រអីទៅ សំណូមពរថាប្តីខ្ញុំមិនមានកំហុសអីសូមឲ្យដោះលែងគាត់»។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលកំពុងតាមដានបញ្ហានេះ លើកឡើងថា ប្រសិនបើសមាជិកបក្សប្រឆាំងគ្រាន់តែបញ្ចេញមតិពាក់ព័ន្ធនិងផលប្រយោជន៍គណបក្ស និងប្រយោជន៍សង្គមជាតិ វាមិនមែនជាបទល្មើសរហូតដល់ចាប់ឃុំខ្លួនបែបនេះឡើយ។ លោកព្រួយបារម្ភអំពីការរឹតត្បិតសិទ្ធិនយោបាយ ការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូច នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
លោក យិន ម៉េងលី៖ «រដ្ឋាភិបាលថ្មីៗ នេះក៏បាននិយាយដែរពាក់ព័ន្ធនឹងបញ្ហានេះ រឿងលើកស្ទួយរឿងសេរីភាពបញ្ចេញមតិ ប៉ុន្តែកុំឲ្យប្រើពាក្យអសុរោះ បើគ្រាន់តែថាយល់ឃើញពីបញ្ហារឿងនេះរឿងនោះចឹងៗ មិនមានការជេរប្រមាថនិងការតិះដៀលនោះទេ ខ្ញុំគិតថា គម្បីតែពិនិត្យទ្បើងវិញ ហើយយើងចង់ឲ្យបើកលំហឲ្យកាន់តែបានទូលាយថែមទៀត ព្រោះពេលវេលានៃការបោះឆ្នោតជាតិ បោះឆ្នោតឃុំសង្កាត់ក៏ជិតមកដល់ដែរ»។
អ្នកឃ្លាំមើលលើកឡើងថា បរិយាកាសនយោបាយនៅកម្ពុជា កាន់តែធ្លាក់ក្នុងវិបត្តិ នៃការរឹតត្បិត ខណៈសកម្មជននយោបាយ និងសមាជិកគណបក្សក្រៅរដ្ឋាភិបាល យ៉ាងតិច ២២នាក់ កំពុងជាប់ពន្ធនាគារ ជាប់ក្ដីក្ដាំនៅតុលាការ និង បំបិទសិទ្ធិធ្វើ នយោបាយ រីឯ អ្នកទោសនយោបាយ និងអ្នកទោសមនសិការជាង១០០នាក់ហើយ កំពុងជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ។ ពួកគេថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនដោះលែងអ្នកទោស នយោបាយ និង អ្នកទោសមនសិការទាំងអស់នេះ ឱ្យមានសេរីភាពឡើងវិញ និងមិនដោះស្រាយវិបត្តិនយោបាយឱ្យបានសមស្រប នៅមុនការបោះឆ្នោត ឆ្នាំ២០២៧ ទេនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងរងទណ្ឌកម្មកាន់តែធ្ងន់ពីសហគមន៍អន្តរជាតិ៕








