កម្ពុជា​និង​សហរដ្ឋអាមេរិក ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេភាគី

0
46
​មន្ត្រីជាន់ខ្ពស់កម្ពុជា​ទៅទទួលនា​វាចម្បាំង​អាមេរិក​ឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ​អិលស៊ីអេស​២០ (LCS-20) បាន​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម កាលពីថ្ងៃទី២៤ មករា ២០២៦។ រូប​​៖ ក្រសួងការពារជាតិ
​មន្ត្រីជាន់ខ្ពស់កម្ពុជា​ទៅទទួលនា​វាចម្បាំង​អាមេរិក​ឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ​អិលស៊ីអេស​២០ (LCS-20) បាន​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម កាលពីថ្ងៃទី២៤ មករា ២០២៦។ រូប​​៖ ក្រសួងការពារជាតិ

កម្ពុជា និង​សហរដ្ឋអាមេរិក (US) ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេភាគី និង​គ្រោង​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​នៅ​ឆ្នាំ​២០២៧ ដើម្បី​កសាង​ទំនុកចិត្ត ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំងពីរ និង​រួមចំណែក​ដល់​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ថា តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​នេះ អាមេរិក​មានបំណង​ចម្បង​ក្នុង​ការ​បង្កើន​វត្តមាន និង​ភាព​ជិតស្និទ្ធ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​យោធា​ចិន​ដែល​កំពុង​កើនឡើង។

កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត និង​ស្វាគមន៍​ក្នុង​ការ​បន្ត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ វិស័យ​ការពារ​ជាតិ និង​យោធា ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ពង្រឹងសមត្ថភាព​កងទ័ព ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​គម្រោង​រៀបចំ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​យោធា​រួម​ឡើងវិញ។

ការ​ប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន និង​មេបញ្ជាការ​កង​នាវា​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​លោក ស្ទីវ ខូល័រ (Steve Koehler) ក្នុង​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែកក្កដា។

អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រកាស​ថា ក្នុង​ជំនួប​នេះ លោក វង្ស ពិសេន បាន​លើកឡើង​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​អាមេរិក លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​កងទ័ព ព្រមទាំង​កិច្ចសហការ​ស្វែងរក​អដ្ឋិធាតុ​យុទ្ធជន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា។

លោក​ក៏បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក​នៅ​កំពង់ផែ​រាម​កន្លងមក និង​គម្រោង​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​នៅ​ឆ្នាំ​២០២៧ ខាងមុខ។

ជា​ការ​ឆ្លើយតប មេបញ្ជាការ​កង​នាវា​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក លោក ស្ទីវ ខូល័​រ (Steve Koehler) ថ្លែង​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ តាមរយៈ​ការរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន «​កា​រ៉ាត់​» (CARAT) ឡើងវិញ​នៅ​ឆ្នាំ​២០២៧ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ជំនួយ​មនុស្សធម៌ និង​ការសង្គ្រោះ​គ្រោះមហន្តរាយ ព្រមទាំង​ការចូលរួម​ក្នុង​លំ​ហាត់​សហប្រតិបត្តិការ​នាវាចរណ៍​អាស៊ីអាគ្នេយ៍ (SEACAT) ដើម្បី​រួមចំណែក​ដល់​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​ទំនាក់ទំនង​រវាង​កង​កម្លាំង​ប្រដាប់អាវុធ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ និង​ស្ថិរភាព​ក្នុង​តំបន់។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) ក៏​មាន​ជំនួប​ទ្វេភាគី ជាមួយ​មេបញ្ជាការ​កង​នាវា​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក លោក ស្ទីវ ខូល័រ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​វិធីសាស្ត្រ​ដែល​សហរដ្ឋអាមេរិក​អាច​ជួយ​គាំទ្រ​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា​។ ស្ថានទូត​អាមេរិក​ក៏បាន​លើកឡើង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​យោធា​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​រួមចំណែក​ដល់​ការ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងកម្លាំងប្រដាប់អាវុធ និង​គាំទ្រ​ដល់​ការ​រក្សា​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ឱ្យ​មាន​សន្តិសុខ និង​វិបុលភាព​កាន់តែ​ប្រសើរ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី យល់​ថា ទស្សនកិច្ច​របស់​មេ​បញ្ជាការ​កង​នាវា​ប៉ាស៊ីហ្វិក​អាមេរិក​មកកាន់​កម្ពុជា​គឺ​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​នៅក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ លោក​ថា ទស្សនកិច្ច​របស់​មេបញ្ជាការ​កង​នាវា​ប៉ាស៊ីហ្វិក​អាមេរិក​មកកាន់​កម្ពុជា បង្ហាញ​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ស្ដារ​តុល្យភាព​ឡើងវិញ​នូវ​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ជាមួយ​ក្រុងភ្នំពេញ បន្ទាប់ពី​មាន​ភាព​រកាំរកូស​មួយ​រយៈ​ពេល​ដោយសារ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ មូលដ្ឋានទ័ព​រាម និង​ការប្រកួតប្រជែង​រវាង​មហាអំណាច​ក្នុង​តំបន់។

លោក​បន្ថែម​ថា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​កំពុង​ដើរ​តួនាទី​ជា​ចំណុច​ត​ភ្ជាប់​រវាង​ផ្នែក​ការទូត និង​ផ្នែក​យោធា ដើម្បី​វាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង ស្វែងយល់​ពី​ជំហរ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រៀបចំ​ទិសដៅ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ភាព​បត់បែន​ជាង​មុន។ លោក សេង វណ្ណលី វាយ​តម្លៃ​ថា តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​នេះ អាមេរិក​មានបំណង​ចម្បង​គឺ​បង្កើន​វត្តមាន និង​ភាព​ជិតស្និទ្ធ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​យោធា​ចិន​ដែល​កំពុង​កើនឡើង ជាពិសេស​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​ម៉ាឡាកា។

លោក សេង វណ្ណលី៖ «ទីក្រុង​វ៉ាស៊ីនតោន​ចង់​ជំរុញ​ឱ្យ​មាន​តម្លាភាព​បន្ថែម​ទៀត​អំពី​ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​កម្ពុជា បង្កើត​បណ្ដាញ​ទំនាក់ទំនង​ផ្ទាល់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការព្យាករណ៍​ខុស និង​ខិតខំ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ​តាមរយៈ​ការ​ហ្វឹកហ្វឺន ការ​កសាង​សមត្ថភាព​យោធា ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និង​ការសង្គ្រោះ​គ្រោះមហន្តរាយ​។ គោលដៅ​ចុងក្រោយ​របស់​អាមេរិក គឺ​ការពារ​កុំឱ្យ​កម្ពុជា​ផ្អៀង​ទៅ​រក​ប្លុក​អំណាច​តែមួយ​ខ្លាំងពេក ដែល​អាច​ប៉ះពាល់​ដល់​តុល្យភាព​សន្តិសុខ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ទាំងមូល»។

លោក សេង វណ្ណលី បន្ថែម​ថា សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ការ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​សហរដ្ឋអាមេរិក អាច​ផ្ដល់​អត្ថប្រយោជន៍​ទាំង​ផ្នែក​នយោបាយ​ការបរទេស និង​សមត្ថភាព​យោធា​។ លោក​ថា ទំនាក់ទំនង​នេះ​អាច​ជួយ​កម្ពុជា​រក្សា​តុល្យភាព​រវាង​មហាអំណាច កាត់បន្ថយ​សម្ពាធ​ពី​ខាងក្រៅ និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល ព្រមទាំង​ចំណេះដឹង​ផ្នែក​សន្តិសុខ​សមុទ្រ ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​។ បន្ថែម​ពី​នេះ​លោក​ថា ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក ក៏​អាច​ជួយ​កែ​លម្អ​បរិយាកាស​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ