

ករណីឃាតកម្មលើអតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិសញ្ជាតិបារាំងដើមកំណើតខ្មែរលោក លិម គិមយ៉ា នៅប្រទេសថៃ ត្រូវបានប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ វិច្ឆិកា ដោយជំរុញឱ្យកម្ពុជាស៊ើបអង្កេតករណីនេះដើម្បីនាំយកមនុស្សពាក់ព័ន្ធមកដាក់ទោសតាមច្បាប់។
លោក អេម៉ានុយអែល ម៉ាក្រុង លើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មាននៅក្រោយជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំងនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៥ វិច្ឆិកា ក្នុងឱកាសលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ពីថ្ងៃទី១៤-១៦ វិច្ឆិកា។
លោកម៉ាក្រុងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតករណីឃាតកម្មដ៏កក្រើកនេះ ដើម្បីបង្ហាញមូលហេតុពិតដែលនាំឲ្យមានការធ្វើឃាតលើលោក លិម គិមយ៉ា និងនាំយកអ្នកទទួលខុសត្រូវមកផ្ទន្តាទោសតាមច្បាប់។
ចាប់តាំងពីលោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់កណ្តាលទីក្រុងបាងកកកាលពីខែមករា ឆ្នាំ២០២៥ ក្រុមគ្រួសារលោក លិម គិមយ៉ា និងអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសតែងទទូចឱ្យរដ្ឋាភិបាលបារាំងអន្តរាគមន៍ដោយដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីឃាតកម្មនេះឱ្យហ្មត់ចត់ដោយហេតុថាលោក លិម គិមយ៉ា មានសញ្ជាតិបារាំង។ ការទាមទាររបស់គ្រួសារលោក លិម គិមយ៉ា និងអ្នកនយោបាយប្រឆាំង គឺដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ស៊ើបអង្កេតករណីឃាតកម្មនេះនោះឡើយ។

លោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលលោកកំពុងធ្វើដំណើរត្រឡប់ពីកម្ពុជាតាមរថយន្តក្រុងជាមួយភរិយា។ ក្រោយហេតុការណ៍ឃាតកម្មនេះមួយថ្ងៃ ប៉ូលិសថៃបានសហការជាមួយសមត្ថកិច្ចកម្ពុជាចាប់ខ្លួនខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Paenoi) ដែលអតីតទាហានជើងទឹកថៃ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីរូបគេបានរត់គេចខ្លួនឆ្លងដែនចូលមកកម្ពុជា ហើយត្រូវបានបញ្ជូនទៅឱ្យអាជ្ញាធរថៃវិញ កាត់ទោស និងផ្ទន្ទាទោសអស់មួយជីវិត។
ដោយឡែកជនសង្ស័យពីររូបទៀតដែលជាជនជាតិខ្មែរត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួន និងប៉ូលិសអន្តរជាតិ (Interpol) ចេញនិវេទន៍ក្រហមចាប់ខ្លួន ដោយសង្ស័យថា ជាអ្នកជួលឃាតក និងជាអ្នកតាមដានចង្អុលបង្ហាញមុខសញ្ញាឱ្យឃាតក។ ជនសង្ស័យទាំងពីរនាក់នោះរួមមានឈ្មោះ ពេជ្រ គឹមស្រ៊ីន ដែលជាប្អូនបង្កើតរបស់អតីតប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងបម្រើការងារនៅផ្សារកណ្ដាល ខណ្ឌដូនពេញ។ ម្នាក់ទៀតគឺលោក លី រតនរស្មី ដែលជាអតីតទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន។
យ៉ាងណា ភាគីកម្ពុជាបន្តរក្សាភាពស្ងៀមស្ងាត់លើករណីនេះ ទោះសាច់ញាតិស្នើអន្តរាគមន៍បញ្ជូនជនសង្ស័យពីររូបនោះ មកកាត់ទោសនៅប្រទេសថៃដើម្បីរកឃាតកពិតក៏ដោយ។ ចំណែកសាច់ញាតិបន្ដស្វែងរកអន្តរាគមន៍ជាហូរហែដើម្បីផ្ដល់យុត្តិធម៌ដល់អតីតតំណាងរាស្ត្ររូបនេះ។
គេនៅមិនទាន់ឃើញលោក ហ៊ុន ម៉ាណែត ឆ្លើយតបយ៉ាងណាចំពោះការលើកឡើងរបស់ប្រធានាធិបតីបារាំងនៅពេលនេះនៅឡើយ៕









