

អ្នកឃ្លាំមើលទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែង អ្នកទោសមនសិការ និងអ្នកទោសនយោបាយ មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងដាក់បញ្ចូលវិបត្តិទាំងអស់ ដែលកម្ពុជាកំពុងប្រឈម ទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលផ្លូវការ ពីព្រោះបញ្ហាទាំងនោះជាការព្រួយបារម្ភរួមរបស់ប្រជាពលរដ្ឋខ្មែរផង និងសហគមន៍អន្តរជាតិផង ហើយក៏ស្របនឹងបេសកកម្ម ដោះស្រាយបញ្ហារបស់អង្គការហ្វ្រង់កូហ្វូនីដែរ។
ការលើកឡើងនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។
ប្រទេសកម្ពុជា ដែលនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងប្រឈមវិបត្តិ នៃ ការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា ឧក្រិដ្ឋកម្ម ឆបោក អនឡាញ ការបំផ្លាញប្រជាធិបតេយ្យ និង ការបំពានសិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ វិបត្តិទាំងនេះ សុទ្ធតែនៅជាប់គាំង រកមិនទាន់ឃើញដំណោះស្រាយ ដែលធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរ និង សហគមន៍អន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំង។
ក្រៅពីកិច្ចប្រជុំកំពូលផ្លូវការ (Sommet de la Francophonie) នៅថ្ងៃទី១៥ និង ទី១៦ ខែវិច្ឆិកា ដែលនឹងមានការចូលរួមពីគណៈប្រតិភូតំណាងប្រទេស យ៉ាងតិច ចំនួន ៧៩នោះ កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ ក៏នៅមាន ព្រឹត្តិការណ៍ អម ផ្សេងទៀតដែរ ដូចជា ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និង ហ្វ្រង់កូតិច (FrancoTech) ដែលជាកម្មវិធីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
អ្នកឃ្លាំមើលបារម្ភថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលកម្ពុជាជាម្ចាស់ផ្ទះ អាចបានត្រឹម តែផ្ទាំងទស្សនីយភាពលម្អអំណាចគ្រួសារត្រកូលហ៊ុន ហើយមិនបានលើក យកវិបត្តិជាតិកម្ពុជា ដែលសហគមន៍អន្តរជាតិព្រួយបារម្ភ ទៅពិភាក្សារក ដំណោះស្រាយ ឲ្យពិតប្រាកដនោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ទទូចឲ្យលោក ហ៊ុន ម៉ាណែត ដាក់របៀបវារៈកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ទៅក្នុងកិច្ចប្រជុំកំពូល។ លោកថា ជារឿងសោកស្ដាយណាស់ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនលើកយកប្រធានបទ «កងទ័ពថៃឈ្លានពានកម្ពុជា» ចូលទៅក្នុងកិច្ចប្រជុំផ្លូវការ នៅចំពោះមុខប្រមុខរដ្ឋបារាំង ដែលជាប្រទេសម្ចាស់ឯកសារ និង ផែនទីទឹក ដីកម្ពុជា ដោយមានតំណាងប្រទេសជិត ១០០ ជាសាក្សី។
«អ៊ីចឹងហើយបានជាយើងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដាក់របៀបវារៈថៃឈ្លានពានកម្ពុជាទៅក្នុងរបៀបវារៈពិភាក្សា ពីព្រោះវាប៉ះពាល់ទៅដល់ សន្តិសុខក្នុងតំបន់ វាប៉ះពាល់ទៅដល់សន្តិសុខសុវត្តិភាពអន្តរជាតិដែរ បញ្ហាថៃ កំពុងបំពានច្បាប់អន្តរជាតិ កំពុងតែបំពានកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំង-សៀមអី ។ ក្នុងនាមជាបារាំងជាម្ចាស់នៃអាណានិគមកម្ពុជាជាម្ចាស់ផែនទីខ្នាត ១ លើ ២រយពាន់ ជាម្ចាស់បង្គោលព្រំដែនបារាំង-សៀម»។
លោក ម៉ែន ណាត
អ្នកឃ្លាំមើលលើកឡើងថា យោងតាមធម្មនុញ្ញអង្គការហ្វ្រង់កូហ្វូនី ការដោះស្រាយ បញ្ហាឈ្លានពានរបស់កងទ័ពថៃ ស្ថិតក្នុងបេសកកម្មលើកស្ទួយសន្តិភាពរបស់អង្គការប្រទេសនិយាយភាសាបារាំងមួយនេះ។
ធម្មនុញ្ញអង្គការហ្វ្រង់កូហ្វូនី ចែងអំពីបេសកកម្មសំខាន់ៗចំនួន ៤ ក្នុងនោះក៏មាន លើកស្ទួយសន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងក្រុមប្រទេស និយាយភាសាបារាំងដែរ។ បេសកម្ម ៣ទៀត រួមមានការលើកស្ទួយ ភាសាបារាំង និងវប្បធម៌ ការអប់រំនិងស្រាវជ្រាវព្រមទាំង សេដ្ឋកិច្ច និងការអភិវឌ្ឍ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួង ការបរទេស លោក ប្រាក់ សុខុន និយាយជាច្រើនដងនូវពាក្យ «សន្តិភាព» ប៉ុន្តែ មិនលើកឡើងនូវរឿងប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សដែលអង្គការសហប្រជាជាតិ ទទូចឲ្យដោះស្រាយនោះទេ។
«ក្នុងមូលបទនេះ មានគំនិតឬគុណតម្លៃធំៗ បី ទី១ សន្តិភាព ទី២ វិបុលភាព និងទី៣ ស្ថេរភាព។ ការពិតទៅយើងយកមូលបទនេះ ផ្ដើមចេញពីបទពិសោធន៍ និងប្រវត្តិរបស់កម្ពុជាផ្ទាល់»។
លោក ប្រាក់ សុខុន
បន្ថែមលើការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា វិបត្តិធំៗចុងក្រោយរបស់ កម្ពុជា ដែលត្រូវរកដំណោះស្រាយជាអាទិភាព រួមមាន ឧក្រិដ្ឋកម្មឆបោកអនឡាញ ការបំផ្លាញប្រជាធិបតេយ្យ និងការបំពានសិទ្ធិមនុស្ស។ ប៉ុន្តែ លោក ប្រាក់ សុខុន មិនបានបង្ហាញថា ប្រធានបទទាំងនេះ នឹងក្លាយជារបៀបវារៈក្នុងកិច្ចប្រជុំឡើយ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក ម៉ែន សុថាវរិន្ទ្រ ទាមទារឲ្យលោក ហ៊ុន ម៉ាណែត ត្រូវតែដាក់បញ្ហាវិបត្តិប្រជាធិបតេយ្យ និងការបំពានសិទ្ធិមនុស្សនៅកម្ពុជា លើតុប្រជុំធំ ដើម្បីស្វែងរកដំណោះស្រាយ។ លោកថា បើមិនបញ្ចប់វិបត្តិទាំងពីនេះទេ នោះកម្ពុជាក៏នឹងមិនអាចរកឃើញវិធីដោះស្រាយ វិបត្តិផ្សេងទៀតដែរ រួមទាំងបញ្ហាព្រំដែន និងការឆបោកអនឡាញ។
«លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការឆបោកអនឡាញ និងបញ្ហាប្រទេសជាតិ ចាំបាច់បំផុតហើយ លទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការ ទទួលព័ត៌មាន និងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋមាន សេរីភាព មានសិទ្ធិទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ និងឈរឈ្មោះឱ្យគេបោះឆ្នោត»។
លោក ម៉ែន សុថាវរិន្ទ្រ
អង្គការហ្វ្រង់កូហ្វូនី មានរដ្ឋជាសមាជិក ចំនួន ៩០។ ក្រៅពីភារកិច្ចធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលលើកទី២០នេះ កម្ពុជាក៏ត្រូវទទួលវេនជាប្រធាន រយៈពេល ២ឆ្នាំបន្ត គឺ២០២៧ និង ២០២៨ បន្ទាប់ពីប្រទេសបារាំងដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា តួនាទីជាប្រធានបន្តវេន នៃអង្គការហ្វ្រង់កូហ្វូនី ដែលបំពេញការងារ ដោយរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន នឹងធ្វើឲ្យកម្ពុជារងភាពអាម៉ាស់ កាន់តែ ខ្លាំង ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងបង្កើនកណ្ដាប់ដៃចាប់យុវជន និង ស្ត្រី ដែលមានមនសិការជាតិ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ ដែលផ្ទុយពី បេសកកម្មរបស់ហ្វ្រង់កូហ្វូនី។
«មិនគោរពទៅដល់យុវជន និងស្ដី្រ ស្មើនឹងអត់បំពេញ កាតព្វកិច្ចនៃការផ្ដល់សច្ចាប័ននៅកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងនយោបាយ និងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ហ្នឹងឯង»។
លោក ស៊ឹង សែនករុណា
ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក សម រង្ស៊ី ទើបតែបានសរសេរ លិខិតកាលពីពេលថ្មីៗនេះ រំឭកប្រមុខរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា វត្តមានរបស់លោកប្រធានាធិបតីបារាំងនៅកម្ពុជា នឹងត្រូវពួកអ្នកកាន់អំណាចគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់យ៉ាងងាយស្រួល ដើម្បីបំភ័ន្ដថា របបឯកបក្សរបស់ពួកគេ ទទួលស្គាល់ពីអន្តរជាតិ ប្រសិនបើ លោកប្រធានាធិបតី មិនអាចប្រើឥទ្ធិពលបារាំង និង អង្គការហ្វ្រង់កូហ្វូនី ឲ្យមានលទ្ធផលដំណោះស្រាយវិបត្តិឧក្រិដ្ឋកម្មស្កេកស្កះ នៅកម្ពុជាបានទេនោះ៕









