

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញឱ្យធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ក្រោយពីក្រសួង ទទួលបានបណ្តឹងចំនួន២០០ករណីពីជនរងគ្រោះ ក្នុងរយៈពេល២ខែចុងក្រោយ ដែលមានទំហំទឹកប្រាក់ឆបោកជាង ៨០ម៉ឺនដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងក្នុងពិធីបិទសិក្ខាសាលា ពិគ្រោះយោបល់ ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ទាមទារ ឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមមធ្យោបាយ ទំនាក់ទំនងទូរស័ព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។
លោក ស សុខា បានបញ្ជាក់ឲ្យដឹងទៀតថា ករណីបោកប្រាស់តាមមធ្យោបាយទូរស័ព្ទ និងបណ្ដាញទំនាក់ទំនង ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ ប្រមាណជាង ៨០ម៉ឺនដុល្លារ អាមេរិក ហើយប្រាក់ទាំងនោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគាររបស់ជនល្មើស។
បើតាមលោករដ្ឋមន្ត្រីមហាផ្ទៃ រូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ មានដូចជា ការបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ករណីខ្លះទៀត គឺជនខិលខូច បានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជន ជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុន។
លោក ស សុខា៖ «ប៉ុន្តែយើងត្រូវប្រើដៃវិស័យឯកជនក្នុងការសហការក្នុងការដោះស្រាយទៅលើកិច្ចការងារនេះ។ អានេះសម្រាប់អ្នកដាក់ពាក្យបណ្តឹងចុះអ្នកអត់ដាក់ពាក្យប៉ុន្មាន? មកដល់ម៉ោងនេះទើបតែ ២ខែយើងអស់៨០ជាងម៉ឺនរួចទៅហើយ។ អីចឹងបើព្រលែងទៅទៀតអនាគតអាចធំជាងនេះ ហើយអំពើឆបោកនេះពីមុនយើងឃើញ ថាតែងតែកើតឡើងទៅជនបរទេស រឺនៅក្រៅប្រទេសប៉ុន្តែឥឡូវនេះឈានទៅដល់ហៅថា និយាយ ភាសាអាក្រក់ហៅថាខ្មែរបោកខ្មែរ»។
កន្លងមកសមាគមមក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន ស្មុគស្មាញ ហើយការចាត់វិធានបង្ក្រាបករណីបន្លំលួចលុយតាមប្រព័ន្ធបច្ចេកវិទ្យា ជួបការលំបាកច្រើន ព្រោះក្រុមឧក្រិដ្ឋជន ពុំមានអត្តសញ្ញាណច្បាស់លាស់។ សមាគមតែងបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យយល់ដឹង និងប្រុងប្រយ័ត្នរាល់ការប្រើប្រាស់សេវាទូទាត់ប្រាក់ដែលគ្មានប្រភពច្បាស់លាស់។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ធនាគារជាតិកម្ពុជា បានចេញសារក្រើនរំឭកដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរសព្ទឱ្យបុគ្គលដទៃ បន្ទាប់ពី សង្កេតឃើញជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាព ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយ តាមបណ្ដាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន៕









