

អភិបាលខេត្តកោះកុងអ្នកស្រី ឈី វ៉ា កាលពីថ្ងៃទី១៣ ខែសីហា បានចេញលិខិតបដិសេធការស្នើសុំលើកស្លាកគណបក្សឆន្ទៈខ្មែរ ចំនួន ២ទីតាំង ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយលើកឡើងថា មិនស្របតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពសិទ្ធិធ្វើនយោបាយរបស់គណបក្សទាំងអស់ឲ្យស្មើភាពគ្នា ដោយមិនមានការរើសអើង ទើបមិនរងការរិះគន់ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។
ប្រធានស្តីទីគណបក្សឆន្ទៈខ្មែរខេត្តកោះកុងលោក ប៉ាល់ កែប ប្រាប់ទូរទស្សន៍អាស៊ីសេរីឲ្យដឹងថា លោកសោកស្តាយដែលអាជ្ញាធរខេត្ត និងរដ្ឋបាលខេត្តកោះកុង អនុវត្តច្បាប់មិនស្មើភាពគ្នា រឹតត្បិតសេរីភាពនយោបាយ ចំពោះគណបក្សជំទាស់ដែលមានសំឡេងផ្ទុយរដ្ឋាភិបាល។ លោកថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ បានលើកស្លាកនៅគ្រប់ទីតាំងធំៗទាំងអស់ ដោយមិនមានការរារាំងពីសមត្ថកិច្ចឡើយ ប៉ុន្តែចំពោះគណបក្សជំទាស់ គឺរដ្ឋបាលខេត្តតែងបង្កការលំបាកនានា និងរារាំងតាមគ្រប់រូបភាព ក្នុងបំណងមិនឲ្យប្រជាពលរដ្ឋបានស្គាល់ ឃើញ និងគាំទ្រគណបក្សឆន្ទៈខ្មែរ។ លោកថា អាជ្ញាធរ និងអភិបាលខេត្តកោះកុង មិនបានគោរព និងអនុវត្តតាមលិខិតរបស់ក្រសួងមហាផ្ទៃឡើយ។
លោក ប៉ាល់ កែប៖ «គណបក្សកាន់អំណាចលោកលើកបាន ហើយលោកលើកយកអាបង្គោលភ្លើងរដ្ឋលោកលើកស្លាកទៀត ដល់យើងសុំតែលើកស្លាកតូចមួយនៅអាកៀនចិញ្ចើមផ្លូវក្បែរប្រឡាយហ្នឹងអត់ឲ្យយើងលើក។ អ៊ីចឹងយើងហួសចិត្តដែរ។ តែយើងអត់ឆ្ងល់អីច្រើនទេ អានេះវាមិនមែនបាំងទិសចរាចរ វាមិនខូចសោភ័ណភាពអីទេ វាគ្រាន់តែបាំងទិសនយោបាយតែប៉ុនហ្នឹង។ គេអត់ចង់ឲ្យគណបក្សប្រជែងបានជាប់ឆ្នោតនៅហ្នឹងបានប្រជាពលរដ្ឋស្គាល់ច្រើនហាស ដើម្បីស្រួលគេធ្វើអីផ្សេងៗតែប៉ុនហ្នឹងឯង។ រារាំងស្ទើរគ្រប់កន្លែងឲ្យតែចំទីតាំងល្អតែបើយើងលើកនៅទីតាំងបាំងព្រៃបាំងភ្នំអីទៅគេមិនសូវទៅរករឿង ក៏លើកទៅៗ វាមិនមើល អ្នកណាមើលឃើញទេ»។
កាលពីថ្ងៃទី០២ ខែសីហា លោក ប៉ាល់ កែប និងក្រុមការងាររបស់លោក បានទៅលើកស្លាកគណបក្សឆន្ទៈខ្មែរ នៅត្រង់ចំណុចចំណីផ្លូវជាតិលេខ ៤៨ នៅទិសម្ខាងជិតការិយាល័យមន្ទីរកសិកម្មខេត្ត ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ អភិបាលរងក្រុងខេមរភូមិន្ទ លោក ឈឹម ចិន និងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង រួមទាំងមន្ត្រីអាជ្ញាធរមួយចំនួនទៀតពាក់ឯកសណ្ឋានស៊ីវិល បានចុះទៅរារាំងមិនឲ្យមន្ត្រីគណបក្សជំទាស់មួយនេះលើកស្លាកបានឡើយ។ អាជ្ញាធរពាក់ឯកសណ្ឋានស៊ីវិលទាំងនោះបានយកឡាន និងឧបករណ៍កាត់ដែកមួយចំនួនទៀត ត្រៀមកាត់ស្លាកប្រសិនបើគណបក្សជំទាស់ លើកស្លាកនៅទីតាំងនោះ។ នេះបើតាមវីដេអូឃ្លីបជាង១នាទីរបស់គណបក្សឆន្ទៈខ្មែរ ដែលបានបង្ហោះកាលពីថ្ងៃទី០៣ សីហា។
នៅក្នុងវីដេអូឃ្លីបនោះ លោក ប៉ាល់ កែប អះអាងថា នៅទីតាំងដែលស្នើសុំនោះ មានស្លាកគណបក្សប្រជាជនកម្ពុជាលើកនៅកណ្តាលទ្រូងផ្លូវ ក្បែរស្លាកពាណិជ្ជកម្ម ប៉ុន្តែមិនមានមន្ត្រីអាជ្ញាធរណាម្នាក់ ហ៊ានកាត់ចេញ ឬរារាំងមិនឲ្យលើកឡើយ។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ធ្លាប់ចេញលិខិតផ្ដល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួលឱ្យគណបក្សនយោបាយ អាចលើកស្លាក និងធ្វើសកម្មភាព ចូលរួមប្រជុំ។ ក្រសួងមហាផ្ទៃតម្រូវឱ្យអាជ្ញាធរមូលដ្ឋានដូចជា ថ្នាក់ឃុំ/សង្កាត់ និងស្រុក/ក្រុង សហការជាមួយគណបក្សនយោបាយ ដើម្បីបើកឱកាសឱ្យគណបក្ស នយោបាយធ្វើសកម្មភាពជួបប្រជុំជាសាធារណៈ ដោយគ្មានការរារាំង និង ពុំមានការជំទាស់ចំពោះសេចក្ដីស្នើលើកស្លាករបស់គណបក្សនយោបាយនោះទេ ដោយគ្រាន់តែសម្រួលផ្លាស់ប្ដូរតាមភាពជាក់ស្ដែង។
មុនការលើកស្លាកនេះ គណបក្សជំទាស់មួយនេះ បានធ្វើលិខិតស្នើសុំលើកស្លាកគណបក្ស ទៅរដ្ឋបាលសង្កាត់ស្មាច់មានជ័យ និងទៅរដ្ឋបាលក្រុងខេមរភូមិន្ទ តាំងពីថ្ងៃទី៣០ កក្កដា ដោយធានាថា ទីតាំងដែលលើកនោះមិនបាំងទិសចរាចរ ឬប៉ះពាល់ច្បាប់ស្ដីពីផ្លូវថ្នល់ មិនប៉ះពាល់លូ ប្រឡាយរំដោះទឹក និងមិនខូចប្រយោជន៍សាធារណៈឡើយ ប៉ុន្តែត្រូវរដ្ឋបាលសង្កាត់ និងក្រុងបដិសេធ ដោយលើកហេតុផលផ្សេងដែលមិនសមហេតុផលមករារាំង មិនមានសមភាព រើសអើង និងលំអៀង។ នេះបើតាមលោក ប៉ាល់ កែប ប្រធានស្តីទីគណបក្សឆន្ទៈខ្មែរខេត្តកោះកុង។ លោកថា នេះមិនមែនជាលើកទី១ឡើយ កន្លងមកក៏មានការរារាំងនៅតាមកន្លែងនានាដែលជាទីតាំងល្អ មានមនុស្សច្រើន ដែលគណបក្សជំទាស់លើកស្លាកផងដែរ។
ទូរទស្សន៍អាស៊ីសេរីបានទាក់ទងសួរនាំអភិបាលរងខេត្តកោះកុងលោក ឈឹម ចិន ដើម្បីឆ្លើយបំភ្លឺករណីនេះ នៅថ្ងៃទី១៤ ខែសីហា ប៉ុន្តែលោកឆ្លើយថា ច្រឡំលេខ រួចចុចបិទ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពឲ្យបានពេញលេញ ដោយស្មើភាពគ្នា ចំពោះគណបក្សនយោបាយដទៃទៀត ជាពិសេស មិនត្រូវរឹតត្បិតសកម្មភាពនយោបាយគណបក្សជំទាស់មុនការបោះឆ្នោតមកដល់។ លោកបន្តថា ការឲ្យអ្នកនយោបាយ ឬប្រជាពលរដ្ឋ ចូលរួមសកម្មភាពលើកស្លាក ឬសកម្មភាពសង្គមនានា ដោយមិនមានភាពភ័យខ្លាច គឺជាការធានាថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក អំ សំអាត៖ «លំហសេរីភាពនយោបាយ ទាល់តែគណបក្សនយោបាយនីមួយៗធ្វើសកម្មភាពនយោបាយដោយតម្លាភាព ដោយស្មើភាព បើសិនជាគណបក្សមួយលើកបាន គណបក្សមួយអឺលើកមិនបានហើយមានការរារាំងអី ដោយហេតុផលមិនសមរម្យវាធ្វើឲ្យមានការរិះគន់ថា សកម្មភាពឬក៏សកម្មភាពរបស់គណបក្សនយោបាយហ្នឹងវាអត់តម្លាភាព វាអត់ស្មើភាពគ្នា»។
ក្រៅពីគណបក្សឆន្ទៈខ្មែរ កន្លងមក អាជ្ញាធរក៏ធ្លាប់បានរារាំងសកម្មភាពលើកស្លាករបស់គណបក្សកម្លាំងជាតិផងដែរ ដោយមិនឲ្យគណបក្សទាំងនោះលើកស្លាកបានឲ្យងាយស្រួលឡើយ។ ភាគច្រើនមន្ត្រីអាជ្ញាធរចុះហាមឃាត់ ឬបង្កការលំបាកក្នុងការស្នើសុំឯកសារ ឬថា ទីតាំងទាំងនោះជាកន្លែងធ្វើបុណ្យជាតិជាដើម។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ១១ថ្ងៃ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិកាលពីខែកក្កដា លោក ថម អេនដ្រូ បានបង្ហាញក្តីបារម្ភចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានជំរុញឱ្យកម្ពុជាបើកទូលាយលំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ខណៈប្រទេសកំពុងឈានទៅរកការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខនេះ៕









