អភិបាលខេត្ត​កោះកុង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ លើក​ស្លាក​គណបក្ស

0
113
(រូបស្ដាំ) មន្ត្រីរដ្ឋបាលក្រុងខេមរភូមិន្ទរារាំងការលើកស្លាកគណបក្សឆន្ទៈខ្មែរ នៅផ្លូវ ៤៨ កាលពីថ្ងសទី៣ សីហា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ប៉ាល់កែប
(រូបស្ដាំ) មន្ត្រីរដ្ឋបាលក្រុងខេមរភូមិន្ទរារាំងការលើកស្លាកគណបក្សឆន្ទៈខ្មែរ នៅផ្លូវ ៤៨ កាលពីថ្ងសទី៣ សីហា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ប៉ាល់កែប

អភិបាលខេត្ត​កោះកុង​អ្នកស្រី ឈី វ៉ា កាលពី​ថ្ងៃទី​១៣ ខែសីហា បាន​ចេញ​លិខិត​បដិសេធ​ការ​ស្នើសុំ​លើក​ស្លាក​គណបក្ស​ឆន្ទៈ​ខ្មែរ ចំនួន ២​ទីតាំង ស្ថិតនៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដោយ​លើកឡើង​ថា មិន​ស្របតាម​នីតិវិធី​របស់​ក្រសួងមហាផ្ទៃ​។ ទោះជា​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណបក្ស​ទាំងអស់​ឲ្យ​ស្មើភាព​គ្នា ដោយ​មិន​មាន​ការរើសអើង ទើប​មិន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។

ប្រធាន​ស្តីទី​គណបក្ស​ឆន្ទៈ​ខ្មែរ​ខេត្តកោះកុង​លោក ប៉ាល់ កែប ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ឲ្យ​ដឹង​ថា លោក​សោកស្តាយ​ដែល​អាជ្ញាធរ​ខេត្ត និង​រដ្ឋបាល​ខេត្តកោះកុង អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា រឹតត្បិត​សេរីភាព​នយោបាយ ចំពោះ​គណបក្សជំទាស់​ដែល​មាន​សំឡេង​ផ្ទុយ​រដ្ឋាភិបាល​។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​សព្វថ្ងៃ បាន​លើក​ស្លាក​នៅ​គ្រប់​ទីតាំង​ធំៗ​ទាំងអស់ ដោយ​មិន​មាន​ការរារាំង​ពី​សមត្ថកិច្ច​ឡើយ ប៉ុន្តែ​ចំពោះ​គណបក្សជំទាស់ គឺ​រដ្ឋបាល​ខេត្ត​តែង​បង្ក​ការ​លំបាក​នានា និង​រារាំង​តាម​គ្រប់​រូបភាព ក្នុង​បំណង​មិន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ ឃើញ និង​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ​។ លោក​ថា អាជ្ញាធរ និង​អភិបាល​ខេត្តកោះកុង មិនបាន​គោរព និង​អនុវត្ត​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ​ឡើយ។

លោក ប៉ាល់ កែប៖ «គណបក្សកាន់អំណាច​លោក​លើក​បាន ហើយ​លោក​លើកយក​អា​បង្គោល​ភ្លើង​រដ្ឋ​លោក​លើក​ស្លាក​ទៀត ដល់​យើង​សុំ​តែ​លើក​ស្លាក​តូច​មួយ​នៅ​អា​កៀន​ចិញ្ចើម​ផ្លូវ​ក្បែរ​ប្រឡាយ​ហ្នឹង​អត់​ឲ្យ​យើង​លើក​។ អ៊ីចឹង​យើង​ហួសចិត្ត​ដែរ​។ តែ​យើង​អត់​ឆ្ងល់​អី​ច្រើន​ទេ អានេះ​វា​មិនមែន​បាំង​ទិស​ចរាចរ វា​មិន​ខូច​សោភ័ណភាព​អី​ទេ វា​គ្រាន់តែ​បាំង​ទិស​នយោបាយ​តែ​ប៉ុន​ហ្នឹង​។ គេ​អត់​ចង់​ឲ្យ​គណបក្ស​ប្រជែង​បាន​ជាប់ឆ្នោត​នៅ​ហ្នឹង​បាន​ប្រជាពលរដ្ឋ​ស្គាល់​ច្រើន​ហាស ដើម្បី​ស្រួល​គេ​ធ្វើ​អី​ផ្សេងៗ​តែ​ប៉ុន​ហ្នឹងឯង​។ រារាំង​ស្ទើរ​គ្រប់កន្លែង​ឲ្យ​តែ​ចំ​ទីតាំង​ល្អ​តែបើ​យើង​លើក​នៅ​ទីតាំង​បាំង​ព្រៃ​បាំង​ភ្នំ​អី​ទៅ​គេ​មិនសូវ​ទៅ​រក​រឿង ក៏​លើក​ទៅៗ វា​មិន​មើល អ្នកណា​មើលឃើញ​ទេ»។

កាលពី​ថ្ងៃទី​០២ ខែសីហា លោក ប៉ាល់ កែប និង​ក្រុមការងារ​របស់​លោក បាន​ទៅ​លើក​ស្លាក​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ត្រង់​ចំណុច​ចំណី​ផ្លូវ​ជាតិ​លេខ ៤៨ នៅ​ទិស​ម្ខាង​ជិត​ការិយាល័យ​មន្ទីរ​កសិកម្ម​ខេត្ត ស្ថិតនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។ អភិបាលរងក្រុង​ខេមរភូមិន្ទ លោក ឈឹម ចិន និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង រួម​ទាំង​មន្ត្រី​អាជ្ញាធរ​មួយចំនួន​ទៀត​ពាក់​ឯក​សណ្ឋាន​ស៊ីវិល បាន​ចុះទៅ​រារាំង​មិន​ឲ្យ​មន្ត្រី​គណបក្សជំទាស់​មួយ​នេះ​លើក​ស្លាក​បាន​ឡើយ​។ អាជ្ញាធរ​ពាក់​ឯកសណ្ឋាន​ស៊ីវិល​ទាំង​នោះ​បាន​យក​ឡាន និង​ឧបករណ៍​កាត់​ដែក​មួយ​ចំនួន​ទៀត ត្រៀម​កាត់​ស្លាក​ប្រសិនបើ​គណបក្សជំទាស់ លើកស្លា​ក​នៅ​ទីតាំង​នោះ​។ នេះ​បើ​តាម​វីដេអូ​ឃ្លី​ប​ជាង​១​នាទី​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី​០៣ សីហា។

នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក ប៉ាល់ កែប អះអាង​ថា នៅ​ទីតាំង​ដែល​ស្នើសុំ​នោះ មាន​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​លើក​នៅ​កណ្តាល​ទ្រូងផ្លូវ ក្បែរ​ស្លាក​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​មាន​មន្ត្រី​អាជ្ញាធរ​ណា​ម្នាក់ ហ៊ាន​កាត់ចេញ ឬ​រារាំង​មិន​ឲ្យ​លើក​ឡើយ។

កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួងមហាផ្ទៃ ធ្លាប់​ចេញ​លិខិត​ផ្ដល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​គណបក្ស​នយោបាយ អាច​លើក​ស្លាក និង​ធ្វើ​សកម្មភាព ចូលរួម​ប្រជុំ​។ ក្រសួងមហាផ្ទៃ​តម្រូវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដូចជា ថ្នាក់​ឃុំ​/​សង្កាត់ និង​ស្រុក​/​ក្រុង សហការ​ជាមួយ​គណបក្ស​នយោបាយ ដើម្បី​បើកឱកាស​ឱ្យ​គណបក្ស នយោបាយ​ធ្វើ​សកម្មភាព​ជួប​ប្រជុំ​ជា​សាធារណៈ ដោយ​គ្មាន​ការរារាំង និង ពុំ​មាន​ការជំទាស់​ចំពោះ​សេចក្ដីស្នើ​លើក​ស្លាក​របស់​គណបក្ស​នយោបាយ​នោះ​ទេ ដោយ​គ្រាន់តែ​សម្រួល​ផ្លាស់ប្ដូរ​តាម​ភាព​ជាក់ស្ដែង។

មុន​ការ​លើក​ស្លាក​នេះ គណបក្សជំទាស់​មួយ​នេះ បាន​ធ្វើ​លិខិត​ស្នើសុំ​លើក​ស្លាក​គណបក្ស ទៅ​រដ្ឋបាល​សង្កាត់​ស្មាច់មានជ័យ និង​ទៅ​រដ្ឋបាល​ក្រុង​ខេមរភូមិន្ទ តាំងពី​ថ្ងៃទី​៣០ កក្កដា ដោយ​ធានា​ថា ទីតាំង​ដែល​លើក​នោះ​មិន​បាំង​ទិស​ចរាចរ ឬ​ប៉ះពាល់​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ មិន​ប៉ះពាល់​លូ ប្រឡាយ​រំដោះ​ទឹក និង​មិន​ខូចប្រយោជន៍​សាធារណៈ​ឡើយ ប៉ុន្តែ​ត្រូវ​រដ្ឋបាល​សង្កាត់ និង​ក្រុង​បដិសេធ ដោយ​លើក​ហេតុផល​ផ្សេង​ដែល​មិន​សម​ហេតុផល​មករា​រាំង មិន​មាន​សមភាព រើសអើង និង​លំអៀង​។ នេះ​បើ​តាម​លោក ប៉ាល់ កែប ប្រធាន​ស្តីទី​គណបក្ស​ឆន្ទៈ​ខ្មែរ​ខេត្តកោះកុង​។ លោក​ថា នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ កន្លងមក​ក៏​មាន​ការរារាំង​នៅ​តាម​កន្លែង​នានា​ដែល​ជា​ទីតាំង​ល្អ មាន​មនុស្ស​ច្រើន ដែល​គណបក្សជំទាស់​លើក​ស្លាក​ផង​ដែរ។

ទូរទស្សន៍​អាស៊ីសេរី​បាន​ទាក់ទង​សួរនាំ​អភិបាលរង​ខេត្តកោះកុង​លោក ឈឹម ចិន ដើម្បី​ឆ្លើយ​បំភ្លឺ​ករណីនេះ នៅ​ថ្ងៃទី​១៤ ខែសីហា ប៉ុន្តែ​លោក​ឆ្លើយ​ថា ច្រឡំ​លេខ រួច​ចុច​បិទ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​ឲ្យ​បាន​ពេញលេញ ដោយ​ស្មើភាព​គ្នា ចំពោះ​គណបក្ស​នយោបាយ​ដទៃទៀត ជាពិសេស មិន​ត្រូវ​រឹតត្បិត​សកម្មភាព​នយោបាយ​គណ​បក្ស​ជំទាស់​មុន​ការបោះឆ្នោត​មកដល់​។ លោក​បន្ត​ថា ការ​ឲ្យ​អ្នកនយោបាយ ឬ​ប្រជាពលរដ្ឋ ចូលរួម​សកម្មភាព​លើក​ស្លាក ឬ​សកម្មភាព​សង្គម​នានា ដោយ​មិន​មាន​ភាព​ភ័យខ្លាច គឺជា​ការ​ធានា​ថា ការបោះឆ្នោត​នា​ពេល​ខាងមុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ល្អ​ប្រសើរ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

លោក អំ សំអាត៖ «លំហ​សេរីភាព​នយោបាយ ទាល់តែ​គណបក្ស​នយោបាយ​នីមួយៗ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​តម្លាភាព ដោយ​ស្មើភាព បើសិនជា​គណបក្ស​មួយ​លើក​បាន គណបក្ស​មួយ​អឺ​លើក​មិនបាន​ហើយ​មានការ​រារាំង​អី ដោយហេតុ​ផល​មិន​សមរម្យ​វា​ធ្វើ​ឲ្យ​មានការ​រិះគន់​ថា សកម្មភាព​ឬក៏​សកម្មភាព​របស់​គណបក្ស​នយោបាយ​ហ្នឹង​វា​អត់​តម្លាភាព វា​អត់​ស្មើភាព​គ្នា»។

ក្រៅពី​គណបក្ស​ឆន្ទៈ​ខ្មែរ កន្លងមក អាជ្ញាធរ​ក៏​ធ្លាប់​បាន​រារាំង​សកម្មភាព​លើក​ស្លាក​របស់​គណបក្ស​កម្លាំង​ជាតិផង​ដែរ ដោយ​មិន​ឲ្យ​គណបក្ស​ទាំងនោះ​លើក​ស្លាក​បាន​ឲ្យ​ងាយស្រួល​ឡើយ​។ ភាគច្រើន​មន្ត្រី​អាជ្ញាធរ​ចុះ​ហាមឃាត់ ឬ​បង្ក​ការ​លំបាក​ក្នុង​ការ​ស្នើសុំ​ឯកសារ ឬថា ទីតាំង​ទាំងនោះ​ជា​កន្លែង​ធ្វើ​បុណ្យជាតិ​ជាដើម។

ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​កាលពី​ខែកក្កដា លោក ថម អេនដ្រូ បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​បាន​ជំរុញ​ឱ្យ​កម្ពុជា​បើកទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ខណៈ​ប្រទេស​កំពុង​ឈាន​ទៅ​រក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨​ខាងមុខនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ