តុលាការ​សម្រេច​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​ផ្ដល់​សំណង​ជាង​៣៣​លាន​ដុល្លារ ដល់​ជនរងគ្រោះ និង ត្រូវ​ជាប់ពន្ធនាគារ​៥​ឆ្នាំ

0
81
​ប្រធានក្រុមហ៊ុន​ពិភព​ដី​មាស លោក ហ៊ី គឹមហុង (ស្ដាំ) និងមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង។ រូប៖ ហ្វេសប៊ុកលោក ហ៊ី គឹមហុង
​ប្រធានក្រុមហ៊ុន​ពិភព​ដី​មាស លោក ហ៊ី គឹមហុង (ស្ដាំ) និងមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង។ រូប៖ ហ្វេសប៊ុកលោក ហ៊ី គឹមហុង

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែសីហា សម្រេច​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស គឺ​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក ផ្ដល់​សំណង​ជាង​៣៣​លាន ដល់​ជនរងគ្រោះ ជាង​១​ពាន់​(១១១៥)​នាក់ ពាក់ព័ន្ធ បទឧក្រិដ្ឋ ឆបោក​លុយ​ពលរដ្ឋ តាមរយៈ​អាជីវកម្ម​លក់ដូរ អចលនទ្រព្យ​ខ្យល់។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ការអនុវត្ត​សាលក្រម​នេះ​ឱ្យ​បាន​លឿន និង​ប្រកបដោយ​តម្លាភាព ដើម្បី​ផ្ដល់​យុត្តិធម៌ ពិតប្រាកដ​ដល់​ជនរងគ្រោះ។

ជនរងគ្រោះ​រាប់​រយ​នាក់ មកពី​បណ្ដា​ខេត្ត​នានា បាន​ប្រមូល​ម្ដុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាំ​ស្ដាប់​សាលក្រម របស់​តុលាការ ពាក់ព័ន្ធ​សំណុំរឿង​ឆបោក​លុយ​រាប់​ម៉ឺន​ដុល្លារ ពី​សំណាក់​ក្រុមហ៊ុន​ពិភព​ដី​មាស ដែល​សំណុំ​រឿង​នេះ​បាន​អូសបន្លាយ ជាង​២​ឆ្នាំ​ហើយ​។ ក្រោយពី​រង់ចាំ​អស់​ជាច្រើន​ម៉ោង តំណាង​ជនរងគ្រោះ​ក៏បាន​ឈរ​អាន​សាលក្រម​តុលាការ​ដោយ​រៀបរាប់​ថា មេខ្លោង​ឆបោក និង​បក្ខពួក​ប្រមាណ​១៩​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ និង​ត្រូវ​ផ្ដល់​សំណង​ជាង​៣៣​លាន​ដុល្លារ ដល់​ជនរងគ្រោះ។

ក្នុង​នោះ​មាន​មេខ្លោង​ឆបោក​ចំនួន​៥​នាក់ រួម​នឹង លោក ហ៊ី គឹមហុងផង ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​៥​ឆ្នាំ និង​បម្រាប​មិន​ឱ្យ​ធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា មិន​ឱ្យ​ធ្វើ​កិច្ចការ​សង្គម​នានា មិន​ឱ្យ​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ មិន​ឱ្យ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ និង​ចុងក្រោយ ហាម​មិន​ឱ្យ​រកស៊ី​ផ្នែក​អចលនទ្រព្យ​និង​ការ​វិនិយោគ​ទៀត​នោះ​ទេ​។ ក្រៅ​ពី​នេះ ក៏​មាន​សមាជិក​ដទៃទៀត ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១​លាន​ទៅ​២​លាន​រៀល​ចូល​រដ្ឋ ពាក់ព័ន្ធ​បទល្មើស ប្រើ​អំពើ​ហិង្សា នានា​។ ទោះជា​បែបនេះ​ក្ដី​ជន​ត្រូវ​ចោទ​ទាំងនោះ បច្ចុប្បន្ន​កំពុងតែ​រស់​នៅ​ក្រៅ​ឃុំ ដោយ​គ្មាន​ការ​ចាប់ខ្លួន​ទៅ​ឃុំ​នោះ​ទេ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ជាង​១​ពាន់​គ្រួសារ លោកស្រី ម៉ីន គន្ធា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពលរដ្ឋ​សប្បាយចិត្ត​ចំពោះ សាលក្រម របស់​តុលាការ​នៅថ្ងៃ​នេះ ព្រោះថា​លុយ​ដែល​តុលាការ​សម្រេច ឱ្យ​លោក ហ៊ី គឹមហុង និង​បក្ខពួក​សង​ជនរងគ្រោះ​ជាង​៣៣​លាន​ដុល្លារ​នោះ គឺ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ពលរដ្ឋ ដូចជា ប្រាក់​ដើម ប្រាក់​ការ និង​ប្រាក់​សងជំងឺចិត្ត​។ ទន្ទឹមគ្នា​នោះ លោកស្រី​ទទូច​ឱ្យ​តុលាការ ពន្លឿន​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក ហ៊ី គឹមហុង ដើម្បី​លក់ យក​លុយ​ទាំងនោះ មក​សង​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​បំផុត។

បន្ថែម​ពីលើ​នោះ លោកស្រី​ស្នើ​ឱ្យ​តុលាការ​ចេញ​ដីកាចាប់ខ្លួន និង​ឃុំខ្លួន លោក ហ៊ី គឹមហុង និង​បក្ខពួក​ឡើងវិញ ព្រោះ​ប្រសិនបើ ទុក​ឱ្យ​ពួកគេ​នៅ​មាន​សេរីភាព​ដើរហើរ​ដូច​បច្ចុប្បន្ន ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាពព្រោះ​ឮ​ថា លោក ហ៊ី គឹមហុង នៅតែ​បន្ត​បោកប្រាស់​ពលរដ្ឋ ហើយ​គំរាមកំហែង ជនរងគ្រោះ​ដទៃទៀត មិន​ឱ្យ​ប្ដឹងផ្ដល់​មក​លើ​រូបលោក។

លោកស្រី ម៉ីន គន្ធា៖ «បើសិនជា​ពួកគាត់​នៅ​ក្រៅ​ឃុំ គាត់​នៅតែ​បន្ត ក្នុង​ការ​គំរាមកំហែង យើង​ពិតជា​ភ័យខ្លាច​មែនទែន បើសិនជា​គាត់​នៅតែ​បន្ត​ផ្សព្វផ្សាយ និង​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង គឺ​យើង​អត់​សុខចិត្ត​ទេ ហើយ​មានតែ​ការ​ឃុំខ្លួន​តែប៉ុណ្ណោះ ខ្ញុំ​ជឿជាក់​ថា​សំណង​នឹង​អាច​លឿន​ចាស ជូន​មកកាន់​បងប្អូន​ជនរងគ្រោះ​យើង មែន​អត់​?»។

ក្រុមហ៊ុន ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង បាន​បោកប្រាស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ តាមរយៈ​«​ការ​ទាក់ទាញ​ឱ្យ​វិនិយោគ​លើ​គម្រោង​ទិញ​លក់​ដី និង​ផ្ទះល្វែង​» ព្រមទាំង​សន្យា​ផ្ដល់​ប្រាក់​ចំណេញ ឬ​ការប្រាក់​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ ជឿ​ស្លុង នាំគ្នា​លក់​ទ្រព្យសម្បត្តិ និង​ខ្ចីបុល​ធនាគារ មក​ដាក់​ទុន​ជាមួយ ក្នុង​ម្នាក់​ចន្លោះ ពី​២​ម៉ឺន​ដុល្លារ ទៅដល់​១០​ម៉ឺន​ដុល្លារ​។ ក្រោយមក បែរជា​ចាញ់បោក ក្រុមហ៊ុន ហើយ​លុយ​ចំណេញ ក៏​មិនបាន ដី​ក៏​អត់ ហើយ​បំណុល​កើនឡើង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក អស់​ជាច្រើន​ឆ្នាំ ខណៈ​ការ​រំពឹង​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ក៏​គ្មាន រហូត​អ្នកខ្លះ​ធ្វើ​អត្តឃាត និង​ខ្លះទៀត​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ថា បើទោះបីជា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​សាលក្រម​ផ្ដន្ទាទោស និង​តម្រូវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​សង​សំណង​ដល់​ជនរងគ្រោះ​ក្ដី ក៏​ជនរងគ្រោះ មិនអាច​ទទួល​បាន​សំណង​ឆាប់ៗ​នោះ​ដែរ ប្រសិនបើ​មានការ​ប្ដឹង​បន្ត​ពី​ភាគី​ក្រុមហ៊ុន ទៅកាន់​សាលាឧទ្ធរណ៍​។ ទោះជា​យ៉ាងណា លោក​សង្ឃឹមថា តុលាការ​នឹង​ជួយ​ពន្លឿន​ក្នុង​ការ​រក​ដំណោះស្រាយ និង​ដកហូត​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​យក​មក​សង​ពលរដ្ឋ ព្រោះ​ពួកគាត់​ត្រូវការ​លុយ ទាំង​នោះ​មក​ដោះស្រាយ​ជីវភាព​និង​បំណុល​ធនាគារ។

លោក យិន ម៉េងលី៖ «ត្រូវ​ពន្លឿន​ដំណើរការ​កិច្ចការ​រឿង​ក្តី ដោយ​ចាត់ទុក​បញ្ហា​នេះ​ជា​បញ្ហា​អាទិភាព​។ ពីព្រោះ​ទីមួយ ទឹកប្រាក់​ធំ ទី​ពីរ មាន​ជនរងគ្រោះ​ដោយសារ​បញ្ហា​នេះ​ច្រើន​។ អញ្ចឹង​ពន្លឿន​បញ្ហា​នេះ ដើម្បី​បញ្ចប់​នីតិវិធី ហើយ​ដើម្បី​ធ្វើការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​ហ្នឹង ដើម្បី​យក​ថវិកា ជូន​ពលរដ្ឋ ដើម្បី​ឱ្យ​ពលរដ្ឋ​គាត់​មាន​ភាព​ជឿជាក់​ទៅលើ​ប្រព័ន្ធ​តុលាការ ភាព​ជឿជាក់​នៅក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ពួកគាត់​នេះ បាទ»។

អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ឧកញ៉ា​រូប​នេះ​។ ប៉ុន្តែ នៅ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០២៣ ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍ ភ្នំពេញ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់ពន្ធនាគារ​ប្រមាណ ៣​ខែ ក្រោម​ហេតុផល​ថា ដើម្បី​ឱ្យ​លោក ហ៊ី គឹមហុង ចូលខ្លួន​ដោះស្រាយ​សំណង ជូន​ជនរងគ្រោះ​។ ទោះជា​បែបនេះ​ក្ដី តំណាង​ជនរងគ្រោះ​ឱ្យ​ដឹង​ថា​ចាប់តាំងពី លោក ហ៊ី គឹមហុង ត្រូវ​បាន​ដោះលែង​មក លោក​មិនដែល​ចូល​សវនាការ ដើម្បី​តតាំង​រឿងក្ដី ជាមួយ​ពលរដ្ឋ​នៅ​តុលាការ​នោះ​ទេ រហូត​ដល់​ថ្ងៃ​ប្រកាស​សាលក្រម ក៏​គ្មាន​វត្តមាន លោក ហ៊ី គឹមហុង នោះ​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ