

តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងទៅជួបតំណាងការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃទី២៤ ខែសីហា នៅទីក្រុងឡាអេ ប្រទេសហូឡង់។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលដឹកនាំដោយលោក សម រង្ស៊ី នឹងបញ្ជូន តំណាងរបស់ខ្លួនចំនួន ៤រូប ទៅជួបតំណាងការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដល់ទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ដើម្បីផ្ដល់សក្ខីកម្ម ឬការពន្យល់បន្ថែមពាក់ព័ន្ធនឹងបណ្ដឹងដែលប្ដឹង ភាគីថៃឲ្យទទួលខុសត្រូវឧក្រិដ្ឋកម្មសង្គ្រាម និង មេដឹកនាំនៅកម្ពុជា លើផ្នែកនៃ ការស្លាប់ជនស៊ីវិល។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា នៅថ្ងៃទី២០ ខែសីហា ឲ្យដឹងថា អ្នកតំណាង នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ទាំង ៤រូប នោះ រួមមាន ប្រធានស្ថាប័នការបរទេស និងអនុវត្តន៍កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស លោកស្រី ធិត គឹមហ៊ុន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ លោក អ៊ុំ សំអាន ប្រធានស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស លោក អ៊ូ សាមឌី និង អនុប្រធានស្ថាប័ន ការបរទេស និងអនុវត្តន៍កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសលោកស្រី អ៊ូ លីនដា។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា អះអាងថា ខ្លួនប្រឹងប្រែងដោយស្វាហាប់ និងស្មោះត្រង់ នូវគ្រប់មធ្យោបាយ នៃយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បី ការពារទឹកដីនៃប្រទេសកម្ពុជា។
ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២១ ខែសីហា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងថៃ ដូច្នេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ត្រូវតែប្ដឹង ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា។ លោកថា ក្រុមការងារ រដ្ឋាភិបាលក្រៅប្រទេសនេះ មានភស្តុតាងរឹងមាំ ដើម្បីដាក់បន្ទុកភាគីថៃឲ្យទទួលខុសត្រូវ និង ក៏គ្រោងទាមទារសំណងពីថៃ ពី ១០០ពាន់លាន ទៅ ៣០០ ពាន់លានដុល្លារ ដើម្បីសងការខូចខាតរបស់ពលរដ្ឋខ្មែររងគ្រោះ និងជាតិកម្ពុជា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការដំណើរការក្ដីជាផ្លូវការ។ «»
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានប្ដឹងភាគីថៃ និង អ្នកដឹកនាំនៅកម្ពុជា ទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃទី០៤ ខែកុម្ភៈ ហើយប្រមាណ ៥ខែ ក្រោយមក គឺនៅថ្ងៃទី០១ ខែកក្កដា ការិយាល័យរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌ អន្តរជាតិ បានណាត់ឲ្យមានជំនួបជាលើកទី១។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា បានដាក់ពាក្យបណ្ដឹងរបស់ខ្លួន ទៅកាន់ តុលាការព្រហ្មទណ្ឌអន្តរជាតិ តាមរយៈមេធាវីអន្តរជាតិ ជាតំណាង ដោយដាក់ការទទួលខុសត្រូវលើឈ្មោះភាគីពីរគឺរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
រដ្ឋាភិបាលក្រៅប្រទេសនេះ ប្ដឹងទាមទារឲ្យរដ្ឋាភិបាល និង កងទ័ពថៃទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយកងកម្លាំងថៃ ដូចជា ការវាយប្រហារលើគោលដៅជនស៊ីវិល និងទៅលើគោលដៅយោធា ដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់ ។ បណ្ដឹងរៀបរាប់ថា កងទ័ពថៃ សុទ្ធតែបានដឹងជាមុនហើយ នូវវត្តមានជនស៊ីវិល ដែលត្រូវបានជួញដូរ និង ឃុំខ្លួន ក្នុងមជ្ឈមណ្ឌលឆបោកទាំងឡាយ ក្នុងទឹកដីនៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានវាយប្រហារ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ឲ្យដឹងទៀតថា កងទ័ពថៃទទួលខុសត្រូវលើការប្រើអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និង អាវុធគីមី ដែល បំពានអនុសញ្ញា អន្តរជាតិដោយបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិត និងសុខភាព របស់កងទ័ពកម្ពុជានិងជនស៊ីវិល រួមទាំងកុមារផង ហើយនិងបំផ្លាញ ផ្ទះសម្បែង របស់ពលរដ្ឋខ្មែរ អគារសាធារណៈ សាលារៀន មន្ទីរពេទ្យ និង ប្រាសាទបុរាណខ្មែរ ដូចជា ប្រាសាទព្រះវិហារ និង ប្រាសាទតាក្របី ជាដើម។
ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ក៏ប្ដឹងទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវផ្នែកឧក្រិដ្ឋកម្មលើជនស៊ីវិល ដែលត្រូវបានជួញដូរ និងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោកក្រោមការការពារដោយរដ្ឋដោយមូលហេតុទុកឱ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់ ។
រដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី ពន្យល់ថា ទោះបីជាបានដឹងច្បាស់ ពីការវាយប្រហាររបស់កងទ័ពថៃក្ដី រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានជម្លៀសជនស៊ីវិលទាំងនោះ ចេញពីមជ្ឈមណ្ឌលឆបោកឡើយ។ ក្រៅពីជាប់ពាក់ព័ន្ធ នឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថែមទាំងបានអនុញ្ញាតឱ្យប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស សូម្បីតែអំឡុងការបំផ្ទុះគ្រាប់បែកលាន់ស្នូរសន្ធឹកកក្រើកធរណី។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ ខែសីហា ថា ការកោះហៅ តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ឲ្យទៅជួបតំណាងការិយាល័យរដ្ឋអាជ្ញា គឺជាការចាប់ផ្ដើមដំណើរការនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក ស៊ឹង សែនករុណា លើកឡើងថា បណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ផ្អែកតាមវិនាសកម្មជាក់ស្ដែង លើកម្ពុជា និងយោងតាមច្បាប់អន្តរជាតិ។ ដូច្នេះ លោកសង្ឃឹមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងធ្វើដំណើរការក្ដីជា ផ្លូវការ ដើម្បីនាំយកភាគីប្រព្រឹត្តឧក្រិដ្ឋកម្ម ទៅផ្ដន្ទាទោសក្នុងគោលដៅរកយុត្តិធម៌ ជូនភាគីរងគ្រោះ ដែលជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
ក្រៅពីប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏កំពុងស្វះស្វែងរកមធ្យោបាយដើម្បីប្ដឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ដែលកំពុងតែកាន់កាប់ទឹកដីកម្ពុជា ជាច្រើនទីតាំង នៅជាប់ព្រំដែនថៃដែរ។
រូបភាពពីផ្កាយរណបក្នុងខែមីនា ដែលបង្ហាញដោយអង្គការលីកាដូ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា ផ្ទះរបស់ពលរដ្ឋខ្មែរ យ៉ាងតិច ចំនួន ៦២៧ខ្នង និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបាន យោធាថៃឈូសឆាយបំផ្លាញចោល ចាប់តាំងពីកម្ពុជា និងថៃមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥មក។
ក្រោមការវាយប្រហារបាញ់ផ្លោងរបស់ទាហានថៃ ប្រជាពលរដ្ឋខ្មែរ ៣០នាក់ បានបាត់ជីវិត និងជិត ១០០នាក់ រងរបួស ហើយយុទ្ធជនខ្មែរ យ៉ាងតិច ១៤០បានពលីជីវិត និង របួស រាប់សិបនាក់ទៀត។ មកដល់ពេលនេះ ពលរដ្ឋខ្មែរភៀសសឹកប្រមាណ ៣ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ ពួកគាត់ នៅឡើយ ខណៈកម្លាំងអាជ្ញាធរថៃ កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើដីកម្ពុជា និងចែកដីធ្លីរបស់ពលរដ្ឋខ្មែរ ឲ្យពលរដ្ឋថៃកាន់កាប់ ដូចជា នៅតំបន់ភូមិជោគជ័យ និង ភូមិព្រៃចាន់ របស់កម្ពុជាជាដើម៕









