

ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅស្រុកសំបូរ ខេត្តក្រចេះ អះអាងថា អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលពលរដ្ឋទន្ទឹងរង់ចាំដំណោះស្រាយ របស់ក្រសួងពាក់ព័ន្ធ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន មិនមានដំណឹងអំពីដំណោះស្រាយនោះឡើយ ខណៈក្រុមហ៊ុនវៀតណាមបន្តសកម្មភាពឈូសឆាយនៅលើដីមានជម្លោះ។ សង្គមស៊ីវិលថា អាជ្ញាធរមិនគួរអូសបន្លាយ ក្នុងការជួយរកដំណោះស្រាយឲ្យពលរដ្ឋបែបនេះឡើយ។
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures) និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ អះអាងថា អស់រយៈពេល១ឆ្នាំកន្លះហើយ ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សន្យាចុះដោះស្រាយបញ្ចប់វិវាទដីធ្លីមួយនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពលរដ្ឋមិនទាន់ឃើញមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធចុះជួបពលរដ្ឋដើម្បីស្វែងរកដំណោះស្រាយតាមការសន្យានោះឡើយ ខណៈសកម្មភាពរបស់ក្រុមហ៊ុន នៅតែបន្តឈូសឆាយ។
តំណាងពលរដ្ឋរងគ្រោះដីធ្លី នៅឃុំកោះខ្ញែរ លោកស្រី អ៊ែល រ៉ូស្សា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែសីហាថា បច្ចុប្បន្នក្រុមហ៊ុនវៀតណាម ឈ្មោះកសិកម្ម យុវជនស្វាយរៀង នៅតែបន្តឈូសឆាយដីព្រៃសហគមន៍ និងដីរបស់ពលរដ្ឋ ដែលមិនហ៊ានចេញតវ៉ាជាមួយក្រុមហ៊ុន ប៉ុន្តែដីស្រែចម្ការរបស់ពលរដ្ឋដែលធ្លាប់ចេញតវ៉ា មិនទាន់ឈូសឆាយប៉ះពាល់ទៀតនោះទេ។ តែយ៉ាងណា លោកស្រីថា ពលរដ្ឋចង់ឲ្យក្រសួងពាក់ព័ន្ធចុះរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហាជម្លោះដីធ្លីមួយនេះ។
លោកស្រី អ៊ែល រ៉ូស្សា៖ «ចង់បញ្ចប់ថា ដីណារបស់ពលរដ្ឋធ្វើប្លង់ឲ្យគាត់កាន់កាប់ទៅ ក្រុមហ៊ុនច្រើនអញ្ចឹងទៅដូចថា ឥឡូវក្រុមហ៊ុន កាម៉ាដេនូ និងក្រុមហ៊ុន អ៊ិន ខេ កាត់ឆ្វៀលដីនឹងឲ្យពលរដ្ឋហើយ ប៉ុន្តែមិនមានលិខិតស្នាមជាភស្តុតាងទេ ដល់ពេលក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀងរបស់វៀតណាម គាត់ផ្ទេរសិទ្ធិហើយមកប៉ះពាល់របស់ពលរដ្ឋទៀត ទាំងដែលបានកាត់ឆ្វៀលហើយ ដល់ពេលអញ្ចឹងមានការឈ្លោះគ្នាអញ្ចឹង ចង់ឲ្យមន្ត្រីដែលចុះមកដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋនឹង ដោះស្រាយឲ្យពលរដ្ឋបានច្បាស់លាស់ ដីរបស់ក្រុមហ៊ុន គឺដីរបស់ក្រុមហ៊ុន ដីពលរដ្ឋធ្វើគឺដីរបស់ពលរដ្ឋ»។
កាលពីដើមឆ្នាំពី២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសន្យាចុះរកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម កសិកម្មយុវជនស្វាយរៀង នៅស្រុកសំបូរ ខេត្តក្រចេះ តាមការស្នើសុំរបស់ពលរដ្ឋ ជាង១ពាន់គ្រួសារ។ ប៉ុន្តែពលរដ្ឋថា មិនទាន់ឃើញមន្ត្រីទាំងនោះចុះទៅរកដំណោះស្រាយនោះទេ ក្រៅពីទៅគំរាមឲ្យពលរដ្ឋប្រគល់ដីឲ្យទៅក្រុមហ៊ុន និងចាកចេញពីបរិវេណដីទាំងនោះ តែពលរដ្ឋស៊ូស្លាប់មិនចាកចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់នោះឡើយ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី សោកស្ដាយដែលអាជ្ញាធរថ្នាក់ជាតិ អូសបន្លាយពេលវេលា មិនរកដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហា តាមការសន្យា។ លោកនៅតែទទូចឲ្យអាជ្ញាធរជួយដោះស្រាយបញ្ចប់វិវាទមួយនេះ ដើម្បីឲ្យពលដ្ឋយកដីធ្លីទាំងនោះទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់។
លោក យិន ម៉េងលី៖ «នេះជាបញ្ហាដែលយើងមានការសោកស្ដាយ ពីព្រោះពលរដ្ឋគាត់ត្រូវការដីដែលមានសុវត្ថិភាពដើម្បីគាត់យកឯកសារទាំងអស់នេះ ស្នើយកថវិកាដើម្បីអភិវឌ្ឍន៍គ្រួសារគាត់ថែមទៀត តែផ្ទុយទៅវិញស្ថិតនៅភាពមិនច្បាស់លាស់ ហើយយើងបារម្ភណាស់ការបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ និងការប្ដឹងពលរដ្ឋទៅតុលាការជាបន្តបន្ទាប់ រឿងរដ្ឋប្បវេណីអាចសម្របសម្រួលគ្នាបានក្លាយទៅជារឿងព្រហ្មទណ្ឌប្រឈមមុខដាក់គ្នា មានខ្លះរត់ចោលស្រុក ខ្លះជាប់គុក»។
អស់រយៈពេល២ឆ្នាំហើយ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានឈូសឆាយបំផ្លាញផលដំណាំ ផ្ទះសម្បែង និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋ។ ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បាននាំគ្នាចេញតវ៉ាទាមទារ និងដោយស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ ជួយរកដំណោះស្រាយឲ្យបានសមរម្យដល់ពលរដ្ឋ និងកាត់ឆ្វៀលដីធ្លី ផ្ទះសម្បែង និងស្រែចម្ការរបស់ពលរដ្ឋចេញពីបរិវេណក្រុមហ៊ុន។ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះឡើយ។ ក្រៅពីនោះ មួយរយៈចុងក្រោយនេះ តំណាងពលរដ្ឋចំនួន៦នាក់រងពាក្យបណ្ដឹងរបស់ក្រុមហ៊ុនវៀតណាម និងម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោយពីមេការក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង បញ្ជាឲ្យអាជ្ញាធរកែប្រែសំណុំរឿង ដើម្បីធ្វើយ៉ាងតាមចាប់តំណាងពលរដ្ឋទាំងនោះដាក់ពន្ធនាគារ៕









