ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្ត​ក្រចេះ អះអាង​ថា ជាង​១​ឆ្នាំ រង់​ចាំ​ដំណោះស្រាយ​របស់​ក្រសួង​ពាក់ព័ន្ធ

0
15
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ស្រុក​សំបូរ ខេត្តក្រចេះ អះអាង​ថា អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ដែល​ពលរដ្ឋ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ របស់​ក្រសួង​ពាក់ព័ន្ធ​។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន មិន​មាន​ដំណឹង​អំពី​ដំណោះស្រាយ​នោះ​ឡើយ ខណៈ​ក្រុមហ៊ុន​វៀតណាម​បន្តសកម្មភាព​ឈូស​ឆាយ​នៅ​លើ​ដី​មាន​ជម្លោះ។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​បែប​នេះ​ឡើយ។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures) និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ស្ថិតនៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ អះអាង​ថា អស់​រយៈពេល​១​ឆ្នាំ​កន្លះ​ហើយ ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ សន្យា​ចុះ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​មួយ​នេះ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​មិនទាន់​ឃើញ​មន្ត្រី ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ជួប​ពលរដ្ឋ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាម​ការសន្យា​នោះ​ឡើយ ខណៈ​សកម្មភាព​របស់​ក្រុមហ៊ុន នៅតែ​បន្ត​ឈូស​ឆាយ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ឃុំ​កោះ​ខ្ញែរ លោកស្រី អ៊ែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែ​សីហា​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​កសិកម្ម យុវជន​ស្វាយរៀង នៅតែ​បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ និង​ដី​របស់​ពលរដ្ឋ ដែល​មិន​ហ៊ាន​ចេញ​តវ៉ា​ជាមួយ​ក្រុមហ៊ុន ប៉ុន្តែ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​ចេញ​តវ៉ា មិនទាន់​ឈូស​ឆាយ​ប៉ះពាល់​ទៀត​នោះ​ទេ។ តែ​យ៉ាងណា លោកស្រី​ថា ពលរដ្ឋ​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​នេះ។

លោកស្រី អ៊ែ​ល រ៉ូស្សា៖ «​ចង់​បញ្ចប់​ថា ដី​ណា​របស់​ពលរដ្ឋ​ធ្វើ​ប្លង់​ឲ្យ​គាត់​កាន់កាប់​ទៅ ក្រុមហ៊ុន​ច្រើន​អញ្ចឹង​ទៅ​ដូច​ថា ឥឡូវ​ក្រុមហ៊ុន កាម៉ាដេនូ និង​ក្រុមហ៊ុន អ៊ិន ខេ កាត់​ឆ្វៀល​ដី​នឹង​ឲ្យ​ពលរដ្ឋ​ហើយ ប៉ុន្តែ​មិន​មាន​លិខិតស្នាម​ជា​ភស្តុតាង​ទេ ដល់ពេល​ក្រុមហ៊ុន កសិកម្ម​យុវជន​ស្វាយរៀង​របស់​វៀតណាម គាត់​ផ្ទេរសិទ្ធិ​ហើយ​មក​ប៉ះពាល់​របស់​ពលរដ្ឋ​ទៀត ទាំង​ដែល​បាន​កាត់​ឆ្វៀល​ហើយ ដល់ពេល​អញ្ចឹង​មាន​ការ​ឈ្លោះ​គ្នា​អញ្ចឹង ចង់​ឲ្យ​មន្ត្រី​ដែល​ចុះ​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​នឹង ដោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​ច្បាស់លាស់ ដី​របស់​ក្រុមហ៊ុន គឺ​ដី​របស់​ក្រុមហ៊ុន ដី​ពលរដ្ឋ​ធ្វើ​គឺ​ដី​របស់​ពលរដ្ឋ»។

កាល​ពី​ដើម​ឆ្នាំ​ពី​២០២៥ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​សន្យា​ចុះ​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​វៀតណាម កសិកម្ម​យុវជន​ស្វាយរៀង នៅ​ស្រុក​សំបូរ ខេត្តក្រចេះ តាម​ការ​ស្នើសុំ​របស់​ពល​រដ្ឋ ជាង​១​ពាន់​គ្រួសារ​។ ប៉ុន្តែ​ពលរដ្ឋ​ថា មិនទាន់​ឃើញ​មន្ត្រី​ទាំងនោះ​ចុះ​ទៅ​រក​ដំណោះស្រាយ​នោះ​ទេ ក្រៅពី​ទៅ​គំរាម​ឲ្យ​ពលរដ្ឋ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន និង​ចាក​ចេញពី​បរិវេណ​ដី​ទាំងនោះ តែ​ពលរដ្ឋ​ស៊ូស្លាប់​មិន​ចាក​ចេញពី​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគាត់​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី សោកស្ដាយ​ដែល​អាជ្ញាធរ​ថ្នាក់​ជាតិ អូស​បន្លាយ​ពេលវេលា មិន​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា តាម​ការសន្យា​។ លោក​នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​មួយ​នេះ ដើម្បី​ឲ្យ​ពល​ដ្ឋ​យក​ដីធ្លី​ទាំងនោះ​ទៅ​ប្រើ​ប្រាស់​តាម​តម្រូវការ​របស់​ពួកគាត់។

លោក យិន ម៉េងលី៖ «នេះ​ជា​បញ្ហា​ដែល​យើង​មានការ​សោកស្ដាយ ពីព្រោះ​ពលរដ្ឋ​គាត់​ត្រូវការ​ដី​ដែល​មាន​សុវត្ថិភាព​ដើម្បី​គាត់​យក​ឯកសារ​ទាំងអស់​នេះ ស្នើ​យក​ថវិកា​ដើម្បី​អភិវឌ្ឍន៍​គ្រួសារ​គាត់​ថែមទៀត តែ​ផ្ទុយទៅវិញ​ស្ថិតនៅ​ភាព​មិន​ច្បាស់លាស់ ហើយ​យើង​បារម្ភ​ណាស់​ការ​បំផ្លិចបំផ្លាញ​នូវ​ទ្រព្យសម្បត្តិ និង​ការ​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ជា​បន្តបន្ទាប់ រឿង​រដ្ឋប្បវេណី​អាច​សម្របសម្រួល​គ្នា​បាន​ក្លាយ​ទៅជា​រឿង​ព្រហ្មទណ្ឌ​ប្រឈមមុខ​ដាក់គ្នា មាន​ខ្លះ​រត់ចោលស្រុក ខ្លះ​ជាប់គុក»។

អស់​រយៈពេល​២​ឆ្នាំ​ហើយ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​។ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ បាន​នាំគ្នា​ចេញ​តវ៉ា​ទាមទារ និង​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ និង​កាត់​ឆ្វៀល​ដីធ្លី ផ្ទះសម្បែង និង​ស្រែចម្ការ​របស់​ពលរដ្ឋ​ចេញពី​បរិវេណ​ក្រុមហ៊ុន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ​។ ក្រៅពីនោះ មួយ​រយៈ​ចុងក្រោយ​នេះ តំណាង​ពលរដ្ឋ​ចំនួន​៦​នាក់​រង​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​វៀតណាម និង​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន ក្រោយពី​មេការ​ក្រុមហ៊ុន កសិកម្ម​យុវជន​ស្វាយរៀង បញ្ជា​ឲ្យ​អាជ្ញាធរ​កែប្រែ​សំណុំ​រឿង ដើម្បី​ធ្វើ​យ៉ាង​តាម​ចាប់​តំណាង​ពលរដ្ឋ​ទាំងនោះ​ដាក់​ពន្ធនាគារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ