តំបន់​តារា​សាគរ​ខេត្ត​កោះកុង​ក្លាយ​ជា​ទីជម្រក​បណ្ដាញ​ឆបោក​អនឡាញ ក្រោយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ

0
38
ទិដ្ឋភាពអគារកាស៊ីណូ នៃគម្រោង​ទីក្រុង​រណប​ដ៏​ធំ​មួយ​គឺ​គម្រោង ឡុង បេ (Long Bay) ដែល​ស្ថិត​ក្នុង​តំបន់​បុទុមសាគរ ខេត្ត​កោះកុង។ រូប៖ TRIP.COM
ទិដ្ឋភាពអគារកាស៊ីណូ នៃគម្រោង​ទីក្រុង​រណប​ដ៏​ធំ​មួយ​គឺ​គម្រោង ឡុង បេ (Long Bay) ដែល​ស្ថិត​ក្នុង​តំបន់​បុទុមសាគរ ខេត្ត​កោះកុង។ រូប៖ TRIP.COM

ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ជាច្រើន​ទៀត ដែល​រដ្ឋាភិបាល​កាត់​ដី​សម្បទាន​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​តំបន់​ខេត្ត​ជាប់មាត់​សមុទ្រ​នោះ បាន​ក្លាយជា​ឋានសួគ៌​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ នោះ​គឺ​តំបន់​បុទុមសាគរ ស្ថិត​ក្នុង​ខេត្តកោះកុង​។ មុន​ពេល​តំបន់​នេះ​ក្លាយជា​ផ្នែក​មួយ​នៃ​ជម្រក​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ក្រុមហ៊ុន​រដ្ឋអំណាច​ចិន​ឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬ យូ​ឌី​ជី (UDG) បាន​ឈូស​ឆាយ​ដីធ្លី ផ្ទះសម្បែង និង​បណ្ដេញ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​បង្កើត​ជា​ទីក្រុង​រណប និង​ប្រ​លាន​យន្តហោះ​ជាដើម។

តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន យូឌីជី (UDG) ក្នុង​បរិវេណ​តំបន់​បុទុម​សាគរ​នៃ​ខេត្តកោះកុង នៅតែ​បន្ត​ក្លាយជា​ទីជម្រក​នៃ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​។ ផ្នែក​ខ្លះ​នៃ​សំណង់​អគារ​ខ្ពស់​ស្កឹមស្កៃ​ដូចជា កាស៊ីណូ ខុនដូ អគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ជាដើម​តែងតែ​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​ប្រើប្រាស់​ជាទី​តាំង​ប្រតិបត្តិការ​ឆបោក និង​បង្ខាំង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ព្រមទាំង​បំបិទ​សិទ្ធិ​សេរីភាព​ពួកគាត់ ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ។

ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​របស់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ថ្មីៗ​នេះ លើ​ជន​ជាតិចិន​ជាង ១​រយ​នាក់ (១១៦​នាក់​) ក៏បាន​បញ្ជាក់​អំពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​ដែល​ស្ថិត​ក្នុង​បរិវេណ​តំបន់​បុទុម​សាគរ​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​រដ្ឋអំណាច​ចិន យូឌីជី (UDG) ផង​ដែរ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​២៩ ខែសីហា បញ្ជាក់​ថា ក្រុម​ជនជាតិ​ចិន​ទាំងនេះ​បាន​បង្កើត​ជា​ក្រុម​ដោយមាន​ការចាត់តាំង និង​បង្កើត​ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក្នុង​តំបន់​បុទុមសាគរ​។ តុលាការ​ខេត្ត​កោះកុង​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ផ្អែក​តាម​មាត្រា ៥ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

មុន​ពេល​តុលាការ​ចោទប្រកាន់ ក្នុងចំណោម​ជនជាតិ​ចិន​ជាង ១​រយ​នាក់​នេះ មាន​ជនជាតិ​ចិន ២​នាក់​បាន​ផ្ដល់​សំណូក​ដល់​កម្លាំង​សមត្ថកិច្ច ដើម្បី​ជា​ថ្នូរ​រត់គេច​ពី​ការ​ឃុំ​ឃាំង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ពួកគេ​យក​មក​វិញ។ ក្នុង​សំណុំរឿង​នេះ​ដែរ តុលាការ​ខេត្តកោះកុង​ក៏បាន​ចោទប្រកាន់ និង​បង្គាប់​ឱ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល ៣​នាក់ និង​អ្នកបកប្រែ​ម្នាក់​ពី​បទ​ផ្ដល់​មធ្យោបាយ​លួច​រត់ និង​បទ​ទទួល​ដោយ​ខុសច្បាប់ និង​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា ៥៦៥ និង​មាត្រា ៥៧២ នៃ​ក្រមព្រហ្មទណ្ឌ។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​លោក វ៉ៃ ភី​រម្យ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា កត់សម្គាល់​ថា ការ​បង្ក្រាប​របស់​អាជ្ញា​ធ​រហាក់​ដោយ​ដុំៗ និង​បង្ក្រាប​កន្លែង​ដែល​ចង់​បង្ក្រាប ដើម្បី​បង្ហាញ​ជា​រូបភាព​បង្ហាញ​សាធារណជន​។ លោក​ថា ចំណែកឯ​ទីតាំង​សំខាន់ៗ និង​មេខ្លោង​ធំៗ​ដែល​រង​ការចោទប្រកាន់ រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ឆន្ទៈ​ស៊ើបអង្កេត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នៅឡើយ។

លោក ឌី ថេហូយ៉ា៖ «ការ​ឆបោក​តាម​អន​ឡាញ​នេះ មិនទាន់​ត្រូវ​បាន​កម្ចាត់ មិនទាន់​ត្រូវ​បាន​បោសសម្អាត​ហ្នឹង​នៅឡើយ​ទេ វា​គ្រាន់តែ​ជា​ប្រែក្លាយ​ពី​រូបភាព​នៅក្នុង​អគារ​ធំៗ ទៅជា​នៅក្នុង​ផ្ទះ​ធម្មតា​សាមញ្ញៗ​។ អាហ្នឹង​វា​កាន់តែ​គ្រោះថ្នាក់​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ក៏ដូចជា​មនុស្សជាតិ និង​ត្រូវ​រងគ្រោះ​អំពី​ឧក្រិដ្ឋជន​ទាំងអស់​នេះ​។ កាលណា​ការ​បង្ក្រាប ឬ​លុបបំបាត់​នេះ វា​មិន​មាន​ប្រសិទ្ធភាព វា​ជា​ការ​បំផ្លាញ​ជាតិខ្មែរ​ទាំងមូល ជាពិសេស​សេដ្ឋកិច្ច​ជាតិខ្មែរ​។ យើង​មើលឃើញ​អំពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ស្រុក​ខ្មែរ ធ្វើ​ឱ្យ​បរទេស​គេ​បាត់បង់​ជំនឿ គេ​លែង​ហ៊ាន​មក​រក​ស៊ី ទាំង​ទេសចរ ទាំង​វិនិយោគ​អី​ជាដើម ជាពិសេស​វិស័យ​ធនាគារ​អីហ្នឹង​គេ​ខ្លាចរអា»។

ក្រៅពី​ល្បីល្បាញ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ចាប់ជំរិត​មនុស្ស​ធ្វើ​ទារុណកម្ម ខេត្តកោះកុង​ក៏​ជាទី​តាំង​អំណោយផល និង​មាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ត​ភ្ជាប់​ជាច្រើន ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​បណ្ដាញ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស អាច​ដឹកជញ្ជូន​បុគ្គលិក​ឆបោក​តាម​អន​ឡាញ​ចល័ត​ទៅកាន់​ទីតាំង​ឆបោក​ផ្សេងៗ​ក្នុង​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា។

គម្រោង​ទីក្រុង​រណប​ដ៏​ធំ​មួយ​គឺ​គម្រោង ឡុង បេ (Long Bay) ដែល​ស្ថិត​ក្នុង​តំបន់​បុទុមសាគរ​បាន​រង​ការចោទប្រកាន់​ជា​យូរ​មក​ហើយ ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​។ ម្ចាស់​ក្រុមហ៊ុន​នៃ​គម្រោង​នេះ​ភាគច្រើន គឺជា​ជនជាតិ​ចិន​ដែល​មាន​រឿងអាស្រូវ និង​ត្រូវ​បាន​តុលាការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ ប៉ុន្តែ​ពួកគេ​បាន​ចូល​មក​ពួន​សម្ងំ និង​ទិញ​សញ្ជាតិ​ខ្មែរ ដើម្បី​បន្ត​អាជីវកម្ម​បន​ល្បែង​កាស៊ីណូ​។ កន្លងមក ស្ថាប័ន​អន្តរជាតិ​មួយចំនួន​បាន​ហៅ​បរិវេណ​អគារ​ក្នុង​តំបន់​នេះ​ថា​ជា «​កន្លែង​ចូល​ហើយ​ចេញ​មិនបាន​» ដោយសារតែ​ជនបរទេស​ភាគច្រើន​ដែល​ត្រូវ​បាន​គេ​នាំចូល​ខាងក្នុង​តែង​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បង្ខាំង​ធ្វើ​ទារុណកម្ម លក់​ពួកគេ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង រហូត​អ្នកខ្លះ​ទ្រាំទ្រ​មិនបាន និង​ជ្រើសរើស​បញ្ចប់ជីវិត​ខ្លួនឯង​តាមរយៈ​ការ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ជាដើម។

គម្រោង ឡុង បេ (Long Bay) គឺ​ស្ថិត​ក្នុង​បរិវេណ​ផ្ទៃដី​ក្រុមហ៊ុន​រដ្ឋអំណាច​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ជាង ៤​ម៉ឺន ៥​ពាន់​ហិកតារ​ក្នុងស្រុក​ចំនួន ២ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​តារាសាគរ​កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ និង​ប្រ​លាន​យន្តហោះ ជាដើម​។ ក្រុមហ៊ុន​នេះ​បាន​កសាង​តំបន់​នេះ​ឱ្យ​ប្រែក្លាយ​ជា​សណ្ឋាគារ និង​អគារ​កាស៊ីណូ​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​បាន​ឈូស​ឆាយ​ផ្ទះសម្បែង និង​បំផ្លាញ​ផលដំណាំ​អ្នកភូមិ ព្រមទាំង​បណ្ដេញ​ពលរដ្ឋ​ជាង ១​ពាន់ ៣​រយ​គ្រួសារ (១.៣០០) ឱ្យ​ចាក​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​។ ក្រសួង​រតនាគារ​អាមេរិក​កាលពី​ឆ្នាំ​២០២០ បានសម្រេច​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ចិន​មួយ​នេះ ក្រោម​ច្បាប់ សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act) ក្រោយ​រកឃើញ​ថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ការ​ច្បាម​យក​ដី​ពលរដ្ឋ និង​រំលោភ សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ