

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះ អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សហការី និងអ្នកគាំទ្រ ជិតប្រមាណ៣០នាក់ ជួបជុំគ្នានៅមុខព្រះបរមរាជវាំង ដើម្បីដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ឲ្យតុលាការកំពូលសើរើសំណុំរឿងក្តីរបស់លោកឡើងវិញ។ មន្ត្រីសិទ្ធិមនុស្ស ចង់ឃើញរដ្ឋាភិបាល ទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ពាក់ព័ន្ធរឿងនយោបាយ ហើយរួមគ្នាដោះស្រាយបញ្ហាជាតិជាធំ។
អាជ្ញាធរជាច្រើនបានពង្រាយកម្លាំងនៅក្បែរព្រះបរមរាជវាំង ស្របពេលដែលលោក រ៉ុង ឈុន និងអ្នកគាំទ្រជាច្រើន យកលិខិតដាក់ថ្វាយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ដើម្បីឲ្យទ្រង់ជួយរកយុត្តិធម៌ពាក់ព័ន្ធសំណុំរឿងរបស់លោក និងប្រគល់សិទ្ធិសេរីភាពឲ្យលោកឡើងវិញ។
មន្ត្រីនៃព្រះបរមរាជវាំង បានចេញមកទទួលលិខិតរបស់លោក រ៉ុង ឈុន ស្របពេលព្រះមហាក្សត្រកំពុងស្ថិតនៅប្រទេសចិន ដែលព្រះអង្គបានយាងទៅមួយថ្ងៃ មុនការដាក់លិខិតរបស់លោក រ៉ុង ឈុន ដើម្បីព្យាបាលព្រះរោគ និងបានប្រគល់ភារកិច្ចឲ្យប្រធានព្រឹទ្ធសភាគឺលោក ហ៊ុន សែន ធ្វើជាប្រមុខរដ្ឋស្តីទី ទទួលកិច្ចការជំនួស។
អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងនៅមុខព្រះបរមរាជវាំងថា ព្រះមហាក្សត្រមានព្រះរាជតួនាទីសំខាន់ក្នុងការការពារឯករាជភាពជាតិ បង្រួបបង្រួមជាតិ ហើយលោកសង្ឃឹមថា ព្រះមហាក្សត្រនឹងជួយដោះស្រាយបញ្ហានេះ។ លោកបន្តថា សេចក្តីសម្រេចរបស់តុលាការទាំង៣ថ្នាក់ ដែលបានកម្រិតសិទ្ធិសេរីភាពរបស់លោក គឺជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលបានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងមិនបានផ្តល់យុត្តិធម៌ឲ្យលោកឡើយ។ លោកចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធសេរីភាពឲ្យអ្នកនយោបាយទាំងអស់ទាំងក្នុង និងក្រៅប្រទេសចរចាគ្នារកដំណោះស្រាយជាតិរួមមួយ។
លោក រ៉ុង ឈុន៖ «យើងចង់ឃើញអ្នកនយោបាយទាំងនៅក្រៅស្រុក ទាំងនៅក្នុងស្រុក ឥស្សរជនចាស់ៗហ្នឹង អង្គុយតុជាមួយគ្នា ជជែកគ្នា រកដំណោះស្រាយជាតិ ក៏ដូចជាការការពារជាតិរបស់យើង ដែលកំពុងតែទទួលរងការឈ្លានពានពីប្រទេសសៀម។ ថ្វីត្បិតតែមិនមានការផ្ទុះអាវុធ ប៉ុន្តែភាគីសៀមមិនបានគោរពនូវបទឈប់បាញ់ទេ។ អ៊ីចឹងយើងចង់ឃើញអ្នកនយោបាយទាំងអស់ ដូចជាលោក សម រង្ស៊ី លោកស្រី មួ សុខហួរ លោក កឹម សុខា, សម្តេច ហ៊ុន សែន… យើងជួបជជែកគ្នាទៅ បើយើងត្រូវរ៉ូវគ្នា ពេលហ្នឹងកម្ពុជាយើងហ្នឹងខ្លាំងហើយ»។
នៅក្នុងលិខិតដាក់ទៅព្រះមហាក្សត្រនោះ លោក រ៉ុង ឈុន បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់របស់តុលាការថ្នាក់ក្រោម ហើយថា លោកមិនដែលប្រព្រឹត្តសកម្មភាពណាមួយក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋប្រព្រឹត្តអំពើដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ។ ផ្ទុយទៅវិញលោក តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី។ លោកអះអាងថា ការព្រួយបារម្ភរបស់លោកចំពោះបញ្ហាព្រំដែន និងបូរណភាពទឹកដីគឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ប្រទេស ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ គណបក្សកម្លាំងជាតិ ក៏បានដាក់ញត្តិទៅព្រះបរមរាជរាំងម្តងផងដែរ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រលើសំណុំរឿងរបស់លោក រ៉ុង ឈុន ប៉ុន្តែរហូតមកដល់ពេលនេះ ខាងព្រះបរមរាជវាំងមិនទាន់បានឆ្លើយតបការស្នើសុំរបស់គណបក្សកម្លាំងជាតិនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក រ៉ុង ឈុន នៅមុខព្រះបរមរាជវាំង។
ចំណែក សមាជិកគណបក្សកម្លាំងជាតិ និងជាអតីតមន្ត្រីគណបក្សភ្លើងទៀន ដែលទើបចេញពីពន្ធនាគារ លោក ចៅ វាសនា ថ្លែងថា នៅពេលប្រទេសជាតិជួបបញ្ហា គឺមិនមានប្រទេសណាមកជួយយើងឡើយ ហើយលោកចង់ឲ្យរដ្ឋាភិបាលរួបរួម និងឈប់ធ្វើទុកបុកម្នេញលើខ្មែរគ្នាឯងបន្តទៀត ហើយដោះលែង ទម្លាក់បទចោទលើលោក រ៉ុង ឈុន ដើម្បីឲ្យលោកមានសេរីភាពជួយជាតិបន្តទៅមុខ។ លោកបន្តថា លោកចង់ឃើញប្រជាពលរដ្ឋមានសេរីភាពពិតប្រាកដ អាចប្រើប្រាស់សិទ្ធិខ្លួនឯងបាន មិនមែនការបង្រួបបង្រួមបែបរឹតត្បិត គាបសង្កត់ឲ្យចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចឡើយ។
លោក ចៅ វាសនា៖ «សុំឈប់គំរាមកំហែងគាត់ទៅ! ហើយកាលណាកាន់តែគំរាមកំហែង ខ្ញុំសុំប្រាប់ទៅអស់លោកថា គំរាមកំហែងកាន់តែខ្លាំង ប្រជាពលរដ្ឋកាន់តែរើបម្រះកាន់តែខ្លាំងហើយ។ បើបងប្អូនអត់ធ្វើអី ប្រជាពលរដ្ឋក៏គាត់មានទៅ វាមានៗដើរធ្វើសកម្មភាពអីទៀត? បើសិនជាយើងធ្វើបានរីកចម្រើនល្អហើយ ប៉ុន្តែបើសិនជានៅធ្វើបែបនេះទៀត គឺគណបក្សប្រឆាំងកាន់តែរីកចម្រើនថែមទៀតហើយ»។
កាលពីថ្ងៃទី០១ ខែកក្កដា កន្លងទៅនេះ លោក រ៉ុង ឈុន ក៏បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ ដើម្បីស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យមើល និងសើរើសំណុំរឿងរបស់លោកមកជំនុំជំរះជាថ្មីផងដែរ ដោយសារលោក មិនពេញចិត្តសេចក្តីសម្រេចរបស់តុលាការទាំង៣ថា្នក់ថា មិនបានផ្តល់យុត្តិធម៌ឲ្យលោក។ ហើយ ជាង១ខែក្រោយការដាក់ញត្តិ ក្រសួងយុត្តិធម៌ បានចេញលិខិតឆ្លើយតបថាការសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់លើសំណុំរឿងរបស់ លោក រ៉ុង ឈុន គឺធ្វើឡើងបានត្រឹមត្រូវ និងស្របតាមនីតិវិធី ហើយក្រសួង ពុំរកឃើញមានភាព មិនប្រក្រតីណាមួយនោះដែរ។ ក្រសួងបញ្ជាក់ថា កន្លងទៅ ជនត្រូវចោទ បានអនុវត្តតាមនីតិវិធី របស់តុលាការដូចជាការទទួលបាន សិទ្ធិការពារខ្លួន ដោយមានជំនួយពីមេធាវី តតាំងក្ដី គ្រប់ដំណាក់កាល។ ក្រសួងយុត្តិធម៌បញ្ជាក់ថា ក្រសួងគ្មាន សិទ្ធិទម្លាប់បទចោទ និងសើរើ លើសំណុំរឿង ទាំងនោះឡើយ ហើយប្រសិនបើ លោក រ៉ុង ឈុន មានភស្តុតាងថ្មី អាចប្ដឹងទៅកាន់តុលាការកំពូលដើម្បីសើរើរឿងនេះ។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា លោកគ្មានសង្ឃឹមថា ព្រះមហាក្សត្រអាចអន្តរាគមន៍ចំពោះករណីលោក រ៉ុង ឈុន នោះទេ ដោយសារករណីលោក រ៉ុង ឈុន គឺជារឿងនយោបាយ ហើយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាព្រះមហាក្សត្រទ្រង់គ្រងរាជ្យ ប៉ុន្តែទ្រង់មិនមានសិទ្ធអំណាចក្នុងការលើកលែងទោសនោះទេ ប្រសិនមិនមានការស្នើសុំពីនាយករដ្ឋមន្ត្រី។ លោកបន្តថា មានតែអ្នកនយោបាយកាន់អំណាចសព្វថ្ងៃប៉ុណ្ណោះ ដែលអាចមានសិទ្ធិដោះស្រាយរឿងនេះបាន ប្រសិនបើពួកគាត់ចង់បញ្ចប់បញ្ហានយោបាយ។ លោកថា លោកចង់ឃើញអ្នកនយោបាយទាំងអស់រួបរួមគ្នា ហើយរដ្ឋាភិបាលគួរបើកលំហសេរីភាពឲ្យបានពេញលេញ ដើម្បីអ្នកនយោបាយអាចប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោត ឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ ប្រកបដោយភាពយុត្តិធម៌ ត្រឹមត្រូវ និងស្មើភាពគ្នា។
លោក យិន ម៉េងលី៖ «វាជាសិទ្ធិដែលម្នាក់ៗមាន ប៉ុន្តែយើងមើលឱ្យឃើញថា រឿងលោក រ៉ុង ឈុន នេះជា រឿងអី? រឿងលោក រ៉ុង ឈុន នេះ មិនមែនជា រឿងផ្លូវច្បាប់ប៉ុន្មានទេ រឿងច្រើនជាងគេគឺ រឿងនយោបាយ។ សំខាន់ណាស់រឿងការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិនេះ គ្រប់ភាគីតែងតែនិយាយថាធ្វើដើម្បីជាតិ គ្រប់ភាគីតែងតែនិយាយថាខ្មែររួបរួម ខ្មែរខ្លាំង។ អញ្ចឹងជារឿងល្អណាស់ដែលរដ្ឋាភិបាលធ្វើការលើកលែងទោសដល់អ្នកនយោបាយទាំងអស់ ដែលខ្ញុំចង់និយាយថា ដែលត្រូវបានបិទសិទ្ធិនយោបាយ លើកលែងទាំងអស់ ឱ្យចូលមករួមគ្នាប្រកួតទៅ លេងល្បែងប្រជាធិបតេយ្យទៅ។ យើងឃើញថា ប្រទេសប្រជាធិបតេយ្យ ពេលដែលគេលេងល្បែងហ្នឹង ប្រទេសគេរីកចម្រើន អញ្ចឹងល្មមដល់ពេលដែលយើងលេងល្បែងប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រទេសរីកចម្រើនដែរហើយបាទ»។
កាលពីថ្ងៃទី១៩ ខែមិថុនា តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំដោយព្យួរទោស និងហាមមិនឲ្យចាកចេញពីរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មិនឲ្យថ្លែងសារនយោបាយ ឬបង្ហាញមុខនៅវេទិកាទីសាធារណៈ និងដកសិទ្ធមិនឲ្យឈរឈ្មោះបោះឆ្នោតជាដើម។
កន្លងមក គណបក្សជំទាស់ ប្រជាពលរដ្ឋ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ តែងទទូចស្នើសុំឲ្យលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បើកលំហសេរីភាពឲ្យប្រជាពលរដ្ឋឡើងវិញ ដើម្បីបញ្ឈប់ការរិះគន់ពីអន្តរជាតិ និងត្រៀមខ្លួនក្នុងការចូលរួមសកម្មភាពនយោបាយ បោះឆ្នោតនាពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









