លោក រ៉ុង ឈុន ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​អន្តរាគមន៍​ឲ្យ​តុលាការ​កំពូល​សើរើ​សំណុំរឿង​ឡើង​វិញ

0
97
អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សហការី និង​អ្នកគាំទ្រ ជិត​ប្រមាណ​៣០​នាក់ ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សហការី និង​អ្នកគាំទ្រ ជិត​ប្រមាណ​៣០​នាក់ ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ដូច​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា នេះ អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សហការី និង​អ្នកគាំទ្រ ជិត​ប្រមាណ​៣០​នាក់ ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​តុលាការ​កំពូល​សើរើ​សំណុំរឿង​ក្តី​របស់​លោក​ឡើ​ង​វិញ​។ មន្ត្រី​សិទ្ធិមនុស្ស ចង់​ឃើញ​រដ្ឋាភិបាល ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់​ពាក់ព័ន្ធ​រឿង​នយោបាយ ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ជាធំ។

អាជ្ញាធរ​ជាច្រើន​បាន​ពង្រាយ​កម្លាំង​នៅ​ក្បែរ​ព្រះបរមរាជវាំង ស្របពេល​ដែល​លោក រ៉ុង ឈុន និង​អ្នកគាំទ្រ​ជាច្រើន យក​លិខិត​ដាក់ថ្វាយ​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង ដើម្បី​ឲ្យ​ទ្រង់​ជួយ​រក​យុត្តិធម៌​ពាក់ព័ន្ធ​សំណុំរឿង​របស់​លោក និង​ប្រគល់​សិទ្ធិ​សេរីភាព​ឲ្យ​លោក​ឡើងវិញ។

មន្ត្រី​នៃ​ព្រះបរមរាជវាំង បាន​ចេញ​មក​ទទួល​លិខិត​របស់​លោក រ៉ុង ឈុន ស្រប​ពេល​ព្រះមហាក្សត្រ​កំពុង​ស្ថិតនៅ​ប្រទេស​ចិន ដែល​ព្រះអង្គ​បាន​យាង​ទៅមួយ​ថ្ងៃ មុន​ការ​ដាក់​លិខិត​របស់​លោក រ៉ុង ឈុន ដើម្បី​ព្យាបាល​ព្រះរោគ និង​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​គឺ​លោក ហ៊ុន សែន ធ្វើជា​ប្រមុខ​រដ្ឋស្តីទី ទទួល​កិច្ច​ការ​ជំនួស។

អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​នៅមុខ​ព្រះបរមរាជវាំង​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​សំខាន់​ក្នុង​ការ​ការពារ​ឯករាជ​ភាព​ជាតិ បង្រួបបង្រួម​ជាតិ ហើយ​លោក​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ លោក​បន្ត​ថា សេចក្តី​សម្រេច​របស់​តុលាការ​ទាំង​៣​ថ្នាក់ ដែល​បាន​កម្រិត​សិទ្ធិ​សេរីភាព​របស់​លោក គឺជា​ការអនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​មិនបាន​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​ឡើយ​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធ​សេរីភាព​ឲ្យ​អ្នកនយោបាយ​ទាំងអស់​ទាំង​ក្នុង និង​ក្រៅប្រទេស​ចរចា​គ្នា​រក​ដំណោះស្រាយ​ជាតិ​រួម​មួយ។

លោក រ៉ុង ឈុន៖ «យើង​ចង់​ឃើញ​អ្នកនយោបាយ​ទាំង​នៅ​ក្រៅ​ស្រុក ទាំង​នៅ​ក្នុង​ស្រុក ឥស្សរជន​ចាស់ៗ​ហ្នឹង អង្គុយ​តុ​ជាមួយគ្នា ជជែក​គ្នា រក​ដំណោះស្រាយ​ជាតិ ក៏ដូចជា​ការ​ការពារ​ជាតិ​របស់​យើង ដែល​កំពុងតែ​ទទួលរង​ការឈ្លានពាន​ពី​ប្រទេស​សៀម​។ ថ្វីត្បិតតែ​មិន​មាន​ការ​ផ្ទុះអាវុធ ប៉ុន្តែ​ភាគី​សៀម​មិនបាន​គោរព​នូវ​បទ​ឈប់​បាញ់​ទេ​។ អ៊ីចឹង​យើង​ចង់​ឃើញ​អ្នកនយោបាយ​ទាំងអស់ ដូចជា​លោក សម រង្ស៊ី លោកស្រី មួ សុខហួរ លោក កឹម សុខា​, សម្តេច ហ៊ុន សែន​… យើង​ជួប​ជជែក​គ្នា​ទៅ បើ​យើង​ត្រូវរ៉ូវ​គ្នា ពេល​ហ្នឹង​កម្ពុជា​យើង​ហ្នឹង​ខ្លាំង​ហើយ»។

នៅក្នុង​លិខិត​ដាក់​ទៅ​ព្រះមហាក្សត្រ​នោះ លោក រ៉ុង ឈុន បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​របស់​តុលាការ​ថ្នាក់ក្រោម ហើយ​ថា លោក​មិនដែល​ប្រព្រឹត្ត​សកម្មភាព​ណាមួយ​ក្នុង​ការ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំពើ​ដែល​បង្កឱ្យ​មាន​ភាព​វឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ឡើយ​។ ផ្ទុយទៅវិញ​លោក តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការគោរព​ច្បាប់ និង​ការ​ដោះស្រាយ​បញ្ហា​តាម​មធ្យោបាយ​សន្តិវិធី​។ លោក​អះអាង​ថា ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី​គឺជា​ការអនុវត្ត​សិទ្ធិ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​ផលប្រយោជន៍​ជាតិ និង​អធិបតេយ្យភាព​របស់​ប្រទេស ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កាលពី​ថ្ងៃទី​១៧ ខែកក្កដា កន្លងទៅ គណបក្ស​កម្លាំង​ជាតិ ក៏បាន​ដាក់​ញត្តិ​ទៅ​ព្រះ​បរម​រាជ​រាំង​ម្តង​ផង​ដែរ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​លើ​សំណុំរឿង​របស់​លោក រ៉ុង ឈុន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខាង​ព្រះបរមរាជវាំង​មិន​ទាន់​បាន​ឆ្លើយតប​ការ​ស្នើ​សុំ​របស់​គណបក្ស​កម្លាំង​ជាតិ​នៅឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក រ៉ុង ឈុន នៅមុខ​ព្រះបរមរាជវាំង។

ចំណែក សមាជិក​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីតមន្ត្រី​គណបក្ស​ភ្លើងទៀន ដែល​ទើប​ចេញពី​ពន្ធនាគារ លោក ចៅ វាសនា ថ្លែង​ថា នៅពេល​ប្រទេសជាតិ​ជួប​បញ្ហា គឺ​មិន​មាន​ប្រទេស​ណា​មក​ជួយ​យើង​ឡើយ ហើយ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​រួបរួម និង​ឈប់​ធ្វើ​ទុក​បុក​ម្នេញ​លើ​ខ្មែរ​គ្នាឯង​បន្ត​ទៀត ហើយ​ដោះលែង ទម្លាក់​បទ​ចោទ​លើ​លោក រ៉ុង ឈុន ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ជួយ​ជាតិ​បន្ត​ទៅមុខ​។ លោក​បន្ត​ថា លោក​ចង់​ឃើញ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ពិតប្រាកដ អាច​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ឯង​បាន មិនមែន​ការ​បង្រួបបង្រួម​បែប​រឹតត្បិត គាបសង្កត់​ឲ្យ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​កាន់អំណាច​ឡើយ។

លោក ចៅ វាសនា៖ «សុំ​ឈប់​គំរាមកំហែង​គាត់​ទៅ​! ហើយ​កាលណា​កាន់តែ​គំរាមកំហែង ខ្ញុំ​សុំ​ប្រាប់​ទៅ​អស់លោក​ថា គំរាមកំហែង​កាន់តែ​ខ្លាំង ប្រជាពលរដ្ឋ​កាន់តែ​រើបម្រះ​កាន់តែ​ខ្លាំង​ហើយ​។ បើ​បងប្អូន​អត់​ធ្វើ​អី ប្រជាពលរដ្ឋ​ក៏​គាត់​មាន​ទៅ វា​មានៗ​ដើរ​ធ្វើ​សកម្មភាព​អី​ទៀត​? បើសិនជា​យើង​ធ្វើ​បាន​រីកចម្រើន​ល្អ​ហើយ ប៉ុន្តែ​បើសិនជា​នៅ​ធ្វើបែប​នេះ​ទៀត គឺ​គណបក្សប្រឆាំង​កាន់តែ​រីកចម្រើន​ថែមទៀត​ហើយ»។

កាលពី​ថ្ងៃទី​០១ ខែ​កក្កដា កន្លង​ទៅ​នេះ លោក រ៉ុង ឈុន ក៏បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យមើល និង​សើរើ​សំណុំរឿង​របស់​លោក​មក​ជំនុំ​ជំ​រះ​ជាថ្មី​ផង​ដែរ ដោយសារ​លោក មិន​ពេញចិត្ត​សេចក្តី​សម្រេច​របស់​តុលាការ​ទាំង​៣​ថា្នក់​ថា មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​។ ហើយ ជាង​១​ខែក្រោយ​ការ​ដាក់​ញត្តិ ក្រសួង​យុត្តិធម៌ បាន​ចេញ​លិខិត​ឆ្លើយតប​ថា​ការសម្រេច​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់លើ​សំណុំរឿង​របស់ លោក រ៉ុង ឈុន គឺ​ធ្វើ​ឡើង​បាន​ត្រឹមត្រូវ និង​ស្របតាម​នីតិវិធី ហើយ​ក្រសួង ពុំ​រក​ឃើញ​មាន​ភាព មិន​ប្រក្រតី​ណាមួយ​នោះ​ដែរ​។ ក្រសួង​បញ្ជាក់​ថា កន្លងទៅ ជន​ត្រូវ​ចោទ បាន​អនុវត្ត​តាម​នីតិវិធី របស់​តុលាការ​ដូចជា​ការ​ទទួល​បាន សិទ្ធិ​ការពារ​ខ្លួន ដោយមាន​ជំនួយ​ពី​មេធាវី តតាំង​ក្ដី គ្រប់​ដំណាក់កាល​។ ក្រសួងយុត្តិធម៌​បញ្ជាក់​ថា ក្រសួង​គ្មាន សិទ្ធិ​ទម្លាប់​បទ​ចោទ និង​សើរើ លើ​សំណុំរឿង ទាំង​នោះ​ឡើយ ហើយ​ប្រសិនបើ លោក រ៉ុង ឈុន មាន​ភស្តុតាង​ថ្មី អាច​ប្ដឹង​ទៅកាន់​តុលាការ​កំពូល​ដើម្បី​សើរើ​រឿង​នេះ។

អនុប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍​ថា លោក​គ្មាន​សង្ឃឹម​ថា ព្រះមហាក្សត្រ​អាច​អន្តរាគមន៍​ចំពោះ​ករណី​លោក រ៉ុង ឈុន នោះ​ទេ ដោយសារ​ករណី​លោក រ៉ុង ឈុន គឺជា​រឿង​នយោបាយ ហើយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ ប៉ុន្តែ​ទ្រង់​មិន​មាន​សិទ្ធ​អំណាច​ក្នុង​ការ​លើកលែងទោស​នោះ​ទេ ប្រសិន​មិន​មាន​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​។ លោក​បន្ត​ថា មានតែ​អ្នកនយោបាយ​កាន់អំណាច​សព្វថ្ងៃ​ប៉ុណ្ណោះ ដែល​អាច​មាន​សិទ្ធិ​ដោះស្រាយ​រឿង​នេះ​បាន ប្រសិនបើ​ពួកគាត់​ចង់​បញ្ចប់​បញ្ហា​នយោបាយ​។ លោក​ថា លោក​ចង់​ឃើញ​អ្នកនយោបាយ​ទាំងអស់​រួបរួម​គ្នា ហើយ​រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​ឲ្យ​បាន​ពេញលេញ ដើម្បី​អ្នកនយោបាយ​អាច​ប្រកួតប្រជែង​គ្នា​ក្នុង​ពេល​បោះឆ្នោត ឆ្នាំ​២០២៧ និង​២០២៨ ខាងមុខនេះ ប្រកបដោយ​ភាព​យុត្តិធម៌ ត្រឹមត្រូវ និង​ស្មើភាព​គ្នា។

លោក យិន ម៉េងលី៖ «​វា​ជា​សិទ្ធិ​ដែល​ម្នាក់ៗ​មាន ប៉ុន្តែ​យើង​មើល​ឱ្យឃើញ​ថា រឿង​លោក រ៉ុង ឈុន នេះ​ជា រឿង​អី​? រឿង​លោក រ៉ុង ឈុន នេះ មិនមែន​ជា រឿង​ផ្លូវច្បាប់​ប៉ុន្មាន​ទេ រឿង​ច្រើន​ជាងគេ​គឺ រឿង​នយោបាយ​។ សំខាន់​ណាស់​រឿង​ការ​បង្រួបបង្រួម​ជាតិ ការផ្សះផ្សា​ជាតិ​នេះ គ្រប់​ភាគី​តែងតែ​និយាយ​ថា​ធ្វើ​ដើម្បី​ជាតិ គ្រប់​ភាគី​តែងតែ​និយាយ​ថា​ខ្មែរ​រួបរួម ខ្មែរ​ខ្លាំង​។ អញ្ចឹង​ជា​រឿង​ល្អ​ណាស់​ដែល​រដ្ឋាភិបាល​ធ្វើការ​លើកលែងទោស​ដល់​អ្នកនយោបាយ​ទាំងអស់ ដែល​ខ្ញុំ​ចង់​និយាយ​ថា ដែល​ត្រូវ​បាន​បិទ​សិទ្ធិ​នយោបាយ លើកលែង​ទាំងអស់ ឱ្យ​ចូល​មក​រួមគ្នា​ប្រកួត​ទៅ លេងល្បែង​ប្រជាធិបតេយ្យ​ទៅ​។ យើង​ឃើញថា ប្រទេស​ប្រជាធិបតេយ្យ ពេល​ដែល​គេ​លេងល្បែង​ហ្នឹង ប្រទេស​គេ​រីកចម្រើន អញ្ចឹង​ល្មម​ដល់ពេល​ដែល​យើង​លេងល្បែង​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​ប្រទេស​រីកចម្រើន​ដែរ​ហើយ​បាទ»។

កាលពី​ថ្ងៃទី​១៩ ខែមិថុនា តុលាការ​កំពូល​បានសម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ​ដោយ​ព្យួរទោស និង​ហាម​មិន​ឲ្យ​ចាក​ចេញពី​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ មិន​ឲ្យ​ថ្លែង​សារ​នយោបាយ ឬ​បង្ហាញមុខ​នៅ​វេទិកា​ទី​សាធារណៈ និង​ដក​សិទ្ធ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ជាដើម។

កន្លងមក គណបក្សជំទាស់ ប្រជាពលរដ្ឋ សង្គម​ស៊ីវិល អង្គការ​ជាតិ និង​អន្តរជាតិ តែង​ទទូច​ស្នើសុំ​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន សែន បើក​លំហ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ឡើងវិញ ដើម្បី​បញ្ឈប់​ការរិះគន់​ពី​អន្តរជាតិ និង​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ បោះឆ្នោត​នា​ពេល​ខាងមុខ ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ