

សមត្ថកិច្ចរាជធានី បានឃាត់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំងលោក អ៊ុក ពេជ្រសំណាង ជាថ្មីទៀត ក្រោយពីលោកចូលរួមសកម្មភាពជាមួយ លោក រ៉ុង ឈុន យកញត្តិទៅថ្វាយព្រះមហាក្សត្រ។ អ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនលោក អ៊ុក ពេជ្រសំណាង រួមទាំងការបន្តចាប់ខ្លួន និង ដាក់ពន្ធនាគារលើសកម្មជនសង្គម និង សកម្មជននយោបាយ គឺជាការផ្គើនអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។
លោក អ៊ុក ពេជ្រសំណាង ដែលជាអ្នកគាំទ្រគណបក្សប្រឆាំងឥតងាករេម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅរសៀលថ្ងៃទី០២ ខែកញ្ញា ក្រោយពេលលោកបានរួមដំណើរជាមួយទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ក្នុងការនាំយកញត្តិទៅថ្វាយព្រះមហាក្សត្រ។ សមត្ថកិច្ច បានឃាត់ខ្លួនលោក អ៊ុក ពេជ្រសំណាង បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោក បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សកម្មភាពរួមដំណើរ ជាមួយលោក រ៉ុង ឈុន។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍នៅថ្ងៃទី០៣ ខែកញ្ញា ថា នៅពេលនេះ លោក អ៊ុក ពេជ្រសំណាង ស្ថិតនៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែ ពុំមានការបញ្ជាក់ថា លោកត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោទប្រកាន់អ្វីនៅឡើយទេ។
លោក អំ សំអាត ៖ «យើងក៏មិនងដឹងថា តើមន្ត្រីនគរបាលយុត្តិធម៌បានកសាងសំណុំរឿង និងចោទប្រកាន់លោកពីបទអី ហើយថា ត្រូវបញ្ជូនទៅតុលាការ ឬក៏ ដោះលែង គឺយើងមិនទាន់មានព័ត៌មានហ្នឹងនៅឡើយដែរ»។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ មិនធ្វើអត្ថាធិប្បាយ ជុំវិញការឃាត់ខ្លួនលោក អ៊ុក ពេជ្រសំណាង ទេ ដោយលោកប្រាប់ឱ្យទៅសួរអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។
លោក ជួន ណារិន្ទ៖«សុំជួបខាងអ្នកនាំពាក្យ ស្នងការខ្ញុំ ព្រោះខ្ញុំកំពុងប្រជុំកម្លាំងអន្តរាគមន៍បន្តិច ជួបអ្នកនាំពាក្យ សំ វិច្ឆិកា»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យស្នងការនគរបាលរាជធានី ភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី០៣ ខែកញ្ញានេះ។
ជុំវិញរឿងនេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន កាលពីថ្ងៃទី០២ ខែកញ្ញា រួមជាមួយអ្នកគាំទ្ររបស់លោក ដែលមានលោក អ៊ុក ពេជ្រសំណាង ដែរ បាននាំគ្នាញត្តិទៅថ្វាយព្រះមហាក្សត្រ ដល់ព្រះបរមរាជវាំង ដើម្បីសុំអន្តរាគមន៍ពីព្រះអង្គ ឱ្យជួយដោះស្រាយបញ្ហាសិទ្ធិនយោបាយ។
លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍នៅថ្ងៃទី៣ ខែកញ្ញា ថា លោកមានការភ្ញាក់ផ្អើល ពេលបានឮដំណឹងអំពីការឃាត់ខ្លួនលោក អ៊ុក ពេជ្រសំណាង ដោយគ្រាន់តែចូល រួមសម្ដែងមតិលើកទឹកចិត្តអ្នកនយោបាយប្រឆាំង។ ទីប្រឹក្សាសមាគមគ្រូបង្រៀន រូបនេះ មានប្រសាសន៍ថា ការឃាត់ខ្លួនលោក អ៊ុក ពេជ្រសំណាង គឺជារូបភាព បំភិតបំភ័យពលរដ្ឋ ដែលសកម្មក្នុងការតស៊ូមតិចង់បានសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។
លោក រ៉ុង ឈុន ៖«អាជ្ញាធររាជធានីភ្នំពេញ ត្រូវដោះលែង ឱ្យគាត់មានសេរីភាពឡើងវិញទៅ ពីព្រោះយើងដឹងហើយប្រទេសកំពុងស្ថិតនៅស្ថានភាពមួយ ដែលគេមើលឃើញថា កម្ពុជាយើងតែងតែមានការរំលោភនូវសិទ្ធិមនុស្ស រំលោភនូវ សេរីភាព ហើយអន្តរជាតិក្ដី ជាពិសេស អ្នករាយការណ៍ពិសេស លោក ថម អេនឌ្រូ ដែលបានផ្ដល់ចង្អុលបង្ហាញ ទាក់ទងនឹងដំណើរការការគោរពសិទ្ធិមនុស្ស ក៏ដូចជា សេរីភាព ត្រូវតែបានផ្ដល់ជូនប្រជាពលរដ្ឋ»។
អ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនលោក អ៊ុក ពេជ្រសំណាង រួមទាំងការបន្ដចាប់ខ្លួន និង ដាក់ពន្ធនាគារលើសកម្មជនសង្គម និង សកម្មជននយោបាយ គឺជាការផ្គើននឹងអនុសាសន៍របស់អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ ប្រចាំនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែលធ្លាប់ ប្រាប់លោក ហ៊ុន ម៉ាណែត ចំៗនៅចំពោះមុខ កាលពីចុងខែកក្កដា ឱ្យផ្ដល់សេរីភាព ដល់អ្នកទោសមនសិការ និងអ្នកទោសនយោបាយ។
នេះគឺជាលើកទី៤ហើយ ដែលអ្នកគាំទ្រគណបក្សប្រឆាំងឥតងាករេ គឺលោក អ៊ុក ពេជ្រសំណាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ មុនការចាប់ខ្លួនលើកនេះ លោក អ៊ុក ពេជ្រសំណាង ធ្លាប់ជាប់ពន្ធនាគារចំនួន ៣ដងរួចហើយ។
លើកទី១ គឺក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ លោក អ៊ុក ពេជ្រសំណាង ជាប់ពន្ធនាគារ ដោយសារមូលហេតុតស៊ូនយោបាយ។ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះនរោត្ដម សីហនុ ដោះលែងឱ្យមានសេរីភាព ក្រោយពីមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ខណៈព្រះមហាក្សត្រ កាលនោះ បានផ្ដល់សេរីភាពដល់អ្នកទោសនយោបាយជាច្រើននាក់ ក្នុងនោះក៏មានលោក អ៊ុក ពេជ្រសំណាង ដែរ។
លើកទី២ លោកត្រូវបានសមត្ថកិច្ច ចាប់ខ្លួនម្ដងទៀត ក្នុងខែតុលា ឆ្នាំ២០១៤ ក្រោមហេតុផលចូលរួមការតវ៉ាដើម្បីទាមទារសិទ្ធិសេរីភាព។ គ្រានោះ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីទធ្វើកុប្បកម្ម ប៉ុន្តែ ក្រោយមក តុលាការបានដោះលែងលោក ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ក្រោយពីមានសេរីភាពនៅក្រៅឃុំរយៈពេលខ្លី លោក អ៊ុក ពេជ្រសំណាង ក៏ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនទៀត ជាលើកទី៣ ក្នុងខែតុលា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការ តវ៉ានៅមុខស្ថានទូតវៀតណាម។ លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលនោះ កាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ថែមទៀត ពីបទប្រើហិង្សាដោយ ចេតនា និងរារាំងអាជ្ញាធរ។ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៨ លោកត្រូវបានព្រះមហាក្សត្រ ដោះលែងឱ្យមានសេរីភាពវិញ រួមជាមួយសកម្មជននយោបាយ ផ្សេងទៀត។
ចុងក្រោយនេះ លោក អ៊ុក ពេជ្រសំណាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាលើកទី៤ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា បន្ទាប់ពីលោកបានរួមដំណើរជាមួយ លោក រ៉ុង ឈុន យកញត្តិទៅថ្វាយព្រះមហាក្សត្រ៕







