ក្រុមមន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់អាជ្ញាធរកម្ពុជាស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើមេខ្លោង និងអ្នកសម្របសម្រួលដែលពាក់ព័ន្ធនឹងអំពើជួញដូរសរីរាង្គ ឬការវះកាត់ប្តូរក្រលៀនឱ្យអ្នកជំងឺបរទេស ជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ។ មន្ត្រីសិទ្ធិមនុស្សបញ្ជាក់ថា អំពើជួញដូរសរីរាង្គគឺជាបទល្មើសឧក្រិដ្ឋ និងជាទម្រង់នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានជប៉ុនរាយការណ៍ថា អ្នកជំងឺជប៉ុនម្នាក់ទៀតបានធ្វើដំណើរមកកម្ពុជា ដើម្បីវះកាត់ប្តូរតម្រងនោម ឬក្រលៀន និងបានបង់លុយជាង ១៥ម៉ឺន ៧ពាន់ដុល្លារអាមេរិកទៅឱ្យបណ្ដាញជួញដូរ និងអ្នកសម្របសម្រួល។
ករណីជួញដូរសរីរាង្គកំពុងក្លាយជារឿងអាស្រូវបន្ថែមមួយទៀតសម្រាប់កម្ពុជា ខណៈអំពើជួញដូរមនុស្ស និងការរីកសាយភាយនៃអំពើឆបោកតាមអនឡាញនៅតែបន្តរីករាលដាលនៅទូទាំងប្រទេសនៅឡើយ។
ក្រុមមន្ត្រីសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា ពលរដ្ឋខ្មែរក្រីក្រអាចក្លាយជាជនរងគ្រោះ និងជាគោលដៅសំខាន់របស់បណ្ដាញឧក្រិដ្ឋជនដែលបញ្ឆោត និងលួងលោមឱ្យយល់ព្រមវះកាត់ ឬផ្លាស់ប្ដូរសរីរាង្គរបស់ខ្លួន ជាថ្នូរនឹងទទួលបានប្រាក់កម្រៃ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៧ ខែកញ្ញា ថា អំពើជួញដូរសរីរាង្គ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងខុសច្បាប់។ លោកបញ្ជាក់ថា នៅប្រទេសមួយចំនួន ការផ្លាស់ប្ដូរសរីរាង្គស្ថិតក្រោមច្បាប់តឹងរ៉ឹង និងអាចធ្វើឡើងបានតែក្នុងលក្ខខណ្ឌបរិច្ចាគដោយស្ម័គ្រចិត្តប៉ុណ្ណោះ។
លោក អំ សំអាត អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យស៊ើបអង្កេតជាបន្ទាន់លើមេខ្លោង និងអ្នកសម្របសម្រួលដែលពាក់ព័ន្ធនឹងការជួញដូរសរីរាង្គនៅកម្ពុជា ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋក្រីក្រ ធ្លាក់ខ្លួនក្លាយជាជនរងគ្រោះកាន់តែច្រើនដោយសារអំពើជួញដូរសរីរាង្គ។
លោក អំ សំអាត៖ «ដូចរឿងជនជាតិជប៉ុនអ៊ីចឹង វាប៉ះពាល់សម្រាប់កម្ពុជាយើង មុខមាត់កម្ពុជាយើង ទាក់ទងនឹងមានភ្នាក់ងារសម្របសម្រួល ធ្វើការបញ្ជូនមកផ្លាស់ប្ដូរនូវសរីរាង្គ ជាពិសេសក្រលៀន ដោយចំណាយអស់ថវិកាច្រើន។ អាហ្នឹងបើសិនជាយើងមើលទៅ វាទៅជារឿងមួយខុសច្បាប់ រឿងជួញដូរសរីរាង្គ។ អ៊ីចឹង ដើម្បីឱ្យមានតម្លាភាព និងការទប់ស្កាត់ ដើម្បីកុំឱ្យមានការចោទប្រកាន់ ទាក់ទងនឹងកម្ពុជាយើងមានការជួញដូរសរីរាង្គហ្នឹង អាជ្ញាធរដែលពាក់ព័ន្ធ ត្រូវតែធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ដោយតម្លាភាព និងយុត្តិធម៌ ហើយនិងបង្ហាញនូវតម្លាភាពទៅលើករណីទាំងអស់នេះ ដើម្បីទប់ស្កាត់កុំឱ្យមានការជួញដូរសរីរាង្គកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង»។
ក្ដីកង្វល់របស់មន្ត្រីសិទ្ធិមនុស្សបែបនេះ កើតឡើងបន្ទាប់ពីកាសែតជប៉ុន នីកគី អេស៊ា (Nikkei Asia) បានរាយការណ៍កាលពីថ្ងៃទី៥ ខែកញ្ញា ថា អ្នកជំងឺតម្រងនោមជនជាតិជប៉ុនដែលត្រូវលាងឈាមជាប្រចាំ បានរិះរកមធ្យោបាយវះកាត់ប្ដូរតម្រងនោមនៅក្រៅប្រទេសដោយខុសច្បាប់ ខណៈការផ្លាស់ប្ដូរសរីរាង្គនៅក្នុងប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតសរីរាង្គបរិច្ចាគ និងត្រូវរង់ចាំក្នុងរយៈពេលយូរ។
កាសែតដដែលបានរាយការណ៍ថា បុរសជប៉ុនម្នាក់វ័យជាង ៧០ឆ្នាំ ដែលមានជំងឺតម្រងនោមអស់រយៈពេលជាង ១០ឆ្នាំ បានធ្វើដំណើរមកកម្ពុជា ដើម្បីវះកាត់ប្តូរក្រលៀន តាមរយៈការសម្របសម្រួលរបស់មជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រឯកជនមួយនៅទីក្រុងតូក្យូ។ អ្នកជំងឺជប៉ុនរូបនោះ ត្រូវបានរាយការណ៍ថា បានបង់ប្រាក់ជាង ១៥ម៉ឺន ៧ពាន់ដុល្លារអាមេរិក ទៅឱ្យអ្នកសម្របសម្រួលក្នុងស្រុក សម្រាប់ការរៀបចំធ្វើដំណើរមកកម្ពុជា និងការវះកាត់ប្ដូរក្រលៀន។
ទោះជាយ៉ាងណា អាជ្ញាធរជប៉ុនមិនបានបង្ហាញអត្តសញ្ញាណអ្នកជំងឺ និងអត្តសញ្ញាណអ្នកផ្ដល់ក្រលៀន ឬក្រុមគ្រូពេទ្យដែលពាក់ព័ន្ធនឹងការវះកាត់ប្តូរសរីរាង្គនៅកម្ពុជានោះឡើយ។ ក្រសួងសុខាភិបាលជប៉ុនព្រមានថា ការជួញដូរសរីរាង្គ និងការសម្របសម្រួលការប្តូរសរីរាង្គដោយគ្មានការអនុញ្ញាតគឺជាអំពើខុសច្បាប់ ទោះបីការវះកាត់ធ្វើនៅក្រៅប្រទេសក៏ដោយ។
ក្នុងសំណុំរឿងនេះ អាជ្ញាធរជប៉ុនជឿថា ពាក់ព័ន្ធនឹងជនជាប់ចោទគឺលោក ហ៊ីរ៉ូមិជិ គិកុជិ (Hiromichi Kikuchi) ដែលជាអតីតនាយកប្រតិបត្តិនៃអង្គការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ លោក និងបក្ខពួក ២នាក់ទៀតត្រូវបានអាជ្ញាធរជប៉ុនឃាត់ខ្លួនកាលពីដើមខែកក្កដា និងត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ស្ដីពីការប្ដូរសរីរាង្គរបស់ជប៉ុន ដែលហាមឃាត់ការសម្របសម្រួលការប្ដូរសរីរាង្គជាថ្នូរទទួលប្រាក់កម្រៃ។ លោក ហ៊ីរ៉ូមិជិ គិកុជិ (Hiromichi Kikuchi) ក៏ធ្លាប់ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធការជួញដូរមនុស្ស និងវះកាត់ប្ដូរសរីរាង្គនៅប្រទេសបេឡារុស (Belarus)។
អាជ្ញាធរជប៉ុនធ្លាប់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានជប៉ុនថា ជនសង្ស័យទាំង ៣នាក់នេះបានឃុបឃិតគ្នាស្វែងរកអ្នកជំងឺជនជាតិជប៉ុនដែលត្រូវការប្ដូរតម្រងនោម ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំឯកសារ និងការធ្វើដំណើរវះកាត់ប្ដូរសរីរាង្គនៅក្រៅប្រទេស។ មុនពេលឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ក៏បានបញ្ជូនអ្នកជំងឺតម្រង់នោមជនជាតិជប៉ុនម្នាក់មកកម្ពុជា ដើម្បីផ្លាស់ប្ដូរក្រលៀន ជាថ្នូរទទួលបានប្រាក់ពីអ្នកជំងឺជាង ២២ម៉ឺនដុល្លារ។ ប៉ូលិសជប៉ុនលាងត្រដាងថា ក្រុមគ្រូពេទ្យជនជាតិចិនគឺជាបណ្ដេញក្រុមជនសង្ស័យ និងបានវះកាត់ប្ដូរតម្រងនោមឱ្យអ្នកជំងឺជនជាតិជប៉ុនរូបនេះនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ចំណែកសរីរាង្គ ឬក្រលៀនដែលគ្រូពេទ្យជនជាតិចិនបានប្ដូរឱ្យអ្នកជំងឺនោះគឺបានមកពីស្ត្រីជនជាតិខ្មែរ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានចេញមុខបកស្រាយ និងបង្ហាញចំណាត់ការស៊ើបអង្កេតជុំវិញករណីជួញដូរសរីរាង្គនេះឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី៧ ខែកញ្ញា។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា លើកឡើងថា ខណៈអាជ្ញាធរកំពុងផ្ដោតការបង្ក្រាបលើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ សមត្ថកិច្ចហាក់មើលរំលង ឬមិនមានចំណាត់ការស៊ើបអង្កេតជាក់លាក់លើមេខ្លោងដែលពាក់ព័ន្ធនឹងការជួញដូរសរីរាង្គនៅកម្ពុជានៅឡើយ។ លោកថា អំពើជួញដូរសរីរាង្គនេះ កំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា បន្ថែមមួយកម្រិតទៀត ពីលើបញ្ហាអំពើឆបោកតាមអនឡាញ ដែលកំពុងកើតមាននៅក្នុងប្រទេស។
លោក ឌី ថេហូយ៉ា ព្រមានថា ពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ អាចក្លាយជាជនរងគ្រោះកាន់តែច្រើន ដោយសារពួកគាត់ខ្វះការអប់រំ និងការយល់ដឹងអំពីគ្រោះថ្នាក់នៃការជួញដូរសរីរាង្គ ខណៈរដ្ឋាភិបាលមិនទាន់បានផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋានអំពីបញ្ហានេះឱ្យបានទូលំទូលាយនៅឡើយ។
លោក ឌី ថេហូយ៉ា៖ «ការជួញដូរសរីរាង្គនេះនៅប្រទេសកម្ពុជា ត្បិតតែវាមានកើតមានមែន ប៉ុន្តែ របៀបនៃការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ហាក់ដូចជាមិនទាន់តឹងតែង ហើយអ្នកដែលប្រព្រឹត្តអំពើបែបនេះ មិនទាន់ទទួលបាននូវការកាត់ទោស ហើយក៏មិនមានការផ្សព្វផ្សាយល្បីល្បាញអីនៅឡើយទេ។ ជាការព្រួយបារម្ភមួយទៀត គឺ ធម្មតាកាលណាពលរដ្ឋមិនយល់ដឹង ការអនុវត្តច្បាប់នៅធូរលង់ បញ្ហាដែលធំ គឺថា វាជះឥទ្ធិពលទៅលើការពង្រីកនូវបណ្ដាញនៃការជួញដូរសរីរាង្គ។ អ៊ីចឹង អ្នកដែលប៉ះពាល់ គឺពលរដ្ឋខ្មែរ បើសិនជារឿងនេះវាកើតកាន់តែច្រើនទៅៗ កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ជាតិខ្មែរទាំងមូលហ្នឹង វានឹងល្បីសុះសាយទូទាំងសកលលោកទៀតហើយ»។
ច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្សរបស់កម្ពុជាឆ្នាំ២០១៦ បញ្ជាក់ថា ការបរិច្ចាគ និងទទួលសរីរាង្គ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ឬក្នុងគោលបំណងសប្បុរសធម៌ និងមនុស្សធម៌តែប៉ុណ្ណោះ ដោយមិនអាចធ្វើឡើងក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម ឬជាថ្នូរនឹងការទទួលប្រាក់កម្រៃឡើយ។ មាត្រា ២២ នៃច្បាប់នេះ ចែងថា អ្នកដែលល្បួង លួងលោម ឬអូសទាញឱ្យអ្នកបរិច្ចាគសរីរាង្គ ឬវះកាត់ដកយកកោសិកា ឬសរីរាង្គណាមួយដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ៕









