រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា​បញ្ហា​គ្រឿងញៀន​ចោរកម្ម និង​ក្មេង​ទំនើង​កំពុង​កើនឡើង​ខ្លាំង​នៅ​​មូលដ្ឋាន

0
62
អាជ្ញាធរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបង្ហាញសកម្មភាពបង្ក្រាបគ្រឿងញៀន។ រូប​នគរបាលជាតិ
អាជ្ញាធរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបង្ហាញសកម្មភាពបង្ក្រាបគ្រឿងញៀន។ រូប​នគរបាលជាតិ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ទទួលស្គាល់​ថា បញ្ហា​គ្រឿងញៀន ចោរកម្ម និង​ក្មេង​ទំនើង កំពុងតែ គំរាមកំហែង​ពលរដ្ឋ នៅ​តាម​មូលដ្ឋាន កាន់តែ​ខ្លាំង ដោយ​លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង តាមរបៀប​យុទ្ធសាស្ត្រ​ចារកម្ម​តាមដាន​ឱ្យ​ដិតដល់ ដូចដែល​បក្ស​កាន់អំណាច បាន​ធ្វើ​ដោយ​ជោគជ័យ​ប្រឆាំង​លើ​សកម្មជន​នយោបាយ និង​សង្គម​។ អ្នកឃ្លាំមើល​រិះគន់​ថា ដរាបណា រដ្ឋាភិបាល មិន​ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដែល ជាប់​ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល យក​មក​ផ្ដន្ទាទោស​ទេ គ្មាន​ថ្ងៃ​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន​បាន​នោះ​ទេ។

បើ​ទោះបី​ជា អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែ​បង្ហាញ​ពី​របាយការណ៍​បង្ក្រាប និង​ចាប់ ក្មេង​ទំនើង ចោរកម្ម និង​អ្នកប្រើប្រាស់​គ្រឿងញៀន រាប់​សិប​ករណី​ក្ដី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ទទួលស្គាល់​ថា បញ្ហា​គ្រឿងញៀន ចោរកម្ម និង​ក្មេង​ទំនើង នៅតែ​ជា​ហានិភ័យ​ខ្ពស់​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ អ្នកឃ្លាំមើល​រិះគន់​ថា ករណីនេះ ព្រោះតែ រដ្ឋាភិបាល​បង្ក្រាប​តែ​ករណី​តូចតាច ខណៈ​មេខ្លោង​ធំៗ មិន​ត្រូវ​បាន​ចាប់ខ្លួន ហើយ​មន្ត្រី​ខ្លះ ចាំ​កាង​ការពារ​ជនល្មើស ព្រោះ​បាន​ប្រយោជន៍។

ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​របស់​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ នៅ​ថ្ងៃទី​០៧ ខែកញ្ញា​លោក ស សុខា លើកឡើង​ថា បើ​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​ជាង​៤០០ ឃុំ​-​សង្កាត់ របស់​ក្រសួង មហាផ្ទៃ ឃើញថា បញ្ហា​គ្រឿងញៀន ចោរកម្ម ក្មេង​ទំនើង និង​ល្បែងស៊ីសង ជាដើម កំពុងតែ​កើនឡើង​ច្រើន​នៅ​តាម​មូលដ្ឋាន​។ លោក​អះអាង​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច ដកហូត​បាន សារធាតុ​ញៀន និង​គ្រឿងញៀន រហូតដល់​តោន ខណៈ​ដែល​កាលពីមុន​បង្ក្រាប បាន​ត្រឹមតែ ៤ ទៅ ៥​គីឡូក្រាម ប៉ុណ្ណោះ​។​

លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ពិនិត្យ​ឡើងវិញ ហើយ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ដិតដល់ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចារកម្ម ដែល​បក្ស​កាន់អំណាច​តែងតែ​ប្រើ​ដើម្បី​តាមដាន មក​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​ដទៃទៀត ដែល​សូម្បីតែ​ចូល​បន្ទាប់​ទឹក​ក៏​អាជ្ញាធរ​ដឹង​ដែរ​។ ទន្ទឹមគ្នា​នោះ លោក​ថា បញ្ហា​គ្រឿងញៀន ជា​បញ្ហា​ស្មុគស្មាញ មិនមែន​មានតែ នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

លោក ស សុខា៖ «កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត តាមដាន​សកម្មជន​ណាក៏ដោយ ទោះបីជា​ឥឡូវ​យើង​និយាយ​ក្នុង​នេះ​ចុះ​ថា សូម្បីតែ​គាត់​ទៅ​បន្ទប់ទឹក​ក៏​យើង​ដឹង​ដែរ​។ ចុះ​ម៉េច យើង​មិន​យក​ប្រើប្រាស់​ប្រព័ន្ធ​ចារកម្ម​របៀប​ដែល​យើង​ធ្វើ​ហ្នឹង​ទៅ​អនុវត្ត​ទៅលើ​គ្រឿងញៀន​ហ្នឹង​? ព្រោះ​ឥឡូវ​គ្រឿងញៀន​នេះ ទោះបីជា​យើង​ដុត​ម្ដងៗ​មាន​ចំនួន​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្តែ​ការ​ចាប់​ថ្មីៗ​នេះ ពីមុន​យើង​គិតថា​ត្រឹមតែ ៣, ៤, ៥ គីឡូ​ច្រើន ឥឡូវ​ចាប់​ម្ដងៗ​ក្បែរ​តោន​។ នេះ គឺជា​បញ្ហា​ធំ​ណាស់​! មួយចំនួន​ឆ្លងកាត់ មួយចំនួន​ប្រើប្រាស់​នៅ​កម្ពុជា»។

បើ​ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល និង​ពលរដ្ឋ​តែងតែ​រិះគន់​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​បោសសម្អាត​បញ្ហា​គ្រឿងញៀន នៅ​កម្ពុជា​នោះ​ឡើយ ព្រោះ​មាន​មន្ត្រី​ជាច្រើន បាន​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ខណៈ​មន្ត្រី​នគរបាល​ខ្លះ មាន​តួនាទី​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប៉ុន្តែ​រង​ការ​រិះគន់​ថា ជា​អ្នក​ចាំ​កាង​ការពារ​ឱ្យ​មេខ្លោង​ជួញដូរ​គ្រឿងញៀន ហើយ​តំបន់​ខ្លះ​មាន​មន្ត្រី​នគរបាល គឺជា​ផ្នែក​ងា​ចែកចាយ​គ្រឿងញៀនៗ ដើម្បី​ជា​ថ្នូរ​រួច​ផុត​ពី​ការ​ចាប់ខ្លួន​។ ចំណែក​តំបន់​ខ្លះ ទាល់​តែ​មាន​ពលរដ្ឋ​រិះគន់​ខ្លាំង រឿង​គ្រឿងញៀន ទើប​សមត្ថកិច្ច​ចុះ​បង្ក្រាប។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៧ ខែកញ្ញា​ថា បញ្ហា គ្រឿងញៀន មាន​ភាពស្មុគស្មាញ ព្រោះ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ជួញដូរ និង​អ្នក​ចាំ​កាង​ការពារ​នៅ​ពីក្រោយ ប៉ុន្តែ លោ​កថា​ភាពស្មុគស្មាញ​នេះ មិនអាច ជា​លេស​សម្រាប់​ការ​បង្ក្រាប ដោយ​គ្មាន​ប្រសិទ្ធភាព បាន​នោះ​ទេ​។ ទន្ទឹមគ្នា​នោះ លោក​ថា ការ​លើកឡើង​របស់​លោក ស សុខា ដែល​ថា​គ្រឿងញៀន ក្មេង​ទំនើង និង​ចោរកម្ម នៅតែ​មាន​កម្រិត​ខ្ពស់ នេះ​បង្ហាញថា ការ​ដោះស្រាយ​កន្លងមក​របស់​សមត្ថកិច្ច គ្មាន​ប្រសិទ្ធភាព ហើយ​មាន​ភាព​មិន​ប្រក្រតី ដែល​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជាពិសេស ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ។

លោក សេង វណ្ណលី យល់​ឃើញ​ថា ការដែល​លោក ស សុខា ឱ្យ​អាជ្ញាធរ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចារកម្ម ដែល​បង្កើត​ឡើង​ដើម្បី​តាមដាន​សកម្មជន​នានា កន្លងមក នេះ​បង្ហាញថា​តើ អាជ្ញាធរ​បាន​ចាត់ទុក​បញ្ហា​គ្រឿងញៀន និង​ការ​តាម​សកម្មជន​នយោបាយ និង​សង្គម មួយ​ណា​ជា​អាទិភាព ទើបបាន​អាជ្ញាធរ​មិនដឹង​ពី​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ។ លោក​ជំរុញ​ឱ្យ​កម្លាំង​ស៊ើបអង្កេត​គួរ​ផ្ដោត​លើ​អ្នក​ជួញដូរ មេខ្លោង និង​អ្នក​កាង​ពីក្រោយ ដោយមាន​ភស្តុតាង​ច្បាស់លាស់។

លោក សេង វណ្ណលី៖ «លោក ស សុខា ផ្ទាល់​ក៏​ធ្លាប់​លើកឡើង​ថា ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធំ​។ ដូច្នេះ ការស៊ើបអង្កេត​ត្រូវ​ទៅ​ឱ្យ​ដល់​មេខ្លោង អ្នក​ផ្ដល់​ទុន និង​មន្ត្រី​ដែល​អាច​ទទួល​ប្រាក់​ការពារ ឬ​ជួយ​ឱ្យ​ជនល្មើស​គេចខ្លួន​។ ប៉ុន្តែ​ការកំណត់​ថា​អ្នកណា​ពាក់ព័ន្ធ​ត្រូវ​ផ្អែកលើ​ភស្តុតាង​។ បើ​ចាប់​តែ​អ្នកប្រើប្រាស់​និង​អ្នកលក់​តូចតាច ខណៈ​បណ្ដាញ​ធំ​នៅ​ដំណើរការ បញ្ហា​នឹង​បន្ត​ដដែល​។ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត និង​ចាត់ការ​អ្នក​ពាក់ព័ន្ធ​ដោយ​មិន​គិត​ពី​តួនាទី ឬ​ខ្សែ​ទំនាក់ទំនង»។

ចំណែក អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ដើម្បី​អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន អាជ្ញាធរ​ត្រូវ​ចាប់​អ្នក​ជួញដូរ​គ្រឿងញៀន ហើយ​អ្នក​កាង​ការពារ​ជនល្មើស​ទាំងនោះ​។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ បញ្ហា​គ្រឿងញៀន​នេះ​មិនអាច​បន្ត​រីក​ធំ​បែបនេះ​ឡើយ។

លោក សេក សុជាតិ៖ «ការ​បោសសម្អាត​ថ្នាក់ក្រោម​ដែល​មាន​បណ្ដាញ និង​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​រវាង​បក្ខពួក និង​អំពើពុករលួយ គឺ​ពិបាក​នៅក្នុង​ការសម្រេច​គោលដៅ ឬក៏​ចក្ខុវិស័យ​ដែល​គាត់​ដាក់ចេញ​ណាស់​។ ហើយ​ត្រង់​កន្លែង​នេះ គឺជា​បុព្វហេតុ​ធំ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រប់យ៉ាង​ទាំងអស់​មិន​ទទួល​បាន​ជោគជ័យ​ទេ បើសិនជា​នៅតែ​បន្ត ឬក៏​រក្សា​នូវ​វប្បធម៌​លើក ប៉ុន្តែ​គ្មាន​វិធានការ​ច្បាស់លាស់​ពិតប្រាកដ​ថា អ្នក​ដែល​ធ្វើ​ខុសត្រូវ​មានទោស​កម្រិត​ណា ហើយ​អ្នក​ដែល​អន្តរាគមន៍​ត្រូវ​នឹង​ចាត់វិធានការ​ដូចម្ដេច​នោះ​បាទ»។

គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ​២០២៦ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​សរុប​ជាង​៧​ពាន់​( ៧,៤៥២) ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជិត​២​ម៉ឺន​( ១៩,៩៦៣) នាក់ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៦ ខែកញ្ញា​។ រីឯ ករណី ចោរកម្ម និង​ក្មេង​ទំនើង រយៈពេល​៨​ខែ​ចុង​ក្រោយនេះ អាជ្ញាធរ​បាន​បង្ក្រាប និង​ឃាត​ខ្លួន​ជនសង្ស័យ​រាប់​សិប​ករណី​។ អ្នកឃ្លាំមើល​រិះគន់​ថា នេះ​ជា​ការ​បរាជ័យ​ដ៏​ធ្ងន់​នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ដែល​តម្រូវ​ឱ្យ​ពិនិត្យ និង​កែសម្រួល​ឡើងវិញ ចំពោះ​ការអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ