ជនរងគ្រោះ​ចាញ់បោក​អ្នកស្រី ឡេង ចាន់ណា ប្រកាស​ធ្វើ​បាតុកម្ម​ធំ បើ​គ្មាន​ដំណោះស្រាយ ក្នុង​ខែ​កញ្ញា​នេះ

0
89
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

តំណាង​ជនរងគ្រោះ និង​ពលរដ្ឋ​រងគ្រោះ​ជា​ច្រើន​រូប ដែល​ចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ប្រកាស​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​គ្មាន​ដំណោះស្រាយ នៅក្នុង​ខែកញ្ញា​នេះ​ទេ​។ សង្គម​ស៊ីវិល លើកឡើង​ថា តុលាការ និង​អាជ្ញាធរ​គួរតែ​ពិចារណា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ចាញ់បោក​ក្រុមហ៊ុន ឡេង ចាន់ណា ក្នុង​ទ្រង់ទ្រាយ​ធំ។

ខណៈ​បានឃើញ​ការ​ប្ដេជ្ញាចិត្ត របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង ដឹកនាំ​សម្របសម្រួល​ដោះស្រាយ ជូន​អតិថិជន ដែល​ជាប់ផុង​ក្នុង​គម្រោង​សង់ផ្ទះ និង ដី​ឡូតិ៍ ៦​អា (6A) គម្រោង​ជ្រៃ​មួយរយ​របស់​ក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ពលរដ្ឋ​រងគ្រោះ​ដែល​ចាញ់បោក​ក្រុមហ៊ុន ប្រី​៊​លាន​ស៊ី​ធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ប្រកាស​ត្រៀមខ្លួន​ធ្វើបាតុកម្ម ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ខែ​កញ្ញា​នេះ ដើម្បី​តវ៉ា​រក​យុត្តិធម៌ ប្រសិនបើ នៅតែ​គ្មាន​ដំណោះស្រាយ ដែល​អាច​ទទួល​យក​បាន។

ជនរងគ្រោះ​នៅ​ខេត្តកំពង់ធំ ដែល​ចាញ់​ការ​ឆបោក​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ប្រមាណ ១០ ម៉ឺន​ដុល្លារ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែកញ្ញា ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា តុលាការ​ខេត្តសៀមរាប ប្រាប់​ពួកគាត់ អំពី​ការ ពន្យារពេល​រហូត រីឯ លោក គី តិច ដែល​ជា​មេធាវី​រដ្ឋាភិបាល ទទួលបន្ទុក​ការពារ​ក្ដី ឱ្យ​ជនរងគ្រោះ ជាង​មួយឆ្នាំ​មកនេះ មិនដែល​ឱ្យ​ជនរងគ្រោះ បាន​ជួបជជែក​ដោយផ្ទាល់​ដើម្បី​សាកសួរ​ព័ត៌មាន​នៃ​ដំណើរការ​ក្ដី​ឡើយ។

លោកស្រី​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា លោកស្រី នៅ​ជំពាក់​លុយ​ធនាគារ​ប្រមាណ ៦ ម៉ឺន​ដុល្លារ​ទៀត ដោយសារតែ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ហើយ ទោះបីជា​លក់​ទ្រព្យសម្បត្តិ ដីធ្លី ស្រែចម្ការ ស្ទើរ​លីង​ពី​គ្រួសារ​ទៅ​ហើយ ក៏​នៅ​សង​បំណុល​មិន​គ្រប់។

ជនរងគ្រោះ​រូប​នេះ​ថា ជិត ៣​ឆ្នាំ​មកនេះ គឺជា​រយៈពេល​យូរ​ពេក​ណាស់​ហើយ ដែល​ជនរងគ្រោះ ត្រូវ​នៅ​រង់ចាំ​ស្ដាប់​ចម្លើយ​ដោះសា​ពន្យារ​ពេល​ដដែលៗ របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង តុលាការ​ខេត្តសៀមរាប។ លោកស្រី​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ជាច្រើន ត្រៀមខ្លួន​រួចហើយ ក្នុង​ការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ បើ​គ្មាន​ដំណោះស្រាយ​សមរម្យ​នៅក្នុង​ខែកញ្ញា​នេះ​។​

ជនរងគ្រោះ​៖«​ថ្ងៃទី​១៥ ខែកញ្ញា​នេះ​គេ​កាត់ក្ដី​ឡេងចាន់ណា​ នៅ​តុលាការ​សៀមរាប តែ​ពិត​មិន​ពិត ខ្ញុំ​មិនដឹង​ដែរ សម្រាប់​ពួក​ខ្ញុំ ដែល​ជា​ជនរងគ្រោះ​ហ្នឹង នាំគ្នា​គិតថា បើសិនជា​ថ្ងៃទី​១៥ ខែ​កញ្ញា កាត់ក្ដី ឡេង ចាន់ណា​ហើយ នៅតែ​មិន​ប្រសើរ​ល្អ​ជូន​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​ទេ​។ ពួក​ខ្ញុំ​នឹង​នាំគ្នា​ធ្វើបាតុកម្ម ខ្នាត​ធំ លើក​នេះ លែង​ទុក​ពេក​ឱ្យ​ពួកគាត់​ហើយ ព្រោះ​អី​ទុក​ពេល​ឱ្យ​ពួកគាត់​យូរហើយ គាត់​ចេះតែ សុំ​រហូត​ថា មិន​ចាំ​ប្រតិកម្ម​អី​ទេ ពួកគាត់​ដោះស្រាយ​ឱ្យ តែ​គាត់​ចេះតែ​ពន្យារពេល​រហូត​អ៊ីចឹង​។ អ៊ីចឹង​ពួក​ខ្ញុំ​ត្រៀមកម្លាំង​ស្រាប់​ហើយ ចាំ​មើល​តែ​ថា ខែ​៩​ហ្នឹង មិន​មាន​ដំណោះស្រាយ​ទេ​មិន​មាន​ព័ត៌មាន​អី​ល្អ​ទេ ពួក​ខ្ញុំ​នឹង​នាំគ្នា​ធ្វើបាតុកម្ម​ខ្នាត​ធំ»។

តំណាង​មួយ​រូប នៃ​ជនរងគ្រោះ ដែល​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា តុលាការ​ខេត្តសៀមរាប អាជ្ញាធរ និង​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ហាក់ដូចជា​ត្រូវរ៉ូវ​គ្នា​សម្ដែង​រឿង​ចែក​លុយ​គ្នា​ចាយ ហើយ​បង្វែង​ដាន​បោកប្រាស់​ជនរងគ្រោះ ថា ពួកគេ​កំពុង​ខិតខំ​រក​ដំណោះស្រាយ​។ លោកស្រី ថា បើ​ពួកគេ​មាន​ឆន្ទៈ​ដោះស្រាយ​មែន ជិត ៣​ឆ្នាំ​មកនេះ គួរតែ​មាន​ពន្លឺ​ខ្លះ​ហើយ។

តំណាង​មួយ​រូប នៃ​ជនរងគ្រោះ​១៖ «​ខ្ញុំ​ចង់ឱ្យ​ខាង​ប្អូន​ចាក់​ផ្សាយ អំពី​តុលាការ​ខេត្ត​សៀមរាប ហើយនឹង​មេ​របស់ ឡេង ចាន់ណា ហ្នឹង គឺ​ដោះស្រាយ​នេះ គឺ​សម្ដែង​ហើយ យក​លុយ​របស់​ក្រុមហ៊ុន ដែល​ជា​ញើស​ឈាម​កម្លាំង​ប្រជាពលរដ្ឋ​គ្រប់គ្នា យក​ទុក​ហោប៉ៅ​ឯង ស៊ីចាយ​ហោប៉ៅ​ឯង​មិន​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ»។

ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​កញ្ញា​នេះ មិន​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​លោក យិន ស្រាង និង​មេធាវី​រដ្ឋាភិបាល លោក គី តិច ដើម្បី​ឆ្លើយតប នឹង​ការ​លើកឡើង​របស់​ជន​រងគ្រោះ​បាន​ទេ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​កញ្ញា​ថា ពេល​ប្រជាពលរដ្ឋ ប្រកាស​ធ្វើ​បាតុកម្ម​សម្ដែង​ឆន្ទៈ តវ៉ា​ចង់​បានយុត្តិធម៌ អាជ្ញាធរ​គួរតែ​ពិចារណា ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ចាញ់បោក ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា រហូត​រាប់​រយ​លាន​ដុល្លារ​បែបនេះ។ លោក​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទាន់​ពេល ដូច​ពលរដ្ឋ​រងគ្រោះ​ចង់​បាន​ទេ ហើយ​ជនរងគ្រោះ ចេញ​ធ្វើបាតុកម្ម​មែន​អាជ្ញាធរ​គួរតែ​សម្រួល​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជូន​ពលរដ្ឋ ជាជាង​ប្រើ​កម្លាំង​រារាំង។

លោក យិន ម៉េងលី មានប្រសាសន៍​ថា ករណី​ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា មិនមែន​ជា​កំហុស​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ រដ្ឋាភិបាល​គួរតែ​ទទួល​ខុស​ត្រូវ ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើ​ប្រតិបត្តិ​ការ​វិនិយោគ​រហូត​មាន​ឱកាស​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ប្រទេស។

លោក យិន ម៉េងលី៖ «ហេតុ​អី​បានឱ្យ​អាជ្ញាធរ​ទៅ​ជួយ​សម្របសម្រួល​បញ្ហា​ហ្នឹង ពលរដ្ឋ​កំពុង​តែ​មាន​ទុក្ខ​កង្វក់ ពី​ការ​ចាញ់បោក ហើយ​បើសិនជា​ពលរដ្ឋ​គាត់​នាំគ្នា ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទ្រង់ទ្រាយ​តូច​ក៏ដោយ ហើយ​អាជ្ញាធរ​ធ្វើការ​រារាំង​ប៉ះ​ទង្គិច​គ្នា​។ អ៊ីចឹង​ផ្លូវចិត្ត​របស់​ពួកគាត់​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​អ៊ីចឹង​ត្រូវតែ​មានការ​សម្រប សម្រួល​ឱ្យ​ពួកគាត់ គាត់​ចង់ទៅ​ត្រឹម​ទីណា ត្រឹម​កន្លែង​ណា​ឱ្យ​ពួកគាត់​ប្រាប់​ឱ្យ​ច្បាស់ ដែល​រងគ្រោះ​ដោយសារ​អំពើ​ទាំង​អស់ហ្នឹង»។

នៅក្នុង​សំណុំរឿង​របស់​ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា ដែល​បាន​ផ្ទុះ​រឿង អាស្រូវ​ឆបោក កាលពី​ក្នុង​ឆ្នាំ​២០២៣ ក្រៅពី​អ្នកស្រី ឡេង ចាន់ណា ដែលជា អគ្គនាយិកា និង​បក្ខពួក​មួយចំនួន​ទៀត ក៏​មាន​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជាច្រើន រូប​ដែល​ពាក​ព័ន្ធ ដូចជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក ស៊ាន បូរ៉ាត និងអនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោក ស ថាវី។

អ្នកស្រី ឡេង ចាន់ណា មុន ពេល​ត្រូវ​បាន​ចាប់ខ្លួន ធ្លាប់​បាន​ប្រកាស​ថា ក្រុមហ៊ុន ប្រ៊ីលានស៊ី​ធី របស់​អ្នកស្រី មាន​លោក ហ៊ុន ម៉ាណែត ជា​ខ្នងបង្អែក។ ប្រជាពលរដ្ឋ ជាង ១​ម៉ឺន​២​ពាន់​នាក់ ទាំង​ក្នុង និង​ក្រៅប្រទេស ចាញ់បោក​ក្រុមហ៊ុន​នេះ អស់​ប្រាក់ ជាង ៣០០​លាន​ដុល្លារ។

ជនរងគ្រោះ​ម្នាក់​ទៀត ដែល​ជំពាក់​លុយ​ធនាគារ​ជាង ១ម៉ឺន​ដុល្លារ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ថា ជនរងគ្រោះ ពិតជា​ទ្រាំ​មិនបាន ក្នុង​ការ​រង់ចាំ ដំណោះស្រាយ​ដ៏​យូរ របស់​រដ្ឋាភិបាល និង​តុលាការ។ លោកស្រី​ថា ជនរងគ្រោះ គ្រប់​ក្រុម​គ្រួសារ​ត្រូវ​រស់នៅ​ព្រាត់ប្រាស​គ្រួសារ ឪពុកម្ដាយ ប្ដី​ប្រពន្ធ​កូន ដើម្បី​ចែក ផ្លូវ​គ្នា​ទៅ​រក​លុយ ដោះបំណុល ផ្គត់ផ្គង់​គ្រួសារ និង​ព្យាបាល​ជំងឺ។

លោកស្រី​ឱ្យដឹង​ថា ជនរងគ្រោះ​កាន់តែ​ច្រើន កើត​ជំងឺ​សតិអារម្មណ៍ គិត​ខ្លី សម្លាប់ខ្លួន​ទាំង​នៅ​ក្មេង​។ លោកស្រី​ថា ជនរងគ្រោះ​ដែល​ចាញ់បោក​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា គឺ​រស់​ក្នុង​ស្ថានភាព​ដូច​ស្លាប់​ទាំង​រស់ ពីព្រោះ​ដាក់​លុយ​វិនិយោគ ជាមួយ​ក្រុមហ៊ុន មិនមែន​បង្កើត​លុយ តែ​បង្កើត​បំណុល​វ័ណ្ឌក​ទៅ​វិញ។

ជនរងគ្រោះ​៖ «​ខ្ញុំ​ឥឡូវ​មក​រក​ស៊ី​នៅ​ស្រុក​ផ្សេង ដល់​អ៊ីចឹង បែក​កូន​បែក​ចៅ ឥឡូវ​កូន​ដាក់​សេរ៉ូម គ្រុនឈាម​ទាំងពីរ​នាក់ គ្មាន​លុយ​ថ្លៃ​ពេទ្យ​ថ្លៃ​អី​ផង ពិបាក​ណាស់​រង់ ចាំ​ដំណោះស្រាយ ២​ឆ្នាំ​ជាង​ហើយ​។​ខ្ញុំ​ជំពាក់​ធនាគារ​១ ម៉ឺន​ដុល្លារ​ជាង ដោយសារតែ ខ្ញុំ​ចេះតែ​តាមដាន​មើលទៅ ហើយ​ឃើញថា ក្រុមហ៊ុន​ហ្នឹង​មាន​អនុញ្ញាត​ចេញពី​សម្ដេច មាន​សម្ដេច​កាត់​ខ្សែ​បូរ​អី​អ៊ីចឹង​ទៅ ភាព​ជឿជាក់​មួយ»។

នៅ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន មាន​ក្រុមហ៊ុន ឆបោក​ជាច្រើន​ទៀត ដែល​តុលាការ និង រដ្ឋាភិបាល មិនទាន់​ដោះស្រាយ​នៅ ឡើយ ហើយ​ទុក​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រងគ្រោះយូរ​ឆ្នាំ ដូចជា ក្រុមហ៊ុន ពិភពដី​មាស របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុន​អតីត​ឧកញ៉ា ជា សារ៉ន និង ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី (CIC) របស់​លោក គុយ វ៉ាត ជាដើម​។​

ក្រុមហ៊ុន​មួយចំនួន​ទៀត ក៏​ជាប់​ក្នុង​បញ្ជី​ឆបោក និង លាងលុយកខ្វក់​ដែរ រួមមាន ក្រុមហ៊ុន​ហ៊ួយវ័ន​ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដែល​ជា​បងជីដូនមួយ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប របស់​សាច់ញាតិ លោក ដួង ដារា ដែល​ជា​អតីត​ជំនួយការ​របស់​លោក ហ៊ុន សែន និង ក្រុមហ៊ុន​ដែល​កំពុង​ល្បី​រឿងអាស្រូវ​ចុងក្រោយ​នេះ គឺ​ក្រុមហ៊ុន​របស់​គ្រួសារ​អ្នក​ឧកញ៉ាឡេង ណាវ៉ាត្រា ដែល​ជា​ក្រុម​យុវជន​របស់​លោក ហ៊ុន ម៉ាណែត។

វិបត្តិ​នៃ​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និង វិបត្តិ​នៃ​ក្រុមហ៊ុន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធំ​ដូចគ្នា និង បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន ម៉ាណែត ដូចគ្នា​។ ក្រសួង​ដែនដី រូបនីយកម្ម និង សំណង់ អះអាង​ថា ក្រុមហ៊ុន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​ជំពាក់​ផ្ទះ និង​ដី​ឡូតិ៍ របស់​អតិថិជន ជាង ៣៨ ០០០​គ្រួសារ​ទៀត ហើយ​មក​ដល់​ពេល​នេះ ទើបតែ​ប្រគល់​ផ្ទះ ជូន​អតិថិជន បាន​ចំនួន ៥៩៨​ផ្ទះ ប៉ុណ្ណោះ ខណៈ​វិបត្តិ​ក្រុមហ៊ុន របស់​អ្នកស្រី ឡេង ចាន់ណា ក៏​នៅ​ជាប់​គាំង។

ជនរងគ្រោះ​មួយ​រូប ដែល​ជា​តំណាង​ជនរងគ្រោះ​ជាង ១​ម៉ឺន​នាក់ ដែល​ចាញ់បោក ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ធ្លាប់​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី ដឹង​ថា តុលាការ​ខេត្តសៀមរាប បាន​ប្រាប់​ពួកគាត់​ថា តុលាការ​ក៏​មាន​បងប្អូន​សាច់ញាតិ ចាញ់បោក ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា រាប់​សិប​ម៉ឺន​ដុល្លារ​ដែរ ហើយ​តុលាការ​ចង់​ដោះស្រាយ​ណាស់ ប៉ុន្តែ រឿង​នេះ​ធំ​ពេក និង​មានការ​ពាក់ព័ន្ធ​ស្មុគស្មាញ​ច្រើន ដែល​តុលាការ​ពិបាក​សម្រេច។ ប៉ុន្តែ ពេល​ជនរងគ្រោះ សួរនាំ​ពី​ការ​ជាប់​ពាក់ព័ន្ធ​ស្មុគស្មាញ​ទាំងនោះ​តុលាការ​ឆ្លើយ​បង្វែរ​ថា សូម​បន្ត​រង់ចាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ