

តំណាងជនរងគ្រោះ និងពលរដ្ឋរងគ្រោះជាច្រើនរូប ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើគ្មានដំណោះស្រាយ នៅក្នុងខែកញ្ញានេះទេ។ សង្គមស៊ីវិល លើកឡើងថា តុលាការ និងអាជ្ញាធរគួរតែពិចារណាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា ក្នុងទ្រង់ទ្រាយធំ។
ខណៈបានឃើញការប្ដេជ្ញាចិត្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និង សំណង ដឹកនាំសម្របសម្រួលដោះស្រាយ ជូនអតិថិជន ដែលជាប់ផុងក្នុងគម្រោងសង់ផ្ទះ និង ដីឡូតិ៍ ៦អា (6A) គម្រោងជ្រៃមួយរយរបស់ក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុន ប្រី៊លានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ប្រកាសត្រៀមខ្លួនធ្វើបាតុកម្ម ក្នុងទ្រង់ទ្រាយធំនៅក្នុងខែកញ្ញានេះ ដើម្បីតវ៉ារកយុត្តិធម៌ ប្រសិនបើ នៅតែគ្មានដំណោះស្រាយ ដែលអាចទទួលយកបាន។
ជនរងគ្រោះនៅខេត្តកំពង់ធំ ដែលចាញ់ការឆបោកក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ប្រមាណ ១០ ម៉ឺនដុល្លារ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញា ដោយសុំមិនបញ្ចេញឈ្មោះ ថា តុលាការខេត្តសៀមរាប ប្រាប់ពួកគាត់ អំពីការ ពន្យារពេលរហូត រីឯ លោក គី តិច ដែលជាមេធាវីរដ្ឋាភិបាល ទទួលបន្ទុកការពារក្ដី ឱ្យជនរងគ្រោះ ជាងមួយឆ្នាំមកនេះ មិនដែលឱ្យជនរងគ្រោះ បានជួបជជែកដោយផ្ទាល់ដើម្បីសាកសួរព័ត៌មាននៃដំណើរការក្ដីឡើយ។
លោកស្រីឱ្យទូរទស្សន៍អាស៊ីសេរីដឹងថា លោកស្រី នៅជំពាក់លុយធនាគារប្រមាណ ៦ ម៉ឺនដុល្លារទៀត ដោយសារតែចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ហើយ ទោះបីជាលក់ទ្រព្យសម្បត្តិ ដីធ្លី ស្រែចម្ការ ស្ទើរលីងពីគ្រួសារទៅហើយ ក៏នៅសងបំណុលមិនគ្រប់។
ជនរងគ្រោះរូបនេះថា ជិត ៣ឆ្នាំមកនេះ គឺជារយៈពេលយូរពេកណាស់ហើយ ដែលជនរងគ្រោះ ត្រូវនៅរង់ចាំស្ដាប់ចម្លើយដោះសាពន្យារពេលដដែលៗ របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និង តុលាការខេត្តសៀមរាប។ លោកស្រីឱ្យដឹងថា ជនរងគ្រោះជាច្រើន ត្រៀមខ្លួនរួចហើយ ក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំ បើគ្មានដំណោះស្រាយសមរម្យនៅក្នុងខែកញ្ញានេះ។
ជនរងគ្រោះ៖«ថ្ងៃទី១៥ ខែកញ្ញានេះគេកាត់ក្ដីឡេងចាន់ណា នៅតុលាការសៀមរាប តែពិតមិនពិត ខ្ញុំមិនដឹងដែរ សម្រាប់ពួកខ្ញុំ ដែលជាជនរងគ្រោះហ្នឹង នាំគ្នាគិតថា បើសិនជាថ្ងៃទី១៥ ខែកញ្ញា កាត់ក្ដី ឡេង ចាន់ណាហើយ នៅតែមិនប្រសើរល្អជូនពួកខ្ញុំប្រជាពលរដ្ឋទេ។ ពួកខ្ញុំនឹងនាំគ្នាធ្វើបាតុកម្ម ខ្នាតធំ លើកនេះ លែងទុកពេកឱ្យពួកគាត់ហើយ ព្រោះអីទុកពេលឱ្យពួកគាត់យូរហើយ គាត់ចេះតែ សុំរហូតថា មិនចាំប្រតិកម្មអីទេ ពួកគាត់ដោះស្រាយឱ្យ តែគាត់ចេះតែពន្យារពេលរហូតអ៊ីចឹង។ អ៊ីចឹងពួកខ្ញុំត្រៀមកម្លាំងស្រាប់ហើយ ចាំមើលតែថា ខែ៩ហ្នឹង មិនមានដំណោះស្រាយទេមិនមានព័ត៌មានអីល្អទេ ពួកខ្ញុំនឹងនាំគ្នាធ្វើបាតុកម្មខ្នាតធំ»។
តំណាងមួយរូប នៃជនរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា តុលាការខេត្តសៀមរាប អាជ្ញាធរ និងក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ហាក់ដូចជាត្រូវរ៉ូវគ្នាសម្ដែងរឿងចែកលុយគ្នាចាយ ហើយបង្វែងដានបោកប្រាស់ជនរងគ្រោះ ថា ពួកគេកំពុងខិតខំរកដំណោះស្រាយ។ លោកស្រី ថា បើពួកគេមានឆន្ទៈដោះស្រាយមែន ជិត ៣ឆ្នាំមកនេះ គួរតែមានពន្លឺខ្លះហើយ។
តំណាងមួយរូប នៃជនរងគ្រោះ១៖ «ខ្ញុំចង់ឱ្យខាងប្អូនចាក់ផ្សាយ អំពីតុលាការខេត្តសៀមរាប ហើយនឹងមេរបស់ ឡេង ចាន់ណា ហ្នឹង គឺដោះស្រាយនេះ គឺសម្ដែងហើយ យកលុយរបស់ក្រុមហ៊ុន ដែលជាញើសឈាមកម្លាំងប្រជាពលរដ្ឋគ្រប់គ្នា យកទុកហោប៉ៅឯង ស៊ីចាយហោប៉ៅឯងមិនដោះស្រាយឱ្យប្រជាពលរដ្ឋ»។
ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញានេះ មិនទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង និងមេធាវីរដ្ឋាភិបាល លោក គី តិច ដើម្បីឆ្លើយតប នឹងការលើកឡើងរបស់ជនរងគ្រោះបានទេ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និង ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុកលោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញាថា ពេលប្រជាពលរដ្ឋ ប្រកាសធ្វើបាតុកម្មសម្ដែងឆន្ទៈ តវ៉ាចង់បានយុត្តិធម៌ អាជ្ញាធរគួរតែពិចារណា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលចាញ់បោក ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា រហូតរាប់រយលានដុល្លារបែបនេះ។ លោកថា ប្រសិនបើគ្មានដំណោះស្រាយទាន់ពេល ដូចពលរដ្ឋរងគ្រោះចង់បានទេ ហើយជនរងគ្រោះ ចេញធ្វើបាតុកម្មមែនអាជ្ញាធរគួរតែសម្រួលសណ្ដាប់ធ្នាប់ និងសន្តិសុខជូនពលរដ្ឋ ជាជាងប្រើកម្លាំងរារាំង។
លោក យិន ម៉េងលី មានប្រសាសន៍ថា ករណីពលរដ្ឋចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា មិនមែនជាកំហុសរបស់ពលរដ្ឋទេ ប៉ុន្តែ រដ្ឋាភិបាលគួរតែទទួលខុសត្រូវ ដែលបានចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការវិនិយោគរហូតមានឱកាសបោកប្រាស់លុយប្រជាពលរដ្ឋ ក្នុងទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។
លោក យិន ម៉េងលី៖ «ហេតុអីបានឱ្យអាជ្ញាធរទៅជួយសម្របសម្រួលបញ្ហាហ្នឹង ពលរដ្ឋកំពុងតែមានទុក្ខកង្វក់ ពីការចាញ់បោក ហើយបើសិនជាពលរដ្ឋគាត់នាំគ្នា ធ្វើបាតុកម្មទ្រង់ទ្រាយធំទ្រង់ទ្រាយតូចក៏ដោយ ហើយអាជ្ញាធរធ្វើការរារាំងប៉ះទង្គិចគ្នា។ អ៊ីចឹងផ្លូវចិត្តរបស់ពួកគាត់កាន់តែធ្ងន់ធ្ងរថែមទៀតអ៊ីចឹងត្រូវតែមានការសម្រប សម្រួលឱ្យពួកគាត់ គាត់ចង់ទៅត្រឹមទីណា ត្រឹមកន្លែងណាឱ្យពួកគាត់ប្រាប់ឱ្យច្បាស់ ដែលរងគ្រោះដោយសារអំពើទាំងអស់ហ្នឹង»។
នៅក្នុងសំណុំរឿងរបស់ក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានផ្ទុះរឿង អាស្រូវឆបោក កាលពីក្នុងឆ្នាំ២០២៣ ក្រៅពីអ្នកស្រី ឡេង ចាន់ណា ដែលជា អគ្គនាយិកា និងបក្ខពួកមួយចំនួនទៀត ក៏មានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជាច្រើន រូបដែលពាកព័ន្ធ ដូចជា រដ្ឋលេខាធិការក្រសួងអប់រំ លោក ស៊ាន បូរ៉ាត និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី។
អ្នកស្រី ឡេង ចាន់ណា មុន ពេលត្រូវបានចាប់ខ្លួន ធ្លាប់បានប្រកាសថា ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អ្នកស្រី មានលោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។ ប្រជាពលរដ្ឋ ជាង ១ម៉ឺន២ពាន់នាក់ ទាំងក្នុង និងក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ ជាង ៣០០លានដុល្លារ។
ជនរងគ្រោះម្នាក់ទៀត ដែលជំពាក់លុយធនាគារជាង ១ម៉ឺនដុល្លារ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញា ថា ជនរងគ្រោះ ពិតជាទ្រាំមិនបាន ក្នុងការរង់ចាំ ដំណោះស្រាយដ៏យូរ របស់រដ្ឋាភិបាល និងតុលាការ។ លោកស្រីថា ជនរងគ្រោះ គ្រប់ក្រុមគ្រួសារត្រូវរស់នៅព្រាត់ប្រាសគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធកូន ដើម្បីចែក ផ្លូវគ្នាទៅរកលុយ ដោះបំណុល ផ្គត់ផ្គង់គ្រួសារ និងព្យាបាលជំងឺ។
លោកស្រីឱ្យដឹងថា ជនរងគ្រោះកាន់តែច្រើន កើតជំងឺសតិអារម្មណ៍ គិតខ្លី សម្លាប់ខ្លួនទាំងនៅក្មេង។ លោកស្រីថា ជនរងគ្រោះដែលចាញ់បោកក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា គឺរស់ក្នុងស្ថានភាពដូចស្លាប់ទាំងរស់ ពីព្រោះដាក់លុយវិនិយោគ ជាមួយក្រុមហ៊ុន មិនមែនបង្កើតលុយ តែបង្កើតបំណុលវ័ណ្ឌកទៅវិញ។
ជនរងគ្រោះ៖ «ខ្ញុំឥឡូវមករកស៊ីនៅស្រុកផ្សេង ដល់អ៊ីចឹង បែកកូនបែកចៅ ឥឡូវកូនដាក់សេរ៉ូម គ្រុនឈាមទាំងពីរនាក់ គ្មានលុយថ្លៃពេទ្យថ្លៃអីផង ពិបាកណាស់រង់ ចាំដំណោះស្រាយ ២ឆ្នាំជាងហើយ។ខ្ញុំជំពាក់ធនាគារ១ ម៉ឺនដុល្លារជាង ដោយសារតែ ខ្ញុំចេះតែតាមដានមើលទៅ ហើយឃើញថា ក្រុមហ៊ុនហ្នឹងមានអនុញ្ញាតចេញពីសម្ដេច មានសម្ដេចកាត់ខ្សែបូរអីអ៊ីចឹងទៅ ភាពជឿជាក់មួយ»។
នៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុន មានក្រុមហ៊ុន ឆបោកជាច្រើនទៀត ដែលតុលាការ និង រដ្ឋាភិបាល មិនទាន់ដោះស្រាយនៅ ឡើយ ហើយទុកឱ្យពលរដ្ឋរាប់ម៉ឺនគ្រួសាររងគ្រោះយូរឆ្នាំ ដូចជា ក្រុមហ៊ុន ពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន និង ក្រុមហ៊ុនស៊ីអាយស៊ី (CIC) របស់លោក គុយ វ៉ាត ជាដើម។
ក្រុមហ៊ុនមួយចំនួនទៀត ក៏ជាប់ក្នុងបញ្ជីឆបោក និង លាងលុយកខ្វក់ដែរ រួមមាន ក្រុមហ៊ុនហ៊ួយវ័នផេ (Huione Pay) របស់ឧកញ៉ា ហ៊ុន តូ ដែលជាបងជីដូនមួយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រុមហ៊ុនភូមិខ្មែរគ្រុប របស់សាច់ញាតិ លោក ដួង ដារា ដែលជាអតីតជំនួយការរបស់លោក ហ៊ុន សែន និង ក្រុមហ៊ុនដែលកំពុងល្បីរឿងអាស្រូវចុងក្រោយនេះ គឺក្រុមហ៊ុនរបស់គ្រួសារអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលជាក្រុមយុវជនរបស់លោក ហ៊ុន ម៉ាណែត។
វិបត្តិនៃក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និង វិបត្តិនៃក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធំដូចគ្នា និង បង្ហាញពីការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ដូចគ្នា។ ក្រសួងដែនដី រូបនីយកម្ម និង សំណង់ អះអាងថា ក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅជំពាក់ផ្ទះ និងដីឡូតិ៍ របស់អតិថិជន ជាង ៣៨ ០០០គ្រួសារទៀត ហើយមកដល់ពេលនេះ ទើបតែប្រគល់ផ្ទះ ជូនអតិថិជន បានចំនួន ៥៩៨ផ្ទះ ប៉ុណ្ណោះ ខណៈវិបត្តិក្រុមហ៊ុន របស់អ្នកស្រី ឡេង ចាន់ណា ក៏នៅជាប់គាំង។
ជនរងគ្រោះមួយរូប ដែលជាតំណាងជនរងគ្រោះជាង ១ម៉ឺននាក់ ដែលចាញ់បោក ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ធ្លាប់ឱ្យទូរទស្សន៍អាស៊ីសេរី ដឹងថា តុលាការខេត្តសៀមរាប បានប្រាប់ពួកគាត់ថា តុលាការក៏មានបងប្អូនសាច់ញាតិ ចាញ់បោក ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា រាប់សិបម៉ឺនដុល្លារដែរ ហើយតុលាការចង់ដោះស្រាយណាស់ ប៉ុន្តែ រឿងនេះធំពេក និងមានការពាក់ព័ន្ធស្មុគស្មាញច្រើន ដែលតុលាការពិបាកសម្រេច។ ប៉ុន្តែ ពេលជនរងគ្រោះ សួរនាំពីការជាប់ពាក់ព័ន្ធស្មុគស្មាញទាំងនោះតុលាការឆ្លើយបង្វែរថា សូមបន្តរង់ចាំ៕









