

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានរំឭកខួប ២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតរូបលោក ដោយនិយាយថា ហេតុការណ៍នេះបានផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោកក្នុងការចាកចេញពីតំណែង ហើយជំរុញឱ្យលោកពង្រឹងអំណាច និងបន្តកាន់តំណែងនាយករដ្ឋមន្ត្រីអស់រយៈពេលជាច្រើនទសវត្សរ៍។ ប៉ុន្តែអ្នកឃ្លាំមើលអះអាងថា ការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន ក្នុងការរក្សាឥទ្ធិពលនយោបាយ គឺផ្ទុយពីការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ បណ្តាលឲ្យប្រទេសកម្ពុជាដើរផ្ទុយពីរដ្ឋធម្មនុញ្ញ។
នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែកញ្ញា លោក ហ៊ុន សែន បាននិយាយថា ដើមឡើយ លោកមានគម្រោងចុះចេញពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ ហើយគ្រោងបន្តកាន់តំណែងត្រឹមឆ្នាំ២០០៣។ ប៉ុន្តែ ការវាយប្រហារនៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ បានធ្វើឱ្យលោកផ្លាស់ប្ដូរគំនិត។
លោកបានសរសេរថា ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ ពេលនោះហើយដែលលោកយកដៃដាក់លើក្បាល ដោយនិយាយក្នុងចិត្តថា លោកត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឱ្យខាងតែបាន។ លោក ថា មុនពេលកើតមានការវាយប្រហារ លោកធ្លាប់ស្នើសុំចុះចេញពីតំណែងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅផ្ទះរបស់លោកក្នុងទីក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពលោក ជា ស៊ីម ដែលជាប្រធានគណបក្សនៅពេលនោះ។ ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សមិនយល់ព្រមឱ្យលោកចុះចេញពីតំណែងនោះទេ។
លោកបាននិយាយថា លោកធ្លាប់គិតថានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០០៣ ប៉ុន្តែបន្ទាប់ពីការវាយប្រហារ លោកបានសម្រេចបន្តកាន់តំណែងរហូតដល់ពេលដែលលោកលែងចង់ធ្វើ។
ការវាយប្រហារនៅឆ្នាំ១៩៩៨ បានកើតឡើងនៅពេលកម្ពុជាកំពុងប្រឈមនឹងវិបត្តិនយោបាយ បន្ទាប់ពីការបោះឆ្នោតជាតិខែកក្កដា។ តាមសេចក្ដីរាយការណ៍នៅពេលនោះ គ្រាប់រ៉ុក្កែតត្រូវបានបាញ់ទៅកាន់ក្បួនរថយន្តដែលដឹកមេដឹកនាំនយោបាយនៅខេត្តសៀមរាប ប៉ុន្តែមិនបានត្រូវរថយន្តរបស់លោក ហ៊ុន សែន ទេ ហើយបានធ្លាក់ទៅលើផ្ទះមួយនៅក្បែរនោះ បណ្ដាលឱ្យកុមារាអាយុ១២ឆ្នាំម្នាក់ស្លាប់។ លោក ហ៊ុន សែន បានចាត់ទុកហេតុការណ៍នេះជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។
លោក ហ៊ុន សែន សរសេរបន្ថែមថា ក្រោយការវាយប្រហារឆ្នាំ១៩៩៨ លោកបានបោះបង់គម្រោងចុះចេញពីតំណែងនៅអាយុ៤៦ឆ្នាំ។ ផ្ទុយទៅវិញ លោកបានបន្តកាន់តំណែងនាយករដ្ឋមន្ត្រីរយៈពេល២៥ឆ្នាំទៀត មុនពេលចុះចេញពីតំណែងនៅអាយុ៧១ឆ្នាំ។
លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ១៩៨៥ និងកាន់តំណែងរហូតដល់ឆ្នាំ២០២៣ ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំនយោបាយមួយរូបក្នុងចំណោមអ្នកកាន់អំណាចយូរជាងគេបំផុតនៅលើពិភពលោក។
សៀវភៅមួយមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្ដេចតេជោ ហ៊ុន សែន» បានបង្ហាញការរៀបរាប់អំពីការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន។ សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ២០២៤ ហើយត្រូវបានគេរាយការណ៍ថា ផ្អែកលើសក្ខីកម្មរបស់លោកឧត្តមសេនីយ៍ មាស សុខុន ដែលធ្លាប់ជាអង្គរក្ស និងអ្នកបើកបររថយន្តឱ្យលោក ហ៊ុន សែន។
តាមការរៀបរាប់នៅក្នុងសៀវភៅ ការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន យ៉ាងហោចណាស់៥លើក ត្រូវបានអះអាងថាបានកើតឡើងចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨ ដោយការវាយប្រហារនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩៨ ត្រូវបានចាត់ទុកថាជាលើកទី៥។
សៀវភៅក៏បានចោទប្រកាន់ថា លោក សុខ យឿង ដែលត្រូវបានភ្ជាប់ជាមួយគណបក្ស សម រង្ស៊ី នៅពេលនោះ មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារឆ្នាំ១៩៩៨ ហើយថាលោកត្រូវបានជម្លៀសទៅប្រទេសថៃ និងបន្តទៅប្រទេសហ្វាំងឡង់។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បាននិយាយថា ការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន ក្នុងការរក្សាឥទ្ធិពលនយោបាយ គឺផ្ទុយពីការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ។ លោក ថា មេដឹកនាំនយោបាយគួរតែមានការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោត ហើយអំណាចនយោបាយមិនគួរត្រូវបានប្រមូលផ្ដុំក្នុងគ្រួសារតែមួយឡើយ។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា គ្រួសារលោក ហ៊ុន សែន ប្រើប្រាស់ស្ថាប័នរដ្ឋ រួមទាំងកងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសកម្មជននយោបាយ សង្គម និងបរិស្ថាន។
លោក ស៊ឹង សែនករុណា៖ «យើងអត់ចង់ឃើញរូបភាពនៃការដឹកនាំបង្កឱ្យអ្នកណាម្នាក់ឈឺចាប់នោះទេ ត្រូវដឹកនាំឱ្យមនុស្សគ្រប់រូប គ្រប់ភាគីពាក់ព័ន្ធ គ្រប់និន្នាការនយោបាយ ឱ្យគេរស់នៅក្នុង សេចក្តីសុខ សុវត្ថិភាព នៅក្នុងសង្គមមួយដែលធានាទៅដោយការគោរពសិទ្ធិមនុស្ស ដោយយុត្តិធម៌ ដោយមានការប្រកួតប្រជែងផ្នែកនយោបាយ មានប្រជាធិបតេយ្យយ៉ាងពិតប្រាកដ អាហ្នឹង គឺជារឿងអ្វីដែលគេចង់បានគ្រប់រូប»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរាយការណ៍អំពីការរឹតត្បិតលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងអំឡុងពេលលោក ហ៊ុន សែន កាន់អំណាច។
អ្នកឃ្លាំមើលសង្គមលើកឡើងថា អ្នកគាំទ្រលោក ហ៊ុន សែន បានផ្តល់កិត្តិយសដល់ការដឹកនាំរយៈពេលយូររបស់លោក ចំពោះការបញ្ចប់សង្គ្រាមជាច្រើនទសវត្សរ៍ និងការនាំមកនូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចដល់កម្ពុជា។ ប៉ុន្តែអ្នករិះគន់វិញអះអាងថា ប្រព័ន្ធនយោបាយកម្ពុជាបានប្រមូលផ្ដុំអំណាចកាន់តែខ្លាំងនៅជុំវិញគណបក្សប្រជាជនកម្ពុជា និងគ្រួសារលោក ហ៊ុន សែន ចំណែកគណបក្សប្រឆាំង និងអ្នករិះគន់ប្រឈមនឹងសម្ពាធយ៉ាងខ្លាំង។
ក្នុងពេលលោក ហ៊ុន សែន តែងបន្តរំឭកនូវអ្វីដែលលោកហៅថាជាការប៉ុនប៉ងធ្វើឃាតលើរូបលោកជារៀងរាល់ឆ្នាំនោះ ប៉ុន្តែនៅក្រោមការដឹកនាំរបស់លោកជាង៤ទសវត្សរ៍មកនេះ មនុស្សជាច្រើនត្រូវបានគេបាញ់សម្លាប់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន ព្រះសង្ឃ មេដឹកនាំសហជីពសកម្មជនការពារព្រៃឈើនិងចុងក្រោយគឺការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្តែរដ្ឋាភិបាលត្រកូលហ៊ុនមិនបានតាមរកមេខ្លោងពិតប្រាកដនៅពីក្រោយឃាតកម្មទាំងអស់នេះឡើយ ដែលធ្វើឱ្យគេមើលឃើញថា លោក ហ៊ុន សែន ហាក់ខ្វល់ខ្វាយតែរឿងអយុត្តិធម៌កើតឡើងចំពោះរូបលោក និងក្រុមគ្រួសារ ក្នុងពេលលោកមិនសូវយកចិត្តទុកដាក់នោះឡើយចំពោះការឈឺចាប់ និងភាពអយុត្តិធម៌កើតឡើងចំពោះអ្នកដទៃស្ថិតនៅក្រោមការដឹកនាំរបស់លោក៕








