

អង្គការអន្តរជាតិ រ៉ាយ ឡៃលីហ៊ូដ (Right Livelihood) និងម្ចាស់ពាន់រង្វាន់ណូបែលពិភពលោក ចំនួន៣០នាក់ ដែលធ្វើការឈរលើការគាំទ្រ និងលើកកម្ពស់សន្តិភាព យុត្តិធម៌ និងនិរន្តរភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍រួមមួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥រូប ដោយគ្មានលក្ខខណ្ឌ។ មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញចំពោះការដោះលែងសកម្មជនទាំងនោះ ដើម្បីកុំឲ្យកម្ពុជារងភាពអាម៉ាស់កាន់តែខ្លាំងលើឆាកអន្តរជាតិ ដោយសារការឃុំខ្លួនពលរដ្ឋទាំងអយុត្តិធម៌។
អង្គការអន្តរជាតិដ៏ធំមួយ ឈ្មោះ Right Livelihood និងម្ចាស់ពាន់រង្វាន់ណូបែលមួយចំនួនធំ បង្ហាញក្តីបារម្ភជុំវិញស្ថានភាពនៅកម្ពុជា ខណៈដែលក្រុមសកម្មជនចលនាមាតាធម្មជាតិ និងជាម្ចាស់ពានរង្វាន់ណូបែលពិភពលោកឆ្នាំ២០២៣ (Right Livelihood 2023)ទាំង៥រូប កំពុងបន្តជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ ដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចុះផ្សាយកាលពីថ្ងៃទី១ តុលា ដែលមានចំណងជើងថា «ការការពារបរិស្ថានមិនមែនជាអំពើខុសច្បាប់ឡើយ» របស់អង្គការ រ៉ាយ ឡៃលីហ៊ូដ និងក្រុមម្ចាស់ពានរង្វាន់ណូបែលទាំងនោះ ទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥ រូបជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់ទាំងអស់មកលើពួកគេ កំណត់កាលបរិច្ឆេទសវនាការឧទ្ធរណ៍ដែលបានអូសបន្លាយពេលជាយូរមកហើយរបស់ពួកគេ ដោយគ្មានការពន្យាពេលតទៅទៀត បញ្ឈប់ការសងសឹក និងការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ ប្រឆាំងនឹងអ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស ធានានូវបរិយាកាសប្រកបដោយសុវត្ថិភាព និងអំណោយផល សម្រាប់អ្នកការពារសិទ្ធិក្នុងការបំពេញការងារ ស៊ើបអង្កេត និងចាត់វិធានការលើអ្នកដែលបង្កឱ្យមានការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ។
សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា ចលនាមាតាធម្មជាតិ គឺជាចលនាយុវជនដ៏លេចធ្លោមួយ ដែលបានប្រើប្រាស់បច្ចេកទេសច្នៃប្រឌិត ដើម្បីលើកកម្ពស់ការយល់ដឹងកម្រិតខ្ពស់មិនធ្លាប់មាន អំពីការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដែលបង្កឡើងដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ល្បិចកលនៃការបូមខ្សាច់ ការអភិវឌ្ឍហួសហេតុនៅលើឆ្នេរសមុទ្រសាធារណៈ ការបំពុលដោយទឹកកខ្វក់ ការធ្វើអាជីវកម្មរ៉ែដោយគ្មានសុវត្ថិភាព និងបទល្មើសបរិស្ថានដទៃទៀត។
អង្គការ រ៉ាយ លីវលីហ៊ូដ (Right Livelihood) និងម្ចាស់ពានរង្វាន់ទាំងនោះ លើកឡើងថា អាជ្ញាធររដ្ឋគួរតែអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សកម្មជនបរិស្ថានទាំង៥រូប ប៉ុន្តែពួកគេបែរជាត្រូវទទួលរងនូវការបង្ក្រាប និងធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការទៅវិញ។
ទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី៨ ខែតុលា។ ចំណែក អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ក៏មិនអាចទាក់ទងបាន ។
កាលពីថ្ងៃទី០២ ខែមិថុនា សាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិទាំង ៥ នាក់ ដោយគ្មានពេលកំណត់ ដោយតុលាការគ្រាន់តែសំអាងលើធុរៈផ្ទាល់ខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ចំណែក តុលាការកំពូលបានបដិសេធការដោះលែងសកម្មជនទាំង៥រូប ឱ្យនៅក្រៅឃុំ ចំនួនបួនលើកមកហើយ ដែលចុងក្រោយបំផុតគឺនៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយគ្មានការពន្យល់ផ្នែកច្បាប់ណាមួយឲ្យបានសមស្របនោះទេ។
សកម្មជនបរិស្ថានទាំង ៥ នាក់ រួមមាន លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ចន្លោះ ពី ៦ឆ្នាំ ដល់ ៨ឆ្នាំពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ក្រោយពីពួកគាត់ បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និង ធ្វើសកម្មភាពការពារធនធានធម្មជាតិ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការឃុំខ្លួនសកម្មជនមាតាធម្មជាតិទាំង៥រូប ជារឿងអយុត្តិធម៌ ដោយសារពួកគេមិនបានប្រពឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកថា សកម្មភាពរបស់ពួកគេ ធ្វើឡើងដើម្បីការពារប្រយោជន៍របស់សង្គម បរិស្ថានធម្មជាតិ ដែលជាសម្បត្តិរបស់កម្ពុជាប៉ុណ្ណោះ។ លោកបន្តថា ការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំង៥រូប សកម្មជននយោបាយ និងមនសិការទាំងអស់ មិនមែនជាផលល្អសម្រាប់កម្ពុជាឡើយ ផ្ទុយទៅវិញវានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ លោកទទូចឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ មុនការបោះឆ្នោតមកដល់ ដើម្បីឈានទៅរកការបោះឆ្នោតមួយជាទីទុកចិត្តរបស់មហាជន និងអន្តរជាតិដែលកំពុងឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។
លោក នី សុខា៖ «ការដែលយើងរៀបចំការបោះឆ្នោតមួយនៅក្នុងស្ថានភាពមួយដែលមុនពេលបោះឆ្នោត សេរីភាពរបស់ប្រជាពលរដ្ឋនៅតែទទួលរងនូវការរឹតត្បិត ឬក៏សកម្មជននយោបាយមួយចំនួននៅតែទទួលរងនូវការគំរាមកំហែង ភិតភ័យ ទាក់ទងនឹងសកម្មភាពនយោបាយផ្សេងៗ វាចង់មិនចង់ វានឹងជះឥទ្ធិពលមិនល្អទៅដល់រូបភាព ឬក៏ទៅដល់ការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង ហើយដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ជំនឿចិត្តរបស់វិនិយោគិនផ្សេងៗណា ដែលបណ្តាប្រទេសមួយចំនួនដែលគ្រោងមករកស៊ីនៅប្រទេសកម្ពុជាយើង វាអាចធ្វើឱ្យជះឥទ្ធិពលមិនល្អ ដែលធ្វើឱ្យគេមិនសូវមានទំនុកចិត្តទៅលើប្រព័ន្ធដឹកនាំ ឬក៏ច្បាប់ស្រុកយើង»។
អង្គការ រ៉ាយ លីវលីហ៊ូដ និងម្ចាស់ពានរង្វាន់ណូបែលទទូចឲ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថានទាំង៥រូប មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខាងមុខ ហើយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល លើកទី២០នេះ។
កន្លងមក ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ ក៏ធ្លាប់បានជំរុញឱ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកយកបញ្ហា សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ទៅជជែកនៅក្នុងកិច្ចប្រជុំរបស់ខ្លួនផងដែរ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែង សកម្មជនចលនាមាតាធម្មជាតិទាំង៥រូបនោះ៕









