

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងថា គ្មានមន្ត្រីនគរបាល ឬស្ថាប័នរដ្ឋណាមួយឃុបឃិតជាមួយមេខ្លោងឆបោកតាមអនឡាញ ឬបុគ្គលឯកជន ដើម្បីទទួលបានលុយកាក់ ឬផលប្រយោជន៍ឡើយ។ ការចេញមុខការពារមន្ត្រីគ្រាក់ៗដោយអ្នកនាំពាក្យរូបនេះកើតឡើងក្រោយទូរទស្សន៍អន្តរជាតិល្បីឈ្មោះមួយគឺទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗនេះបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដែលលាតត្រដាងអំពីសកម្មភាពរបស់មេខ្លោងឆបោកតាមអនឡាញជនជាតិខ្មែរដើមកំណើតចិនគឺលោក តេង ភីពីង (Deng Pibing) សូកប៉ាន់មន្ត្រីគ្រាក់ៗគ្រប់ច្រកល្ហក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំ ព្រមទាំងកន្លែងជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនដោយសេរីក្នុងតំបន់តារាសាគរ ខេត្តកោះកុង។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃច្រានចោល និងចេញមុខការពារមន្ត្រីគ្រាក់ៗមួយចំនួនដែលមានទំនាក់ទំនងជាមួយមេខ្លោងឆបោកតាមអនឡាញជនជាតិខ្មែរដើមកំណើតចិនគឺលោក តេង ភីពីង (Deng Pibing) ទាំងដែលមិនទាន់បើកការស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានស៊ីជម្រៅនៅឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រកាសនៅតាមបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៤ ខែតុលាថា ការលើកឡើងរបស់មេខ្លោងឆបោកអនឡាញលោក តេង ភីពីង (Deng Pibing) ដែលអួតអាងអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការបែងចែកលុយកាក់ដែលរកបានពីអំពើឧក្រិដ្ឋកម្មជាមួយមន្ត្រីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានមួយចំនួនគឺជាអំពើខុសច្បាប់ និងគ្រាន់តែជាការសម្ញែងអំណាច និងឥទ្ធិពលរបស់ខ្លួនតែប៉ុណ្ណោះ។ លោកអះអាងថា គ្មានអង្គភាព ឬមន្ត្រីសាធារណៈណាទៅឃុបឃិតបែងចែកភាគលាភ និងប្រព្រឹត្តអំពើខុសច្បាប់ ឬពាក់ព័ន្ធជាមួយបុគ្គលឯកជនឡើយ។
លោក ទូច សុឃៈ៖ «ពេលខ្លះ យើងអាចមានការភាន់ច្រឡំថា វាគឺជា រថយន្តរបស់អង្គភាព និងមានការអនុញ្ញាតពីអង្គភាព។ ប៉ុន្តែផ្ទុយទៅវិញ គឺជាការក្លែងបន្លំសកម្មភាពពីសំណាក់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរទាំងនោះ ដោយអាចទៅយកផ្លាកលេខក្លែងក្លាយ ទៅយកឡូហ្គោ (Logo) យកមកបិទក្នុងកាលៈទេសៈណាមួយ ក្នុងទីកន្លែងណាមួយ ក្នុងស្ថានភាពណាមួយ ដើម្បីសម្ញែង បំភ័យ ដើម្បីបង្ហាញឥទ្ធិពល ដល់អ្នកទាំងឡាយណាដែលគាត់មិនមានសមត្ថភាពយល់ដឹងទៅលើការប្រើប្រាស់។ ទាំងផ្លាកលេខ ទាំងឡូហ្គោ (Logo) និងទាំងរថយន្តរបស់រដ្ឋ»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ក៏ថ្លែងការពារប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងអះអាងថា រាល់រូបភាពនៃជំនួបរវាងលោក ហ៊ុន សែន ជាមួយអ្នកជំនួញខ្មែរដើមកំណើតចិនលោក តេង ភីពីង គឺពិភាក្សាក្នុងក្របខ័ណ្ឌទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាតែប៉ុណ្ណោះ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះកើតបន្ទាប់ពីទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បានផ្សាយរបាយការណ៍ស៊ើបអង្កេតដោយសម្ងាត់មួយកាលពីថ្ងៃទី១០ ខែតុលា ដែលបានលាតត្រដាងពីអាណាចក្រជំនួញខ្មៅងងឹតរបស់ពាណិជ្ជករខ្មែរដើមកំណើតចិនគឺលោក លោក តេង ភីពីង សាងសង់អគារខ្ពស់ស្កឹមស្កៃក្នុងគម្រោង ឡុង បេ (Long Bay) នៅតំបន់តារាសាគរខេត្តកោះកុង ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំសម្បើម ព្រមទាំងមានកន្លែងជួញដូរផ្លូវភេទ និងបង្កើតជាទីជម្រកឧក្រិដ្ឋកម្មគ្រឿងញៀន។ របាយការណ៍ស៊ើបអង្កេតក៏បានបង្ហាញពីសកម្មភាព លោក តេង ភីពីង និងបក្ខពួកប្រើប្រាស់គ្រឿងញៀនដោយសេរីក្នុងបន្ទប់ខារ៉ាអូខេឯកជនរបស់ខ្លួន និងបង្ហាញអគារជាច្រើនសម្រាប់បង្ខាំងមនុស្សរាប់ពាន់នាក់ ដើម្បីបង្ខំឱ្យបម្រើការងារជាអ្នកឆបោកអនឡាញ។
ទូរទស្សន៍អាល់ ចាហ្ស៊ីរ៉ា បានបង្ហាញពីជីវិតរស់នៅហ៊ឺហារបស់លោក តេង ភីពីង និងរបៀបរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់លោកជាមួយមន្ត្រីគ្រាក់ៗមួយចំនួនដែលត្រូវបានចោទប្រកាន់ថា ទទួលផលប្រយោជន៍ និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដើម្បីកាងការពារមជ្ឈមណ្ឌលឆបោករបស់លោក តេង ភីពីង នៅតំបន់តារាសាគរឱ្យបន្តដំណើររលូនដោយគ្មានសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងនោះរួមមានអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សពាក់ផ្កាយ ៣ គឺលោក យឹម លាង ត្រូវបានរាយការណ៍ថា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ លោក តេង ភីពីង និងទំនងបានណែនាំឱ្យអ្នកជំនួញចិនរូបនេះទៅជួបជជែកជាមួយលោក ហ៊ុន សែន នាពេលកន្លងទៅ ដើម្បីពង្រឹងឥទ្ធិពលក្នុងមុខជំនួញឆបោក និងឧក្រិដ្ឋកម្មរបស់ខ្លួននៅកម្ពុជា។ លោក យឹម លាង គឺជាបងប្រុសបង្កើតរបស់លោក យឹម លក្ខណ៍ ដែលសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មក្នុងសំណុំរឿងឆបោកតាមអនឡាញ ហើយពួកគេក៏ត្រូវជាកូនប្រុសរបស់របស់អតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី និងជាអតីតដន្លងរបស់លោក ហ៊ុន សែន ។
អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សពាក់ផ្កាយ ៣ គឺលោក យឹម លាង ប្រាប់ទូរទស្សន៍ អាល់ ចាហ៊្សីរ៉ា ថា លោកមិនបានដឹងអំពីមុខជំនួញខ្មៅងងឹតរបស់លោក តេង ភីពីង ឡើយ ហើយលោកបានស្គាល់ និងមានទំនាក់ទំនងជាមួយអ្នកជំនួញខ្មែរដើមកំណើតចិនរូបនេះតាមរយៈការណែនាំដោយប្អូនប្រុសរបស់លោកគឺលោក យឹម លក្ខណ៍ តែប៉ុណ្ណោះ។
ក្រៅពីបុគ្គលទាំងនេះក៏មានមន្ត្រីនគរបាលពាក់ស័ក្ដិ ៣ និងជាកូនចៅរបស់លោក យឹម លាង បម្រើការងារក្នុងនាយកដ្ឋានអង្គរក្សឈ្មោះ ជាតិ មុន្នី ក៏ត្រូវបានរាយការណ៍ថា ធ្វើការក្រោមបង្គាប់មេខ្លោងឆបោកលោក តេង ភីពីង ដែរ។
ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា បានស៊ើបអង្កេតដោយសម្ងាត់លើជំនួញអាណាចក្រឆបោករបស់លោក តេង ភីពីង ក្នុងតំបន់តារាសាគរ ក្នុងខេត្តកោះកុងតាំងពីឆ្នាំ២០២២ ហើយរបៀបស៊ើបអង្កេតរបស់អ្នកសារព័ត៌មាននៃទូរទស្សន៍អន្តរជាតិនេះគឺ បន្លំខ្លួនជាមេខ្លោងឆបោកមកពីប្រទេសហ្វីលីពីន និងបង្កប់កាមេរ៉ាដោយសម្ងាត់ ដើម្បីទៅជួបជជែកដោយផ្ទាល់ជាមួយមេខ្លោងឆបោកលោក តេង ភីពីង និងកូនចៅជំនិតឈ្មោះ ហុង ឡី (Hong Lei) ក្នុងមជ្ឈមណ្ឌលឆបោកក្នុងគម្រោង ឡុង បេ ខេត្តកោះកុង។
ក្នុងអំឡុងពេលអ្នកសារព័ត៌មានបន្លំខ្លួន ដើម្បីពិភាក្សាការជួលទីតាំងឆបោកជាមួយលោក តេង ភីពីង មន្ត្រីនគរបាលបម្រើការនៅនាយកដ្ឋានអង្គរក្សឈ្មោះ ជាតិ មុន្នី ក៏បានអង្គុយស្ដាប់ និងអមដំណើរលោក តេង ភីពីង ផងដែរ។
ក្នុងឃ្លិបវីដេអូនៃរបាយការណ៍ស៊ើបអង្កេតរបស់ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា លោក តេង ភីពីង លើកឡើងថា មន្ត្រីនគរបាលឈ្មោះ ជាតិ មុន្នី គឺជាជំនួយការដ៏គួរឱ្យទុកចិត្តម្នាក់របស់លោក។ លោក តេង ភីពីង ក៏បានអួតអាងពីខ្នងបង្អែកដ៏រឹងមាំ និងធានាចំពោះមជ្ឈមណ្ឌលឆបោកតាមអនឡាញរបស់មានស្ថិរភាព ដោយសារតែលោកបញ្ជាក់ថា បានផ្ដល់លុយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់ច្រកល្ហក ដើម្បីឱ្យជួយការពារ និងបិទបាំងកុំឱ្យអាជ្ញាធរចុះឆ្មក់បង្ក្រាប។ ក្រៅពីនេះ លោកថា ក៏មានក្បួនរថយន្តនគរបាលចាំហែហមអមដំណើរលោក និងបក្ខពួកចុះមើលទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនានាក្នុងតំបន់ថែមទៀតផង។
លោក តេង ភីពីង ទម្លាយទៀតថា រាល់ចំណូលដែលលោករកបានពីអំពើឧក្រិដ្ឋកម្មឆបោក គឺមួយផ្នែកធំលោកបានយកទៅចិញ្ចឹមមន្ត្រីរដ្ឋាភិបាលកម្ពុជា ពោលរកបាន ១០ដុល្លារលោក ទុកតែ ២ដុល្លារប៉ុណ្ណោះ ចំណែក ៨ដុល្លារទៀតលោកប្រគល់ឱ្យចៅហ្វាយធំ។ ពាណិជ្ជករខ្មែរដើមកំណើតចិនរូបនេះថែមទាំងនាំអ្នកសារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា ដើរពិនិត្យអគារនីមួយៗដែលអាចបន្ទុកមនុស្សធ្វើការជាអ្នកឆបោកតាមអនឡាញបាន ៦ពាន់នាក់ក្នុងមួយជាន់ ពិនិត្យលើអគារការិយាល័យ ផ្សារទំនើប កន្លែងជួញដូរផ្លូវភេទ និងកន្លែងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ខារ៉ាអូខេក្នុងបរិវេណនៃមជ្ឈមណ្ឌលឆបោក។ លោក តេង ភីពីង បញ្ជាក់ថា ស្ត្រីស្អាតៗ និងគ្រឿងញៀនតែងតែត្រូវបានជួញដូរមកកាន់មជ្ឈមណ្ឌលឆបោករបស់លោក ដើម្បីផ្ដល់ជារង្វាន់ដល់បុគ្គលិកដែលមានសមត្ថភាពខ្ពស់ក្នុងការឆបោកលុយពីជនរងគ្រោះពីតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ វាយតម្លៃថា ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា គឺជាមុខរបរមួយប្រមូលលុយចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារត្រកូល ហ៊ុន។ លោកក៏ស្នើឱ្យសមាជិករដ្ឋសភាកម្ពុជាបោះឆ្នោតព្យួរតំណែងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរសហការជាមួយស្ថាប័នអន្តរជាតិស៊ើបអង្កេតដោយឯករាជ្យ។
លោក គឹម សុខ៖ «ឧក្រិដ្ឋកម្មធំៗបែបនេះណា ទាល់តែមានការស៊ើបអង្កេតនាំខ្លួនមន្ត្រីទាំងនោះ ទៅសាកសួរ ទើបអាចបញ្ជាក់ថា ពួកមន្ត្រីទាំងហ្នឹងមានការជាប់ពាក់ព័ន្ធឬក៏អត់ ឬក៏ជាប់ពាក់ព័ន្ធក្នុងជម្រៅកម្រិតណា។ ប៉ុន្តែ កាលណារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រឹមតែប្រើមាត់អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធ នោះកាន់តែធ្វើឱ្យគេឯងសង្ស័យ ថា តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង ប្រព័ន្ធរដ្ឋាភិបាលទាំងមូល ជាប់ពាក់ព័ន្ធក្នុងអំពើឧក្រិដ្ឋកម្មឆបោកអនឡាញកម្រិតណាទៅ ទើបមិនហ៊ានធ្វើការស៊ើបអង្កេត ហើយចេះតែនិយាយបដិសេធដដែលៗ»។
ប្រព័ន្ធឃោសនាចិនរាយការណ៍ថា ពាណិជ្ជករដើមកំណើតចិនទទួលបានសញ្ជាតិខ្មែរលោក តេង ភីពីង បានចូលមកកម្ពុជាអំឡុងឆ្នាំ២០០០ និងធ្វើការជាអ្នកជំនាញបច្ចេកវិទ្យាមុននឹងរលាស់ខ្លួនទៅកៀកលោក ហ៊ុន សែន និងក្លាយជាប្រធានក្រុមហ៊ុន ហ្សេងហេង គ្រុប (Zhengheng Group) កសាងទីក្រុងរណបក្នុងគម្រោង ឡុង បេ នៅតំបន់តារាសាគរ ខេត្តកោះកុង។
លោក តេង ភីពីង និងក្រុមហ៊ុនពាក់ព័ន្ធរបស់លោកបានចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះស្អុយរលួយចាប់តាំងពីឆ្នាំ២០២៣ មកបន្ទាប់ពីចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ ជួញដូរមនុស្ស និងការធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ សោកស្ដាយដែលប្រទេសកម្ពុជាត្រូវបានក្រុមមេដឹកនាំគ្រប់លំដាប់ថ្នាក់ឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្កើតជាទីជម្រកនៃឋានសួគ៌របស់បណ្ដាញឧក្រិដ្ឋកម្មឆបោក។ អ្នកស្រីទទូចដល់អាជ្ញាធរស៊ើបអង្កេតអ្នកពាក់ព័ន្ធដែលរងការចោទប្រកាន់ដោយឯករាជ្យ និងចាត់ទុកការបកស្រាយរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃថា គ្រាន់ជាលេសគេចវេះដដែលៗ ដើម្បីបិទបាំងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបមន្ត្រីគ្រាក់ៗដែលជាមេខ្លោងការពារពីក្រោយអំពើឧក្រិដ្ឋកម្ម។
អ្នកស្រី មូរ សុខហួរ៖ «បើសិនជាគ្មានការធានា គ្មានការការពារពីថ្នាក់ដឹកនាំកំពូលទេ មិនអាចទេ មិនអាចមានការឆបោកដ៏មានទំហំធំតែប៉ុណ្ណឹង អស់រយៈពេលយូរតែប៉ុណ្ណឹង។ លោក ហ៊ុន ម៉ាណែត គួរតែព្យួរមន្ត្រីទាំងនោះនៅក្រសួងមហាផ្ទៃ ព្យួរទៅ ហ៊ានតតាំងជាមួយមន្ត្រីជាន់ខ្ពស់ និងគណបក្សប្រជាជនទៅ បើសិនជាមិនអ៊ីចឹងទេ (Scambodia) នៅតែ (Scambodia) ទេ។ យើងចង់ឱ្យមានការស៊ើបអង្កេតមួយ ការទទួលខុសត្រូវពីលោក ហ៊ុន ម៉ាណែត អ្នកណាដែលគេកំពុងតែស៊ើបអង្កេត មានចិនប៉ុន្មានទៀតដែលកាន់សញ្ជាតិខ្មែរនៅក្នុងហ្នឹង? ភស្តុតាងប៉ុណ្ណឹងហើយ គេឃើញរាប់លាននាក់ហើយ ហើយហ៊ានមកថា អត់មានមន្ត្រីណាពាក់ព័ន្ធនឹងរឿងនេះ វាជ្រុលពេក»។
គម្រោង ឡុង បេ (Long Bay) គឺស្ថិតក្នុងបរិវេណផ្ទៃដីក្រុមហ៊ុនរដ្ឋអំណាចចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង ៤ម៉ឺន ៥ពាន់ហិកតារក្នុងស្រុកចំនួន ២ គឺស្រុកបុទុមសាគរ និងស្រុកតារាសាគរកាលពីឆ្នាំ២០០៨ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំ និងប្រលានយន្តហោះជាដើម។ ក្រុមហ៊ុននេះបានកសាងអគារផ្នែកខ្លះក្នុងតំបន់នេះឱ្យប្រែក្លាយជាសណ្ឋាគារ លំនៅឋាន និងអគារកាស៊ីណូយ៉ាងឆាប់រហ័ស ដើម្បីបម្លែងទៅជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ បន្ទាប់ពីបានឈូសឆាយផ្ទះសម្បែង និងបំផ្លាញផលដំណាំអ្នកភូមិ ព្រមទាំងបណ្ដេញពលរដ្ឋជាង ១ពាន់ ៣រយគ្រួសារ (១.៣០០) ឱ្យចាកចេញពីលំនៅឋានទាំងបង្ខំ។ ក្រសួងរតនាគារអាមេរិកកាលពីឆ្នាំ២០២០ បានសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ ក្រោមច្បាប់ សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act) ក្រោយរកឃើញថា ពាក់ព័ន្ធនឹងអំពើពុករលួយ ការច្បាមយកដីពលរដ្ឋ និងរំលោភ សិទ្ធិមនុស្សនៅកម្ពុជា។
លោក តេង ភីពីង ទម្លាយទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងនេះមិនត្រឹមតែទទួលបានជំនួយមូលនិធិពីរដ្ឋាភិបាលចិន ដើម្បីអភិវឌ្ឍជាទីក្រុងទំនើបនោះទេ ប៉ុន្តែយោធាចិនក៏មានមហិច្ឆតាបង្កើតជាតំបន់យុទ្ធសាស្ត្រសម្រាប់បង្កលក្ខណៈងាយស្រួលសម្រាប់ដឹកជញ្ជូនសព្វាវុធទៅកាន់មូលដ្ឋានទ័ពចិននៅប្រទេសជីប៊ូទី (Djibouti)។ លោក តេង ភីពីង ក៏បានបញ្ជាក់ក្នុងរបាយការណ៍ស៊ើបអង្កេតទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា ថា រាល់សំណង់អគារដែលបម្លែងទៅជាមជ្ឈមណ្ឌលឆបោកតាមក្នុងតំបន់ ឡុង បេ ខេត្តកោះកុងគឺសុទ្ធតែត្រូវបានរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនឯកជនរបស់រដ្ឋអំណាចចិន៕








