

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រិះគន់ចំពោះតុលាការកំពូលកម្ពុជា ដែលសម្រេចឲ្យសកម្មជនគណបក្ស សង្គ្រោះជាតិមួយរូបដែលត្រូវបានចាប់បញ្ចូនខ្លួនពីប្រទេសថៃ លោក វឿង សំណាង ឲ្យជាប់ពន្ធនាគារ១១ឆ្នាំ គឺជាការធ្វើទុក្ខបុកម្នេញនយោបាយ ដោយប្រើ បទចោទប្រកាន់ «រួមគំនិតក្បត់» ។ ការរិះគន់នេះ គឺបន្ទាប់ពីតុលាការកំពូល បានច្រានចោលសំណើរស្រូបទោសរបស់លោក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ កាលពីថ្ងៃទី១៥ ខែតុលា បានចាត់ទុកការផ្ដន្ទាទោសលោក វឿង សំណាង ឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ជាការធ្វើទុក្ខបុកម្នេញលើក្រុមអ្នក នយោបាយប្រឆាំង។ Human Rights Watch ថា សំណុំរឿងលោក វឿង សំណាង បង្ហាញពី ការកើនឡើងនៃការប្រើប្រាស់បទចោទប្រកាន់ «រួមគំនិតក្បត់» ធ្វើជាឧបករណ៍ ចោទប្រកាន់ និង ផ្ដន្ទាទោសសកម្មជននយោបាយប្រឆាំង និងពលរដ្ឋ ដែលបញ្ចេញមតិ លើបណ្ដាញសង្គម ឲ្យជាប់ពន្ធនាគាររយៈពេលយូរឆ្នាំ។
ប្រពន្ធលោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់ទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែតុលា ថា ការដាក់ទោសប្ដីលោកស្រី ឲ្យជាប់ពន្ធនាគារ ដល់ទៅ ១១ឆ្នាំ គឺជាទណ្ឌកម្មផ្លូវកាយផង និង ផ្លូវចិត្តផង លើប្ដីលោកស្រី និង គ្រួសារ។ លោកស្រីថា ការប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពគ្រួសារ គឺជាបញ្ហាប្រឈមធំមួយ ប៉ុន្តែ បញ្ហាដែលធំជាងនេះទៀត គឺសម្ពាធផ្លូវចិត្តលើគ្រួសារ និង ជាពិសេស កូនស្រី ដែលកំពុងសិក្សា និង មានជម្ងឺអូទីហ្សឹមផង។
លោកស្រី ទៀង ចិន្តា អាសូរកូនស្រី ដែលចេះតែទាមទារចង់ជួបមុខឪពុក និង តែងតែសួរសំណួរជាច្រើនទាក់ទងនឹងឪពុកនាង ដែលសុទ្ធតែពាក់ព័ន្ធនឹងការចង់ បានភាពកក់ក្ដៅពីឪពុក។ លោកស្រី បារម្ភថា បញ្ហានេះ អាចធ្វើឲ្យជះឥទ្ធិពល មិនល្អ ដល់ការសិក្សារបស់កូនស្រី។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីមានប្រសាសន៍ថា លោកស្រីមានមោទនភាព ដែលប្ដីលោកស្រី គឺលោក វឿង សំណាង ដែលជាសកម្មជនគណបក្សសង្គ្រោះ ជាតិ រាជធានីភ្នំពេញ នៅតែបង្ហាញជំហរស្មារតីរឹងមាំ មិនចុះចាញ់នឹងទណ្ឌកម្ម នយោបាយ ដែលតុលាការក្រោមអំណាចគ្រួសារត្រកូលហ៊ុន ដាក់ពន្ធនាគារ ១១ឆ្នាំនេះឡើយ។
លោកស្រី ទៀង ចិន្តា៖ «ជំហររឹងមាំរបស់គាត់ គឺមានការគាំទ្រពីគ្រួសារពីខ្ញុំផ្ទាល់ ដែលជាប្រពន្ធរបស់គាត់ ក៏ដូចជាកូន ហើយខ្ញុំមានមោទភាពចំពោះគាត់ ដែលជំហរគាត់នៅតែរឹងមាំ ទោះជាសុខភាពគាត់ខ្សោយបន្តិចក្ដី ក៏គាត់មិនចុះចាញ់ភាព អយុត្តិធម៌នេះដែរ»។
លោក វឿង សំណាង ធ្លាប់បានភៀសខ្លួន ទៅរស់នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីគេចពីការសម្ពាធរបស់អាជ្ញាធរ ដែលបង្ខំលោកឲ្យចុះចូលគណបក្សប្រជាជន កម្ពុជា។ ប៉ុន្តែ លោកត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ។ លោកត្រូវបានរដ្ឋាភិបាលគ្រួសារ ត្រកូលហ៊ុន ចាប់ដាក់ពន្ធនាគារ ក្នុងសំណុំរឿងពីរ ដែលតុលាការចោទប្រកាន់ នូវបទ «រួមគំនិតក្បត់» តែមួយ ដោយកាត់ឲ្យលោកជាប់ពន្ធនាគារ សរុប ១១ឆ្នាំ។ មកដល់ពេលនេះ លោក វឿង សំណាង ជាប់ពន្ធនាគារលើសពី ៥ឆ្នាំហើយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែតុលា ថា ការដាក់ទោសទណ្ឌលើ អ្នកទោសមនសិការ និងអ្នកទោសនយោបាយ ដូចករណីលោក វឿង សំណាងនេះ ឆ្លុះបញ្ចាំងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គ្មានតម្លៃយុត្តិធម៌នោះទេ ប៉ុន្តែជាឧបករណ៍ បំបាក់ស្មារតី ហួសហេតុលើសកម្មជន នយោបាយ និងសកម្មជនសង្គម៕









