មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា កំពុង​ស៊ើបអង្កេត​បុគ្គល​ពាក់ព័ន្ធ​ដែល​កាសែត​អន្តរជាតិ​លាតត្រដាង​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក

0
122
លោក ហ៊ុន សែន (ស្ដាំ) និង​ជនសង្ស័យ​ដែល​ជា​មេខ្លោង​កសាង​អាណាចក្រ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​តារា​សាគរ ខេត្តកោះកុង គឺ​លោក តេង ភីពីង (Deng Pibing)។ រូប៖ បណ្ដាញសង្គម
លោក ហ៊ុន សែន (ស្ដាំ) និង​ជនសង្ស័យ​ដែល​ជា​មេខ្លោង​កសាង​អាណាចក្រ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​តារា​សាគរ ខេត្តកោះកុង គឺ​លោក តេង ភីពីង (Deng Pibing)។ រូប៖ បណ្ដាញសង្គម

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត ដើម្បី​តាម​ចាប់​ជនសង្ស័យ​ដែល​ជា​មេខ្លោង​កសាង​អាណាចក្រ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​តារា​សាគរ ខេត្តកោះកុង គឺ​លោក តេង ភីពីង (Deng Pibing)។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បញ្ជាក់​ថា ក្រសួង​ស្ថាប័ន​ជំនាញ​ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​គ្រាក់ៗ​មួយ​ចំនួន​ដូចគ្នា ក្រោយ​ទូរស្សន៍​អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) លាតត្រដាង​ពី​ទំនាក់ទំនង​ពួកគេ​ជាមួយ​មេខ្លោង​ឆបោក​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​លោក តេង ភីពីង។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​ស៊ើបអង្កេត​លើ​បុគ្គល​ពាក់ព័ន្ធ និង​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​លោក លោក តេង ភីពីង (Deng Pibing) ដែល​កសាង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​គម្រោង ឡុង បេ (Long Bay) នៃ​ខេត្តកោះកុង​ឡើយ។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ ខែតុលា​ថា ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​លោក តេង ភីពីង (Deng Pibing) មិនមែន​ជា​ការងារ​របស់​ក្រសួង​មហាផ្ទៃ​តែ​ឯង​នោះ​ទេ ប៉ុន្តែ​ជា​កិច្ចការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​មូល ដែល​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ដៃគូ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ និង​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ជា​មេខ្លោង​រូប​នេះ។

លោក ទូច សុឃៈ អះអាង​ថា រដ្ឋាភិបាល​ប្ដេជ្ញា​អនុវត្ត​ច្បាប់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោយ​មិន​កំណត់​ការ​ស៊ើបអង្កេត​ត្រឹម​តែ​បុគ្គល ឬ​មន្ត្រី​គ្រាក់ៗ​ដែល​ទូរទស្សន៍​អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បាន​លាតត្រដាង​អំពី​ទំនាក់ទំនង​ពួកគេ​ជាមួយ​មេខ្លោង​ឆបោក​លោក តេង ភីពីង តែ​ប៉ុណ្ណោះ​ទេ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​ពង្រីក​ការ​ស៊ើបអង្កេត​លើ​បុគ្គល​ផ្សេង​ទៀត​ដែល​អាច​ជាប់​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​អង្គហេតុ អង្គ​ច្បាប់ និង​ភស្តុតាង​ជាក់ស្ដែង។ ទោះ​ជា​យ៉ាងណា លោក ទូច សុខៈ មិន​បាន​បញ្ជាក់​ឈ្មោះ​បុគ្គល ឬ​មន្ត្រី​ដែល​កំពុង​ស្ថិត​ការ​ក្រោម​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ឡើយ ព្រោះ​លោក​អះអាង​ថា ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​ស៊ើបអង្កេត។

លោក ទូច សុឃៈ៖ «ជា​ការ​ពិត​ហើយ​ចំពោះ​បុគ្គល​ជា​មុខ​សញ្ញា​នៃ​ការ​ស៊ើបអង្កេត បើសិនជា​នៅ​ក្នុង​ស្រុក គឺ​សមត្ថកិច្ច​នឹង​រឹត​បន្តឹង តាម​បណ្ដា​ច្រក​ទាំង​ជើង​គោក និង​ជើង​អាកាស មិន​អាច​ឱ្យ​បុគ្គល​នោះ ចេញ​ក្រៅ​ប្រទេស​បាន​ទេ។ ក៏​ប៉ុន្តែ​បើសិនជា​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​បាត់​ហើយ​នោះ ជា​ជនជាតិ​ខ្មែរ យើង​មាន​វិធី​មួយ​ទៀត គឺ​បិទ​គណនី (Account) ធនាគារ​មិន​អាច​ឱ្យ​ប្រើប្រាស់​បាន​ជាដើម»។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ កើត​ឡើង​បន្ទាប់​ពី​ទូរទស្សន៍​អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បាន​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​លាតត្រដាង​អំពី​ជំនួញ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ គ្រឿងញៀន និង​ការ​ជួញដូរ​ផ្លូវ​ភេទ នៅ​គម្រោង ឡុង បេ (Long Bay) ខេត្តកោះកុង របស់​អ្នក​ជំនួញ​ខ្មែរ​ដើម​កំណើត​ចិន លោក តេង ភីពីង (Deng Pibing)។ របាយការណ៍​ស៊ើបអង្កេត​ក៏​លាតត្រដាង​ចម្លើយ​សារភាព​របស់ លោក តេង ភីពីង បាន​ផ្ដល់​លុយ​ចិញ្ចឹម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ជួយ​ការពារ និង​ផ្ដល់​ខ្នង​បង្អែក​ដល់​អាជីវកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​របស់​លោក​ក្នុង​ខេត្តកោះកុង។

របាយការណ៍​ស៊ើបអង្កេត​របស់​អាល់ ចាហ្ស៊ីរ៉ា បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មន្ត្រី​កម្ពុជា ២រូប បាន​ទទួល​ផល​ប្រយោជន៍​ពាក់ព័ន្ធ​នឹង​ការ​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​របស់​លោក តេង ភីពីង នៅ​តំបន់ ឡុង បេ។ អ្នក​ទាំង​ពីរ​នោះ​រួមមាន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ពាក់​ផ្កាយ ៣ គឺ​លោក យឹម លាង និង​អ្នកស្រី ជាតិ មុន្នី ដែល​ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​ក្នុង​នាយកដ្ឋាន​អង្គរក្ស និង​ជា​កូនចៅ​របស់​លោក យឹម លាង។ លោក យឹម លាង គឺ​ជា​បងប្រុស​បង្កើត​លោក យឹម លក្ខណ៍ ដែល​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ក្នុង​សំណុំ​រឿង​ឆបោក​តាម​អនឡាញ ហើយ​ពួកគេ​ក៏​ត្រូវ​ជា​កូនប្រុស​របស់​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក យឹម ឆៃលី និង​ជា​អតីត​ដន្លង​របស់​លោក ហ៊ុន សែន។

ក្នុង​អំឡុង​ពេល​អ្នកសារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា បន្លំ​ខ្លួន​ជា​មេខ្លោង​ឆបោក និង​បង្កប់​កាមេរ៉ា​ដោយ​សម្ងាត់ លោក តេង ភីពីង បាន​អួតអាង​អំពី​ទំនាក់ទំនង និង​ខ្នង​បង្អែក​ដ៏​រឹងមាំ​ក្នុង​ជួរ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ពាក់​ស័ក្កិ ៣ គឺ​អ្នកស្រី ជាតិ មុន្នី ថា ជា​ជំនួយ​ការ​ដ៏​ពិសេស​របស់​លោក។ អ្នកស្រី ជាតិ មុន្នី កូនចៅ​មេ​ប៉ូលិស​ផ្កាយ ៣ លោក យឹម លាង ក៏​ត្រូវ​បាន​រាយការណ៍​ថា ចេះ​និយាយ​ភាសា​ចិន​ស្ទាត់​ជំនាញ និង​តែងតែ​ហែហម​អម​ដំណើរ​លោក តេង ភីពីង ជជែក​លើ​ជំនួញ​ឆបោក​តាមរយៈ​ក្បួន​រថយន្ត​នគរបាល​ជាតិ។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ចៅហ្វាយ​របស់​ខ្លួន​គឺ​លោក តេង ភីពីង ជួប​ជុំ​ស៊ីផឹក​ប្រើប្រាស់​ថ្នាំ​ញៀន​សេរី​ក្នុង​បន្ទាប់​ខារ៉ាអូខេ អំឡុង​ពេល​អ្នក​សែត​អន្តជាតិ​បន្លំ​ខ្លួន​ចូល​ស៊ើបអង្កេត​ក៏​អ្នកស្រី ជាតិ មុន្នី មាន​វត្តមាន​ក្នុង​មជ្ឈមណ្ឌល​ឆបោក​ដែរ។

មេខ្លោង​ឆបោក​លោក តេង ភីពីង បាន​និយាយ​នៅ​ខាង​កាមេរ៉ា​សម្ងាត់​របស់​អ្នក​ស៊ើបការណ៍​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា ថា ទីតាំង និង​មជ្ឈមណ្ឌល​ឆបោក​ដែល​លោក​កសាង​ក្នុង​គម្រោង​ឡុង បេ ខេត្តកោះកុង មិន​ងាយ​រក​បាន​ទេ​នៅ​ពិភព​លោក ហើយ​សូម្បី​តែ​ជួញដូរ​គ្រឿងញៀន​ក៏​អាច​រក​លុយ​បាន​ច្រើន​ដូច​របរ​របស់​លោក​ឡើយ។ លោក​បញ្ជាក់​ថា លោក​រីករាយ និង​សុខចិត្ត​បែងចែក​លុយ​ដែល​រក​បាន​ពី​អំពើ​ឆបោក ៨០ ភាគរយ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល និង​ចៅហ្វាយ​ធំ រួម​ទាំង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង និង​ទុក ២០ ភាគរយ​សម្រាប់​ខ្លួនឯង។ លោក តេង ភីពីង បញ្ជាក់​ថា នេះ​គឺ​ជា​វិធី​តែ​មួយ​គត់ ដើម្បី​ធានា​ថា ទីតាំង​មជ្ឈមណ្ឌល​ឆបោក​របស់​លោក​បន្ត​ដំណើរ​ការ​ដោយ​រលូន និង​មាន​ស្ថិរភាព ហើយ​ក៏​អាច​ទទួល​ដំណឹង​មុន​នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី៧ នៃ​សន្និសីទ​ស្ដីពី​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី (CICA) នៅ​ប្រទេស​អាហ្សេបៃហ្សង់ (Azerbaijan) កាល​ពី​ថ្ងៃ​ទី១៥ ខែតុលា ថា ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ គួរ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង ការ​គោរព​អធិបតេយ្យ​ភាព​ជាតិ ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ លោក​ក៏​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​កសាង​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក ជាជាង​យក​បញ្ហា​ឧក្រិដ្ឋកម្ម​នេះ​ភ្ជាប់​នឹង​ការ​ប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ។

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី លើកឡើង​ថា ការណ៍​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្យាយាម​លើក​យក​ប្រធានបទ ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ មក​ធ្វើ​ជា​លេស​បិទ​បាំង​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នៅ​មណ្ឌល​ឆបោក​ក្នុង​តំបន់ ឡុង បេ ខេត្ត​កោះកុង គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បង្វែរ​ដាន និង​ជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក សេង វណ្ណលី លើកឡើង​ថា ការ​ព្យាយាម​បង្កើត​រូបភាព​ចោទ​ប្រកាន់​លើ​របាយការណ៍​ស៊ើបអង្កេត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ថា ជា «ការ​វាយ​ប្រហារ​នយោបាយ» នោះ គឺ​ជា​ការ​បិទ​បាំង​ការ​ពិត។ លោក​បន្ថែម​ថា បញ្ហា​ស្នូល​ដែល​ពិភពលោក និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​ក្តៅ​ក្រហាយ​ពិតប្រាកដ និង​ស្អប់​ខ្ពើម​គឺ​បទល្មើស​ជួញដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។

លោក សេង វណ្ណលី៖ «ការ​លុប​បំបាត់​មណ្ឌល​ឆបោក និង​ការ​ចាត់​វិធានការ​លើ​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ស្ដារ​កិត្តិយស​ជាតិ​ដែល​កំពុង​រង​ការ​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ​បាន។ ការ​ដើរ​ស្រែក​ប្រាប់​គេ​ឯង​ថា កម្ពុជា​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ មិន​អាច​លុប​លាង​អំពើ​ពុករលួយ និង​ការ​បើកដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន ប្រែក្លាយ​ទឹក​ដី​កម្ពុជា​ជា​ជម្រក​សុវត្ថិភាព​បាន​នោះ​ទេ ដរាបណា​អ្នក​រៀប​ចំ និង​អ្នក​ការពារ​នៅ​ពី​ក្រោយ​នៅ​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់ នោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​តែ​ទទួល​ខុសត្រូវ​ទាំង​ស្រុង ចំពោះ​មុខ​ប្រវត្តិសាស្ត្រ និង​ប្រជាជន​ខ្មែរ​ទាំង​មូល»។

ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ដែល​អះអាង​ថា កំពុង​ស៊ើបអង្កេត​លើ​អ្នក​ពាក់ព័ន្ធ​វិញ អ្នក​វិភាគ​រូប​នេះ​ចាត់​ទុក​ថា គ្រាន់​តែ​ជា ល្ខោន​នយោបាយ​បំបាត់​ភ្នែក​សាធារណជន ដើម្បី​ពន្យារ​ពេល​ឱ្យ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​នេះ​ស្ងាត់​ទៅ​វិញ​តាម​ពេលវេលា​តែ​ប៉ុណ្ណោះ ហើយ​លោក​ជឿ​ថា សាធារណជន​ក៏​គ្មាន​ជំនឿ​ចិត្ត​លើ​ការ​ស៊ើបអង្កេត​ដែល​បង្កប់​ដោយ​បក្ស​ពួក​និយម​ទៀត​ដែរ។ លោក សេង វណ្ណលី យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិត​ជា​មាន​ឆន្ទៈ​កម្ទេច​ឧក្រិដ្ឋកម្ម​នេះ​មែន​នោះ មិនមែន​អនុញ្ញាត​ឱ្យ​មេខ្លោង​ឆបោក លោក តេង ភីពីង ចាកចេញ​ពី​កម្ពុជា​ដោយ​ងាយ ហើយ​មន្ត្រី​គ្រាក់​ដែល​ពាក់ព័ន្ធ​នៅ​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ​មក​ដល់​ពេល​នេះ។

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្ហាញ​ភាព​ស្មោះត្រង់ តាមរយៈ​ការ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​អនុញ្ញាត​ឱ្យ​អង្គការ​អន្តរជាតិ​ចូល​រួម​ត្រួតពិនិត្យ​ភស្តុតាង។ ជា​មួយ​គ្នា​នេះ លោក​ក៏​ទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ជា​សាធារណៈ រួម​ទាំង​ចាត់​វិធានការ​បង្កក​ទ្រព្យ​សម្បត្តិ​អ្នក​ពាក់ព័ន្ធ និង​បង្ហាញ​វិធានការ​ច្បាប់​ម៉ឺងម៉ាត់​លើ​មន្ត្រី​ជាន់​ខ្ពស់​គ្រាក់ៗ​ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​គ្មាន​ការ​លើកលែង ជាជាង​ប្រកាស​តែ​មាត់​ពី​ចំណាត់​ការ​ស៊ើបអង្កេត ប៉ុន្តែ​មន្ត្រី​ដែល​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​នៅ​តែ​មាន​សេរីភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ