បក្សប្រឆាំង​គ្រោង​បញ្ជូន​ប្រតិភូមក​កម្ពុជា ខណៈ​លោក ហ៊ុន ម៉ាណែត ដាក់​លក្ខខណ្ឌ​ហាមឃាត់​​ធ្វើ​នយោបាយ

0
43
របងព្រំដែនដែលថៃសង់ឯកតោភាគី (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំខាងលើ) និងអតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន (ក្រោម)។
របងព្រំដែនដែលថៃសង់ឯកតោភាគី (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំខាងលើ) និងអតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន (ក្រោម)។

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក អ៊ំ សំអាន អះអាងថា លោក​នឹង​បញ្ជូន​គណៈប្រតិភូ​តំណាង​របស់​ខ្លួន​មក​កម្ពុជា​នៅ​ខែ​ក្រោយ តាម​ការ​អញ្ជើញរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងផ្ទៀងផ្ទាត់ភស្តុតាងពាក់ព័ន្ធនឹងជម្លោះ​ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បាន​ដាក់​លក្ខខណ្ឌ​ចំនួន ៤ សម្រាប់​ជំនួបនេះ រួមទាំងការហាមឃាត់​សកម្មភាព​នយោបាយ​គ្រប់​ទម្រង់​ក្នុងអំឡុង​ពេល​គណៈប្រតិភូ​របស់លោក អ៊ុំ សំអាន ស្នាក់​នៅ​កម្ពុជា។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកនឹងបញ្ជូនគណៈប្រតិភូ​ដែល​តំណាង​របស់លោកទៅកាន់ប្រទេសកម្ពុជានាខែក្រោយនេះ តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ហើយលោក នឹងធ្វើលិខិតជាផ្លូវការ​ដើម្បីជាការឆ្លើយតប​ចំពោះ​ការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ហើយនឹងបញ្ជូនឈ្មោះគណៈប្រតិភូទៅលោក ហ៊ុន ម៉ាណែត នៅចុងខែតុលា។ លោក​ក៏អំពាវនាវឲ្យពលរដ្ឋខ្មែរដែលស្នេហាជាតិ​ចាំទទួល​ស្វាគមន៍​គណៈប្រតិភូរបស់លោកផង។

លោក អ៊ុំ សំអាន បន្ថែមទៀតថា ប្រតិភូរបស់លោកដែលនឹងទៅចូលរួមមានប្រមាណជាង ១០រូប ហើយមូលហេតុដែលលោកមិនទៅផ្ទាល់ដោយសារតែសំណើជាច្រើនរបស់លោកត្រូវបានលោក ហ៊ុន ម៉ាណែត បដិសេធ និងម្យ៉ាង​ទៀត នេះគ្រាន់តែ​ជា​ជំហាន​ដំបូង ប្រសិនបើ​ជាមាន​ជំហាន​បន្ត​បន្ទាប់​ទៀត លោកអាចនឹងទៅចូលរួមដោយផ្ទាល់។

លោក អ៊ុំ សំអាន៖ «ប្រតិភូរបស់ខ្ញុំនឹងបង្ហាញភស្តុតាងពាក់ព័ន្ធទៅនឹងជំលោះព្រំដែនកម្ពុជាថៃ ក៏ប៉ុន្តែថា នឹងបង្ហាញភស្តុតាងអ្វីខ្លះយើងមិនអាចប្រាប់បាននោះទេ ព្រោះនេះ យើង​ត្រូវបង្ហាញ​នូវក្នុង​ជំនួប​ជាមួយនឹងតំណាងរបស់លោក ហ៊ុន ម៉ាណែត»។

លោក អ៊ុំ សំអាន បន្ថែមថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា  លោកសង្ឃឹម​ថា លោក​និង​លោក ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌សន្ទនាសម រង្សី-ហ៊ុន សែន ក្នុងស្មារតីផ្សះផ្សាជាតិ ឯកភាពជាតិ បង្រួបបង្រួមជាតិនិងការការពារទឹកដីពីការឈ្លានពាន​របស់​ថៃ។

លើសពីនេះ លោក អ៊ុំ សំអាន អះអាងថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា មិនគួរយក​រឿង​គំនុំ​បុគ្គលឬបញ្ហាផ្ទាល់ខ្លួនមកលាយឡំនឹងបញ្ហាប្រទេសជាតិនោះទេ ហើយក៏មិនចាត់ទុក​ខ្មែរគ្នា​ឯងជាសត្រូវនោះ​ដែរ។ លោកថា សត្រូវរបស់ខ្មែរពិតប្រាកដនាពេលនេះគឺការឈ្លានពាន​ពីសំណាក់ប្រទេសជិតខាង ដែលខ្មែរត្រូវរួបរួមគ្នាដើម្បីដោះស្រាយនិងទាមទារ​ទឹកដីខ្មែរចំនួន​៨៥ទីតាំង​ពីថៃមកវិញ។

ប៉ុន្មានម៉ោងក្រោយពីការបង្ហោះសាររបស់លោក អ៊ុំ សំអាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារឆ្លើយតបដូចអាយ៉ៃឆ្លើយឆ្លងនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ដោយបាន​កំណត់លក្ខខណ្ឌចំនួន៤ សម្រាប់ការជួបពិភាក្សា និងផ្ទៀងផ្ទាត់ភស្តុតាងពាក់ព័ន្ធ​នឹងព្រំដែន​កម្ពុជា-ថៃ ចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ជាមួយក្រុមលោក អ៊ុំ សំអាន។ លោក អះអាងថា ការពិភាក្សាត្រូវផ្អែកលើបច្ចេកទេសព្រំដែន និងឯកសារ​ភស្តុតាងជាក់លាក់ ដោយ​ផ្តោតតែ​លើការចោទប្រកាន់​របស់លោក អ៊ុំ សំអាន និងក្រុមរបស់លោក ដែលថា រាជរដ្ឋាភិបាល​បាន​កាត់ទឹកដី​កម្ពុជា​ឱ្យថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានទាមទារឱ្យលោក អ៊ុំ សំអាន រៀបចំ​ក្រុមអ្នកជំនាញ​ដែល​មាន​ចំណេះដឹងផ្នែកបច្ចេកទេសព្រំដែន និងនាំយកឯកសារភស្តុតាងដែលខ្លួនមាន ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលនៅលើទឹកដីកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់​ថា ក្រុមរបស់លោក អ៊ុំ សំអាន មិនត្រូវធ្វើសកម្មភាព​ណាមួយ​ក្រៅពី​ការពិភាក្សា និងផ្ទៀងផ្ទាត់ភស្តុតាងពាក់ព័ន្ធនឹងតំបន់ព្រំដែន​ដែលមានវិវាទ​នោះទេ។ លោក ហ៊ុន ម៉ាណែត ក៏បានព្រមានមិនឱ្យមានសកម្មភាពនយោបាយ​ក្នុងទម្រង់​ណាមួយ មិនថាជាសកម្មភាពសម្ងាត់ ឬបើកចំហ ក្នុងអំឡុងពេលក្រុមការងាររបស់លោក​ស្ថិតនៅកម្ពុជាឡើយ។ លោក ថា «កុំធ្វើជាត្រីងៀត ឆ្លៀតពង» ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតអះអាងថា ចំពោះពេលវេលា កិច្ចពិភាក្សា​អាចធ្វើ​ឡើង​នៅពេលណាក៏បាន បន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសាររដ្ឋាភិបាល​មាន​កិច្ចការមមាញឹកក្នុងការរៀបចំកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃប្រទេសប្រើប្រាស់ភាសាបារាំង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ។

លោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ក្រុមរបស់លោក អ៊ុំ សំអាន ត្រូវមកដល់កម្ពុជាមិនលើសពី​ពីរថ្ងៃមុន​កិច្ចពិភាក្សា ហើយត្រូវចាកចេញពីប្រទេសក្នុងរយៈពេលមិនលើសពីពីរថ្ងៃ បន្ទាប់ពី​កិច្ច​ពិភាក្សាបញ្ចប់។ លោកថា ការធានារបស់លោកមានវិសាលភាពតែចំពោះ​ការមកកម្ពុជា​ដើម្បីពិភាក្សា និងផ្ទៀងផ្ទាត់ភស្តុតាងពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ប៉ុណ្ណោះ និងស្ថិតក្នុងរយៈពេលដែលបានកំណត់។

លោក ហ៊ុន ម៉ាណែត បានស្នើឱ្យលោក អ៊ុំ សំអាន បញ្ជាក់ពីសមាសភាពក្រុម និងពេលវេលា​ដែល​គ្រោងមកដល់កម្ពុជា ប្រសិនបើលោកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។ លោកក៏បាន​ស្នើឱ្យ​បញ្ជាក់ពីតម្រូវការដែលរាជរដ្ឋាភិបាលអាចផ្តល់ជូន ដូចជា កន្លែងស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ និងការការពារសន្តិសុខ ដើម្បីអាជ្ញាធរអាចរៀបចំឱ្យបានសមស្រប។

ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានឲ្យដឹងថា ជំនួបរវាងគណៈប្រតិភូលោក អ៊ុំ សំអាន និងក្រុមការងារព្រំដែននៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ មានឧបសគ្គនយោបាយច្រើន និងទំនងជាមិនអាច​កើត​ឡើង​ជាកិច្ចសន្ទនាដែលមានន័យពិតប្រាកដបានឡើយ ដោយសារខ្វះទំនុកចិត្ត និងការ​ដាក់​លក្ខខណ្ឌតឹងរ៉ឹងពីរដ្ឋាភិបាលឱ្យទទួលស្គាល់លទ្ធផលផ្ទៀងផ្ទាត់ ដោយមិនទាន់​មាននីតិវិធី​ឯករាជ្យ​ច្បាស់លាស់។

លោក សេង វណ្ណលី៖ «ខ្ញុំគិតថាជំនួបនេះនឹងមិនអាចកើតឡើងបានទេ ហើយបើទោះបីជាជំនួប​អាច​កើតឡើងខ្លះក៏ដោយ រឺក៏ពិតក៏ដោយ ក៏វាពិបាកនឹងក្លាយជាសញ្ញាវិជ្ជមាននៃការបង្កើត វប្បធម៌​សន្ទនា ឬការផ្សះផ្សាជាតិដែរឬ ប្រសិនបើគេមើលលើមេរៀនប្រវត្តិសាស្ត្រ​នៃការបែកបាក់​នយោបាយ និងការរំលាយគណបក្សសង្គ្រោះជាតិកាលពីអតីតកាល។ លើសពីនេះ បរិយាកាស​នយោបាយបច្ចុប្បន្ននៅតែមានការរឹតត្បិតសេរីភាព និងការឃុំខ្លួនសកម្មជននយោបាយ និង​អ្នកសារព័ត៌មាន»។

លោក សេង វណ្ណលី រដ្ឋាភិបាលមិនគួរប្រើប្រាស់បញ្ហាព្រំដែន និងការអញ្ជើញអ្នកនយោបាយ​ប្រឆាំង​មកជជែកជាសាធារណៈ ដើម្បីធ្វើជាការសាកល្បងភាពក្លាហានផ្នែកនយោបាយនោះទេ ព្រោះកាតព្វកិច្ចការពារ និងបង្ហាញភស្តុតាងផ្លូវការអំពីបូរណភាពទឹកដី គឺជាបន្ទុក​របស់​រដ្ឋាភិបាល​ដែលជាអ្នកកាន់កាប់ឯកសារ។ ទន្ទឹមនឹងនេះ ការឆ្លើយឆ្លងគ្នារវាងថ្នាក់ដឹកនាំទាំងពីរ មានលក្ខណៈប្រជែងយកប្រៀបផ្នែកនយោបាយរៀងៗខ្លួន ខណៈអ្វីដែលប្រជាពលរដ្ឋចង់បាន គឺលទ្ធផលជាក់ស្តែងនៃការការពារទឹកដី។

អ្នកតាមឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលមិនចាំបាច់រង់ចាំការមកដល់របស់ភាគីប្រឆាំង ទើបបង្ហាញការពិតពីបញ្ហាព្រំដែននោះទេ ប៉ុន្តែត្រូវតែមានតម្លាភាពក្នុងការបង្ហាញភស្តុតាង និងព័ត៌មានផ្លូវការជូនសាធារណជន។ ការការពារអធិបតេយ្យភាពជាតិ​ជាតួនាទីផ្ទាល់​របស់​រដ្ឋាភិបាល ហើយប្រជាពលរដ្ឋគប្បីទទួលបានឱកាសក្នុងការត្រួតពិនិត្យភស្តុតាងដោយឯករាជ្យ ជាជាងត្រូវបង្ខំឱ្យជឿលើភាគីនយោបាយណាមួយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ