អាជ្ញាធរ​ចាប់ខ្លួន​អ្នក​គាំទ្រ​បក្សកម្លាំងជាតិ​នៅ​ខេត្ត​បាត់ដំបង​ដោយ​មិន​បញ្ជាក់មូលហេតុ

0
26
អ្នកគាំទ្រ​គណបក្សកម្លាំងជាតិ​លោក រឿន ខឿន ដែលត្រូវបាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន កាលពីថ្ងៃទី២១ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម
អ្នកគាំទ្រ​គណបក្សកម្លាំងជាតិ​លោក រឿន ខឿន ដែលត្រូវបាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន កាលពីថ្ងៃទី២១ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកគាំទ្រ​គណបក្សកម្លាំងជាតិ​ម្នាក់​ទៀត គឺលោក រឿន ខឿន ត្រូវបាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់ ។ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែសម្រួលស្ថានការណ៍នយោបាយ ជាជាងការបន្ត​ចាប់ខ្លួនសកម្មជនប្រឆាំង ទើប​ជា​ដំណោះស្រាយពិតប្រាកដ។

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងបង្កើនយុទ្ធនាការចាប់ខ្លួនសកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំងជាបន្តបន្ទាប់ ខណៈស្ថានការណ៍នយោបាយកំពុងឡើង​កម្តៅ​តាមរយៈ​សារឆ្លើយឆ្លងរវាងរដ្ឋាភិបាល និងក្រុមនយោបាយប្រឆាំង​នៅក្រៅ ប្រទេសពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។

ប្រពន្ធលោក រឿន ខឿន គឺលោកស្រី រិទ្ធ សារ៉ាត់ ប្រាប់ទូរទស្សន៍អាស៊ីសេរី  នៅថ្ងៃទី២២ ខែតុលា ថា កាលពីល្ងាចថ្ងៃទី២១ ខែតុលា មេភូមិរំចេក១ និង មេប៉ុស្ដិ៍នគរបាលសង្កាត់រតនៈ ក្រុងបាត់ដំបង បានទៅដល់ផ្ទះគាត់ និង​ហៅប្ដីរបស់​គាត់ ទៅសាលាសង្កាត់មួយ​ភ្លែត ដោយមិន​បានប្រាប់ពីមូលហេតុឡើយ ហើយ​អះអាងថា មិនមានរឿងអីទេ។ ប៉ុន្តែលោកស្រីប្រាប់ថា ប្ដីលោកស្រីនៅកន្លែង​ធ្វើការ។ ក្រោយមកកម្លាំងនគរបាល ៨នាក់ ក្នុងឯកសណ្ឋាន ក៏ទៅចាប់ប្ដី​លោកស្រី ពេលគាត់ជិះម៉ូតូចេញពីកន្លែងធ្វើការ ប្រុងទៅដឹកកូនទៅពេទ្យ។

លោកស្រី រិទ្ធ សារ៉ាត់ មិនទាន់ដឹងថាអាជ្ញាធរបញ្ជូនប្តីទៅកាន់ទីណានៅឡើយទេ ប៉ុន្តែ​លោកស្រី​សង្ស័យថា អាជ្ញាធរអាចបញ្ជូនប្ដីលោកស្រី ទៅដាក់នៅពន្ធនាគារ​ព្រៃស ភ្នំពេញ។

លោក រឿន ខឿន ធ្វើការជាសន្តិសុខ នៅទីតាំងការងារមួយកន្លែង ជិតរង្វង់​មូលតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង។ លោកស្រី រិទ្ធ សារ៉ាត់ ថា ប្ដីលោកស្រី តែងតែសកម្មក្នុងការ​ចែករំលែក​ព័ត៌មាន ពាក់ព័ន្ធនឹងសង្គមជាតិ ជាពិសេស រឿង​បាត់បង់ទឹកដីកម្ពុជា។
លោកស្រី រិទ្ធ សារ៉ាត់ ទាមទារឲ្យអាជ្ញាធរដោះលែងប្ដីដោយលោកស្រីថា ទទួល​យកមិនបានទេ ពេលឃើញប្តីដែលគ្រាន់តែបញ្ចេញមតិ និងគ្មានកំហុស​សោះ ត្រូវនគរបាលឆ្មក់ចាប់សាហាវ​ជាងចាប់ចោរប្លន់ទៅទៀត។

លោកស្រី រិទ្ធ សារ៉ាត់៖ «ខ្ញុំទៅសួរកន្លែងសន្តិសុខ​មិញ គេថា គាត់ខមិនជេរសម្ដេច​គេ តែមិនដឹង​ថា ពិតឬអត់? ខ្ញុំថា វាហួសហេតុ វាឃោឃៅពេក ដោយសារអាហ្នឹង ជាសិទ្ធិរបស់យើង យើងជា​ប្រជាពលរដ្ឋ យើងមានសិទ្ធិបញ្ចេញមតិ បញ្ចេញ​យោបល់ បើសិនជាយើងខុសថាខុសទៅ បើ​សិន​ជា យើងត្រូវថា ត្រូវទៅ អាហ្នឹងជា សិទ្ធិរបស់យើង។ បើសិនជាគេថា អ៊ីចឹងមែន ប្រាប់ទៅថា អាអូនឯងកុំធ្វើអញ្ចេះ ណែនាំគ្នាទៅ ម៉េចដល់ចាប់គ្រាដាក់ខ្នោះ ដាក់ចូលក្នុងឡានដូចមនុស្ស​ដែលសម្លាប់មនុស្សអ៊ីចឹង» ។

ទូរទស្សន៍អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ដើម្បីសុំការបំភ្លឺ ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី២២ ខែតុលា។
លោក រឿន ខឿន អាយុ ៥០ឆ្នាំ ដែលមានកូនបីនាក់ក្នុងបន្ទុក រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

លោកស្រី រិទ្ធ សារ៉ាត់ និយាយថា ប្ដីលោកស្រី ជាពលរដ្ឋល្អ ដែលស្មោះត្រង់ និង ស្អប់​អំពើ​អយុត្តិធម៌។ ដូច្នេះ លោកស្រីថា បើគាត់ប្រើពាក្យអ្វីខុសឆ្គង គួរតែអាជ្ញាធរ​ណែនាំ មិនមែន​ចាប់​ទាំងកំរោលនោះទេ។

កំណើននៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះក៏ជាការផ្គើននឹងអនុសាសន៍ របស់​អ្នក​រាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ​មនុស្សប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andraws) ដែរ ។ លោក ថម អេនឌ្រូ បានដាស់តឿនលោក ហ៊ុន ម៉ាណែត នៅចំពោះមុខ កាលពីចុងខែកក្កដា ឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ព្រមទាំង​ដោះលែងអ្នកទោស​នយោបាយ និង​អ្នកទោសមនសិការ ជាង ១០០នាក់ ដែលកំពុង​ជាប់ពន្ធនាគារ ដោយសារសកម្មភាពប្រើសិទ្ធិជាមូលដ្ឋានដូចជា ការសម្ដែងមតិជាដើម។

អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែតុលា ថា ការរិះគន់លើការប្រតិបត្តិគោលនយោបាយរបស់រដ្ឋាភិបាល និងក្រុម​មន្ត្រីរដ្ឋ ដែល​ខ្វះចន្លោះ​ក្នុងការបំពេញការងារជូនជាតិមិនមែនជា​បទល្មើសទេ ប៉ុន្តែ​ជា​ការផ្ដល់​យោបល់ដល់​ថ្នាក់​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល។ លោកថា បើបុគ្គលណា ដែលមិន​ចង់ឲ្យមានការរិះគន់លើខ្លួន ទាល់តែ​ពួកគេ​កុំទៅទទួល​តំណែងបំពេញ​តួនាទី ក្នុង​កិច្ចការរដ្ឋ ឬ​ការងារសាធារណៈណាមួយ។

លោក យិន ម៉េងលី៖ «ហើយការចាប់ខ្លួនពលរដ្ឋ អាជ្ញាធរសូម​ពិនិត្យ​មើល​ឡើង​វិញដែរ បើសិន​ជាចាប់ខ្លួន​ក្នុងបទល្មើសអត់ជាក់ស្ដែង ហើយយើងទៅចាប់ពលរដ្ឋ អ៊ីចឹងសមត្ថកិច្ច​ដែលទៅ​ហ្នឹង គឺខុសច្បាប់ហើយ ប៉ុន្តែបើសិនចាប់ខ្លួន មានដីកា អាហ្នឹងក៏ត្រូវអានដីកាប្រាប់ពលរដ្ឋ ប្រាប់សាមីខ្លួនឱ្យយល់ដឹងអំពីដីកា ដីកាចាប់​ខ្លួន​នេះ។ បើសិនជា មិនបានប្រាប់ឱ្យត្រឹមត្រូវទេ អាហ្នឹងជាការធ្វើដោយខុសច្បាប់ ហើយការចាប់ខ្លួនដែលអត់បានផ្ដល់ព័ត៌មានច្បាស់លាស់។ អ៊ីចឹងរហូតដល់​ស្មាន​នេះ យើងសួរតើប្រពន្ធកូនទទួលបានព័ត៌មានពីបញ្ហានេះ ហើយឬនៅ»។

អ្នកឃ្លាំមើល លើកឡើងថា លោក ហ៊ុន ម៉ាណែត កំពុងរៀនដើរតាម​នយោបាយ​របស់ឪពុក​លោក​កាន់តែស្ទាត់ជំនាញ ក្នុងការកម្ចាត់ភាគីគូប្រជែង ដោយ​ការ​បំភ្លៃ​ច្បាប់ និងរំលោភសិទ្ធិ​មនុស្ស​ទាំងកំរោល។ ពួកគាត់ថា នយោបាយ​គំរូ​ហិង្សា​បែបនេះ នឹងដើរដល់ទីទ័លច្រក ហើយ​ដួលរលំ ពេល​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន មាន​សេចក្ដីក្លាហាន ស្រុះគ្នាប្រើសិទ្ធិជាមូលដ្ឋាន តាមរដ្ឋធម្មនុញ្ញ នាំគ្នា​ចេញ​ទាមទារ​យុត្តិធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ