ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ចោទ​ថៃ​ថា កុហក​​អាមេរិក​រឿង​ដោះលែង​ទាហាន​ខ្មែរ​១៨​រូប

0
158
ទាហានខ្មែរដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពីថ្ងៃទី២៩ កក្កដា ២០២៥។ រូប៖ បណ្ដាញសង្គម
ទាហានខ្មែរដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កាលពីថ្ងៃទី២៩ កក្កដា ២០២៥។ រូប៖ បណ្ដាញសង្គម

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) ចោទ​រដ្ឋាភិបាល​ថៃ​ចំៗ​ថា កំពុង​រំលោភ​អនុសញ្ញា​ហ្សឺណែវ ករណី​បន្ត​ឃុំឃាំង​ទាហាន​ខ្មែរ ១៨​នាក់ ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន។

លោក ខេស៊ី បារណេត សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ថា មេដឹកនាំ​ថៃ​កំពុង​ប្រើប្រាស់​ទាហាន​ខ្មែរ​ជា​ឧបករណ៍​ដាក់​កំហិត​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចេតនា​ណាមួយ។ លោក​បន្ត​ថា ចេតនា​នេះ​ជា​ការ​រំលោភ​អនុសញ្ញា​ហ្សឺណែវ។

លោក​ក៏បាន​រំលេច មាត្រា ១១៨ នៃ​អនុសញ្ញា​ហ្សឺណែវ​លើក​ទី​៣ ចែងថា ឈ្លើយសឹក​ត្រូវ​បាន​ដោះលែង និង​បញ្ជូន​មក​ប្រទេស​កំណើត​វិញ ដោយ​គ្មាន​ការ​ពន្យារពេល​បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់។

លោក ខេស៊ី បារណេត បន្ត​ថា មេដឹកនាំ​ថៃ​បាន​កុហក​ទាំង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​ខ្មែរ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រួម​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ តុលា ក្រោម​លេស​ទាមទារ​ផ្សេងៗ​ដែល​ថៃ​ចង់បាន។

ទោះ​មាន​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​រួម​សន្តិភាព​ក្រោម​វត្តមាន​សម្របសម្រួល​ផ្ទាល់​ពី​ប្រធាន​អាស៊ាន​ប្ដូរ​វេន និង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) យ៉ាងណាក្ដី មេដឹកនាំ​ថៃ​ហាក់​មិន​គោរព​តាម​ឡើយ និង​តែងតែ​បង្ក​អារិភាព​នៅ​តាម​ព្រំដែន​ដូចជា ការ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​ពលរដ្ឋ ការ​រុលចូល​ដី​ខ្មែរ​សឹង​គ្រប់កន្លែង​តាម​ព្រំដែន តាំងពី​តំបន់​អានសេះ ខេត្តព្រះវិហារ ដល់​តំបន់​ថ្មដា ខេត្តពោធិ៍សាត់​។ ថៃ​បាន​ទាមទារ​ឥត​ឈប់ឈរ​ឱ្យ​កម្ពុជា​ដក​កងទ័ព​ចេញពី​តំបន់​មាន​ជម្លោះ ការ​ដោះមីន​មនុស្សធម៌ បង្ក្រាប​បទល្មើស​អនឡាញ និង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចោទ​ដោយ​ឯកតោភាគី​ថា បាន​សង់ផ្ទះ​លើ​ដី​របស់​ខ្លួន​ជាដើម។

មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​រួម​សន្តិភាព ចែងថា​៖ «ថៃ​មាន​ឆន្ទៈ​លើកកម្ពស់​ការ​ជឿជាក់ និង​ទំនុកចិត្ត​ជាមួយ​កម្ពុជា ហើយ​ថា​ខ្លួន តស៊ូ​ប្ដេជ្ញា​ដោះលែង​ទាហាន​ខ្មែរ​ឱ្យ​បាន​លឿន»។

ទោះជា​យ៉ាងណា គិត​ត្រឹម​ថ្ងៃទី​២៩ វិច្ឆិកា នេះ ទាហាន​ខ្មែរ​ទាំង ១៨​រូប ត្រូវ​បាន​យោធា​ថៃ​ឃុំឃាំង​ដោយ​ខុសច្បាប់​អស់​រយៈពេល ១២៣​ថ្ងៃ​ហើយ បន្ទាប់ពី​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ព្រំដែន កាលពី​ចុងខែ​កក្កដា​។ ក្រសួងការពារជាតិ​កម្ពុជា​បន្ត​ទាមទារ​ឱ្យ​ថៃ​ដោះលែង​យោធា​ខ្មែរ​មកវិញ​ជា​បន្ទាន់ ដោយ​គោរព​កិច្ចព្រមព្រៀង​រួម​សន្តិភាព មាត្រា​៥ ជា​កំហិត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ