សភា​ពលរដ្ឋខ្មែរ​ក្រៅ​ប្រទេស​ស្នើ​​បារាំង​ឲ្យជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

0
23
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជូប​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពីថ្ងៃទ៏៨ មេសា ២០២៦។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជូប​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពីថ្ងៃទ៏៨ មេសា ២០២៦។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

សភាពលរដ្ឋខ្មែរក្រៅប្រទេស (KOCA) ផ្ញើ​លិខិត​ទៅ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បី​ស្នើ​ឲ្យ​បារាំង ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឲ្យស្ដារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង​លើកកម្ពស់យុត្តិធម៌ នៅកម្ពុជា។ សំណើរសុំអន្តរាគមន៍នេះ ធ្វើឡើងមុនពេលប្រធានាធិបតីបារាំង គ្រោងទៅចូលរួមកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី (The Francophonie Summit) នៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា។

នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងពាក់កណ្ដាល ខែវិច្ឆិកានេះ សភាពលរដ្ឋ​ខ្មែរក្រៅប្រទេស បានធ្វើសំណើបញ្ជូន សំណុំរឿង វិបត្តិ ជាច្រើន ដែលកម្ពុជាកំពុងប្រឈម ឲ្យ​ប្រទេស​បារាំងជួយដោះស្រាយ ជាពិសេស នៅពេលលោក ម៉ាក្រុង ជួបលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់​នៅភ្នំពេញ។

ជារួម​សភាក្រៅប្រទេស ស្នើសុំអន្តរាគមន៍ពីបារាំង ដើម្បំជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង ធានាយុត្តិធម៌សង្គម។
សភាពលរដ្ឋខ្មែរក្រៅប្រទេស ដែលមានសមាជិកសភា ៤៧ រូប បានសរសេរក្នុង លិខិតរបស់ខ្លួន ប្រាប់ប្រធានាធិបតីបារាំង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ថា សំណើរ របស់ខ្លួន ផ្អែកលើតួនាទីជា​ប្រវត្តិសាស្ត្រ​របស់ប្រទេសបារាំង ដែលជា​សហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ សភាក្រៅប្រទេស ជឿជាក់ថា រដ្ឋាភិបាលបារាំង​មានតួនាទីដ៏សំខាន់​ក្នុង​ការ​ផ្ដល់ជំនួយអន្តរាគមន៍ ឲ្យប្រទេសកម្ពុជា មានការផ្សះផ្សាបង្រួបបង្រួមជាតិ និង​ការកសាង​សេដ្ឋកិច្ច ដែលត្រូវប្រកាន់តាមគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង យុត្តិធម៌សង្គម ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្ដិភាពនេះ។

ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស លោក ទេព មនោរម្យ ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី៥ ខែវិច្ឆិកាថា វត្តមានរបស់លោកម៉ាក្រុង​នៅភ្នំពេញ មានឥទ្ធិពលធំណាស់ ក្នុងការរំឭកលោក ហ៊ុន ម៉ាណែត ឲ្យ​ដោះស្រាយវិបត្តិកម្ពុជា​ឲ្យស្របនឹងស្មារតីកិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុងប៉ារីស។ លោកសង្ឃឹមថា ប្រធានា​ធិបតីបារាំង លោក ម៉ាក្រុង នឹងដាស់តឿនលោក ហ៊ុន ម៉ាណែត ឲ្យ​ចាប់​ផ្ដើមដោះលែងអ្នកទោសនយោបាយ និងស្ដារប្រជាធិបតេយ្យ ពីព្រោះ នេះជាកាលៈទេសៈ​ចាំបាច់ណាស់ ខណៈការបោះឆ្នោតឆ្នាំ២០២៧ ខិតជិតមក​ដល់។

«លិខិតដែលសភាពលរដ្ឋខ្មែរក្រៅប្រទេសសរសេរទៅនេះ គឺជាលិខិតការទូតមួយដ៏សំខាន់ ហើយយើងក៏បានស្នើជំនួបជាមួយ ខុទ្ទកាល័យ របស់ប្រធានាធិបតីបារាំង នៅពេលឆាប់ៗនេះ ហើយយើងក៏បានចម្លើយ ជា វជ្ជមានមួយទៀត ដែលយើងមិនទាន់អាចនិយាយនៅក្នុងពេលនេះ ប៉ុន្តែខ្ញុំសូមជម្រាបជាព័ត៌មាន យើងបាន​ចម្លើយ​ជាវជ្ជមាននៅក្នុងការស្នើសុំជួបជាមួយ លោក​ប្រធានាធិបតី​បារាំងមុន​ពេលដែលគាត់​ទៅប្រទេស​កម្ពុជា»។

លោក ទេព មនោរម្យ

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី ថ្ងៃទី៥ ខែវិច្ឆិកាថា លិខិតរបស់សភាពពលរដ្ឋខ្មែរក្រៅប្រទេស គឺជាផ្នែកមួយ ដែលមានប្រយោជន៍ សម្រាប់កម្ពុជា។ យ៉ាងណា លោកថា លោក ម៉ាក្រុង នឹងសំអាងជារួម ទៅលើរបាយការណ៍របស់​អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បណ្ដាអង្គទូតសម្ព័ន្ធមិត្តនៅ​កម្ពុជា សង្គមស៊ីវិលក្នុងស្រុក គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញ​ដោយលោក ហ៊ុន ម៉ាណែត ដោះស្រាយដោយការទទួលច់ខុសត្រូវ។
លោក ម៉ែន ណាត មានប្រសាសន៍ថា លោក ម៉ាក្រុង នឹងលើកឡើងពីបញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌សង្គម ដូចមានក្នុងខ្លឹមសារលិខិត របស់​សភាក្រៅប្រទេស រហូតដល់​បញ្ហាពលរដ្ឋភៀសសឹកខ្មែរ ជាង ២ម៉ឺននាក់។ លោកថា ទោះបីជាលោក ហ៊ុន ម៉ាណែត ព្យាយាមដោះសា យករួចខ្លួនមួយ គ្រាៗក៏ដោយ ក៏ប្រធានាធិបតីបារាំង នឹងរំឭកដាស់តឿន​លោក ហ៊ុន ម៉ាណែត ទាំងក្នុងកិច្ចប្រជុំរួម និង​កិច្ចប្រជុំការទូតចង្អៀត ដែលធ្វើឲ្យលោក ហ៊ុន ម៉ាណែត ពិបាកប្រកែក។

«កិច្ចប្រជុំពេញអង្គអាចលើកដែរ ប៉ុន្តែមិនចំពោះតែការប្រជុំ ដោយឡែក​ជាមួយ​មេដឹកនាំកម្ពុជា។ ខ្ញុំជឿថាប្រធានាធិបតីបារាំងនឹងលើកជជែកពី បញ្ហាលម្អិតទៅលើ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យទៅលើអ្នកទោសមសិការ ជាពិសេសគឺទៅលើពលរដ្ឋបារាំង ដើម​កំណើតខ្មែរ ដែលត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើទុក្ខបុកម្នេញ ដូចជា លោកសម រង្ស៊ី លោក ម៉ែន សុថាវរិន្ទ្រ ឬក៏អ្នកនយោបាយមួយចំនួនទៀត ដែលមាន​សញ្ជាតិ​បារាំង។ ក្នុងរឿងហ្នឹងដែរ ទំនងបារាំងអាចជជែកដោយឡែកដែរ ជាមួយ​មេដឹក​នាំកម្ពុជា អំពីករណីឃាតកម្មលោក លិម គិមយ៉ា អីអ៊ីចឹងដែរ»។

លោក ម៉ែន ណាត

វិញ្ញសាវិបត្តិសំខាន់ៗ ដែលសភាពលរដ្ឋខ្មែរក្រៅប្រទេស បានស្នើដល់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជំរុញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឲ្យដោះស្រាយជាចាំបាច់ រួមមាន ការរកយុត្តិធម៌ជូនពលរដ្ឋខ្មែរសញ្ជាតិបារាំង ដែលជាអតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា ហើយនិងការបង្ក្រាបឋឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និង ការជួញដូរមនុស្ស។

វិញ្ញាសាវិបត្តិ ដែលត្រូវតែដោះស្រាយជាបន្ទាន់ ចំនួន ២ទៀត មាន​ដូចជា ការដោះលែង​អ្នកទោស​នយោបាយ និងអ្នកទោសមនសិការជាង ១០០នាក់ ដែល​កំពុងជាប់ពន្ធនាគារ ព្រមទាំង​ការ​ធានាសុវត្ថិភាពដល់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិគ្រប់រូប ឲ្យវិល​ត្រឡប់​ទៅកម្ពុជាវិញ នៅមុនការឆ្នោតឆ្នាំ២០២៧ ឬ ធ្វើសកម្មភាពនយោបាយ លើទឹកដីកម្ពុជា ដោយគ្មានការធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ទូរទស្សអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក កែវ ពិសិដ្ឋ ដើម្បីសុំការ​ឆ្លើយតបអំពីរឿងនេះបានទេ នៅថ្ងៃទី៥ ខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង​ជាមន្ត្រីជាន់​ខ្ពស់នៃ​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ ២៣តុលា លោក ម៉ែន សុថាវរិន្ទ្រ នៅតែរំពឹងថា ប្រជាធិបតេយ្យបារាំង លោក ម៉ាក្រុង នឹងអាចជួយធ្វើអន្តរាគមន៍​ឲ្យរូបលោក លោក សម រង្ស៊ី និង សហការី​នហោបាយ​ផ្សេងទៀត បានចូល​ប្រទេសកម្ពុជា និង​បំពេញតួនាទីជាអ្នកនយោបាយលើសមរភូមិប្រកួត​ប្រជែង​វិញ។

«លោក ម៉ាក្រុង បានប្រាប់ទៅលោក ហ៊ុន ម៉ាណែត ឱ្យដោះលែងលោក ស៊ុន ចន្ទី ឱ្យដោះលែងលោក កឹម សុខា អីហ្នឹង បាន​សម្រេច​ដូចបំណងមែន ដោយសារ​គំរាម​នយោបាយ របស់លោក ម៉ាក្រុងហ្នឹង​ហើយ បាន​គេ​ដោះលែងលោក ស៊ុន ចន្ធី លោក កឹម សុខា ប៉ុន្តែលោក ហ៊ុន សែន ឆ្លៀត​ឱកាស គាត់ដោះលែងហើយ ប៉ុន្តែគាត់មិនឱ្យធ្វើនយោបាយ ។ លោក ហ៊ុន សែន គាត់ឆ្លៀតចំណេញ ប៉ុន្តែខ្ញុំជឿជាក់ថា ឥទ្ធិពលប្រធានាធិបតីបារាំង លោក ម៉ាក្រុង គឺល្អមែនទែន ជាពិសេសរដ្ឋបាលើលោក ម៉ាក្រុង បានប្រាប់ទៅលោក សម រង្ស៊ី ហើយ គេបានដោះលែងលោក កឹម សុខា លោក ស៊ុន ចន្ទី ហើយ អ្នកឯងត្រូវតែធ្វើដែរ»។

លោក ម៉ែន សុថាវរិន្ទ្រ

តាមគម្រោង មេដឹកនាំ និងតំណាង យ៉ាងតិច ចំនួន ៧០​ប្រទេស នឹងទៅចូលរួម​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឬ​ក្រុមប្រទេសនិយាយភាសាបារាំង លើកទី២០ ដែលនឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក សម រង្ស៊ី ធ្លាប់បានសរសេរលិខិត ទៅក្រសួងកិច្ចការអឺរ៉ុប និង​ការបរទេសបារាំង ដោយរំឭកប្រមុខរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថា វត្តមានរបស់លោកប្រធានាធិបតី​នៅកម្ពុជា នឹងត្រូវពួកអ្នកកាន់អំណាច​គណបក្ស​ប្រជាជនកម្ពុជា ប្រើប្រាស់យ៉ាងងាយស្រួល ដើម្បីបំភ័ន្ដថា របបឯកបក្សរបស់ពួកគេ​ទទួលស្គាល់​ពីអន្តរជាតិ ប្រសិនបើ​លោកប្រធានាធិបតី មិនអាចប្រើឥទ្ធិពលបារាំង​ឲ្យមានលទ្ធផល​ដំណោះស្រាយ វិបត្តិឧក្រិដ្ឋកម្មស្អេកស្អះ នៅ​កម្ពុជា​ទេ។

អ្នកឃ្លាំមើលលើកឡើង​ថា ពេលលោក ហ៊ុន ម៉ាណែត ពេញចិត្តវត្តមាន​របស់លោក ម៉ាក្រុង នៅកម្ពុជា ក៏គួរណាស់តែលោកនាយករដ្ឋមន្ត្រី ពេញចិត្តគោរព សំណើរបស់ប្រធានាធិបតីបារាំង ឲ្យដោះស្រាយវិបត្តិប្រជាធិបតេយ្យ និង​ការ​បំពានសិទ្ធិមនុស្សដែរ គឺកុំពេញចិត្តត្រឹមតែយករូបថត និង វីដេអូ របស់ប្រមុខរដ្ឋបារាំង ទៅបោកភ្នែកប្រជាពលរដ្ឋខ្មែរ និង​សហគមន៍អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ