រដ្ឋាភិបាល​ក្រៅ​ប្រទេស​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​​​ប្រកួត​ដោយ​សេរី បើ​លោក​ក្លាហាន​ពិត

0
28
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

មន្ត្រី​​​រដ្ឋាភិបាល​ក្រៅ​ប្រទេស ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន ម៉ាណែត បើក​ផ្លូវ​ឲ្យ​ពួក​គាត់​​ចូល​រួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ដោយ​សេរី ​និង​​យុត្តិធម៌​ ​ត្រឹម​ត្រូវ​ ​​​នៅ​ក្នុង​ឆ្នាំ​២០២៧​​ខាង​មុខ​​​ ​​​ដោយ​ស្មើ​មុខ​ស្មើ​មាត់​ ប្រសិន​បើ​ ​លោក ហ៊ុន ម៉ាណែត ពិត​ជា​ក្លាហាន​​ពិត​ប្រាកដ​ និង​ជឿ​ជាក់​ថា​ មាន​​​​​ពលរដ្ឋ​ គាំទ្រ​បក្ស​កាន់​អំណាច​​ច្រើន​ ជាង​បក្ស​ប្រឆាំង​​​​​​​​​។ ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​​​​​ចំអក​​​ឱ្យ​​​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ​​​​​​​លោក សម រង្សី​ ថា​​​​​​ជា​អ្នក​នយោបាយ​ចាញ់​តាំង​ពី​ជំនាន់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន រហូត​ដល់​លោក ​ហើយ​​​ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​​​​តាំង​ខ្លួន​​ជា​នាយករដ្ឋមន្ត្រី។

មន្ត្រី​បក្ស​ប្រឆាំង​​​លើក​ឡើង​ថា​ ​​ការ​បង្កើត​រដ្ឋាភិបាល​​​នៅ​ក្រៅ​ប្រទេស​ ​​​ដោយ​សារ​តែ​​​​មើល​ឃើញ​ថា​​​​ប្រទេស​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​ត្រកូល​ហ៊ុន​​​​ ​​ពុំ​បាន​​​​ធ្វើ​ឱ្យ​​​​​​ជាតិ​​​​​រីក​ច្រើន​​​​​ ​​​​​ហើយ​ថែម​ទាំង​បំផ្លាញ​ប្រព័ន្ធ​​ប្រជាធិបតេយ្យ​ និង​​​​គោរព​សិទ្ធិ​មនុស្ស​​​​​​​​​​​ជាដើម។ ​ពួក​គាត់​ថា​ ការ​ដែល​លោក ហ៊ុន ម៉ាណែត ឌឺ​ដង​​​ លើ​​មក​លើ​​រដ្ឋាភិបាល​​​នៅ​ក្រៅ​ប្រទេស ​នេះ​ គឺ​បង្ហាញ​ថា​ លោក ហ៊ុន ម៉ាណែត​​ បារម្ភ​ពី​​ការ​បាត់​​​អំណាច​​ ​​​​ ​ដោយ​សារ​​​​​​​​​ខ្លាច​ឥទ្ធិពល​​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​ ​​ស្រប​ពេល​ដែល​​​​​​​លោក​ ​អសមត្ថភាព​​​​​​ ដោះស្រាយ​បញ្ហា​​​បាត់បង់​​ទឹក​​ដី ពលរដ្ឋ​​​​ប្រឈម​គ្មាន​ការ​ងារ​​​​​​ ​​និង​​​​ការ​រង​សម្ពាធ​​ពី​សហគមន៍​អន្តរជាតិ​រឿង​​ឧក្រិដ្ឋកម្ម​​ឆបោក​តាម​​ប្រព័ន្ធ​​អនឡាញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​​​កម្ពុជា​ឯករាជ្យ​២៣ តុលា​ លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​​នៅ​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា​ថា​ ការ​ដែល​ លោក ហ៊ុន ម៉ាណែត អះអាង​ថា​ លោក សម រង្សី ​​​ជា​អ្នក​នយោបាយ​អសមត្ថភាព​​​​មិន​អាច​​​ប្រកួតប្រជែង​នយោបាយ​​ ​ជា​មួយ​​លោក ហ៊ុន សែន រួម​នឹង​លោក​​ផង​​​​នោះ​ គឺ​ជា​ការ​​វោហារសាស្ត្រ​នយោបាយ​​ បោក​ប្រាស់​​​​ពលរដ្ឋ​​ ​​ព្រោះ​​​​ពលរដ្ឋ​​រាប់​លាន​អ្នក​ក៏​បាន​ដឹង​រួច​មក​ហើយ​ថា តាម​រយៈ​លទ្ធផល​​​ ​​​​​​​បោះ​​ឆ្នោត​​​កាល​ពី​​​ឆ្នាំ​២០១៣ រហូត​ដល់​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧ គឺ​​ គណបក្សប្រជាជន​កម្ពុជា​​ ​​បាន​ចាញ់​​​​​ប្រៀប​​​​​បក្ស​សង្គ្រោះ​ជាតិ​​​​រហូត​ដល់​លោក ហ៊ុន សែន ប្រើ​ល្បិច​ស្មោកគ្រោក​​ ​​រំលាយ​បក្ស​ប្រឆាំង​ចោល​ ហើយ​​ច្បាម​​យក​អំណាច​ម្នាក់​ឯង។

បន្ថែម​ពី​នោះ​លោក គឹម សុខ ថា​ លោក ហ៊ុន ម៉ាណែត ​គឺ​ជា​អ្នក​នយោបាយ​ឆាប់​ភ្លេច​កំណើត​ ​ព្រោះ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ​បច្ចុប្បន្ន​មិន​មែន​បាន​​មកដោយសារតែ​ការ​ប្រកួត​ប្រជែង​ដោយ​សេរី ​និង​យុត្តិធម៌​ត្រឹម​ត្រូវ​នោះ​ទេ គឺ​បាន​​​​ពី​​ការ​​​ ​លើក​បន្ទុក​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន។ លោក​បន្ត​​ថា ​លោក ហ៊ុន ម៉ាណែត ​​​គ្មាន​​ដើម​ទុន​នយោបាយ​​​ ​​ដែល​​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​​​​​​ពលរដ្ឋ​​​​​​នោះ​​ឡើយ​​។ លោក​បន្ថែម​ថា ប្រសិន​បើ​ លោក ហ៊ុន ម៉ាណែត អួតអាង​ថា រដ្ឋាភិបាល​​​​របស់​លោក​មាន​ប្រជាប្រិយភាព ហើយ​មាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​មែន​នោះ ថា​តើ​ លោក ហ៊ាន​បើក​ឱ្យ​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស ​រួម​ទាំង​លោក​ សម រង្សី ផង ចូល​រួម​ការ​បោះឆ្នោត ​​​នៅ​​​​​ឆ្នាំ​២០២៧​ ខាង​មុខ​​ឬ​ក៏​អត់?

«ការដែល​គាត់​ចំណាយ​ពេល​មក​វាយ​ប្រហារ អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​ជា​​ចិត្ត​​​សាស្ត្រ​គឺ ជា​ការ​ភ័យ​ខ្លាច​របស់​គាត់ ទៅវិញ​នៅ​ពេល​ដែល​គាត់​មិន​អាច​ដោះស្រាយ​វិបត្តិ​ដ៏​ធំ​ៗ​នៅ​ប្រទេស​កម្ពុជា​បាន ហើយ​សហគមន៍​អន្តរ​ជាតិ​នៅ​តែ​ជំរុញ​ឲ្យ​គាត់​ត្រូវ​តែ​ដោះស្រាយ​ជា​ពិសេស​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​។​»​ ការ​ប្រឈម​ទាំង​អស់​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុនម៉ាណែត អត់​មាន​នយោបាយ​អ្វី​ជាក់ស្ដែង​ជា​សមិទ្ធផល​ប្រាប់​ប្រជាពលរដ្ឋ ហើយ​បែរ​ទៅ​ជា​បំភាន់​ប្រជាពលរដ្ឋ​ អំពី​សកម្មភាព​នយោបាយ​របស់ អ្នក​នយោបាយ​ក្រៅ​ប្រទេស ដែល​ព្យាយាម​យក​កម្ពុជា​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ»។

លោក គឹម សុខ

ការ​លើក​​ឡើង​នេះ​​ ក្រោយ​ពី​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា​ ​បាន​​ថ្លែង​នៅ​ក្នុង​​ពិធី​​ចែក​ពូជ​ស្រូវ​ដល់​ពលរដ្ឋ​​​​ដែល​រង​គ្រោះ​​​​​​ទឹក​ជំនន់​ នៅ​ខេត្ត​ពោធិ៍សាត់​ ដោយ​​លោក​បង្ហាញ​ការ​ហួស​ចិត្ត​ នៅ​ពេល​ដែល​​ឃើញ​​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស ​រួម​មាន​ លោក សម រង្ស៊ី ​​ជាដើម​​ បាន​រៀបចំ​ការ​បោះ​ឆ្នោត​​​ជ្រើស​​រើស​នាយករដ្ឋមន្ត្រី និង​សភា​តំណាង​រាស្ត្រ​នៅ​ក្រៅ​ប្រទេស។ លោក ហ៊ុន ម៉ាណែត បាន​ឌឺ​ដង​ទៅ​កាន់​ លោក សម រង្ស៊ី ថា​ ​​​បាន​ធ្វើ​នយោបាយ​​​ប្រឆាំង​ឪពុក​លោក គឺ​ លោក ហ៊ុន សែន ជាច្រើន​អាណត្តិ​​​​​ ប៉ុន្តែ​​​​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​​​​​ពលរដ្ឋ​ រហូត​ដល់​ជំនាន់​លោក​​ទៀត​​ ​ក៏​នៅ​តែ​គ្មាន​ឱកាស ​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី។

«រដ្ឋាភិបាល​ក្រៅ​ច្បាប់​​​ច្បាប់​​២៣​តុលា​​ នោះ​ឃើញ​គេ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​។ ​បាទ​​ខ្ញុំ​ហៅ​អ្នក​ចាស់​វស្សា ​អ្នក​នយោបាយ​ចាស់​វស្សា សម រង្ស៊ី ខ្ញុំ​​វា​ហួស​ចិត្ត ប្រហែល​ដល់​អាយុ​​ដល់អាយុ។​ គាត់​​តស៊ូ​នយោបាយ ប្រឆាំង​សម្ដេច​តេជោ រាប់​សិប​អាណត្តិ​អត់​បាន​ធ្វើ​នាយករដ្ឋមន្ត្រី​ព្រោះ​ប្រជាជន​អត់​គាំទ្រ។ ខ្ញុំ​ថា​​​តាំង​ជា​មួយ​ឪ​ខ្ញុំ​ ​​​ទៅ​មិន​ឈ្នះ។​​​​​ដល់​ឥឡូវ​គណបក្សប្រជាជន​កម្ពុជា​គេ​ប្ដូរ​មក​ជំនាន់​ពីរ​ហើយ​គាត់​នៅ​ហ្នុង​។​​​ ដល់​ចុង​ក្រោយ​​តាំង​ជា​មួយ​សម្ដេច​តេជោ​មិន​ឈ្នះ​ហើយ​អាយុ​​ ៧០​ជាង​​ ហើយ​ឥឡូវ​មក​​ត​តាំង​ជា​មួយ​អាយុ ៤០ ជាង ៥០ ជាង​ទៀត​មើល​ៗ​អត់​ឱកាស​​ បង្កើត​រដ្ឋាភិបាល​ធ្វើ​នាយករដ្ឋមន្ត្រី​​ខ្លួន​ឯង​ហ្មង»។

លោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​រិះគន់​ លោក ហ៊ុន ម៉ាណែត ថា ប្រសិន​បើ​លោក​ ហ៊ុន ម៉ាណែត មាន​ភាព​ស្វាហាប់ ​​ក្នុង​ការ​ដោះស្រាយ​​​បញ្ហា​ប្រទេសជាតិ ​​ដូច​ជា​ការ​ទាមទារ​ទឹកដី​ពី​​ថៃ​មកវិញ ការ​ដោះស្រាយ​​បញ្ហា​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​សមរម្យ​ និង​​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាមអនឡាញ​ តាម​រយៈ​ការ​សួរ​ដេញ​ដោយ​​រក​មុខ​អ្នក​ពាក់ព័ន្ធ និង​​​រក​​​ហេតុផល​​​​​​ ​​ដូច​​​​ដែល​លោក ​​ចង់​ឈ្នះ​ចាញ់​បក្ស​ប្រឆាំង ប្រហែល​បញ្ហា​ជាតិ​ធំ​ៗ​​ នឹង​ដោះស្រាយ​បាន​យ៉ាង​​​​​លឿន​រហ័ស​​​ ហើយ​​​​​ពលរដ្ឋ​ ក៏​​នឹង​លែង​មាន​ការ​សង្ស័យ​​​​​​លើ​ការ​ដឹកនាំ​របស់​លោក ​ហើយ​​​បក្ស​ប្រឆាំង​ ​ក៏​នឹង​​​លែង​មាន​ពាក្យ​រិះគន់​​​​ទៀត។

ប៉ុន្តែ​​ជាក់ស្ដែង​ ពួកគាត់​​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត បាន​ត្រឹម​តែ​អួតអាង​ ​​មិន​​ថា​​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ ​ការ​​​​​បើក​លំហ​ឱ្យ​មាន​ការ​​ប្រកួតប្រជែង​អំណាច ​តាម​រយៈ​ការ​បោះឆ្នោត​​ ដោយសេរី និង​យុត្តិធម៌ ​ត្រឹម​ត្រូវ​ ​​នោះ​ទេ​​គឺ​​​លោក​ ហ៊ុន ម៉ាណែត មិន​​ទាំង​​ហ៊ាន​​​​នោះ​ទេ​​​។​ ផ្ទុយ​ទៅ​វិញ លោក​​​​​​ខ្លាំង​បាន​​​តែ​​ខាង​​​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​​ ​និង​​​​​​​​​​ពលរដ្ឋ។

​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា​ ចាត់​ទុក​ការ​លើក​ឡើង​របស់​​ លោក ហ៊ុន ម៉ាណែត​​ ដែល​​​​​រិះគន់​​​អ្នក​នយោបាយ​នៅ​ប្រទេស រួម​នឹង​លោក សម រង្ស៊ី ផង​ថា​ ​គឺ​​ជា​​រឿង​គួរ​ឱ្យ​អស់​សំណើច ​ខណៈ​​បក្ស​កាន់​អំណាច​​​ ​ដែល​ដឹកនាំ​​ដោយ​ លោក ហ៊ុន សែន ផ្ទាល់​គឺ​​ ព្រោះ​ជាក់ស្ដែង​ ​​​​លោក​ សែន និង​ លោក ហ៊ុន ម៉ាណែត​ ទេ​ដែល​បាន​បិទ​សិទ្ធិ​​​បក្ស​ប្រឆាំង​មិន​ឱ្យ​​​ចូល​ស្រុក​ ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ ​ដោយ​​សេរី ​​​​​​​​និង​​យុត្តិធម៌ ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា​ ​ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត នេះ​គឺ​​​​​ដើម្បី​បិទបាំង​ពី​ភាព​​​​​ភ័យ​ខ្លាច ​​​​នៃ​ឥទ្ធិពល​​អ្នក​នយោបាយ​​​​​​​​ដែល​កំពុង​តែ​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ នៅ​​ក្រៅ​ប្រទេស​។

​ «​ប្រសិន​បើ​​លោក​​ហ៊ាន​ថា លោក ​សម រង្ស៊ី គឺ​ជា​មនុស្ស​​ដែល​មិន​អាច​​ឈ្នះ ​​មិន​ហ៊ាន​​ត​តាំង​ជាមួយ​លោក គួរតែ​បើក​​ប្រព័ន្ធ​ប្រកួតប្រជែង​​សេរី ទៅ​​ឲ្យ​​អ្នក​នយោបាយ​​ក្រៅ​​ប្រទេស ឬ ក៏​ក្រុម​​សភា​​ខ្មែរ​ក្រៅ​​ប្រទេស​​ហ្នឹង​​ឲ្យ​គេ​ប្រកួតប្រជែង​ជាមួយ​​​ទៅ​ថា​តើ​ឈ្នះ​ចាញ់ យើង​នឹង​ដឹង​ហើយ​​ ប៉ុន្តែ​​បើ​សិន​​ជា​គ្រាន់តែ​និយាយ ហើយ​អត់​បើក​ឲ្យ​គេ ប្រកួតប្រជែង​​ផង អញ្ចឹង​​តើ មាន​តម្លៃ​អី?»

លោក ស៊ឹង សែនករុណា

ចាប់​តាំង​​​អវត្ត​មាន​​​​​គណបក្សប្រឆាំង​ដ៏​ធំ ​គឺ​​គណបក្ស​សង្គ្រោះ​ជាតិ​​ ​​​​​​​​​​ក្នុង​ការ​​​ចូល​រួម​ការ​បោះ​ឆ្នោត​ ​​ដោយ​សារ​តែ​​​លោក ហ៊ុន សែន ​បាន​​បញ្ជា​​​​​​ឱ្យ​តុលាការ​កំពូល​រំលាយ​​​​​ចោល​​​កាល​ពី​ឆ្នាំ​២០១៧​​មក ​​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ​មិន​ដែល​បន្ធូរ​ដៃ​ក្នុង​ការ​​តាម​កម្ទេច​​​បក្ស​ប្រឆាំង​ដទៃ​​​ទៀត​​​​​នៅ​ក្នុង​ស្រុក​​នោះ​​​ឡើយ ដូចជា គណបក្ស​ភ្លើង​ទៀន ​​​​និង​បក្ស​កម្លាំង​ជាតិ​​​​ជា​ដើម​ ​តាម​រយៈ​​​ការ​ចាប់​ខ្លួន​​​មេដឹកនាំ​បក្ស​ទាំង​នោះ​ដាក់​ពន្ធនាគារ ដូចជា​ លោក ថាច់ សេដ្ឋា និង​​​ដកហូត​​​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ ​ដូច​ជា​លោក រ៉ុង ឈុន ​ជា​ដើម។ ករណី​នេះ​អ្នក​ឃ្លាំមើល​បង្ហាញ​ថា​ បក្ស​កាន់​អំណាច​គ្មាន​​ភាព​ក្លាហាន ​ក្នុង​ការ​​​ប្រកួតប្រជែង​ការ​បោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ ​បើ​ទោះ​ពី​ជា​គ្មាន​វត្ត​មាន​ លោក សម រង្សី និង​អ្នក​នយោបាយ​ក្រៅ​ប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ