

សិស្សសាលាប៊ែលធីចំនួន៥ នាក់ស្លាប់ និង២១នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានធ្លាក់ចូលស្រះទឹកនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា អាជ្ញាធរពាក់ព័ន្ធ ហាក់នៅមានភាពយឺតយ៉ាវក្នុងការជួយសង្គ្រោះជីវិតសិស្សានុសិស្សទាំងនេះ។
យុវតីសាលាប៊ែលធី ៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តដឹកសិស្ស១គ្រឿង បានបើកគេចម៉ូតូធ្លាក់ចូលស្រះទឹកនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។ នៅក្នុងរថយន្តមានសិស្សសាលា ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ និងតៃកុងឡានម្នាក់។
អ្នកបើកបររថយន្តមានឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលលោក ម៉ៃ ប៊ុនថង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើករថយន្ដបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកបរបញ្ច្រាសឆ្លងកាត់ផ្លូវ ហើយរថយន្តក៏បើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។ លោកអះអាងថា សិស្សរងគ្រោះមួយចំនួនរបួសបាក់ដៃ និងសន្លប់ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ និងនៅមន្ទីពេទ្យបង្អែកស្រុក។ លោកលើកឡើងថា ដំបូងអាជ្ញាធររកឃើញសាកសពសិស្សមានចំនួន៣នាក់ប៉ុណ្ណោះ ហើយក្រោយមក ម្តាយជនរងគ្រោះ បានមកប្រាប់ថា នៅមានសិស្សចំនួន២នាក់ទៀតដែលរកមិនទាន់ឃើញ ទើបអាជ្ញាធរ រុករកបន្ថែម និងរកឃើញពួកគេ។
«អ៊ីចឹងបានយើងមិនអាចជួយគាត់បាន ស្រង់មកក្រោយមកគាត់បានស្លាប់ហ្នឹង ចំនួន ៣នាក់។ ៣នាក់ហើយ បានឪពុកម្តាយគេមករក មកឃើញថា នៅបាត់កូន ២នាក់ទៀត អញ្ចឹងបានខ្ញុំជួយរកទៅ បានឃើញ ២នាក់ទៀត ទាំងអស់ ៥នាក់។ចំណុចអូសគាត់ប្រហែលជាខ្ទង់ ៥០ម៉ែត្រហើយ។ បាទ អ៊ីចឹងបានថា ល្បឿនរបស់គាត់នេះលឿន តែមានមនុស្ស ឧទាហរណ៍ថា មនុស្សនៅក្នុងឡាន គាត់ត្រូវការពឹងលើតែតៃកុងទេ តែតៃកុងគាត់ធ្វេសប្រហែសបន្តិច ធ្វើឱ្យមនុស្សនៅក្នុងឡានមានប៉ុន្មាននាក់ គាត់អាចមានគ្រោះថ្នាក់បាន មួយព្រិចភ្នែកបាន។»
លោក ម៉ៃ ប៊ុនថង
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបររថយន្ត ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។
ចំណែកសិស្សទាំង៥នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ជាយុវតីរស់នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង មានឈ្មោះ សៀង សុផាវត្តី ឡេង យូលីង លី នីតា សីហា សួស្តី និង ឃាង ឈីងឈីង។
ម្នាក់ក្នុងចំណោមយុវតីទាំង៥ គឺជាកូនស្រីរបស់អធិការនគរបាលស្រុកពារាំង ខេត្តព្រៃវែង លោក ស៊ុំ សីហា។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត ដើម្បីសួរបន្ថែមជុំវិញករណីនេះបានទេ នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែក អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិ លោក លី ប៊ុនឆៃ ក៏មិនទាន់អាចទាក់ទងបាន។
អគ្គនាយកប៊ែលធី គ្រុបលោក លី ឆេង ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា រថយន្តដឹកសិស្សជួបគ្រោះថ្នាក់ចរាចរណ៍នោះ ជារថយន្តស៊ីឈ្នួលដឹកសិស្ស មិនមែនជារថយន្តរបស់សាលាប៊ែលធីឡើយ។
ទោះជាយ៉ាងណា ពលរដ្ឋក្នុងបណ្តាញសង្គមមួយចំនួន ក៏បានរិះគន់ពីបញ្ហាអយុត្តិធម៌ដែលកើតមានជារឿយៗក្នុងសង្គមកម្ពុជា ជាពិសេសករណីភាពយឺតយ៉ាវក្នុងការជួយសង្គ្រោះរបស់មន្ត្រីជំនាញ និងកង្វះឧបករណ៍ជំនាញ ដែលអាចបង្កជាហេតុឲ្យសិស្សអាចបាត់បង់ជីវិត។
គណនីមួយឈ្មោះ ហេង បញ្ញា បានបញ្ចេញមតិយោបល់ថា តើជាករណីគេចម៉ូតូ រឺអ្នកបើកបរឆ្លើយដោះសារយករួចខ្លួន ដោយសារការបើកបរធ្វេសប្រហែស។ លោកស្នើសុំឲ្យអ្នកជំនាញ មេត្តាស្រាវជ្រាវករណីនេះ រកយុត្តិធម៌ជូនជនរងគ្រោះ ព្រោះរឿងដដែលៗនេះ កើតឡើងស្ទើជាទំលាប់ទៅហើយក្នុងសង្គម ហើយពេលខ្លះ អ្នកបើកបរខ្វះការប្រុងប្រយ័ត្នទំលាក់កំហុសលើការដាច់ហ្វ្រាំងឡានជាដើម។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ក្រសួងអប់រំ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនគួរយកចិត្តទុកដាក់ ពិនិត្យមើលរឿងនេះឲ្យបានត្រឹមត្រូវ ជាពិសេសលើយានយន្តដែលបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតសិស្សទាំងនោះឲ្យបានល្អិតល្អន់។ លោកលើកឡើងថា ក្រសួងពាក់ព័ន្ធទាំងអស់ គួរយកចិត្តទុកដាក់ត្រៀមឧបករណ៍ ឬរកវិធីសាស្ត្របន្ថែមក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ពីព្រោះករណីខ្លះ ការជួយសង្គ្រោះយឺតយ៉ាវ មិនទាន់ពេល ក៏អាចឲ្យមានការបាត់បង់ជីវិតមនុស្សផងដែរ។
«បាទ យើងឃើញថាតែងតែមានភាពអឺយឺតយ៉ាវនូវអឺសម្ភារៈសង្គ្រោះហ្នឹង ទាំងអឺរថយន្ត ឬក៏តាមអឺមមធ្យោបាយទាក់ទងផ្តល់ព័ត៌មានដល់គ្នា ដើម្បីជួយសង្គ្រោះឲ្យទាន់ពេលវេលា យើងនៅតែមានការខ្វះខាត អញ្ចឹងអឺគ្រោះថ្នាក់មួយទៅគ្រោះថ្នាក់មួយ គប្បីតែមាន អឺទទួលបាននូវអឺបទពិសោធន៍ បាទ បទពិសោធន៍ ហើយយើងត្រូវតែធ្វើការបំពេញបន្ថែមទៅលើអ្វីដែលជាបទពិសោធន៍របស់យើង ដើម្បីឱ្យការជួយសង្គ្រោះដល់ពលរដ្ឋ អឺក៏ដូចជាអឺប្អូនៗកុមារ ឱ្យបានទាន់ពេលវេលា ដើម្បីអឺសម្រួលដល់អឺការធ្វើដំណើររបស់គាត់ ឬក៏ដើម្បីជួយដល់អាយុជីវិតរបស់ពួកគាត់ហ្នឹង បាទ។»
លោក យិន ម៉េងលី
អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងបង្កើនការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរលើសល្បឿនកំណត់។ ជាមួយគ្នានេះ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងគោរពច្បាប់ចរាចរណ៍។ លើសពីនេះ អាជ្ញាធរគួរកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដាក់ស្លាកសញ្ញាព្រមាន និងរៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឱ្យមានប្រសិទ្ធភាព។ ពួកគាត់ថា ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តម្រូវឱ្យមានការទទួលខុសត្រូវរួមពីអាជ្ញាធរ អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពសាធារណៈ៕









