

ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន អតីតឧកញ៉ា ជា សារ៉ន លើកឡើងថា ពួកគាត់លែងប្រឹងប្រែងបង់សងបំណុលហើយ ពីព្រោះខ្សោះអស់ពីខ្លួន ដោយសារចាញ់បោកក្រុមហ៊ុន ហើយរង់ចាំដំណោះស្រាយយូរពេក។ សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរពិចារណាអំពីកខ្វល់របស់ពលរដ្ឋរងគ្រោះ ដោយការយកចិត្តទុកដាក់ ហើយផ្ដល់ដំណោះស្រាយ ដោយការទទួលខុសត្រូវ។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន លើកឡើងថា ពួកគាត់ឈឺចាប់កាន់ខ្លាំង ខណៈពួកគាត់កំពុងវ័ណ្ឌក ដោយសារបំណុល បន្ទាប់ពីចាញ់បោកក្រុមហ៊ុននេះ និងរង់ចាំយូរឆ្នាំហើយ មិនឃើញស្រមោលដំណោះស្រាយសោះ។ ពលរដ្ឋរងគ្រោះ ប្រកាសលែងចង់បង់សងបំណុលធនាគារ ព្រោះអស់លទ្ធភាព ដោយពួកគាត់ថា ដំណោះស្រាយ នៅលើមាត់រដ្ឋាភិបាល រីឯបំណុលនៅលើមាត់ធនាគារ ដែលតាមទារជាប្រចាំ ប៉ុន្តែពលរដ្ឋវិញចាំតែរងគ្រោះយ៉ាងអយុត្តិធម៌។
ពលរដ្ឋរងគ្រោះម្នាក់នៅខេត្តកំពត ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចញឈ្មោះ នៅថ្ងៃទី១២ ខែវិច្ឆិកាថា អាជ្ញាធរ និងធនាគារ យកគាត់ទៅធ្វើអី ក៏ធ្វើទៅ ហើយចង់បង្ខំឱ្យគាត់ស្លាប់ ក៏ស្រេចតែពួកគេទៅ ពីព្រោះសព្វថ្ងៃ លោកស្រីទ័លច្រកពេកហើយ។ លោកស្រីថា ឮតែមានដំណោះស្រាយ ពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ប៉ុន្តែច្រើនឆ្នាំមកហើយ មិនឃើញមានដំណោះស្រាយអ្វីសោះ ហើយឃើញតែកិច្ចសហការគ្នា រវាងអាជ្ញាធរ និងធនាគារទារបំណុលពីពលរដ្ឋគ្រោះ។
«អត់លទ្ធភាពបង់ មានតែងាប់អស់ហ្នឹងឯង មានអីទៀត មានអីសង យកអីយកទៅបើងាប់ហើយ លែងខ្វល់ហើយ លោក ម៉ៅ ធនិន ថា មាន ដំណោះស្រាយ យើងធ្វើម៉េចដឹងដែរ ដឹងដំណោះស្រាយរបៀបម៉េចយើងមិនដឹង។ វាប៉ះពាល់គ្រប់មុខទាំងអស់ ចង់បានសងធនាគាររួចអស់ បានប្លង់មកវិញ អត់មានចង់បានអីទាំងអស់។ ខ្ញុំមានទិញដី និងវិនិយោគច្រើនដែរ ចូលជិត ៥ម៉ឺនដុល្លារ»។
ពលរដ្ឋរងគ្រោះ
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដើម្បីបំភ្លឺអំពីរឿងនេះ បានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។
ជុំវិញរឿងនេះដែរ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ស្នើឲ្យអាជ្ញាធរពិចារណាអំពីកខ្វល់ និងសំណូមពរដ៏ទទូច របស់ពលរដ្ឋរងគ្រោះ ហើយផ្ដល់ដំណោះស្រាយសមរម្យ ដោយការទទួលខុសត្រូវ ។
លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ថៃទី១២ ខែវិច្ឆិកា ថា អាជ្ញាធរ តាំងពីថ្នាក់ខេត្តដល់ថ្នាក់ជាតិ សុទ្ធតែមានតួនាទី ត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ។ លោកបារម្ភថា ការអូយបន្លាយពេលដំណោះស្រាយយូរពេក ហើយពលរដ្ឋប្រឈមនឹងបំណុលវ័ណ្ឌកដោះមិនចេញផង នោះពលរដ្ឋកាន់តែច្រើន កើតជំងឿបាក់ទឹកចិត្តពិបាកស្ដារឡើងវិញ ដែលនឹងក្លាយជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ។
«ខ្ញុំឆ្ងល់ថា តើទ្រព្យសម្បត្តិពួកគាត់ហ្នឹង គាត់យកទៅណា ដែល គាត់យកពីប្រជាពលរដ្ឋទៅហ្នឹង បើសិនជាសាច់ប្រាក់វាមិនមាន ក៏វាមានជាទ្រព្យ សម្បត្តិអចលនទ្រព្យ ឬក៏ជាចលនទ្រព្យដែរ។ តើទ្រព្យសម្បត្តិ ដែលគាត់បានយកទៅធ្លាក់ទៅលើដៃអ្នកណាបានជាលំបាក យើងមើលឃើញ លំបាកក្នុងការដោះស្រាយក្នុងការស្វែងរកយុត្តិធម៌ឬក៏សំណងដល់ពលរដ្ឋណាស់»។
លោក យិន ម៉េងលី
ពលរដ្ឋរងគ្រោះម្នាក់ទៀត នៅខេត្តព្រៃវែង និយាយថា មកដល់ពេលនេះ កុំថាឡើយទាមទារបានយុត្តិធម៌ត្រឹមត្រូវ សូម្បីតែពលរដ្ឋរងគ្រោះ ចង់បានចំណែកខ្លះ ដើម្បីដោះបំណុល ក៏រដ្ឋាភិបាល និងក្រុមហ៊ុនមិនអាចដោះស្រាយឱ្យបានផង។
ជនរងគ្រោះរូបនេះ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១២ ខែវិច្ឆិកា ថា រដ្ឋាភិបាល គួរណាស់តែបង្ហាញពីការជឿនលឿន ក្នុងការស្វែងរកដំណោះស្រាយឱ្យពលរដ្ឋរងគ្រោះ ពីព្រោះយូរឆ្នាំហើយ អ្នកខ្លះបានតែប្លង់ដី តែមិនបានដី រីឯពលរដ្ឋរងគ្រោះខ្លះទៀត អត់ទាំងដីអត់ទាំងប្លង់។ លោកថា រដ្ឋាភិបាល គួរអាណិតពលរដ្ឋផង ដោយសារតែពលរដ្ឋ បានរងគ្រោះអស់ប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយគ្រួសារៗ ហើយមិនបានដី និងត្រូវកើនបន្ទុកបំណុលពីរបៀបខ្លីដោះទ័ល គឺខ្ចីបំណុលថ្មី សង់បំណុលចាស់។
«គេបូករួមទាំងបំណុលដែលយើងខ្ចីមករកស៊ីពីមុន វា ១០ម៉ឺនដុល្លារទៅហើយ ទាំងដែលយើង ទិញជាមួយក្រុមហ៊ុន ដូចជាមិនដល់ហ្នឹងទេ ៦ ទៅ ៧ ម៉ឺនដុល្លារទេ ប៉ុន្តែដោយសារតែយើងខ្ចី ៦ ខែហើយ បង់ចោលហ្នឹងហើយ ៦ ខែទៀតនៅមិនទាន់ដោះស្រាយបាន យើងខ្ចីទៀត ដោយសារអី គេចេះតែមក ប្ដឹងយើង ទៅដល់ភូមិ ទៅដល់ឃុំអ៊ីចឹងទៅ វាប៉ះពាល់ដល់ពេលវេលារកស៊ី របស់យើងអ៊ីចឹងទៅ។ យើងក៏ព្រមព្រៀងតាមដំណើរ នឹកឃើញថា វាឆាប់វានឹងលឿនៗ អ៊ីចឹង ប៉ុន្តែអ្វីដែលជាក់ស្ដែង វាមិនលឿនដូចការគិត»។
ជនរងគ្រោះ
ក្រុមហ៊ុន ជា សារ៉ន គឺជាករណីឆបោកផ្នែកអចលនទ្រព្យ និងការវិនិយោគដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមក្រុមហ៊ុនឆបោកជាច្រើនទៀត ដូចជា ក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា និង ក្រុមហ៊ុនស៊ីអាយស៊ី (CIC) ជាដើម ។ ក្រុមហ៊ុន ជា សារ៉ន បោកពលរដ្ឋប្រមាណ ៦ពាន់គ្រួសារឲ្យខាតបង់ប្រាក់ខ្ទង់ ៤០ លានដុល្លារ ជាពិសេស ពលរដ្ឋនៅខេត្តកំពត និងខេត្តតាកែវ។
កាលពីខែមេសា ឆ្នាំ ២០២៣ ប្រជាពលរដ្ឋរងគ្រោះ ជាង ២ពាន់ គ្រួសារ ចាប់ផ្ដើម ប្រមូលផ្តុំគ្នាតវ៉ាទាមទាររកដំណោះស្រាយនៅខេត្តកំពត។ សមត្ថកិច្ចខេត្តកំពត បានចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀត ដាក់ពន្ធនាគារ ហើយ សាលាដំបូងខេត្តកំពត បានបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន យ៉ាងតិច ៩៥គណនី រួមទាំងអចលនវត្ថុប្រភេទដីធ្លី ចំនួនជិត ២ពាន់ (១.៧៩១)ក្បាលដី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើល កត់សម្គាល់ថា មកដល់ពេលនេះ ពុំមាន ការបង្ហាញភាពជឿនលឿនណាមួយ អំពីដំណោះស្រាយសមរម្យ ជូនពលរដ្ឋ រងគ្រោះនោះទេ ហើយឃើញតែពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុន ត្អូញត្អែរអំពី កំណើនបំណុលដោះស្រាយមិនចេញ និងការបាក់ទឹកចិត្ត រួមទាំង ការព្រមានលែងសងបំណុល ព្រោះទ័លច្រកពេក៕









