

ជនបរទេសចម្រុះជាតិសាសន៍ដែលរួចផុតពីការបង្ខាំង និងធ្វើទារុណកម្មលើកឡើងថា មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា មានសភាពអាក្រក់ជាងគុកងងឹតក្នុងខ្សែភាពយន្តទៅទៀត។ ពួកគាត់បានរៀបរាប់ពីបទពិសោធន៍ជូរចត់ដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនជួញដូរមកលក់នៅកម្ពុជា រងការបង្ខាំងធ្វើទារុណកម្មក្នុងបន្ទប់ងងឹត ការជំរិតទារប្រាក់ពីក្រុមគ្រួសារ និងការបង្ខំឱ្យធ្វើការរាប់ម៉ោងដោយគ្មានប្រាក់ឈ្នួល។
ជនបរទេសដែលចែករំលែកបទពិសោធន៍ដ៏រន្ធត់ទាំងនេះមានគោលបំណងសំខាន់ គឺដើម្បីព្រមានពលរដ្ឋ និងសហគមន៍របស់ពួកគាត់ កុំឱ្យធ្លាក់ក្នុងអន្ទាក់បណ្ដាញឧក្រិដ្ឋជនដូចដែលពួកគាត់ធ្លាប់រងគ្រោះក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។
ថ្វីត្បិតតំបន់នៃមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយចំនួននៅកម្ពុជាបច្ចុប្បន្នហាក់ស្ងាត់ជាងមុនក៏ដោយ ក៏ស្លាកស្នាមនៃការរងទុក្ខនៅតែបន្តដក់ជាប់ក្នុងរាងកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ និងក្រុមគ្រួសារពួកគេ។ គ្រួសារខ្លះទទួលបានសាច់ញាតិពីកម្ពុជាត្រឹមសាកសព ខណៈជនរងគ្រោះខ្លះទៀតវិលទៅមាតុភូមិវិញក្នុងសភាពពិការ និងបាត់បង់សតិស្មារតី។
ចំណែក ជនបរទេសដែលរួចរស់រានមានជីវិតពីមជ្ឈមណ្ឌលឆបោកនៅកម្ពុជានៅតែបន្តលាតត្រដាងពីអំពើអមនុស្សធម៌ក្នុងទីតាំងទាំងនោះ រួមមានការបង្ខាំង និងធ្វើទារុណកម្ម ការចាប់ជំរិតទារប្រាក់ពីក្រុមគ្រួសារ ព្រមទាំងការបង្ខំឱ្យធ្វើការរាប់ម៉ោងដោយគ្មានប្រាក់ឈ្នួល។
ជាក់ស្ដែង លោក តូហ្វៃល អាម៉េដ (Tofail Ahmed) គឺជាជនជាតិបង់ក្លាដែល (Bangladesh) ម្នាក់ក្នុងចំណោមជនរងគ្រោះជនជាតិបង់ក្លាដែសរាប់រយនាក់ទៀតដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនជួញដូរមកក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។ លោកបានរត់គេចពីមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយនៅម៉ោង២ទៀបភ្លឺ និងរត់ទាំងជើងទទេចម្ងាយជិត ៤គីឡូម៉ែត្រ បន្ទាប់ពីត្រូវបានគេឃុំខ្លួនអស់រយៈពេលជិត ២ខែ។ ក្រោយមក លោកបានវិលត្រឡប់ទៅដល់ប្រទេសបង់ក្លាដែសវិញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
ជនជាតិបង់ក្លាដែសរូបនេះបានរៀបរាប់ប្រាប់កាសែតបង់ក្លាដែស ដឹ ដេលី ស្ដារ (The Daily Star) កាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ឈ្មួញកណ្តាលនៅប្រទេសបង់ក្លាដែសបានបោកបញ្ឆោតដោយកុហកផ្តល់ការងារជាអ្នកបញ្ចូលទិន្នន័យ ប៉ុន្តែពេលមកដល់កម្ពុជាបណ្ដាញឧក្រិដ្ឋជនបែរជាលក់លោកទៅក្នុងមជ្ឈមណ្ឌលឆបោកក្នុងតម្លៃប្រមាណ ២ពាន់ដុល្លារ។ ក្រោយមកទៀត លោកក៏ត្រូវគេបង្ខាំង និងបង្ខំឱ្យធ្វើការជាអ្នកឆបោក ព្រមទាំងជំរិតទារប្រាក់ចំនួន ២ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។
លោកទម្លាយថា មជ្ឈមណ្ឌលឆបោកនៅកម្ពុជាមានការយាមកាមតឹងរ៉ឹង បណ្ដាញឧក្រិដ្ឋជនបានដកហូតលិខិតឆ្លងដែនជនបរទេស និងបង្ខាំងមនុស្សមិនឱ្យចេញក្រៅ។ ចំណែក ជនបរទេសដែលត្រូវបានគេយកមកជួញដូរសុទ្ធតែរងការបង្ខំឱ្យធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ហើយសម្រាប់អ្នកដែលមិនអាចឆបោកលុយតាមការកំណត់របស់ថៅកែជនជាតិចិនគឺត្រូវទទួលរងការធ្វើទារុណកម្ម ដូចជាឆក់ខ្សែភ្លើង និងបង្អត់អាហារ ព្រមទាំងរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។ ជនជាតិបង់ក្លាដែសដដែលបញ្ជាក់ថា ការទម្លាយរឿងរ៉ាវរន្ធត់ទាំងនេះ គឺដើម្បីព្រមានប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមជនបទ កុំឱ្យចាញ់បោកឈ្មួញកណ្តាល និងធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមកកម្ពុជាដូចរូបលោក។
ក្រៅពីជនជាតិបង់ក្លាដែស ក៏មានជនជាតិមកពីតំបន់អាហ្វ្រិកគឺលោក ហេនរី គីយេយូនេ (Henry Kyeyune) ក៏ជាសាក្សីមួយរូប និងជាអ្នករស់រានមានជីវិតដោយសារលួចរត់ចេញពីមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។ ទីភ្នាក់ងារសារព័ត៌មានអេភី (AP) រាយការណ៍កាលពីថ្ងៃទី៥ ខែវិច្ឆិកាថាលោក ហេនរី គីយេយូនេ គឺជាជនជាតិ អ៊ូហ្គង់ដា (Uganda) និងត្រូវបណ្ដាញឧក្រិដ្ឋជនជួញដូរដោយល្បួងបោកប្រាស់ផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងបានមកដល់កម្ពុជាកាលពីចុងឆ្នាំ២០២៥។ ក្រោយមកជនរងគ្រោះរូបនេះត្រូវបានគេបង្ខំឱ្យធ្វើការអ្នកជាអ្នកឆបោក និងត្រូវបានបណ្ដាញឧក្រិដ្ឋជនបង្ខាំងក្នុងអគារ ដោយជំរិតទារប្រាក់ចំនួនប្រមាណ ៦ពាន់ដុល្លារអាមេរិកជាថ្នូរដោះលែងឱ្យមានសេរីភាព។ ប្រភពដដែលបានរាយការណ៍ថា ពេលមកដល់កម្ពុជាក្នុងខែដំបូងជនរងគ្រោះមកពីតំបន់អាហ្វ្រិករូបនេះ ត្រូវទ្រាំទ្រនឹងកណ្ដាប់ដៃរបស់បណ្ដាញឧក្រិដ្ឋជន និងត្រូវបានគេធ្វើទារុណកម្មផ្សេងៗទៀតដូចជា វាយដំ ឆក់ខ្សែភ្លើង នៅពេលដែលលោកបដិសេធធ្វើការជាអ្នកឆបោក។
ក្រៅពីសក្ខីកម្មទាំងនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី២៩ ខែតុលា ដោយលាតត្រដាងពីបញ្ហា រំលោភបំពានដ៏អាក្រក់ នៅមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។ របាយការណ៍ដែលផ្អែកលើការសម្ភាសជនរងគ្រោះ ១៥១នាក់ បានរកឃើញថា ក្រុមហ៊ុនសន្តិសុខឯកជនចំនួន៥ ដែលជារបស់ក្រុមមន្ត្រីយោធា និងនគរបាលក្នុងជួរដ្ឋាភិបាលត្រកូល ហ៊ុន គឺពាក់ព័ន្ធនឹងការយាមកាមនៅទីតាំងដែលមានការធ្វើទារុណកម្ម និងរំលោភសិទ្ធិមនុស្ស។
ក្នុងចំណោមសក្ខីកម្មទាំងនោះក៏មានស្ត្រីជនជាតិកាមេរូន (Cameroon) ម្នាក់ដែលអង្គការលើកលែងទោសអន្តរជាតិដាក់ឈ្មោះថា ម៉ាយ៉ា (Maia) អះអាងថា នាងត្រូវបានសន្តិសុខចាប់ឃុំ និងនាំទៅបន្ទប់ងងឹតដែលជាកន្លែងអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបានរំលោភនាង។ ចំណែកស្ត្រីជនជាតិអ៊ូហ្គង់ដា (Uganda) ម្នាក់ទៀតក៏អះអាងថា ត្រូវបានអ្នកគ្រប់គ្រងមជ្ឈមណ្ឌលឆបោកតែងចាប់រំលោភនាងម្ដងហើយម្ដងទៀត នៅពេលដែលមិនអាចឆបោកលុយពីជនរងគ្រោះតាមថៅកែដែលបានកំណត់។ រីឯ បុរសជនជាតិអ៊ូហ្គង់ដា (Uganda) ម្នាក់ទៀតបញ្ជាក់ថា លោកត្រូវបានគេដាក់ច្រវាក់ជាប់នឹងបង្គោល និងទម្លាក់ក្បាលមកក្នុងអាងទឹក វាយដំអស់ជាច្រើនម៉ោង និងឆក់ខ្សែភ្លើង។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញលោក ឆៃ ស៊ីណារិទ្ធ ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេគិតត្រឹមម៉ោងផ្សាយនេះ។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា លើកឡើងថា សក្ខីកម្មរបស់ជនបរទេសដែលរស់រានមានជីវិតគឺជារឿងពិតជាក់ស្ដែង ប៉ុន្តែលោកថា តាមបទពិសោធន៍ដែលធ្វើកិច្ចការលើវិស័យនេះបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងមជ្ឈមណ្ឌលឆបោកមានលក្ខណៈធ្ងន់ធ្ងរជាងនេះទៅទៀត។ លោកឱ្យដឹងថា ជនរងគ្រោះមួយចំនួនដែលត្រូវបានគេជួញដូរ អ្នកខ្លះថែមទាំងត្រូវបានគេកាត់ម្រាមដៃម្រាមជើង បង្អត់បាយទឹក នៅពេលពួកគាត់មិនអាចឆបោកលុយពីជនរងគ្រោះតាមការកំណត់របស់មេខ្លោង។
លោក ឌី ថេហូយ៉ា លើកឡើងថា ឧក្រិដ្ឋកម្មឆបោកអនឡាញដែលផ្សារភ្ជាប់នឹងអំពើជួញដូរមនុស្សរាប់សែននាក់បែបនេះគឺកើតឡើងតែក្នុងប្រទេសដែលសម្បូរដោយការប្រព្រឹត្តអំពើពុករលួយ និងគ្មានការអនុវត្តច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ។ «»
ចំណែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា សោកស្ដាយចំពោះការដឹកនាំរបស់មេដឹកនាំក្រុងភ្នំពេញដែលមិនអើពើនឹងរបាយការណ៍ និងការលាតត្រដាងរបស់សហគមន៍អន្តរជាតិតាំងពីដំណាក់កាលដំបូង។ ផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលកម្ពុជាបែរជាបណ្ដែតបណ្ដោយឱ្យបណ្ដាញឧក្រិដ្ឋជនបន្តពង្រីកមជ្ឈមណ្ឌលឆបោកទូទាំងប្រទេស បានធ្វើឱ្យកេរ្តិ៍ឈ្មោះជាតិខ្មែររងភាពអាស្រូវ ធ្ងន់ធ្ងរលើឆាកអន្តរជាតិ។«»
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឱ្យដឹងថា ជនបរទេសដែលត្រូវបានគេជួញដូរ និងធ្វើទារុណកម្មដ៏អាក្រក់ និងអាចរស់មានជីវិតពីមជ្ឈមណ្ឌលឆបោកនៅកម្ពុជាភាគច្រើនគឺជនជាតិ ប្រេស៊ីល (Brazilian) ឥណ្ឌូនេស៊ី (Indonesian) មីយ៉ាន់ម៉ា ឬភូមា (Myanmar) នីហ្សេរីយ៉ា (Nigerian) សៀរ៉ាឡេអូន (Sierra Leonean) លីបេរីយ៉ា (Liberian) អ៊ូហ្គង់ដា (Ugandan) កេនយ៉ា (Kenyan) បង់ក្លាដែស (Bangladeshi) ឥណ្ឌា (Indian) ហ្វីលីពីន (Philippines) និងជនជាតិម៉ាដាហ្គាស្ការ (Madagascar) ជាដើម។ អង្គការសិទ្ធិមនុស្សអន្តរជាតិដដែលក៏ធ្លាប់ចង់ក្រងរបាយការណ៍ស្ដីពីអ្នករស់រានមានជីវិតពីមជ្ឈមណ្ឌលឆបោកតាមអនឡាញដោយអ្នកខ្លះ ពិការភ្នែកទាំងសងខាង កំបុតម្រាមដៃម្រាមជើង ភ័យស្លន់ស្លោ និយាយម្នាក់ឯង ឬស្រែកយំពេលយប់ គេងមិនលក់ និងយល់សប្តិឃើញហេតុការណ៍វាយដំដោយហិង្សាក្រោយពួកគាត់ឆ្លងកាត់ការធ្វើទារុណកម្ម និងការឃុំឃាំងក្នុងអគារឆបោកអស់រយៈពេលជាច្រើនខែ៕









