

សាលាដំបូងខេត្តកំពតសម្រេចឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ២រូប ក្នុងពន្ធនាគារដោយចោទប្រកាន់ពាក់ព័ន្ធភាពមិនប្រក្រតីនៃឯកសារចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ឆ្នាំ២០២៧។ មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាល ហាក់អនុវត្តច្បាប់បញ្ច្រាស់ពីការអំពាវនាវរបស់សហគមន៍អន្តរជាតិដែលបានទាមទារឲ្យមានការបើកលំហប្រជាធិបតេយ្យនៅកម្ពុជា។
សាលាដំបូងខេត្តកំពត សម្រេចឃុំខ្លួនថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ២រូប បណ្តោះអាសន្នក្នុងពន្ធនាគារ គឺប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ក្រុងបូកគោ លោក អូន រ៉ាវ័យ និងសមាជិកគណៈកម្មាធិការនាយកគណបក្សកម្លាំងជាតិ លោក ឆាយ ជំនោ ក្រោមបទចោទផ្តើមគំនិត និងបទក្លែងបន្លំ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធនឹងការដាក់ឯកសារចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលអ្នកទាំងពីរបានដាក់ចូលទៅកាន់អាជ្ញាធរសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត កាលពីខែតុលា ឆ្នាំ២០២៦។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំង២រូបនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងថ្ងៃតែមួយជាមួយគ្នា។ លោក អូន រ៉ាវ័យ ត្រូវអាជ្ញាធរ ចាប់ខ្លួនក្រោយពេលលោកទើបទទួលទានអាហារថ្ងៃត្រង់រួច ដោយអាជ្ញាធរបាននាំខ្លួនលោកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកត្នោត។ អាជ្ញាធរបានបញ្ជូនលោក ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពតរួចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីបន្តនីតិវិធី។ សាលាដំបូងខេត្ត បានចោទប្រកាន់លោកពីបទ «ក្លែងបន្លំឯកសារសាធារណៈក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង» តាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។
ចំណែក លោក ឆាយ ជំនោ ត្រូវបានកងកម្លាំងនគរបាលខេត្តចុះចាប់ខ្លួន ខណៈដែលលោកកំពុងច្រូតស្រូវនៅខាងក្រោយផ្ទះ ស្ថិតនៅក្រុងបូកគោ និងបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តដូចគ្នា រួចបន្តបញ្ជូនទៅតុលាការខេត្តកំពត។ មន្ត្រីគណបក្សជំទាស់រូបនេះ ត្រូវតុលាការចោទប្រកាន់ពីបទ «អ្នកផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង» តាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ។
តំណាងគណបក្សកម្លាំងជាតិខេត្តកំពត និងជាអនុប្រធានយុវជនថ្នាក់ជាតិ លោក ព្រំ រ័ត្ន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ស្ថានភាពក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំទាំង២រូបនេះមិនមានភាពល្អប្រសើរឡើយ ក្រោយតុលាការឃុំខ្លួនពួកគាត់។ លោកថា ក្រុមគ្រួសាររបស់លោក ឆាយ ជំនោ កំពុងជួបការលំបាក ដោយម្តាយកំពុងធ្លាក់ខ្លួនឈឺខ្វះខាតក្នុងជីវភាព ឪពុកទើបតែទទួលមរណភាពក្នុងពេលថ្មីៗនេះ ហើយប្អូនប្រុសរបស់លោកម្នាក់ទៀតក៏កំពុងភៀសខ្លួនទៅក្រៅប្រទេស ដោយសារហេតុផលនយោបាយ។
ចំណែក ក្រុមគ្រួសាររបស់លោក អូន រ៉ាវ័យ ក៏កំពុងជួបទុក្ខលំបាកកាន់តែយ៉ាប់យឺនទៅទៀត ខ្វះខាតថវិកា ដោយសារមុនពេលចាប់ខ្លួន លោក អូន រ៉ាវ័យ គឺជាមេគ្រួសាររកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារទាំងមូល ប៉ុន្តែក្រោយការចាប់ខ្លួនលោក បន្ទុកទាំងអស់ត្រូវធ្លាក់លើភរិយាលោកទាំងស្រុង ហើយលោកក៏មានកូនតូចៗដល់ទៅ៤នាក់ដែលត្រូវចិញ្ចឹមមើលថែផងដែរ។
លោក ទទូចឲ្យអាជ្ញាធរ បញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើគណបក្សជំទាស់តទៅទៀត និងដោះលែងថ្នាក់ដឹកនាំទាំង២រូបឲ្យមានសេរីភាពបានជួបជុំគ្រួសារវិញ។
«ក្នុងនាមខ្ញុំជាអ្នកនយោបាយមួយរូបដែរ ក៏សូមអំពាវនាវទៅដល់អឺរដ្ឋាភិបាល សូមឱ្យមានការបើកលំហសិទ្ធិសេរីភាពផ្នែកយោបល់នេះ ពិសេសគឺការគោរពសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ ឱ្យមានការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា ព្រោះពួកយើងក្នុងនាមជាអ្នកនយោបាយប្រជាធិបតេយ្យ យើងចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោត ដូច្នេះហើយយើងអត់មានទៅធ្វើអ្វីប្រាសចាកពីការបោះឆ្នោតទេ យើងចង់តែបានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះហើយយើងស្នើសុំឱ្យមានការបើកលំហរនៃលទ្ធិប្រជាធិបតេយ្យនេះបាទ»។
ក្រុមគ្រួសាររបស់លោក អូន រ៉ាវ័យ
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ ខាងមុខនេះ អាជ្ញាធរក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហាក់បង្កើនការធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋកាន់តែខ្លាំងជាងមុន។
កាលពីអំឡុង ខែសីហា ថ្នាក់ដឹកនាំប្រតិបត្តិគណបក្សកម្លាំងជាតិចំនួន២រូបផ្សេងទៀត គឺលោក សុខ ហុន និង លោក សន រ៉េត ក៏ត្រូវអាជ្ញាធររបបលោក ហ៊ុន ម៉ាណែត ចាប់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពីបទដូចៗគ្នា គឺបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»ពាក់ព័ន្ធនឹងការរៀបចំបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបន្តការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ បង្ហាញឲ្យអន្តរជាតិ ឃើញអំពីបរិយាកាសមិនល្អប្រសើរនោះទេ នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ លោកថា បើអាជ្ញាធរនៅតែបន្តចាប់ខ្លួនលើសកម្មជននយោបាយ សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងប្រជាពលរដ្ឋបន្តទៀត នោះនឹងរងការរិះគន់បន្ថែមទៀតពីអន្តរជាតិ និងបង្ហាញឲ្យឃើញថា ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ លំហសិទ្ធិធ្វើនយោបាយ លំហសារព័ត៌មាន នៅតែបន្តរងការរឹតត្បិត។ លោកថ្លែងថា អាជ្ញាធរ គួរពិចារណាឡើងវិញ លើការចាប់ខ្លួនពលរដ្ឋដែលបានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាបន្ថែមទៀត។
«ការឃុំខ្លួនបន្តទៅទៀតហ្នឹង វាមិនមែនជាផលល្អសម្រាប់កម្ពុជាយើងទេ អញ្ចឹងគួរតែពិនិត្យ និងពិចារណាទៅលើរឿងហ្នឹង ហើយអាចនឹងរកលទ្ធភាពណា១ បញ្ឈប់ការចាប់ខ្លួនដោយមិនចាំបាច់ ឬក៏ការចាប់ខ្លួនណា១ដែលប៉ះពាល់ទៅដល់ការអនុវត្តសិទ្ធិអឺជាមូលដ្ឋានរបស់ពួកគាត់ណា។ បើសិនជាគ្រាន់តែជាការអនុវត្តសិទ្ធិជាមូលដ្ឋាន មិនគួរត្រូវមានការចាប់ខ្លួនទេ លើកលែងតែអ្នកទាំងអស់នោះប្រព្រឹត្តបទល្មើសខុស បានន័យថាជាបទល្មើសឧក្រិដ្ឋ ឬក៏បទល្មើសព្រហ្មទណ្ឌផ្សេងទៀតដែលប្រឆាំងនឹងច្បាប់ ប៉ុន្តែបើការអនុវត្តសិទ្ធិជាមូលដ្ឋានមិនមែនជាកម្មវត្ថុនៃការអឺចាប់ខ្លួនទេបាទ»។
លោក អំ សំអាត
គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា នេះ សកម្មជនគណបក្សកម្លាំងជាតិចំនួន២១រូបហើយ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
គណបក្សកម្លាំងជាតិ អង្កការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យឡើងវិញ បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញ ឃុំខ្លួន ចាប់ខ្លួន និងយាយីមកលើពលរដ្ឋ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងត្រូវដោះលែងពួកគេទាំងអស់ឲ្យមានសេរីភាពវិញ៕









