តុលាការ​​ឃុំខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​កម្លាំងជាតិ​ខេត្តកំពត​២រូប​ក្នុង​ពន្ធនាគារ​ក្នុង​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ឯកសារ​បោះឆ្នោត

0
121
ប្រធាន​គណៈកម្មា​ធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំងជាតិ​ក្រុង​បូកគោ លោក អូន រ៉ាវ័យ (ឆ្វេង) ​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​កម្លាំង​ជាតិ លោក ឆាយ ជំនោ។ រូប៖ បណ្ដាញសង្គម

ប្រធាន​គណៈកម្មា​ធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំងជាតិ​ក្រុង​បូកគោ លោក អូន រ៉ាវ័យ (ឆ្វេង) ​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​កម្លាំង​ជាតិ លោក ឆាយ ជំនោ។ រូប៖ បណ្ដាញសង្គម

សាលាដំបូង​ខេត្ត​កំពត​សម្រេច​ឃុំខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំងជាតិ​២រូប ក្នុង​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ភាព​មិនប្រក្រតី​នៃ​ឯកសារ​ចុះឈ្មោះ​ភ្នាក់ងារ​សង្កេត​ការណ៍​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​សម្រាប់​ឆ្នាំ២០២៧។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា រដ្ឋាភិបាល ហាក់​អនុវត្ត​ច្បាប់​បញ្ច្រាស់​ពីការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​បើក​លំហប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

សាលា​ដំបូង​ខេត្ត​កំពត សម្រេច​ឃុំខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​២រូប បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ គឺ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស ក្រុង​បូកគោ លោក អូន រ៉ាវ័យ និង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​កម្លាំង​ជាតិ លោក ឆាយ ជំនោ ក្រោម​បទ​ចោទ​ផ្តើម​គំនិត និង​បទ​ក្លែង​បន្លំ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឯកសារ​ចុះឈ្មោះ​ភ្នាក់ងារ​សង្កេត​ការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​អ្នកទាំងពីរ​បាន​ដាក់​ចូល​ទៅ​កាន់​អាជ្ញាធរ​សង្កាត់​កោះតូច ក្រុង​បូកគោ ខេត្តកំពត កាល​ពីខែ​តុលា ឆ្នាំ២០២៦។

កាល​ពីថ្ងៃ​ទី១០ ខែវិច្ឆិកា ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំងជាតិ​ទាំង​២រូបនេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ក្នុងថ្ងៃ​តែមួយ​ជាមួយ​គ្នា។ លោក អូន រ៉ាវ័យ ត្រូវ​អាជ្ញាធរ ចាប់ខ្លួន​ក្រោយ​ពេល​លោក​ទើប​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​រួច ដោយ​អាជ្ញាធរ​បាន​នាំខ្លួន​លោក​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ព្រែក​ត្នោត។ អាជ្ញាធរ​បាន​បញ្ជូន​លោក ទៅ​សាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពតរួច​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពត ដើម្បី​បន្តនីតិវិធី។ សាលា​ដំបូង​ខេត្ត បាន​ចោទ​ប្រកាន់​លោក​ពីបទ «ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ក្លែង និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង» តាម​បទ​បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ចំណែក លោក ឆាយ ជំនោ ត្រូវ​បាន​កងកម្លាំង​នគរបាល​ខេត្ត​ចុះចាប់​ខ្លួន ខណៈ​ដែល​លោក​កំពុង​ច្រូត​ស្រូវ​នៅ​ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ក្រុង​បូកគោ និងបាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដូចគ្នា រួច​បន្តបញ្ជូន​ទៅ​តុលាការ​ខេត្តកំពត។ មន្ត្រី​គណបក្ស​ជំទាស់​រូបនេះ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «អ្នក​ផ្តើម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំឯកសារ​សាធារណៈ និងប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង» តាម​បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

តំណាង​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពត និង​ជា​អនុប្រធាន​យុវជន​ថ្នាក់​ជាតិ លោក ព្រំ រ័ត្ន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ស្ថានភាព​ក្រុម​គ្រួសារ​របស់​ថ្នាក់ដឹកនាំ​ទាំង​២រូប​នេះ​មិនមាន​ភាព​ល្អប្រសើរ​ឡើយ ក្រោយ​តុលាការ​ឃុំខ្លួន​ពួកគាត់។ លោក​ថា ក្រុម​គ្រួសារ​របស់​លោក ឆាយ ជំនោ កំពុង​ជួបការ​លំបាក ដោយ​ម្តាយ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ខ្វះខាត​ក្នុង​ជីវភាព ឪពុក​ទើប​តែ​ទទួល​មរណភាព​ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ប្អូនប្រុស​របស់​លោក​ម្នាក់​ទៀត​ក៏​កំពុង​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារ​ហេតុផល​នយោបាយ។

ចំណែក ក្រុម​គ្រួសារ​របស់​លោក អូន រ៉ាវ័យ ក៏កំពុង​ជួប​ទុក្ខ​លំបាក​កាន់តែ​យ៉ាប់យឺន​ទៅ​ទៀត ខ្វះខាត​ថវិកា ដោយសារ​មុនពេល​ចាប់​ខ្លួន លោក អូន រ៉ាវ័យ គឺជា​មេគ្រួសារ​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ទាំង​មូល ប៉ុន្តែ​ក្រោយ​ការ​ចាប់ខ្លួន​លោក បន្ទុក​ទាំងអស់​ត្រូវធ្លាក់​លើ​ភរិយា​លោក​ទាំង​ស្រុង ហើយ​លោក​ក៏មាន​កូន​តូចៗ​ដល់​ទៅ៤នាក់​ដែល​ត្រូវ​ចិញ្ចឹម​មើល​ថែ​ផងដែរ។

លោក ទទូច​ឲ្យ​អាជ្ញាធរ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​មក​លើ​គណបក្ស​ជំទាស់​តទៅ​ទៀត និង​ដោះលែង​ថ្នាក់​ដឹកនាំ​ទាំង​២រូប​ឲ្យ​មាន​សេរីភាព​បាន​ជួបជុំ​គ្រួសារ​វិញ។

«ក្នុង​នាម​ខ្ញុំ​ជាអ្នក​នយោបាយ​មួយ​រូបដែរ ក៏​សូម​អំពាវនាវ​ទៅ​ដល់​អឺ​រដ្ឋាភិបាល សូម​ឱ្យ​មាន​ការ​បើក​លំហសិទ្ធិ​សេរីភាព​ផ្នែក​យោបល់​នេះ ពិសេស​គឺ​ការ​គោរព​សិទ្ធិ​មនុស្ស លំហប្រជា​ធិប​តេយ្យ ឱ្យ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា ព្រោះ​ពួកយើង​ក្នុង​នាម​ជាអ្នក​នយោបាយ​ប្រជាធិប​តេយ្យ យើង​ចូលរួម​ប្រកួត​ប្រជែង​តាម​រយៈការ​បោះឆ្នោត ដូច្នេះ​ហើយ​យើងអត់​មាន​ទៅ​ធ្វើអ្វី​ប្រាស​ចាក​ពី​ការ​បោះឆ្នោត​ទេ យើង​ចង់​តែ​បាន​ការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដូច្នេះ​ហើយ​យើង​ស្នើសុំ​ឱ្យ​មាន​ការ​បើក​លំហរនៃ​លទ្ធិប្រជាធិប​តេយ្យ​នេះ​បាទ»។

ក្រុម​គ្រួសារ​របស់​លោក អូន រ៉ាវ័យ

នៅមុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០២៧ ខាង​មុខ​នេះ អាជ្ញាធរ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ហាក់​បង្កើន​ការធ្វើ​ទុក្ខ​បុកម្នេញ និង​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​កាន់​តែខ្លាំង​ជាង​មុន។

កាល​ពី​អំឡុង ខែសីហា ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​គណបក្ស​កម្លាំង​ជាតិ​ចំនួន​២រូប​ផ្សេង​ទៀត គឺ​លោក សុខ ហុន និង លោក សន រ៉េត ក៏​ត្រូវអាជ្ញាធរ​របបលោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១។ ពួកគាត់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ដូចៗគ្នា គឺ​បទ «ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង»ពាក់​ព័ន្ធនឹង​ការរៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បន្តការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​ជាបន្ត​បន្ទាប់​នេះ បង្ហាញ​ឲ្យ​អន្តរជាតិ ឃើញ​អំពី​បរិយាកាស​មិនល្អ​ប្រសើរ​នោះទេ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៨។ លោក​ថា បើ​អាជ្ញាធរ​នៅតែ​បន្តចាប់​ខ្លួន​លើ​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​បន្តទៀត នោះ​នឹង​រងការ​រិះគន់​បន្ថែម​ទៀត​ពី​អន្តរជាតិ និង​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ពលរដ្ឋ លំហសិទ្ធិ​ធ្វើ​នយោបាយ លំហ​សារព័ត៌​មាន នៅតែ​បន្តរង​ការ​រឹតត្បិត។ លោក​ថ្លែង​ថា អាជ្ញាធរ គួរ​ពិចារណា​ឡើង​វិញ លើការ​ចាប់ខ្លួន​ពលរដ្ឋ​ដែល​បាន​អនុវត្ត​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ខ្លួន ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​បន្ថែម​ទៀត។

«ការ​ឃុំខ្លួន​បន្តទៅ​ទៀត​ហ្នឹង វា​មិនមែន​ជាផល​ល្អ​សម្រាប់​កម្ពុជា​យើង​ទេ អញ្ចឹង​គួរតែ​ពិនិត្យ និង​ពិចារណា​ទៅ​លើ​រឿង​ហ្នឹង ហើយ​អាច​នឹង​រកលទ្ធភាព​ណា១ បញ្ឈប់​ការ​ចាប់ខ្លួន​ដោយ​មិន​ចាំបាច់ ឬក៏ការ​ចាប់ខ្លួន​ណា១ដែល​ប៉ះពាល់​ទៅដល់​ការ​អនុវត្ត​សិទ្ធិអឺ​ជាមូលដ្ឋាន​របស់​ពួកគាត់​ណា។ បើសិន​ជាគ្រាន់តែ​ជាការ​អនុវត្ត​សិទ្ធិ​ជាមូល​ដ្ឋាន មិនគួរ​ត្រូវមាន​ការ​ចាប់ខ្លួន​ទេ លើកលែង​តែអ្នក​ទាំង​អស់​នោះប្រព្រឹត្ត​បទល្មើស​ខុស បាន​ន័យថា​ជាបទ​ល្មើស​ឧក្រិដ្ឋ ឬក៏បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​ច្បាប់ ប៉ុន្តែ​បើការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​មិនមែន​ជាកម្មវត្ថុ​នៃការ​អឺចាប់​ខ្លួន​ទេ​បាទ»។

លោក អំ សំអាត

គិតត្រឹម​ថ្ងៃទី១៧ វិច្ឆិកា នេះ សកម្មជន​គណបក្ស​កម្លាំងជាតិ​ចំនួន​២១រូប​ហើយ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ។

គណបក្ស​កម្លាំង​ជាតិ អង្កការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អំពាវនាវ​ឲ្យរដ្ឋាភិបាល​បើក​លំហប្រជាធិបតេយ្យ​ឡើង​វិញ បញ្ឈប់​ការប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខ​បុកម្នេញ ឃុំខ្លួន ចាប់ខ្លួន និង​យាយី​មក​លើ​ពលរដ្ឋ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស និង​ត្រូវដោះលែង​ពួកគេ​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ