

កម្ពុជា និងថៃបានប្រកាសត្រៀមសមាសសភាពចូលរួមក្នុងកិច្ចចរចាលើកទី៣ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNCLOS នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ដល់២៧ ខែវិច្ឆិកា ខាងមុខនេះ។ នៅក្នុងកិច្ចចរចាលើកទី៣ នេះ ភាគីកម្ពុជាបានបង្ហាញពីគោលបំណងឈានដល់ការចុះសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងជាមួយថៃ ស្ដីពីការអភិវឌ្ឍរួម និងបែងចែកធនធានក្នុងដែនសមុទ្រក្នុងតំបន់ដែលភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នា។ ចំណែកភាគីថៃ បានផ្ដោតសំខាន់លើអាទិភាពការកំណត់ព្រំដែនសមុទ្រជាមួយកម្ពុជា។
បន្ទាប់ពីចរចាកំណត់ដែនសមុទ្រមិនត្រូវគ្នាក្នុងកិច្ចប្រជុំរបស់ UNCLOS លើកទី២ នៅប្រទេសហូឡង់ (Netherlands) ពេលនេះតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានកោះហៅភាគីកម្ពុជា និងថៃឱ្យមកចរចាលើកទី៣ បន្តទៀត នៅប្រទេសម៉ាឡេស៊ី (Malaysia) ខណៈភាគីទាំង២ បានប្រកាសពីការត្រៀមលក្ខណៈរៀងៗខ្លួន។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា នៅកិច្ចប្រជុំលើកទី៣ នេះ ភាគីកម្ពុជា-ថៃ គ្រោងនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ផ្អែកលើទិដ្ឋភាពបច្ចេកទេស។ ក្នុងនោះកម្ពុជាបានបង្ហាញពីជំនឿបែបសុទិដ្ឋិនិយមថា កិច្ចប្រជុំលើកទី៣ នេះ នឹងផ្ដល់ឱកាសឱ្យភាគីទាំងពីរស្វែងរកចំណុចរួម និងការឯកភាពគ្នាបន្ថែមទៀត។
ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា តាមរយៈការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានដល់ការចុះសន្ធិសញ្ញាជាមួយភាគីថៃ ដើម្បីកំណត់ព្រំដែនសមុទ្រ ដែលជាបំណងរួមរបស់ភាគីទាំងពីរ ឬក៏អាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងដើម្បីអភិវឌ្ឍរួមគ្នា និងបែងចែកធនធាន ក្នុងដែនសមុទ្រដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការកំណត់ព្រំដែនសមុទ្រ។
ទោះជាយ៉ាងណា ភាគីកម្ពុជា បានលើកឡើងថា ប្រសិនបើក្ដីរំពឹងទាំងនេះមិនអាចសម្រេចបាននោះទេ ភាគីកម្ពុជាក៏នឹងស្នើឱ្យគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ ដែលអាចយកទៅប្រើប្រាស់សម្រាប់ការចរចានៅថ្ងៃអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញារបស់ UNCLOS នេះ។
ចំណែកភាគីថៃវិញ ក្រសួងការបរទេសថៃបានចេញសេចក្ដីប្រកាសកាលពីម្សិលមិញដែរថា នៅក្នុងកិច្ចប្រជុំលើកទី៣ របស់ UNCLOS នេះភាគីថៃនឹងបន្តលើកយកបញ្ហាដែលនៅសល់ពីកិច្ចប្រជុំកាលពីលើកមុន ជាពិសេសលើបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ យកមកជជែកដោះស្រាយ។ ភាគីថៃបានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ នេះ ភាគីទាំងពីរក៏នឹងបន្តពិភាក្សាទៅលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដែលភាគីទាំងពីរបានបង្ហាញឯកសារ និងផ្ដល់ភស្តុតាងដែលប្រើប្រាស់ដើម្បីកំណត់ព្រំដែនសមុទ្រ ដែលភាគីទាំងពីរបានទាមទាររៀងៗខ្លួន។
ការប្រកាសពីការត្រៀមជើងការរបស់ភាគីកម្ពុជា និងថៃក្នុងកិច្ចប្រជុំលើកទី៣នេះ ធ្វើឡើងបន្ទាប់ពីតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ស្ដីពីការរៀបចំកិច្ចប្រជុំលើកទី៣ របស់ UNCLOS រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ PCA បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងជាលក្ខណៈបិទជិត ដោយមិនចំហជាសាធារណៈនោះឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញកិច្ចប្រជុំនេះបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
គិតត្រឹមពេលនេះ កម្ពុជា និងថៃបានចូលរួមក្នុងកិច្ចចរចាជម្លោះដែនសមុទ្រ តាមយន្តការផ្សះផ្សាដោយបង្ខំ ចំនួន២លើកមកហើយ ដោយលើកដំបូងកិច្ចប្រជុំនេះធ្វើឡើងនៅប្រទេសសិង្ហបុរី (Singapore) កាលពីខែកញ្ញា និងលើកទី២ នៅតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នាទីក្រុងឡាអេ (Hague) ក្នុងប្រទេសហូឡង់ (Netherlands) កាលពីខែតុលា បន្ទាប់ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើកយកវិវាទដែនសមុទ្រនេះ ទៅដោះស្រាយបន្តនៅតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) ដោយសារភាគីទាំងពីរចរចាមិនត្រូវគ្នា នៅក្នុងកិច្ចប្រជុំលើកទី១។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ រវាងកម្ពុជា និងថៃនេះ អាចនឹងទទួលបានលទ្ធផលមិនខុសពីកិច្ចប្រជុំលើកទី២ នោះឡើយ ដោយភាគីទាំងពីរនៅតែមានភាពចម្រូងចម្រាស ក្នុងការកំណត់ព្រំដែនសមុទ្រជាមួយគ្នា។ លោកបន្តថា ជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ អាចនឹងស៊ីពេលកាន់តែយូរ ដោយសារភាគីថៃបានចូលរួមក្នុងកិច្ចចរចានេះ គឺដើម្បីបង្គ្រប់កិច្ច ខណៈភាគីថៃ បានប្រកាសបដិសេធចំពោះការសម្រេចណាមួយ ដែលធ្វើឱ្យភាគីថៃត្រូវខាតបង់ ទុកមុនរួចហើយ។
«ថៃគ្រាន់តែចូលរួមបង្គ្រប់កិច្ចនៅក្នុងយន្តការផ្សះផ្សាដោយចាប់បង្ខំតែប៉ុណ្ណោះឯងព្រោះថៃចង់បានគ្រប់គ្រងនូវតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ២៦,០០០គីឡូម៉ែត្រការ៉េដោយផ្ដាច់មុខហើយ និងចង់បានកោះគជ់ដោយផ្ដាច់មុខហើយចង់បានប្រេង និងឧស្ម័នដែលមានតម្លៃ៣០០ ពាន់លានដុល្លារហ្នឹងដោយផ្ដាច់មុខ។ ដូច្នេះខ្ញុំយល់ថាគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំមិនអាចផ្សះផ្សារវាងកម្ពុជា និងថៃក្នុងជម្លោះព្រំដែនសមុទ្រនោះទេ»។
លោក អ៊ុំ សំអាន
យ៉ាងណាក៏ដោយចុះ ដោយសារភាពមិនចុះសម្រុងរវាងភាគីកម្ពុជា និងថៃនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍វាយតម្លៃថា ដំណើរការនៃការផ្សះផ្សានេះ អាចនឹងអូសបន្លាយយ៉ាងតិច ១ឆ្នាំ ឬលើសពីនេះ ខណៈលទ្ធផលនៃកិច្ចចរចានេះ ក៏ទំនងមិនអាចជួយដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសជិតខាងទាំងពីរនេះបានឡើយ៕









