

គណបក្សកម្លាំងជាតិចាត់ទុកលិខិតព្រមានរបស់ក្រសួងមហាផ្ទៃថា ជាការរឹតត្បិតមកលើគណបក្សប្រឆាំងក្នុងការធ្វើសកម្មភាពនយោបាយមុនការបោះឆ្នោត។ ការលើកឡើងនេះ គឺក្រោយពេលក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៦ វិច្ឆិកា បានផ្ញើលិខិតជូនប្រធានគណបក្សកម្លាំងជាតិលោក ជា មុនី ស្តីពីការធ្វើសកម្មភាពរបស់គណបក្សកម្លាំងជាតិថា ផ្ទុយពីគោលការណ៍ច្បាប់កំណត់។
គណបក្សកម្លាំងជាតិបង្ហាញក្តីបារម្ភចំពោះស្ថានភាពនៃការបោះឆ្នោតនាពេលខាងមុខ ក្រោយក្រសួងមហាផ្ទៃផ្ញើលិខិតដាក់សម្ពាធមកលើការធ្វើសកម្មភាពនយោបាយរបស់ខ្លួន។
ក្តីបារម្ភនេះ កើតឡើងក្រោយពេល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានផ្ញើលិខិតមួយ ជូនប្រធានគណបក្សកម្លាំងជាតិ ដោយបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គណបក្សកម្លាំងជាតិ បានយកលេសនៃការលើកស្លាកគណបក្ស ធ្វើសកម្មភាពជួបជុំហែក្បួនឃោសនាបោះឆ្នោតនៅតាមបណ្តាឃុំសង្កាត់ ក្រុង ស្រុក ខណ្ឌ និងខេត្តមួយចំនួនដោយប្រើប្រាស់ឧបករណ៍បំពងសម្លេងនិងក្បួនយានយន្តបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយសង្គម និងនាំឲ្យមានការភាន់ច្រលំថា ជាការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត។ ក្រសួងមហាផ្ទៃចាត់ទុកសកម្មភាពទាំងនេះថា ជាការអនុវត្តមិនស្របច្បាប់។
ក្រសួងមហាផ្ទៃក៏បានព្រមានចាត់វិធានការផ្លូវច្បាប់មកលើគណបក្សកម្លាំងជាតិក្នុងករណីគណបក្សជំទាស់នេះ មិនបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់ខ្លួន។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សកម្មភាពរបស់គណបក្សកម្លាំងជាតិកន្លងមកទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មិនបានរំលោភបំពានច្បាប់ណាមួយនោះទេ។ ផ្ទុយទៅវិញលោកថា សកម្មភាពរបស់គណបក្សកម្លាំងជាតិ គឺជាការអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ និងតែងគោរពនូវច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត។ លោកទទូចឲ្យអាជ្ញាធរ អនុវត្តច្បាប់ឲ្យស្មើភាពគ្នាចំពោះគណបក្សនយោបាយទាំងអស់ មិនមែនអនុវត្តតែលើគណបក្សកម្លាំងជាតិមួយនោះទេ។
«យើងបារម្ភណាស់ អានេះគ្រាន់តែជាការចាប់ផ្ដើមទេ ហើយយើងមិនដឹងថាតើ អឺការធ្វើសកម្មភាពយើង យើងត្រូវការការប្រយ័ត្នប្រយែងអឺកម្រិតអឺកម្រិតណាទៀតទេ។ ដូចខ្ញុំជម្រាបអញ្ចឹងថា យើងបានអឺព្យាយាមអឺនៅក្នុងការប្រយ័ត្នប្រយែងណា ប៉ុន្តែ អឺក៏នៅតែមានការអឺព្រមានអញ្ចឹង អឺទៅថ្ងៃអនាគតយើងមិនដឹងថាតើ អើយយើងនឹងរងនូវសម្ពាធអ្វីផ្សេងទៀតទេបាទ»។
លោក សុខ គឹមសេង
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសួរនាំបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី ១៩ វិច្ឆិកានេះ។
នៅមុនការបោះឆ្នោត គណបក្សប្រឆាំងតែងរងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការរឹតត្បិតសកម្មភាពនយោបាយ ការជួបជុំ និងប្រឈមនឹងការចាប់ខ្លួនជាបន្តបន្ទាប់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្រសួងមហាផ្ទៃចេញលិខិតព្រមានលើគណបក្សប្រឆាំង ប៉ុន្តែមិនដែលមើលលើសកម្មភាពរបស់មេដឹកនាំបក្សកាន់អំណាច ជាពិសេសលោក ហ៊ុន ម៉ាណែត ដែលតែងតែប្រើប្រាស់វេទិកាសាធារណៈ ក្នុងកម្មវិធីឬព្រឹត្តការណ៍ជាច្រើនដែលមានមនុស្សចូលរួមរាប់រយរាប់ពាន់នាក់ ឃោសនា បញ្ចេញសារនយោបាយរបស់ខ្លួនជាហូរហែ។ លោកថា គណបក្សកាន់អំណាចផ្ទាល់ជាអ្នករំលោភបំពានច្បាប់ខ្លាំងជាងគេ តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដែលបានប្រើប្រាស់ថវិកាជាតិ ពេលវេលាការងារ តួនាទី ទៅបម្រើផលប្រយោជន៍ឲ្យគណបក្សរបស់ខ្លួន។ លោកចោទសួរទៅកាន់ក្រសួងមហាផ្ទៃថា អ្នកគាំទ្រគណបក្សកាន់អំណាចតែងប្រើភាសាជេរប្រមាថលើអ្នកដទៃ ដែលមាននិន្នាការផ្ទុយរដ្ឋាភិបាល គំរាមកំហែងតាមគ្រប់រូបភាព តើក្រសួងមហាផ្ទៃមានបានចាត់វិធានការលើអ្នកទាំងនោះដែរទេ?
លោក ស៊ឹង សែនករុណា លើកឡើងថា លោកចង់ឃើញការអនុវត្តច្បាប់ស្តីពីការបោះឆ្នោតនោះដោយស្មើភាពគ្នាចំពោះមុខច្បាប់ មិនមែនដាក់សម្ពាធ ចាត់វិធានការ រឹតត្បិតតែលើគណបក្សប្រឆាំងដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិធ្វើនយោបាយរបស់ខ្លួន លើកស្លាកគណបក្សនោះទេ។ លោកថ្លែងថា ដើម្បីឲ្យមានការបោះឆ្នោតមួយ ល្អ ត្រឹមត្រូវ គឺត្រូវមើលលើបរិកាសមុនការបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។ លោកទទូចឲ្យក្រសួងមហាផ្ទៃបញ្ឈប់ការរឹតត្បិត គំរាមកំហែង មកលើគណបក្សប្រឆាំងតទៅទៀត។
«មិនគួរមានស្ថានភាពតានតឹង រឹតត្បិតនូវសេរីភាពរបស់គណបក្សនយោបាយ ក្នុងការចូលរួមសកម្មភាពនយោបាយរបស់ខ្លួននៅក្នុងមូលដ្ឋានក្ដី នៅក្នុងថ្នាក់ជាតិក្ដីនោះទេ ពីព្រោះការបញ្ចេញមតិក្ដីលើបណ្ដាញសង្គមដូចមានសរសេរហ្នឹង គឺមិនមែនតែគណបក្សកម្លាំងជាតិទេ គណបក្សផ្សេងៗក៏មានធ្វើ គណបក្សកាន់អំណាចហ្នឹងជាងគេទៅទៀត អញ្ចឹង កុំយកចំណុចទាំងអស់នេះមកធ្វើការវាស់វែងគ្នា មិនអាចអញ្ចឹងទេ ហើយបើសិនជាចង់គ្រប់គ្រងទៅលើបញ្ហាទាំងអស់ហ្នឹង ក៏ត្រូវតែអនុវត្តទៅលើគណបក្សរបស់ខ្លួនដែលជាគណបក្សកាន់អំណាចហ្នឹងដែរ អាហ្នឹងបានគេជឿជាក់អំពីដំណើរការនៃការអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវនិងយុត្តិធម៌បានបាទ។»
លោក ស៊ឹង សែនករុណា
គណបក្សកម្លាំងជាតិ អំពាវនាវឲ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ឲ្យគណបក្សទាំងអស់អាចចូលរួមសកម្មភាពរបស់ខ្លួនបានពេញលេញ ដោយមិនមានការភ័យខ្លាច ដើម្បីឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ នាពេលខាងមុខមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









