

មេបញ្ជាការយោធាថៃ បានចុះទៅពិនិត្យនៅតំបន់អានសេះ ដើម្បីពង្រឹងកម្លាំងឈរជើង និងឃ្លាំមើលពីសកម្មភាពរបស់កងទ័ពខ្មែរ បន្ទាប់ពីយោធាថៃបានចូលឈ្លានពាន និងកាន់កាប់ក្នុងតំបន់នេះដោយខុសច្បាប់អស់រយៈពេលជាង ១ឆ្នាំមកនេះ។ ក្នុងនោះ យោធាថៃបានពង្រីកមូលដ្ឋានយោធា និងពង្រីកទីតាំងដើរល្បាត ដើម្បីកាន់កាប់តំបន់នេះជាអចិន្ត្រៃយ៍។
មេបញ្ជាការរងកងទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែលមានតួនាទីជានាយកមជ្ឈមណ្ឌលព័ត៌មានព្រំដែនកម្ពុជា-ថៃ បានដឹកនាំក្រុមមេបញ្ជាការយោធា មន្រ្តីក្រសួងការបរទេស និងអ្នកសារព័ត៌មាន ចុះទៅត្រួតពិនិត្យក្នុងទឹកដីកម្ពុជា នៅតំបន់អានសេះ និងទីតាំងអាគារកាស៊ីណូ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយគ្មានការជូនដំណឹង និងការអនុញ្ញាតពីភាគីកម្ពុជានោះឡើយ។
ក្នុងការចុះមកពិនិត្យនេះ មេបញ្ជាការយោធាថៃបានផ្ដោតលើការពង្រីកបេសកកម្មសំខាន់ៗមួយចំនួន រួមមាន ការឃ្លាំមើល និងតាមដានពីសកម្មភាពរបស់ទាហានខ្មែរ ការរឹតបន្តឹងការដើរល្បាត ការពង្រឹងកងកម្លាំងប្រយុទ្ធ និងការអភិវឌ្ឍផ្លូវយុទ្ធសាស្ត្រ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងសង្គ្រាមដែលអាចកើតមានឡើងនៅថ្ងៃអនាគត។ ទន្ទឹមគ្នានេះ យោធាថៃបានប្រកាសពីការកាន់កាប់ជាអចិន្ត្រៃយ៍ និងពង្រីកមូលដ្ឋានទ័ព នៅតំបន់អានសេះ តំបន់ភ្នំ៥០០ និងភ្នំ៦៧៧ ដែលជាទីតាំងរបស់ទាហានខ្មែរទៀតផង។ យោធាថៃបានអះអាងថា ការពង្រីកកម្លាំងឈរជើងនៅតំបន់អានសេះ នេះ គឺដោយសារមានករណីភាគីកម្ពុជាបានបញ្ជូនដ្រូនស៊ើបការណ៍នៅតាមព្រំដែន និងករណីទាហានខ្មែរបានព្យាយាមចល័តកម្លាំងចូលក្នុងតំបន់យោធាថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងអ្នកនាំពាក្យក្រសួងការបរទេស លោក ចាន់ រតនា ដើម្បីសុំការបកស្រាយជុំវិញការអះអាងរបស់ភាគីយោធាថៃនេះបានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា។
យោធាថៃបានចូលឈ្លានពានដោយរាយបន្លាលួសក្នុងតំបន់អានសេះ កាលពីខែសីហា ឆ្នាំ២០២៥ ក្រោយពេលផ្ទុះសង្គ្រាមតាមព្រំដែនរវាងកម្ពុជា និងថៃលើកទី១ កាលពីខែកក្កដា។ ក៏ប៉ុន្តែកាលនោះ ភាគីកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងរើបន្លាលួសទាំងនោះចេញទៅវិញ។ ក៏ប៉ុន្តែ ក្នុងអំឡុងសង្គ្រាមព្រំដែនលើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារដ៏ធំសម្បើម ចូលឈ្លានពានចូលតំបន់អានសេះ ម្ដងទៀត ដោយមានទាំងការទម្លាក់គ្រាប់បែកពីលើអាកាស ការបាញ់កាំភ្លើងធំ និងការបញ្ជូនកម្លាំងថ្មើរជើងឡើងទៅកម្ទេចលេណដ្ឋានរបស់ទាហានខ្មែរនៅលើកំពូលភ្នំ៥០០ និងភ្នំ៦៧៧ រហូតទាហានខ្មែរបានបាក់ទ័ពដកថយ។
ទាហានខ្មែរម្នាក់ ដែលនៅរស់រានមានជីវិតពីសង្គ្រាមជុំទី២ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការវាយប្រហារទាំងកម្រោលរបស់យោធាថៃ មកលើមូលដ្ឋានទ័ពរបស់កម្ពុជា នៅតំបន់អានសេះ បានបណ្ដាលឱ្យទាហានខ្មែរជាច្រើននាក់បានពលីនៅលើសមរភូមិ ខណៈជាច្រើននាក់ទៀត ត្រូវយោធាថៃឆ្មក់បាញ់ប្រហារនៅពេលដកថយចុះពីលើភ្នំ។
ក្រោយពីចូលកាន់កាប់តំបន់អានសេះ ហើយ យោធាថៃបានបញ្ជូនគ្រឿងចក្រចូលឈូសឆាយ និងវាយកម្ទេចរូបសំណាកនៅរង្វង់មូលតាអ៊ុំ រូបសំណាកព្រះវិស្ណុ អគារកាស៊ីណូ និងរាយបន្លាលួស និងដាក់ទូកុងតឺន័របិទផ្លូវរបស់ទាហានខ្មែរទៀតផង។ ក្រោយមកទៀត យោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រ រូបសំណាក កាំជណ្ដើរឡើងភ្នំ និងមូលដ្ឋានយោធាជាច្រើនកន្លែង នៅក្នុងតំបន់ភ្នំអានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ នេះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា តំបន់អានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ គឺស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ស្របតាមផែនទីរបស់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ដោយមិនស្ថិតក្នុងតំបន់ទាមទារនោះឡើយ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងថៃដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីកែប្រែទីតាំងជាក់ស្ដែង និងទាមទារតំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ទាំងនេះមកវិញ។
«សៀមពង្រីកការឈ្លានពានលើទីតាំងមួយចំនួនផ្សេងទៀត ហើយរដ្ឋាភិបាលកម្ពុជាមិនព្រមចេញប្រតិកម្ម មិនព្រមបង្ហាញជំហរឲ្យច្បាស់លាស់ក្នុងការបកអាក្រាតថៃពីចំណុចលម្អិតមួយៗទៅកាន់វេទិកាអន្តរជាតិ ឬក៏ធ្វើសេចក្ដីរាយការណ៍ជាសាធារណៈ។ ថៃឈ្លានពានខ្មែរ ថៃកម្ទេចទ្រព្យសម្បត្តិខ្មែរ ជាអំពើខុសច្បាប់អន្តរជាតិ»។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរដែលកំពុងឈរជើងនៅតំបន់អានសេះ បានឱ្យដឹងថា បច្ចុប្បន្នកងកម្លាំងរបស់កម្ពុជា បានចុះមកឈរជើងនៅចង្កេះភ្នំ ដែលជាទីតាំងទាបជាងទីតាំងឈរជើងរបស់យោធាថៃ។ លោកអះអាងថា ប្រសិនបើកម្ពុជាចង់យកតំបន់អានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ មកវិញដោយប្រើប្រាស់កម្លាំងយោធា គឺមិនអាចទៅរួចនោះឡើយ ដោយសារយោធាថៃ បានជីកលេណដ្ឋាន និងបង្កើតមូលដ្ឋានទ័ពជាច្រើនជាន់ នៅក្នុងតំបន់នេះរួចទៅហើយ៕









