

អង្គការឃ្លាំមើលគ្រាប់មីន (Landmine Monitor) បានចេញផ្សាយរបាយការណ៍ ដោយបានអះអាងថា កម្ពុជាបានរក្សាទុកដោយខុសច្បាប់ និងប្រើប្រាស់មីនប្រឆាំងមនុស្ស នៅក្នុងសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ដែលជាការបំពានសន្ធិសញ្ញាក្រុងអូតាវ៉ា (Ottawa Treaty) ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនោះចោល។ នៅក្នុងការអះអាងនេះ អង្គការឃ្លាំមើលគ្រាប់មីន បានបង្ហាញពីភស្តុតាងតាមរយៈរូបភាពដែលបែកធ្លាយនៅលើបណ្ដាញសង្គមរបស់កម្ពុជា ទិន្នន័យរបស់ស្ថាប័នដែលពាក់ព័ន្ធ និងការផ្ទៀងផ្ទាត់ភស្តុតាងដែលយោធាថៃបានយកមកចោទប្រកាន់មកលើកម្ពុជា។
អង្គការឃ្លាំមើលគ្រាប់មីន (Landmine Monitor) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៦ ដោយបានអះអាងអំពីកំណត់ត្រាភស្តុតាង ដែលបង្ហាញពីការមានស្តុកមីនប្រឆាំងមនុស្ស ប្រភេទ PMN-2 ដែលនៅសេសសល់របស់កម្ពុជា និងការយកទៅប្រើប្រាស់នៅតំបន់ព្រំដែន ក្នុងអំឡុងមានជម្លោះជាមួយប្រទេសថៃ។
ក្នុងភស្តុតាងទាំងនោះ អង្គការឃ្លាំមើលគ្រាប់មីន បានលើកយកករណីការចាប់ខ្លួនរបស់អ្នកសារព័ត៌មានពីររូប គឺលោក លោក ផន សុភាព និងលោក ភាព ភារ៉ា ពីសំណាក់អាជ្ញាធរកម្ពុជា កាលពីខែកក្កដា ក្រោយពេលពួកគាត់បានថតរូបមួយសន្លឹក ជាមួយទាហានខ្មែរឈរជើងនៅទិសប្រាសាទតាក្របី ដែលមានជាប់រូបភាពមីនប្រភេទ PMN-2 មួយចង្កោម នៅផ្ទៃខាងក្រោយ។ រូបភាពមួយសន្លឹកនេះត្រូវបានភាគីថៃយកមកធ្វើជាភស្តុតាងចោទប្រកាន់មកលើភាគីកម្ពុជាថា បានប្រើប្រាស់មីនប្រឆាំងមនុស្សនៅក្នុងសង្គ្រាមតាមព្រំដែន។ ក្រោយការចោទប្រកាន់នេះ អ្នកសារព័ត៌មានទាំងពីររូប ត្រូវបានចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។
ក្រៅពីនេះ អង្គការឃ្លាំមើលគ្រាប់មីន បានលើកយករូបភាពលើទំព័រហ្វេសប៊ុករបស់អតីតសមាជិកសភារបស់កម្ពុជាមួយរូប ដែលបង្ហោះកាលពីខែកក្កដា ឆ្នាំ ២០២៥ ដែលបង្ហាញពីកេះវេចខ្ចប់ និងគ្រាប់មីន PMN-2 មួយចំនួនទៀត។
លើសពីនេះ អង្គការឃ្លាំមើលគ្រាប់មីន បានសង្កត់ធ្ងន់ថា បន្ទាប់ពីមានករណីផ្ទុះឃ្លាំងគ្រាប់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០២៤ មានគ្រាប់មីនប្រភេទ PMN-2 ជាង ៩ពាន់គ្រាប់ត្រូវបានរាយការណ៍ថា បានផ្ទេរមកពីឃ្លាំងនៅខេត្តកោះកុង។ អង្គការមួយនេះបានរកឃើញថា ករណីផ្ទេរគ្រាប់មីននេះ មានភាពផ្ទុយគ្នាទៅនឹងរបាយការណ៍របស់កម្ពុជា ឆ្នាំ ២០២៥ ដែលបានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា គ្មានការស្តុកមីនប្រឆាំងមនុស្សបន្ទាប់ពីរយៈពេល ៤ ឆ្នាំក្រោយចុះហត្ថលេខាចូលជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (Anti-Personnel Mine Ban Convention) នៃអនុសញ្ញាអូតាវ៉ា កាលពីឆ្នាំ១៩៩៧។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលគ្រាប់មីន បានបង្ហាញនៅក្នុងរបាយការណ៍ថាកម្ពុជាស្ថិតក្នុងចំណោមរដ្ឋភាគីទាំង ២១ប្រទេស ដែលរក្សាទុកមីនប្រឆាំងមនុស្សចន្លោះពី ១ពាន់ ទៅ ៦ពាន់គ្រាប់ សម្រាប់គោលបំណងស្រាវជ្រាវ និងហ្វឹកហ្វឺនដែលត្រូវបានអនុញ្ញាត ក្រោមមាត្រា៣ នៃសន្ធិសញ្ញា អូតាវ៉ា។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលគ្រាប់មីន (Landmine Monitor) លោក យេសួ ម៉ូស័រ ភួងស៊ូវ៉ាន់ (Yeshua Moser-Puangsuwan) បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ថា តាមរយៈការចុះទៅពិនិត្យផ្ទាល់នៅទីតាំងដែលយោធាថៃបានប្រមូលមីន នៅតាមទីតាំងផ្សេងៗគ្នា បានបង្ហាញថា លេខសម្គាល់ការផលិតនៅលើគ្រាប់មីនទាំងនោះ ត្រូវបានផលិតនៅសហភាពសូវៀត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ហើយត្រូវបានគេរក្សាទុកនៅកន្លែងណាមួយ។ លោកបន្តថា ដោយសារតែទាំងកម្ពុជា និងថៃ សុទ្ធតែជារដ្ឋភាគីនៃសន្ធិសញ្ញាហាមឃាត់មីនឆ្នាំ១៩៩៧ ដូច្នេះគ្រាប់មីនទាំងនេះមិនគួរនៅមានទៀតនោះទេ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ដើម្បីសុំការឆ្លើយតបជុំវិញរបាយការណ៍នេះបានទេ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយទូរស័ព្ទចូល តែត្រូវចុចផ្ដាច់។
ការចេញផ្សាយរបាយការណ៍របស់អង្គការឃ្លាំមើលគ្រាប់មីននេះ បានដាក់បញ្ចូល និងមានការផ្ទៀងផ្ទាត់ជាមួយករណីការចោទប្រកាន់របស់យោធាថៃ ដែលបានអះអាងពីឧបទ្ទវហេតុហេតុទាហានថៃបានដើរជាន់មីន ចំនួន ១១ករណីក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងមានជម្លោះព្រំដែនចាប់ពី ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៥។
ទោះជាបែបនេះក្ដី កន្លងមកអាជ្ញាធរមីន បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបការចោទប្រកាន់របស់ភាគីថៃ និងស្ថាប័នអន្តរជាតិថា មីនដែលទាហានថៃបានដើរជាន់នៅតំបន់ព្រំដែននោះ គឺជាមីនចាស់ដែលបន្សល់ទុកតាំងពីសង្គ្រាមស៊ីវិល ដែលកងកម្លាំងកម្ពុជា បានដាក់ក្នុងទឹកដីកម្ពុជា ជម្រៅប្រមាណ ៣០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន បារាំង-សៀម។
ទន្ទឹមគ្នានេះ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអះអាងថា មីន PMN-2 ដែលយោធាថៃបានបង្ហាញនោះ គឺជាមីនថ្មី ដោយមួយភាគធំនៅមិនទាន់បានដកគន្លឹះឱ្យផ្ទុះនៅឡើយ ហើយមីនទាំងនេះ ក៏មិនមែនយកចេញពីចម្ការមីននោះដែរ។ លោកបានអះអាងថា កម្ពុជាបានកម្ទេចមីនចេញពីក្នុងឃ្លាំងអស់តាំងពីឆ្នាំ១៩៩០ ដោយមានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ទៀតផង។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ហ៊ុន ម៉ាណែត មិនគួរមើលស្រាលការរកឃើញរបស់ Landmine Monitor នោះទេ ព្រោះស្ថាប័ននេះមានតួនាទីឃ្លាំមើលការអនុវត្តអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស និងមានការទទួលស្គាល់ជាអន្តរជាតិ។ លោកបន្តថា កន្លងមក កម្ពុជាតែងតែបដិសេធការចោទប្រកាន់របស់ថៃ ដោយអះអាងថា មីនទាំងនោះជាសំណល់ពីសង្គ្រាមចាស់។ ប៉ុន្តែនៅពេលស្ថាប័នឯករាជ្យអន្តរជាតិចាប់ផ្ដើមរកឃើញភស្តុតាងដែលគួរឱ្យជឿទុកចិត្ត រដ្ឋាភិបាលកម្ពុជាមិនអាចគ្រាន់តែប្រើសេចក្ដីថ្លែងការណ៍បដិសេធដូចមុនទៀតទេ។
«ប្រសិនបើរកឃើញថាមានមន្ត្រី ឬអង្គភាពយោធាណាមួយបានប្រព្រឹត្តខុសមែន រដ្ឋាភិបាលត្រូវហ៊ានទទួលស្គាល់ការពិត និងចាត់វិធានការតាមច្បាប់។ ផ្ទុយទៅវិញ ប្រសិនបើការចោទប្រកាន់នោះមិនពិតកម្ពុជាត្រូវបង្ហាញភស្តុតាងដែលអាចឱ្យអន្តរជាតិផ្ទៀងផ្ទាត់បាន។ ការការពារផលប្រយោជន៍ជាតិ មិនមែនជាការបិទបាំងកំហុសរបស់មន្ត្រី ឬការបដិសេធរាល់របាយការណ៍អន្តរជាតិនោះទេ ប៉ុន្តែជាការប្រកាន់ខ្ជាប់នូវការពិត ការទទួលខុសត្រូវ និងការគោរពច្បាប់អន្តរជាតិ»។
លោក សេង វណ្ណលី លើកឡើងបន្ថែមថា ភាគីថៃប្រាកដជាអាចយករបាយការណ៍នេះធ្វើជាឧបករណ៍នយោបាយ និងការទូត ដើម្បីបង្កើនសម្ពាធមកលើកម្ពុជា និងព្យាយាមបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាជាភាគីដែលរំលោភច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់។ លោកបន្តថាប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចបំភ្លឺដោយមានភស្តុតាងគ្រប់គ្រាន់ទេ នោះកម្ពុជាអាចប្រឈមនឹងការបាត់បង់ទំនុកចិត្តពីអន្តរជាតិ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងជំនួយសម្រាប់វិស័យដោះមីន ដែលកម្ពុជាបានខិតខំកសាងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា ទោះបីជាមានការរកឃើញការប្រើប្រាស់មីនថ្មីក៏ដោយ ក៏ករណីនេះមិនអាចក្លាយជាហេតុផលស្របច្បាប់សម្រាប់ថៃក្នុងការរំលោភអធិបតេយ្យភាពកម្ពុជានោះបានឡើយ។ ចំណែកទាហានខ្មែរដែលឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញពីការយល់ឃើញប្រាប់ទូរទស្សន៍អាស៊ីសេរីដូចៗគ្នាថា របាយការណ៍អង្គការឃ្លាំមើលគ្រាប់មីន គឺបង្ហាញពីព័ត៌មានដែលទទួលបានពីភាគីថៃតែម្ខាង ដោយមិនបានផ្ទៀងផ្ទាត់ជាមួយភាគីកម្ពុជានោះឡើយ។ បន្ថែមពីលើនេះ ទាហានខ្មែរបានស្នើឱ្យអង្គការអន្តរជាតិពាក់ព័ន្ធ ចុះស៊ើបអង្កេតពីករណីយោធាថៃបានប្រើប្រាស់អាវុធហាមឃាត់ និងអាវុធគីមី នៅក្នុងសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីឱ្យមានភាពយុត្តិធម៌រវាងភាគីទាំងសងខាង៕
ទស្សនាបទសម្ភាសន៍បន្ថែមរបស់លោក យ៉ង ចាន់តារា និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលគ្រាប់មីន លោក សេសួ ម៉ូស័រ ភួងស៊ូវ៉ាន់ ដូចតទៅ









