

កងទ័ពកម្ពុជា និងចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា «នាគមាស» រួមគ្នានៅមូលដ្ឋានទ័ពជើងទឹករាមខេត្តព្រះសីហនុ។ សមយុទ្ធ «នាគមាស» ប្រចាំឆ្នាំ២០២៦ មានទំហំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយភាគីកម្ពុជា និងចិនបានពង្រីកទាំងសម្ភារៈយោធា សព្វាវុធធុនធ្ងន់ និងចំនួនកងទ័ពសរុបជិត ៣ពាន់នាក់សម្រាប់ហ្វឹកហ្វឺនលើទីលាន។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងមេទ័ពចិនប្រកាសអះអាងថា សមយុទ្ធនាគមាស ធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះជំនាញកងទ័ព និងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ រវាងប្រទេសទាំងពីរ មិនមែនជាការគំរាមកំហែងលើប្រទេសណាមួយឡើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា និងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកប្រចាំទីក្រុងក្វាងចូវនៃកងទ័ពរំដោះប្រជាជនចិនគឺលោក លីវ ស៊ូមីង (Liu Shuming) បានចុះត្រួតពិនិត្យសម្ភារយោធាធុនធ្ងន់រួមមានកាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក យន្តហោះគ្មានមនុស្សបើក (Drone) អាវុធប្រឆាំងរថក្រោះ ឧទ្ធម្ភាគចក្រ នាវាចម្បាំង និងដាស់តឿនដល់កងទ័ពនៃប្រទេសទាំងពីរត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្ន និងចេះសាមគ្គីគ្នានៅក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នាក្នុងរយៈពេល ១៥ថ្ងៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ប្រកាសក្នុងពេលបើកសមយុទ្ធយោធា «នាគមាស» លើកទី៨ ជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) ថា សមយុទ្ធ «នាគមាស» ប្រចាំឆ្នាំឆ្នាំ ២០២៦ នេះ មានលក្ខណៈកាន់តែពិសេស និងពង្រីកចំនួនយោធិន ព្រមទាំងយោធូបករណ៍កាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីហ្វឹកហ្វឺនក្នុងប្រតិបត្តិការយោធារួមទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ លោកបញ្ជាក់ថា ខ្លឹមសារនៃការហ្វឹកហ្វឺនរវាងកងទ័ពចិន និងកម្ពុជាក្នុងសមយុទ្ធ «នាគមាស» នាឆ្នាំនេះ នឹងផ្ដោតសំខាន់លើការហ្វឹកហាត់ស៊ើបការណ៍រួមគ្នា ការបង្ក្រាបក្រុមភេរវកម្ម និងចោរសមុទ្រដែលចាប់ជំរិតនាវិក ការរំដោះចំណាត់ខ្មាំងលើផ្ទៃសមុទ្រ ព្រមទាំងប្រតិបត្តិការរុករក និងជួយសង្គ្រោះជនរងគ្រោះទាំងផ្លូវទឹក និងផ្លូវអាកាស។
«នេះគឺជាឱកាសសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ក្នុងការក្រេបជញ្ជក់ចំណេះដឹង ជំនាញបច្ចេកទេស យុទ្ធវិធីទំនើបៗ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យស្របទៅតាមនិន្នាការ នៃការធ្វើទំនើបកម្មយោធាក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលក្នុងពេលបច្ចុប្បន្ន»។
លោក ទៀ សីហា
លោក ទៀ សីហា ចាត់ទុកសមយុទ្ធយោធា «នាគមាស» ជាវេទិកាយុទ្ធសាស្ត្រលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងកម្ពុជា-ចិន និងជាឱកាសសម្រាប់លើកកម្ពស់វិជ្ជាជីវៈ និងលទ្ធភាពនៃការប្រយុទ្ធជាក់ស្ដែងនៃកងទ័ពប្រទេសទាំងពីរសម្រាប់ឆ្លើយតបស្ថានការណ៍អាសន្ន។ លោកអះអាងទៀតថា ការធ្វើសមយុទ្ធ នាគមាស ជាមួយកងទ័ពរំដោះប្រជាជន គឺធ្វើឡើងគ្មានគោលបំណងគំរាមកំហែងប្រទេសណាមួយឡើយ។
ប្រទេសចិនកុម្មុយនិស្តបានបញ្ជូននាវាចម្បាំងចំនួន ៣គ្រឿងចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមមុនថ្ងៃបើកសមយុទ្ធ ដោយដឹកជញ្ជូនកងទ័ព និងសម្ភារយោធាសម្រាប់ចូលរួមហ្វឹកហាត់។ សមយុទ្ធ «នាគមាស» ប្រចាំឆ្នាំ២០២៦ មានរយៈពេល ១៥ថ្ងៃពោលចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ដោយមានកងទ័ពចូលរួមហ្វឹកហ្វឺនជិត ៣ពាន់នាក់ ក្នុងនោះកងទ័ពកម្ពុជាមានជាង ១ពាន់ ៦រយនាក់ (១.៦២៦) និងកងទ័ពរំដោះប្រជាជនចិនមានជាង ១ពាន់ ៣រយនាក់ (១.៣១៤)។
ក្នុងរយៈពេលកន្លះខែនៃសមយុទ្ធនេះ កងទ័ពកម្ពុជា និងចិន នឹងប្រើប្រាស់រំសេវ បាញ់គ្រាប់ពិត និងអាវុធធុនធ្ងន់ ព្រមទាំងដ្រូនស៊ើបការណ៍ និងប្រព័ន្ធប្រឆាំងដ្រូន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើប្រតិបត្តិការផ្លូវទឹក ផ្លូវគោក និងដែនអាកាស។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅទីលានហ្វឹកហ្វឺនចំនួន ៣ រួមមាន មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ វិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។
មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកប្រចាំទីក្រុងក្វាងចូវនៃកងទ័ពរំដោះប្រជាជនចិនគឺលោក លីវ ស៊ូមីង (Liu Shuming) លើកឡើងតាមរយៈអ្នកបកប្រែថា សមយុទ្ធនាគមាស គឺជាកម្មវិធីមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការសន្តិសុខយោធា ដើម្បីកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិន។ លោកថា កងទ័ពចិន និងកម្ពុជា គួរបន្តផ្លាស់ប្ដូរបទពិសោធន៍ រៀនសូត្រពីគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការហ្វឹកហ្វឺន និងប្រតិបត្តិការយោធារួម។ លោកក៏ជំរុញឱ្យកងកម្លាំងនៃប្រទេសទាំងពីរប្រឹងប្រែងហ្វឹកហ្វឺនតាមស្តង់ដារ និងពង្រឹងការស៊ើបការណ៍ ការរៀបចំផែនការ និងការបញ្ជាកម្លាំងរួម។
«យើងរៀបចំសមយុទ្ធរួមគ្នា នាគមាស ប្រកាន់ខ្ជាប់នូវប្រធានបទ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ខ្លឹមសារមិនសំដៅទៅលើភាគីទីបីណាទេ មិនពាក់ព័ន្ធជាមួយនឹងស្ថានភាពក្នុងតំបន់ ឬបញ្ហារសើបណាមួយទេ។ មេរៀនក្នុងសមយុទ្ធត្រូវបានរៀបចំឡើង ដោយសំដៅទៅលើប្រធានបទសន្តិសុខជាក់ស្ដែង ពោលគឺប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងចោរសមុទ្រ និងផ្ដោតសំខាន់ទៅលើសកម្មភាពមនុស្សធម៌ ដើម្បីផ្សព្វផ្សាយឆន្ទៈមាំមួន របស់ប្រទេសទាំងពីរចិន និងកម្ពុជា»។
លោក លីវ ស៊ូមីង
ចាប់តាំងពីឆ្នាំ២០១៦ មក កម្ពុជាបានធ្វើសមយុទ្ធយោធាជាមួយកងទ័ពរំដោះប្រជាជនចិនចំនួន ៨ដង រួចមកហើយ ប៉ុន្តែកាលពីឆ្នាំ២០១៧ កម្ពុជាបានលុបចោលដោយឯកតោភាគីចំពោះការធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធ «ដនគោព្រៃ» ជាមួយអូស្ត្រាលី។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការពង្រឹងវិជ្ជាជីវៈ និងសមត្ថភាពកងទ័ពកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនកុម្មុយនិស្តតែមួយ មិនទាន់អាចធានាបាននូវសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារបូរណភាពទឹកដីកម្ពុជានោះទេ។ លោកបន្ថែមថា ការរឹតចំណងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចជាមួយចិនតែម្ខាង ក៏ធ្វើឱ្យប៉ះពាល់ដល់ការរក្សាតុល្យភាពទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកខាងលិចផងដែរ។
«កម្ពុជាគួរតែធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសមហាអំណាច ដូចជាកន្លងមកយើងឃើញ កម្ពុជាមានការទំនាក់ទំនង ការពង្រឹងសមត្ថភាពកងទ័ពជាមួយនឹងប្រទេសបារាំង ដែលជាប្រទេសមហាអំណាចមួយនៅអឺរ៉ុប។ មានការទំនាក់ទំនងជាមួយនឹងទួកគីយេ ហើយខ្ញុំគិតថា វាគួរតែពង្រីកបន្ថែម ពង្រឹងបន្ថែមជាមួយនឹងអូស្ត្រាលី សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យតុល្យភាពនៃសមត្ថភាពក្នុងការកសាងសមត្ថភាពកងទ័ពរបស់កម្ពុជាហ្នឹងកាន់តែប្រសើរឡើង ជៀសវាងមានការព្រួយបារម្ភពីបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសជិតខាង ដែលកំពុងតែមានបញ្ហាជាមួយកម្ពុជា ដូចជាថៃជាដើម ដើម្បីកុំឱ្យបញ្ហាការពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជាហ្នឹងជាលេសក្នុងការចោទប្រកាន់កម្ពុជា»។
លោក ប៉ោ មករា
ទោះបីរដ្ឋាភិបាលត្រកូល ហ៊ុន បានពង្រឹងទំនាក់ទំនងយោធាជាមួយចិនជាងមួយទសវត្សរ៍មកនេះតាមរយៈការធ្វើសមយុទ្ធរួម និងការទទួលជំនួយ ព្រមទាំងទិញសព្វាវុធពីចិនក៏ដោយ ក៏សមត្ថភាពកងទ័ពកម្ពុជានៅតែបង្ហាញចំណុចខ្វះខាតជាច្រើន។ ជាក់ស្ដែង ការប៉ះទង្គិចក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥ កងទ័ពជួរមុខបានរាយការណ៍ជាហូរហែ អំពីកង្វះសម្ភារៈយោធា ស្បៀងអាហារ គ្រឿងសព្វាវុធធុនធ្ងន់ និងសូម្បីតែអាវក្រោះ និងស្បែងជើងកងទ័ព។
ផ្ទុយទៅវិញ ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងស្អិតល្មួតរវាងរដ្ឋាភិបាលត្រកូល ហ៊ុន និងចិន ក៏រងការរិះគន់ថា ជាការពឹងផ្អែកលើទីក្រុងប៉េកាំងធ្វើជាខ្នងបង្អែកការពារអំណាចតពូជ ជាថ្នូរនឹងការបើកផ្លូវឱ្យចិនពង្រីកឥទ្ធិពល និងពង្រឹងវត្តមានយោធារបស់ខ្លួននៅកម្ពុជា និងក្នុងតំបន់។
ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ លើកឡើងថា ជំនួយយោធា និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងចិន និងកម្ពុជា គឺជាមធ្យោបាយដ៏សំខាន់របស់រដ្ឋអំណាចទីក្រុងប៉េកាំង ដើម្បីពង្រីកឥទ្ធិពលយោធានៅកម្ពុជា និងបង្កើនសិទ្ធិចូលប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមដែលសាងសង់ក្រោមជំនួយថវិការបស់ប្រទេសកុម្មុយនិស្ត៕







