

អ្នកឃ្លាំមើលរិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រឿងប្រាប់ពលរដ្ឋដែលខ្វះខាត ជីវភាពឱ្យលក់ទូរស័ព្ទ ដើម្បីទិញអាហារបរិភោគ។ ពួកគាត់ហៅការលើកឡើងរបស់លោក ហ៊ុន សែន ជាការមិនខ្វល់ពីទុក្ខលំបាក របស់ពលរដ្ឋ ហើយជាមេដឹកនាំដែលខ្វល់តែពីអំណាចគ្រួសាររបស់ខ្លួន។ ការលើកឡើងនេះ ក្រោយពីមានពលរដ្ឋម្នាក់ បានចូលទៅបញ្ចេញមតិ នៅលើគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន ដោយសរសេរត្អូញត្អែរថា ស្របពេលលោក ហ៊ុន សែន កំពុងសប្បាយចិត្ត លោកកំពុងតែដេកដាច់បាយ ប៉ុន្តែលោក ហ៊ុន សែន បែរជាឲ្យគាត់លក់ទូរស័ព្ទ ដើម្បីទិញអាហារហូបខ្លួនឯងទៅវិញ។
អ្នកឃ្លាំមើលលើកឡើងថា ស្របពេលពលរដ្ឋកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ពិបាករកការងារធ្វើ និងអ្នកប្រកបមុខរបររកស៊ី ដែលធ្លាប់មានចំណូលទៀងទាត់ ប៉ុន្តែបែរជាគ្មានចំណូលផងនោះ គេឃើញគ្រួសារលោកហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាច្រើន បានទៅ ជួបជុំគ្នា ដើរលេងសប្បាយនៅឯ ខេត្តមណ្ឌលគិរី ដោយពុំខ្វល់ពីទុក្ខលំបាក របស់ពលរដ្ឋ។ ទន្ទឹមគ្នានោះ ពួកគាត់ហួសចិត្តនឹងលោក ហ៊ុន សែន អំឡុងពេលដែលលោកដើរលេងសប្បាយ បែរជាឆ្លៀតឱកាសឌឺដងទៅកាន់ពលរដ្ឋម្នាក់ដែលបានប្រាប់លោកថា គ្មានអាហារហូបចុក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា ថ្វីត្បិតថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដឹងច្បាស់ពីទុក្ខលំបាកពលរដ្ឋ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន»ក្ដី លោក ហ៊ុន សែន ពុំចង់ឃើញពលរដ្ឋ មកត្អូញត្អែរពីទុក្ខលំបាកឡើយ ព្រោះលោកចង់បានពាក្យសរសើរ។ លោក គឹម សុខ រិះគន់ថា ការដឹកនាំរបស់គ្រួសារ លោក ហ៊ុន សែន គឺគ្មានមនោសញ្ចេតនាឈឺចាប់ចំពោះទុក្ខលំបាករបស់ពលរដ្ឋ ក្រៅតែពីការប្រឹងប្រែង ការពារគ្រួសារ និងអំណាចនយោបាយខ្លួនឡើយ។
«បើជាអ្នកដឹកនាំប្រទេសពិតប្រាកដណា គេគ្រាន់តែឃើញពលរដ្ឋរាយការណ៍ប្រាប់ពីទុក្ខវេទនា គេត្រូវសួរនាំភ្លាម ថាតើបញ្ហានោះនៅទីណា ដើម្បីឲ្យមន្ត្រីមូលដ្ឋានចុះទៅពិនិត្យដោះស្រាយភ្លាមៗដែរ។ ក៏ប៉ុន្តែលោក ហ៊ុន សែន គាត់បានដឹងខ្លួនឯងថា គាត់មិនមែនជាអ្នកដឹកនាំពិតប្រាកដទេ ក៏ប៉ុន្តែគ្រាន់តែជាជនផ្ដាច់ការកាងអំណាច ដែលត្រូវការពារបញ្ចូលពីមនុស្សទូទៅ ដើម្បីផ្សាយបោកប្រាស់ប្រជាពលរដ្ឋ ធ្វើជាល្បែងនយោបាយការពារអំណាចក្រុមគ្រួសារតែប៉ុណ្ណោះ»។
លោក គឹម សុខ
ការលើកឡើងនេះ ក្រោយពីគ្រួសារលោក ហ៊ុន សែន រួមនឹងមន្ត្រីមួយចំនួន បាននាំគ្នាទៅជួបជុំគ្នា រៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ នៅឯខេត្តមណ្ឌលគីរី ក្នុងថ្ងៃសម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។ ជាមួយគ្នានោះ លោក ហ៊ុន សែន បានបង្ហោះរូបភាព ជាបន្តបន្ទាប់ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយបង្ហាញពីភាពស្និទ្ធស្នាល ជាមួយប្រពន្ធកូន និងចៅៗ។
ទន្ទឹមគ្នានោះ ក៏មានគណនីហ្វេសប៊ុកម្នាក់ឈ្មោះថា ជូលី ណា(Julie Na) បានចូលទៅបញ្ចេញមតិដោយប្រើពាក្យ យ៉ាងគួរសមទៅកាន់លោកហ៊ុន សែន ដោយហៅថា«សម្ដេចពុក»។លោកសរសេរថា ស្របពេលដែល សម្ដេចពុកសប្បាយចិត្ត ចំណែកលោកកំពុងតែដេកអត់បាយ។ ក្រោយមក លោក ហ៊ុន សែន ក៏បានឆ្លើយតបវិញដោយបង្គាប់ឱ្យពលរដ្ឋរូបនោះ ទៅលក់ទូរស័ព្ទ ដើម្បីទិញបាយហូបសិនទៅ។ លោក ហ៊ុន សែន ក៏បានចោទជាសំណួរថាតើ នេះជាអ្នកក្រជំនាន់ថ្មីឬយ៉ាងណា ? ។ ការចោទជាសំណួរនេះ ព្រោះលោក ហ៊ុន សែន ហាក់មិនជឿថា ពលរដ្ឋរូបនោះ កំពុងតែដាច់បាយ នោះឡើយ ព្រោះគាត់កំពុងមានទូរស័ព្ទប្រើក្នុងដៃ។
អ្នកឃ្លាំមើល និងអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិហួសចិត្តចំពោះការឆ្លើយតបរបស់លោក ហ៊ុន សែន។ ពួកគាត់ យល់ថា នៅក្នុងសម័យបច្ចេកវិទ្យា ទូរស័ព្ទដៃ គឺជាតម្រូវការមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅ ប៉ុន្តែមិនមែនមានន័យថា អ្នកមានទូរស័ព្ទប្រើប្រាស់ទាំងនោះ គឺជាអ្នកមានទ្រព្យសម្បត្តិនោះឡើយ។ ពួកគាត់បារម្ភថា នៅពេលដែលប្រទេសជាតិមួយ មានមេដឹកនាំដែលខ្វះការយកចិត្តទុកដាក់ជាមួយពលរដ្ឋ ហើយតែងតែចាត់ទុកព័ត៌មានដែលបង្ហាញពីទុក្ខសោករបស់ពលរដ្ឋ គឺជាសត្រូវនោះ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ។
ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងត្អូញត្អែរអំពីការខ្វះអាហារហូបចុកនេះ ក្រុមគ្រួសារលោក ហ៊ុន សែន និងបក្ខពួករបស់លោក បង្ហាញពីគម្លាតជីវភាពនិងការរស់នៅបែបហ៊ឺហាស៊ីវិល័យខ្ពង់ខ្ពស់ខុសឆ្ងាយពី ប្រជាពលរដ្ឋ។ ជាក់ស្ដែង ក្នុងពេលលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក បានទៅលេងកម្សាន្ត នៅឯខេត្តមណ្ឌលគីរីដែលជាខេត្តដាច់ស្រយាលហើយប្រជាពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រនោះ គេឃើញ ភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញរូបថតស្លៀកពាក់ហឺហារ និងគ្រឿងអលង្ការប្រណិតៗ រួមមាន អាវយឺតម៉ាក វ័រសាជី (Versace) ខ្សែក្រវ៉ាត់ម៉ាក ហេមេស (Hemes) និងនាឡិកាម៉ាក រីឆាត មៀល (Richard Mille) ដែលជាម៉ាក់យីហោល្បីៗ នៅលើពិភពលោក រួមទាំងគ្រឿងអលង្ការដ៏មានតម្លៃផ្សេងទៀត។ គេហទំព័ររបស់ម៉ាកល្បីៗ បង្ហាញតម្លៃ អាវយឺតម៉ាក វ័រសាជី (Versace) មួយតម្លៃជិត២ពាន់ដុល្លារ និងខ្សែក្រវ៉ាត់ម៉ាក ហេមេស(Hemes) មួយតម្លៃខ្ទង់១ពាន់ដុល្លារ។ មួកបាំងថ្ងៃម៉ាក Christian Dior តម្លៃ៦០០ដុល្លារ ។
លើសពីនេះ សំលៀកបំពាក់ផ្សេងៗទៀតដូចជាអាវដៃវែងមានក និងខោជើងវែងពណ៌បៃតងលាយផ្កាត្រូពិក គឺជាម៉ូតរបស់ម៉ាកល្បីអ៊ីតាលីឈ្មោះ ដូលសេ អែន ហ្គាបាណា (Dolce & Gabbana) មានតម្លៃប្រមាណ៤ពាន់ដុល្លារអាមេរិក។ ភរិយារបស់អតីតកម្មាភិបាលខ្មែរក្រហមដែលធ្លាប់តែស្លៀកពាក់ខោអាវខ្មៅរូបនេះ ក៏មានពាក់នាឡិកាដៃប្រណិតៗម៉ាក រីឆាត មៀល (Richard Mille) តម្លៃចាប់ពីកន្លះលានដុល្លារ រហូតដល់ជាង១លានដុល្លារ។ រីឯ ប្ដីអ្នកស្រី ប៊ុន រ៉ានី គឺលោក ហ៊ុន សែន ក៏ធ្លាប់រងការរិះគន់ដែរថា ពាក់នាឡិកាដៃរាប់សិបគ្រឿងដែលមានតម្លៃរាប់លានដុល្លារ និងប្រើប្រាស់របស់របរថ្លៃហួសសមត្ថភាពនិងប្រាក់ខែ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា នៅពេលដែលឃើញគ្រួសារមេដឹកនាំប្រទេស បង្ហាញរូបភាពជួបជុំគ្រួសារ និងស្លៀកពាក់សំលៀកបំពាក់ថ្លៃៗបែបនេះ គឺជារឿងគួរឱ្យ អាណិតអាសូរពលរដ្ឋ ដែលកំពុងតែជួបវិបត្តិធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងជំពាក់បំណុលវ័ណ្ឌក ។ លោកបន្តថា កន្លងទៅ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែអួតអាងថា ខ្លួននឹងរួមសុខរួមទុក្ខជាមួយពលរដ្ឋ ប៉ុន្តែនៅពេលពលរដ្ឋជួបទុក្ខព្រោះគ្មានការងារធ្វើ គ្មានថវិកាចិញ្ចឹមគ្រួសារ ហើយពលរដ្ឋ នៅតាមព្រំដែនជាច្រើនបាត់បង់ផ្ទះសម្បែង និងដីធ្លីបែរជាមេដឹកនាំទៅដើរលេងសប្បាយ និងបង្ហោះរូបភាពបញ្ឈឺពលរដ្ឋថែមទៀត។
ទន្ទឹមគ្នានោះ លោកហួសចិត្តជាខ្លាំង នៅពេលដែលពលរដ្ឋប្រាប់ថាអត់មានអាហារហូបចុក បែរជា លោក ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋលក់ទូរស័ព្ទទិញបាយហូប ដែលនេះបង្ហាញពីការមិនទទួលខុសត្រូវចំពោះ ទុក្ខលំបាករបស់ពលរដ្ឋ ។
«បក្សពួកគ្រួសារខ្លួនឯង តែប៉ុណ្ណឹងថាមានបានគ្រប់គ្រាន់ ប្រទេសរីកចម្រើនល្អប្រសើរហើយ តែប៉ុណ្ណឹង ប៉ុន្តែខណៈដែលប្រជាពលរដ្ឋដែលរងទុក្ខនៅក្នុងមូលដ្ឋាន ជួបការលំបាកក្នុងជីវភាព បំណុលវ័ណ្ឌក រកព្រឹកខ្វះល្ងាច ហើយក្នុងខណៈដែលជនភៀសសឹកកំពុងជួបការលំបាក ចង់បានកិច្ចការជួយអន្តរាគមន៍ ជួយ ទំនុកបម្រុងដល់ពួកគាត់ហ្នឹងគឺជារឿងដែលគួរគិតគូរ និងជួយដោះស្រាយ»។
លោក ស៊ឹង សែនករុណា
អ្នកឃ្លាំមើលលើកឡើងថា ករណីពលរដ្ឋម្នាក់ដែលបញ្ចេញមតិពីរឿងអត់បាយនោះមិនមែនជាករណីតែមួយដាច់ដោយឡែកនោះទេ។ ពួកគាត់ថា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងគ្រោះពីការឈ្លានពានរបស់ថៃ និងមានកេរ្តិ៍ឈ្មោះអាស្រូវរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ព្រមទាំងវិបត្តិសកលផងនោះ ជីវភាពរបស់ពលរដ្ឋបានធ្លាក់ចុះដុនដាប់យ៉ាងខ្លាំង រហូតដល់អ្នកខ្លះត្រូវបង្ខំចិត្តកាត់បន្ថយម្ហូបអាហារ។ ចំណែកពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីនិងផ្ទះសម្បែងនៅតាមព្រំដែនវិញ ពួកគាត់ភាគច្រើន មិនទាន់មានការងារនិងមានចំណូលឡើយ ហើយអ្នកខ្លះ ក៏មិនទាន់ទទួលបានផ្ទះសម្បែងនោះដែរ។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញផ្សាយកន្លងទៅបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើន កំពុងតែប្រឈមនឹងបញ្ហាបំណុលមីក្រូហិរញ្ញវត្ថុ។របាយការណ៍នេះបានបញ្ជាក់ថា បញ្ហាបំណុលកើនឡើង បានដាក់សម្ពាធឱ្យពលរដ្ឋ បង្ខំចិត្តលក់ដីផ្ទះ កាត់បន្ថែមការចំណាយលើការហូបចុក ហើយកុមារជាច្រើនត្រូវបោះបង់ការសិក្សា ដើម្បីទៅស៊ីឈ្នួល រកប្រាក់ផ្គត់ផ្គង់គ្រួសារ។
អ្នកឃ្លាំមើលយល់ថា លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំ មិនត្រូវប្រាប់ប្រជាពលរដ្ឋឲ្យលក់ទ្រព្យ ឬអត់ធ្មត់ចំពោះភាពក្រីក្រនោះទេ ប៉ុន្តែលោកគួរតែធ្វើជាមេដឹកនាំដែលអាចបង្កើតលក្ខខណ្ឌឲ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រអត់ឃ្លានដូចសព្វថ្ងៃនេះ៕









