

អគ្គលេខាធិការអាស៊ានបានព្រមានថា ការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃអាចកើតឡើងជាថ្មី ហើយបទឈប់បាញ់ដែលបានចូលជាធរមានក្នុងខែធ្នូ ឆ្នាំ២០២៥ អាចប្រឈមនឹងការរលាយ ប្រសិនបើប្រទេសទាំងពីរមិនបង្កើនការចរចាដើម្បីដោះស្រាយជម្លោះព្រំដែន។ ការព្រមាននេះ ស្របពេលដំណើរការចរចាទ្វេភាគីព្រំដែនគោករវាងកម្ពុជា-ថៃកំពុងជាប់គាំងដោយសារតែភាគីថៃមិនមានឆន្ទៈពិតប្រាកដក្នុងការចូលរួមតុចរចា និងខណៈដែលភាគីថៃក៏ហាក់មានជំហរប្រែប្រួលក្នុងការចរចាព្រំដែនសមុទ្រតាមយន្តការផ្សះផ្សានៃតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA)។
ស្របពេលដែលតំណាងរបស់កម្ពុជា និងថៃកំពុងចូលរួមកិច្ចប្រជុំលើកទី៣ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រក្រោមយន្តការផ្សះផ្សានៃអនុសញ្ញាអន្តរជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅទីក្រុងគូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសម្តែងការបារម្ភពីភាពផុយស្រួលនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបង្ហាញការជឿទុកចិត្តលើសិង្ហបុរី ដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ថាអាចជួយនាំប្រទេសទាំងពីរត្រឡប់ទៅតុចរចា និងបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដានការអនុវត្តបទឈប់បាញ់។
លោក កៅ គឹមហួន បាននិយាយទៅកាន់កាសែតសិង្ហបុរី The Straits Times ដែលបានចេញផ្សាយនៅថ្ងៃទី២៤ វិច្ឆិកា ថា ការចរចារវាងប្រទេសជិតខាងទាំងពីរនៅមានវឌ្ឍនភាពតិចតួច បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពពីប្រធានអាស៊ានជាបន្តបន្ទាប់ក៏ដោយ។

អគ្គលេខាធិការអាស៊ានដែលមានសញ្ជាតិខ្មែររូបនេះបានជំរុញឱ្យកម្ពុជា និងថៃប្រើប្រាស់បទឈប់បាញ់ និងយន្តការទ្វេភាគីដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ដើម្បីពន្លឿនការចរចា ស្វែងរកដំណោះស្រាយ និងទប់ស្កាត់ការផ្ទុះអាវុធជាលើកទីបី។ លោកក៏បានលើកឡើងពីយន្តការដោះស្រាយវិវាទក្រោមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ យន្តការទាំងនេះរួមមានការសម្រុះសម្រួល មជ្ឈត្តការ និងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលមានគោលបំណងជួយឱ្យប្រទេសសមាជិកដោះស្រាយជម្លោះដោយសន្តិវិធី។
សិង្ហបុរីនឹងចូលកាន់តំណែងជាប្រធានអាស៊ានជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ បន្ទាប់ពីហ្វីលីពីនបានប្រគល់តំណែងនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ អាណត្តិរបស់សិង្ហបុរីនឹងស្របពេលនឹងខួបលើកទី៦០ នៃការបង្កើតអាស៊ាន ខណៈជម្លោះព្រំដែនកម្ពុជា-ថៃនៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។
លោក កៅ គឹមហួន បានទទួលស្គាល់ការគាំទ្រផ្នែកការទូតពីសហរដ្ឋអាមេរិក និងចិន ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងអាស្រ័យជាចម្បងលើអាស៊ាន និងប្រទេសទាំងពីរផ្ទាល់។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា ការព្រមានរបស់អគ្គលេខាធិការអាស៊ានគឺជាសារដែលកម្ពុជា ថៃ និងអាស៊ានគួរយកចិត្តទុកដាក់។ លោកយល់ថា ការរក្សាបទឈប់បាញ់ត្រូវការការអនុវត្តជាក់ស្តែងពីកងកម្លាំងនៅតាមព្រំដែន និងការទាក់ទងគ្នាឱ្យបានឆាប់រហ័សនៅពេលមានហេតុការណ៍កើតឡើង។

លោកបានព្រមានថា ប្រសិនបើការចរចាអូសបន្លាយ ហើយបញ្ហានៅទីតាំងជាក់ស្តែងនៅតែបន្តកើតមាន ការមិនទុកចិត្តគ្នាអាចកាន់តែខ្លាំងឡើង ហើយប្រជាពលរដ្ឋតាមព្រំដែននឹងបន្តរស់នៅក្នុងភាពភ័យខ្លាច។ លោកថា ការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់គឺជាវិធីសមស្រប ប៉ុន្តែប្រសិទ្ធភាពរបស់វាអាស្រ័យលើឆន្ទៈ និងការគោរពកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ។
លោក សេង វណ្ណលី «ដូច្នេះ អាស៊ានគួរជួយជំរុញឱ្យមានកាលវិភាគច្បាស់លាស់ ការតាមដានការអនុវត្តឲ្យបានទៀងទាត់ និងការផ្ទៀងផ្ទាត់ហេតុការណ៍ដោយឯករាជ្យ។ ការកំណត់ការទទួលខុសត្រូវត្រូវផ្អែកលើភស្តុតាងគឺជារឿងចាំបាច់។ បើភស្តុតាងបង្ហាញថា ថៃរំលោភកិច្ចព្រមព្រៀង អាស៊ានគួរលើកបញ្ហាជាមួយថៃនិងជំរុញឲ្យថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួនបាទ»។
លោក សេង វណ្ណលី បានសង្កត់ធ្ងន់ថា កម្ពុជាគួរបន្តចរចា និងកត់ត្រាឱ្យបានច្បាស់នូវកិច្ចព្រមព្រៀង ការអនុវត្ត និងហេតុការណ៍ដែលខ្លួនចាត់ទុកថាជាការរំលោភ ដើម្បីឱ្យអាស៊ានអាចវាយតម្លៃបាន។ លោកថា វឌ្ឍនភាពមិនគួរត្រូវបានវាស់ត្រឹមតែចំនួនកិច្ចប្រជុំទេ ប៉ុន្តែគួរវាស់តាមការថយចុះនៃហេតុការណ៍ប្រឈមមុខ ការគោរពបទឈប់បាញ់ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានឲ្យដឹងថា ទោះបីអាស៊ាន ជួយជំរុញយ៉ាងណាក៏ដោយ ក៏អាស៊ានគ្មានឥទ្ធិពលមកលើប្រទេសថៃ ដើម្បីឱ្យថៃងាកមកតុចរចានោះទេ ព្រោះអាស៊ានប្រៀបដូចជាខ្លាក្រដាសដូច្នេះមិនអាចជំរុញឱ្យថៃគោរពបទឈប់បាញ់នោះទេ។
លោក អ៊ុំ សំអាន «និយាយខ្លីទៅ គឺអគ្គលេខាធិការអាស៊ាន ក៏ដូចជាអាស៊ាន អត់មានទឹកមាត់ប្រៃ ដើម្បីដាក់សម្ពាធទៅលើថៃ ឬជំរុញឱ្យថៃងាកមកតុចរចាជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ឬក៏ដាក់សម្ពាធឱ្យថៃត្រូវតែគោរពបទឈប់បាញ់ និងប្រើយន្តការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃនោះទេ»។
លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ថៃនៅតែបន្តរំលោភបទឈប់បាញ់ និងសាងសង់សំណង់រឹងនៅតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន។ លោកបានអំពាវនាវឱ្យកម្ពុជាពិចារណាប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ជម្លោះព្រំដែនកម្ពុជា-ថៃបានឈានដល់ការប្រយុទ្ធគ្នាពីរលើកក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា ជនភៀសសឹកជាង ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាននៅឡើយ។
កម្ពុជាបានអំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងបន្តការវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់៕








