ក្រុមហ៊ុន ហួយវ័ន ផេ របស់​​លោក ហ៊ុន តូ ប្រកាស​ផ្អាក​សេវាកម្ម​មួយ​រយៈ ក្រោយ​អតិថិជន​សម្រុក​ដក​លុយ

0
229
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ដែល​ជា​កម្មសិទ្ធិ​របស់​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​បងប្រុស​ជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​បិទ​សេវាកម្ម​បណ្ដោះអាសន្ន រយៈពេល​ជាង ២​ខែ ក្រោយពី​អតិថិជន​សម្រុក​ដក​លុយ​ចេញ​ពី​ក្រុមហ៊ុន។ ការប្រកាស​ផ្អាក​សេវាកម្ម​នេះ បាន​ធ្វើ​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន មួយ​នេះ កំពុង​ភ័យ និង​រក​វិធី​ផ្ទេរ និង​ដក​លុយ​របស់​ពួកគេ​តាម​គ្រប់​មធ្យោបាយ។

អតិថិជន​ដែល​មាន​លុយ​នៅក្នុង​គណនី​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ កំពុង​បារម្ភ​អំពី​រឿង​ថា «​មាន​លុយ​ហើយ ប៉ុន្តែ​ចាយ​មិនកើត​»​បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ កំពុង​ទទួលរង​ពាក្យបណ្ដឹង​របស់​អន្តរជាតិ រហូត​បាន​ប្រកាស​ផ្អាក​សេវាកម្ម​បណ្ដោះអាសន្ន។

អតិថិជន​របស់​ក្រុមហ៊ុន ហួយ​វ័ន ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១ ខែធ្នូ ថា អាជីវកម្ម​របស់​កញ្ញា​កំពុង​ជួប​បញ្ហា ដោយសារ​មិនអាច​ដក​លុយ​ចេញពី​ធនាគារ​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ បាន ក្រោយ​ក្រុមហ៊ុន​នេះ បាន​ប្រកាស​ផ្អាក​សេវាកម្ម​បណ្ដោះអាសន្ន​របស់​ខ្លួន​។ កញ្ញា​បន្ត​ថា បច្ចុប្បន្ន​អតិថិជន​របស់​ក្រុមហ៊ុន ហួយវ័ន ផេ កំពុង​រក​វិធីដក​លុយ​របស់​ខ្លួន ចេញពី​ក្រុមហ៊ុន ដើម្បី​យក​មក​បង្វិល​ការ​រកស៊ី ខណៈ​ធនាគារ​ស្ទើរតែ​ទាំងអស់ បាន​បញ្ឈប់​ប្រព័ន្ធ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ហួយវ័ន នេះ​ទៅ​ហើយ។

អតិថិជន​ក្រុមហ៊ុន ហួយ​វ័ន ផេ៖ «​រឿង​បញ្ហា​តិច​ឬ​ច្រើន អាស្រ័យ​លើ​អ្នកប្រើប្រាស់​។ ឧទាហរណ៍​ថា ពួក​ខ្ញុំ​អ្នក​រកស៊ី ត្រូវការ​ប្រើ​លុយ ភ្ញៀវ​នៅ​ពេល​ទិញ​អីវ៉ាន់ គឺ​តែងតែ​បាញ់​(​ផ្ទេរ​)​លុយ​ហ្នឹង​ឱ្យ​ពាក់ព័ន្ធ​នឹង​សេវាកម្ម បកប្រែ​អីហ្នឹង គឺ​ទទួល​បាន​លុយ​ពី​ហ្នឹង​ទាំងអស់។ នៅ​ពេល​មាន​បញ្ហា​អ៊ីចឹង វា​ពិបាក​រក​កន្លែង​បញ្ចេញ»។

ការ​ថ្លែង​របស់​អាជីវករ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ហួយវ័ន ផេ ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅ​ថ្ងៃទី​១ ខែ​ធ្នូ នេះ​អំពី​ការ​ផ្អាក​សេវាកម្ម​បណ្ដោះអាសន្ន របស់​ហាង និង​ការិយាល័យ​សេវាកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០២៥ ដល់​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ ២០២៦​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ដើម្បី​ធានា​សុវត្ថិភាព​ប្រាក់​របស់​អតិថិជន បន្ទាប់ពី​ការ​វាយតម្លៃ​រួច ក្រុមហ៊ុន​នឹង​សម្រេច​អនុវត្ត​វិធានការ​ពន្យារ​ការ​ដក​ប្រាក់​ជា​ដំណាក់កាល​។​

ទោះជា​បែបនេះ​ក្ដី ការ​ផ្អាក​សេវាកម្ម​នេះ បាន​ធ្វើ​ឱ្យ​អតិថិជន ខ្មែរ និង​បរទេស​ជាច្រើន​នាក់ បាន​មក​ប្រមូល​ផ្តុំគ្នា នៅ​ពីមុខ​ក្រុមហ៊ុន ដើម្បី​ដក​សាច់ប្រាក់​ពី​ក្នុង​គណនី​។ អតិថិជន​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ ភាគច្រើន គឺជា​ប្រតិបត្តិការ ឬ​អាជីវករ រកស៊ី​ផ្ទេរ និង​ប្ដូរប្រាក់​ពី​រូបិយប័ណ្ណ​បរទេស ទៅជា​រូបិយប័ណ្ណ អេឡិចត្រូនិក ឬ​គ្រីបតូ (Crypto) និង​មួយចំនួន​ទៀត គឺជា​អ្នកបម្រើ​សេវាកម្ម​បកប្រែ​ភាសា​ចិន និង​សេវាកម្ម​ផ្សេងៗ ដែល​ទទួល​បាន​ប្រាក់​កម្រៃ ដែល​គេ​ផ្ទេរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គណនី​របស់​ក្រុមហ៊ុន ហួយវ័ន ផេ។

សាខាក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) សាខាពោធិ៍សែនជ័យ ទល់មុខព្រលានយន្តហោះ​ពោធិ៍ចិនតុង ។ រូប​កាលពីខែ​កញ្ញា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក៏ប៉ុន្តែ ធនាគារជាតិ​នៃ​កម្ពុជា បាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ បន្ទាប់ពី​រតនាគារ​សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ទូទាត់​លាងលុយកខ្វក់​រាប់​សិប​ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​សង្គម​ងងឹត ឬ​ក្រុម​ឆបោក​តាម​អ៊ីនធឺណិត (Cyber Scam) ដ៏​ល្បីល្បាញ។

អតិថិជន របស់​ក្រុមហ៊ុន ហួយវ័ន ផេ បាន​អះអាង​ថា ក្រោយ​ការ​ដកហូត​អាជ្ញាប័ណ្ណ​នេះ កម្មវិធី​ផ្ទេរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន នៅ​លើ​ទូរស័ព្ទ​ដៃ និង​ប្រព័ន្ធ​ប្រតិបត្តិការ ភ្ជាប់​ទៅកាន់​ធនាគារ​ក្នុងស្រុក​ផ្សេងទៀត​បាន​ឈប់​ដំណើរការ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អតិថិជន ដែល​មាន​លុយ​រូបិយប័ណ្ណ និង​គ្រីប​តូ នៅ​ក្រុមហ៊ុន ហួយ​វ័ន ផេ បាន​នាំគ្នា​សម្រុក​ទៅ​ដក ឬ​ផ្ទេរ​ចេញ រហូត​ក្រុមហ៊ុន បាន​ប្រកាស​ផ្អាក​សេវាកម្ម​បណ្ដោះអាសន្ន។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ក្រុមហ៊ុន ហួយវ័ន ផេ ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ហួយវ័ន ផេ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ ក្នុង និង​ក្រៅ​ស្រុក និង​ប្រាក់​ដែល​ក្រុមហ៊ុន​តម្កល់ទុក​នៅក្នុង​ធនាគារជាតិ ដើម្បី​ធានា​បាន​ថា ក្រុមហ៊ុន ហួយ​វ័ន ផេ នឹង​មិន​បន្ត​ដំណើរការ​ដោយ​ប្ដូរ​ផ្លាក​យីហោ​ថ្មី​នោះ​ឡើយ​។​

លោក ម៉ែន ណាត៖ «ទោះ​បដិសេធ​យ៉ាងម៉េច បានតែ​លាងខ្លួន​បោកប្រាស់​ចិត្ត​ខ្លួនឯង និង​ភូតភរ​ពលរដ្ឋ​ខ្លួនឯង​ទេ ប៉ុន្តែ​ឯកសារ និង​របាយការណ៍​អន្តរជាតិ​គេ​មាន​ហ្នឹង គឺ​គេ​ហូរហៀរ គេ​ផ្សព្វផ្សាយ​ហ្នឹង អត់​មាន​ខុស​ទេ»។

ក្រសួង​រតនាគារ​អាមេរិក​បាន​លើកឡើង​ទៀត​ថា ចាប់តាំងពី​ខែ​សីហា ឆ្នាំ​២០២១ មក ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ និង​បណ្ដាញ​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ បាន​ជួយ​លាង​លុយកខ្វក់​ចំនួន ៤​ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ឧក្រិដ្ឋជន រួម​ទាំង​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង (North Korea) និង​ក្រុម​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ពាក់ព័ន្ធ​នឹង​ករណីនេះ អតិថិជន​របស់​ក្រុមហ៊ុន ហួយវ័ន ផេ បាន​អះអាង​ថា ពួកគាត់​មិន​សូវ​បាន​ដឹង​ពី​ឧក្រិដ្ឋកម្ម ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នេះ​ឡើយ ហើយ​ប្រសិនបើ​ដល់​ការ​កំណត់ ក្រុមហ៊ុន​នៅតែ​មិន​ដំណើរការ​សេវាកម្ម​វិញ​ទេ​នោះ ពួកគាត់​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​ស្ថាប័នរដ្ឋ​ណាមួយ​ឱ្យ​ជួយ​អន្តរាគមន៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ