សហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី អះអាងថា អាជ្ញាធរ និងក្រុមហ៊ុនលួងលោម និងបង្ខំឲ្យពួកគាត់ទទួលយកសំណង ដើម្បីប្រគល់ដីព្រៃសហគមន៍ឲ្យទៅក្រុមហ៊ុន។ មន្ត្រីសង្គមស៊ីវិលថា ការបង្ខិតបង្ខំពលរដ្ឋឲ្យទទួលយកសំណងដែលមិនកើតចេញពីឆន្ទៈរបស់ពួកគាត់ គឺជាទង្វើផ្ទុយពីច្បាប់។
សហគមន៍ជនជាតិដើមភាគតិច រស់នៅភូមិឡៅកា ក្រុងសែនមនោរម្យ នៅខេត្តមណ្ឌលគិរី អះអាងថា ពួកគាត់បាត់បង់ព្រៃជំនឿ ព្រៃបម្រុងទុក ខ្ទមអ្នកតា និងដីស្រែចម្ការ ក្រោយក្រុមហ៊ុនចិន ឆាយណា ហ៊រ ទៀង (China Huadian) ចាប់ផ្ដើមឈូសឆាយ ដើម្បីដំឡើងតួប៊ីនផលិតអគ្គិសនីដើរដោយខ្យល់។ លើសពីនោះ អាជ្ញាធរ និងតំណាងក្រុមហ៊ុនបានបង្ខិតបង្ខំសហគមន៍ឲ្យទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យ ហើយត្រូវប្រគល់ដីព្រៃទាំងនោះឲ្យទៅក្រុមហ៊ុន។
តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិឡៅកា អ្នកស្រី ភ្លឹក ភីរុំ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៨ ខែមិថុនាថា ក្រុមហ៊ុនចិនឈ្មោះ ឆាយណា ហ៊រទៀង បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃបម្រុងទុក ព្រៃជំនឿ និងខ្ទមអ្នកតាចោលរួចហើយ ទើបមានតំណាងក្រុមហ៊ុន និងអាជ្ញាធរយកសំណងឲ្យទៅសហគមន៍ ហើយបានគំរាមសហគមន៍ថា បើទោះបីមិនព្រមយកសំណង ក៏ក្រុមហ៊ុនត្រូវតែឈូសឆាយ ដើម្បីសាងសង់ទីតាំងដំឡើងតួប៊ីន ផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែរ។ លើសពីនោះលោកស្រីថា អាជ្ញាធរមូលដ្ឋានប្រើល្បិចដើរទិញដីស្រែចម្ការពីពលរដ្ឋ រួចប្រគល់ឲ្យទៅក្រុមហ៊ុនចិន។ លោកស្រីបន្ថែមថា ប្រសិនបើមិនមានការបង្ខិតបង្ខំ និងគំរាមកំហែងសហគមន៍នោះទេ ពួកគាត់មិនទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យនោះឡើយ ពីព្រោះទីតាំងទាំងនោះជាកន្លែងសក្ការបូជា។
អ្នកស្រី ភ្លឹក ភីរុំ៖ «មុននឹងមានការអភិវឌ្ឍន៍ត្រូវតែមានការជជែកវែកជជែកអារឿងផលប៉ះផ្ទាល់កន្លែងណាៗ ឲ្យពួកយើងបានដឹងជាមុន កុំធ្វើរបៀប ធ្វើលាក់ មេភូមិធ្វើទៅរកទិញដី ពួកខ្ញុំអត់ដឹងរឿង ដល់ពេលយូរៗទៅស្រាប់តែថាចិនមក វាស់យកៗដី ទី២ទៀតចាប់ផ្តើមចេញប្លង់រក្សាដោយពួកសុរិយោដី អ៊ីចឹងខ្ញុំឲ្យមុនរាល់ការអភិវឌ្ឍន៍ទាំងអស់សូមឲ្យប្រជាពលរដ្ឋដឹងជាមុនដើម្បីត្រៀម»។
តំណាងសហគមន៍រូបនេះ លើកឡើងទៀតថា ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ហើយប៉ះពាល់ដល់ពលរដ្ឋ សូមឲ្យអាជ្ញាធរសិក្សា និងពិគ្រោះយោបល់ជាមួយពលរដ្ឋជាមុនសិន មិនត្រូវដើរគំរាមកំហែងពលរដ្ឋបែបនេះឡើយ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគិរី លោក គង់ គឹមនី ដើម្បីបកស្រាយបញ្ហានេះបានទេ នៅថ្ងៃទី៨ ខែមិថុនា។ ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងតំណាងក្រុមហ៊ុនចិន ឆាយណា ហ៊រទៀង ក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅខេត្តមណ្ឌលគិរី មានគម្រោងផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ចំនួន៦ ដែល មានថាមពល៩០០គីឡូមេហ្កាវ៉ាត់ ហើយខេត្តមណ្ឌលគិរី ចាប់ផ្តើមសាងសង់ និងដំណើរការដំបូងគេនៅកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី លើកឡើងថា ការបង្ខិតបង្ខំពលរដ្ឋឲ្យទទួលយកសំណង ដែលមិនកើតចេញពីការស្ម័គ្រចិត្ត ឬឆន្ទៈ គឺជាទង្វើផ្ទុយពីច្បាប់។ លោកជំរុញឲ្យអាជ្ញាធរធ្វើការសម្របសម្រួល ឲ្យបានត្រឹមត្រូវ ហើយមិនត្រូវធ្វើខ្លួនជាអ្នកមានទំនាស់ជាមួយពលរដ្ឋនោះឡើយ។
លោក យិន ម៉េងលី៖ «ការអភិវឌ្ឍនេះក៏ត្រូវដើរទទឹមនឹងរក្សាប្រពៃណីរបស់ជនជាតិដើមដែរ ប្រសិនការអភិវឌ្ឍនេះជៀសមិនផុតប៉ះផ្ទាល់ដល់ប្រពៃណីទំនៀមទំលាប់របស់ពួកគាត់ អញ្ចឹងត្រូវជជែកជាមួយពួកគាត់ អ៊ីចឹងសូមលើកទឹកចិត្តអាជ្ញាធរ ឬក៏មន្ត្រីថ្នាក់ណាក៏ដោយធ្វើការសម្របសម្រួលឈរលើផលប្រយោជន៍ទាំងសងខាងគោលការណ៍ស្ម័គ្រចិត្ត អ្នកសម្របសម្រួលត្រូវធ្វើយ៉ាងណាកុំឲ្យខ្លួនក្លាយជាភាគគីទំនាស់ដែរបាទ»។
តំបន់ការពារធម្មជាតិឡៅកា មានទំហំដី ២.២២៦ហិកតារ បានចុះបញ្ជីជាព្រៃសហគមន៍ដោយក្រសួងបរិស្ថានកាលពីឆ្នាំ ២០១៤។ ព្រៃសហគមន៍នោះឋិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អ្នកភូមិថា ចាប់តាំងពីបង្កើតសហគមន៍មក ពួកគេប្រឈមបញ្ហាជាច្រើន ដូចជា ក្រុមឈ្មួញមានអំណាចលួចធ្វើប័ណ្ណកម្មសិទ្ធិ ក្រុមហ៊ុនឯកជន ឈូសឆាយរំលោភយកព្រៃការពារជិត ៣០០ហិកតារ និងកាប់បំផ្លាញដើមឈើ ផលិតជ័រទឹកសហគមន៍រាប់ពាន់ដើម។ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានក្រុមហ៊ុនឯកជនតាមយាយី និងរំលោភយកដីព្រៃជំនឿ និងកន្លែងគោរពបូជាថែមទៀត៕









