សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ ២​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត និង​ចាប់ខ្លួន​ជនបរទេស​រាប់​រយ​នាក់

0
85
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្ទះ​វីឡា ២​កន្លែង​ស្ថិតនៅ​ជាយក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និង​បាន​ឃាត់ខ្លួន​ជនបរទេស​រាប់​រយ​នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។ មន្ត្រី​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា បណ្ដាញ​ឧក្រិដ្ឋជន និង​ម្ចាស់​អគារ​ដែល​ជួល​ឱ្យ​ជនជាតិ​ចិន​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ​តែងតែ​បានដឹង​មុន​អំពី​សកម្មភាព​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច ហើយ​ពួកគេ​ក៏បាន​ជម្លៀស​ជនបរទេស​ចេញពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ។

កម្លាំង​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​កម្លាំង​កងរាជអាវុធហត្ថ​នៅ​ថ្ងៃទី​៥ ខែ​ឧសភា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ២​កន្លែង​ផ្សេងគ្នា ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ឃាត់ខ្លួន​បាន​ជនបរទេស​ជាច្រើន​នាក់​ដែល​សម្ងំ​បន្ត​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ជនបរទេស​ទាំងនេះ​បាន​រត់គេច​ចេញពី​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​នៅ​តាម​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​នានា ដើម្បី​មក​សម្ងំ​លាក់ខ្លួន​បន្ត​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត។ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ភាគច្រើន​គឺជា​ជនជាតិ​ចិន និង​ដកហូត​បាន​កាំភ្លើងខ្លី រថយន្ត ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ឆបោក​តាម​អនឡាញ​មួយ​ចំនួន​ធំ។

សមត្ថកិច្ច​ជំនាញ​មិន​បាន​បង្ហាញ​មុខ​មេខ្លោង និង​ម្ចាស់ផ្ទះ​វីឡា​ដែល​បាន​អនុញ្ញាត​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​បង្ខាំង​ជនបរទេស ដើម្បី​ឱ្យ​បន្តសកម្មភាព​ឆបោក​តាម​អនឡាញ​នេះ​នៅ​ឡើយ ខណៈ​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ផ្លាស់ប្ដូរ​ទម្រង់​ការងារ​ដោយ​ប្រមូល​ជនរងគ្រោះ ឬ​បុគ្គលិក​ឱ្យ​បន្ត​ធ្វើការ​នៅ​តាម​ផ្ទះ​ជួល ឬ​អគារ​តូចៗ ដើម្បី​គេច​ចេញ​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៥ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ឱ្យ​ដឹងថា យុទ្ធនាការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​តាម​អគារ​អនឡាញ​ភាគច្រើន​ផ្តោត​តែ​លើ​ជនបរទេស​តូចតាច និង​ចាប់ខ្លួន​បុគ្គលិក​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការងារ ប៉ុន្តែ​មេខ្លោង​ធំៗ និង​ម្ចាស់​អគារ​ជាដើម​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់។

លោក អ៊ិន គង់ជិត៖ «ការ​បង្ក្រាប​បទល្មើស​ទាំង​នេះ យើង​គិតថា មិនទាន់​អស់​នៅឡើយ​ទេ​នៅ​ក្រុង​ប៉ោយប៉ែត នៅ​មាន​តទៅទៀត។ អ៊ីចឹង យើង​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ប្រឹងប្រែង​បន្តសកម្មភាព​បង្ក្រាប​នេះ ឱ្យ​ដូច​ភ្លៀងរលឹម​។ ប្រសិនបើ​មិនបាន​ចាប់​ជន​ប្រព្រឹត្តិ អ្នក​ពាក់ព័ន្ធ ដូចជា​សហចារី មេខ្លោង ម្ចាស់​ទីតាំង ម្ចាស់​ទីកន្លែង និង​អ្នក​កាង យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ទេ ការ​បង្ក្រាប​គ្រាន់តែ​ដូច​ជា​ការ​បង្អើល ឬក៏​បង្អាក់​សកម្មភាព​ទេ ហើយ​នៅពេល​ក្រោយ សកម្មភាព​ស្កេម​អនឡាញ (Scam Online) នេះ​នឹង​កើតឡើង​វិញ​ដដែល គ្រាន់តែ​ថា​វា ស្ងប់ស្ងាត់​មួយ​រយៈ​ប៉ុណ្ណឹង​ឯង»។

ទីក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ក្លាយ​ជាទី​កន្លែង​ដ៏​លេចធ្លោ​ជាងគេ​ដែល​សម្បូរ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​ជាពិសេស​ជនបរទេស​ត្រូវ​គេ​សម្លាប់​។ ក្រៅ​ពី​នេះ ជនរងគ្រោះ​ជាច្រើន​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​ប្រមូល​មកពី​ទីតាំង​អគារ​ផ្សេងៗ​គ្នា​មក​បង្ខាំង​នៅ​តាម​អគារ​អនឡាញ​របស់​អ្នកមាន​លុយ​មានអំណាច​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​បង្ខំ​ឱ្យធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​។ ទន្ទឹម​គ្នា​នេះ ចំណាត់ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត​ក៏​រង​ការ​រិះគន់​ថា គ្មាន​ប្រសិទ្ធភាព និង​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ដោយសារតែ​អាជ្ញាធរ​បាន​ស៊ីសំណូក​ពី​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន និង​ផ្ដល់​ដំណឹង​ឱ្យ​ពួកគេ​មុន​ពេល​ចុះ​បង្ក្រាប​នៅ​តាម​អគារ​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ